Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

ពិធីលាងសាយភោជអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២០

[…] ទំហំពាណិជ្ជកម្ម(កម្ពុជា-វៀតណាម) លើសពី ៥.២០០ លានដុល្លារសហរដ្ឋអាមេរិក … វៀតណាមបានជួយទិញស្រូវពីកម្ពុជា ក្នុងចន្លោះពី ១ លាន ទៅ ២ លានតោន ក្នុងមួយឆ្នាំ ដោយមិនបានកត់ត្រានៅក្នុងជើងលេខរបស់គយនោះទេ។ មូលហេតុនេះហើយដែលយើងអំពាវនាវឱ្យមិត្តវៀតណាមវិនិយោគនៅកម្ពុជា ដោយសារវិនិយោគិនវៀតណាមមានលទ្ធភាពច្រើន នៅក្នុងការកែច្នៃ […]

[…] នេះជាឆ្នាំទីមួយ ដែលយើងជួបគ្នា ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ មុនពេលចូលឆ្នាំវៀតណាម យើងនឹងមានការជួបគ្នាជាបន្តទៀត … ដើម្បីពង្រឹងនូវចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក ជាពិសេស គឺពង្រឹងនូវការជឿទុកចិត្តសម្រាប់វិនិយោគិនវៀតណាមប្រចាំនៅកម្ពុជា […]

[…] នៅក្នុងឱកាសដ៏រីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមិត្តវៀតណាមឆ្នាំ ២០២០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ លើកកែវឡើង ដើម្បីចំណងមិត្តភាព និងសាមគ្គីភាពរឹងមាំ រវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ជាពិសេស ដើម្បីសុខភាពបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ច […]

ពិធីលាងសាយភោជអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២០, ១៧ មករា ២០២០

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន

“… ចាត់ទុកថា (នេះ)ជាពាក្យស្លោក ឬក៏គាថា … ពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះជាបាលីការពារខ្លួនរបស់អ្នកសារព័ត៌មាន …”

“… ឥឡូវ ករណីលេចឡើង(ថ្មីៗ) ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំងគណៈកម្មការស្រាវជ្រាវមួយជាបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ បើសិនយ៉ាងដូច្នេះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដោយមិនមានការអត់ឱនទេ។ ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លី មិនត្រូវទទួលនូវការឃុំខ្លួនទេ … តែមិនមែននិយាយពីបញ្ហាព្រហ្មទណ្ឌឡើយ …”

“… យើងត្រូវចូលរួមរក្សាសន្តិភាព ដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ ឬមនុស្សប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាល ឬថ្នាក់រដ្ឋបាលនោះទេ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព …”

“… ខ្ញុំស្នើឱ្យអ្នកសារព័ត៌មាន (និង/ឬ)ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរការរក្សាសន្តិភាព ចូលរួមដំណើរការនៃការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច … ដើម្បីរក្សានូវបញ្ហាហ្នឹងបាន … ព័ត៌មានក្លែងក្លាយដែលជាកង្វល់របស់ពិភពលោក ក៏ដូចជារបស់កម្ពុជា ត្រូវជំនួសដោយព័ត៌មានពិត វិភាគឱ្យត្រូវនឹងការពិត …”

“… ពិភពលោកកំពុងខ្វាយខ្វល់ អំពីព័ត៌មានក្លែងក្លាយ។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់មានទេ។ យើងកំពុងពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែ ប្រហែលជាលទ្ធភាពធ្វើច្រើន …”

“… ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។ យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូ មិនអាចខ្វះបានរបស់ស្ថាប័នខ្លួន …”

សម្តេចតេជោ ហ៊ុន សែន,
ជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន, ថ្ងៃទី ១៤ មករា ២០២០ ។

ពិធីមីទ្ទីងរំឭកខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

… ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្រ្ត …

… មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរ ការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ …

… ខ្ញុំព្រះករុណាខ្ញុំនឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភានេះឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យសង្គមជាតិកាន់តែរីកចម្រើនខ្លាំងក្លា ប្រជាជនកាន់តែមានជីវភាពធូរធារ យុត្តិធម៌ និងសមភាពសង្គមកាន់តែបានពង្រឹង ហើយកិត្តិយស កិត្យានុភាពជាតិកាន់តែបានលើកកម្ពស់ឡើង ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់ …

សម្ដេចតេជោ ហ៊ុន សែន, មីទ្ទីងអបអរសាទរខួបទី ៤១ ថ្ងៃជ័យជម្នះ ៧ មករា, ៧ មករា ២០២០