“ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺ កូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា” សម្តេចតេជោ បានសរសេរក្នុងលិខិតចុះថ្ងៃ ២៤ វិច្ឆិកា ២០២០ ផ្ញើជូនលោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ដោយបញ្ជាក់ថានឹងចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ, សម្តេចតេជោ បានបន្ថែមថា “ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា”។
សូមជំរាបថា ក្នុងលិខិតតែមួយនោះ សម្តេចតេជោ បានសំដែងនូវការអបអរដ៏ស្មោះស្ម័គ្រជូនលោកជំទាវ ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យក្នុងការបោះឆ្នោតសកល និងបានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវក្នុងក្របខណ្ឌទ្វេភាគី និងតំបន់សំរាប់ផលប្រយោជន៍ជាក់ស្តែងនៃប្រទេសទាំងពីរ និងវិបុលភាពសំរាប់សហគមន៍អាស៊ាន។
គួររំលឹកផងដែរថា កាលពីថ្ងៃ ១៦ វិច្ឆិកា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ បានអញ្ជើញជាតំណាង នាំយកម៉ាស និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៅជូនសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងអត្ថន័យដូចគ្នានេះដែរ៕