ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។ សម្តេចតេជោថ្លែងថា គណបក្សទាំងអស់មិនស្ថិត នៅការគ្រប់គ្រងគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជា បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ…

សម្តេចតេជោ ហ៊ុន សែន ទទួលជួបអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមាន ៧មករា

នៅវិមាន៧មករា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោបន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះ បើទោះបីជារូបសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែន តែយើងនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោបន្តថា រយៈពេលជាង២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន…

សារសម្លេង សម្តេចតេជោ ហ៊ុន សែន ស្តីពីការចងសម្ព័ន្ធភាពបណ្ដាគណបក្សនយោបាយនៅកម្ពុជា

ផ្ញើជូនឯកឧត្តម លោកជំទាវ ប្រធានគណបក្សនយោបាយ និងថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ ថ្ងៃនេះ ខ្ញុំពេញចិត្តដែលបានទទួលនូវការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនា​នា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនិងគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅគំនិតផ្ដួចផ្ដើមនិងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយ ដែលបានផ្ញើ(ការស្នើសុំ)និងការធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងការចងសម្ពន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់បណ្តាគណបក្សទាំងអស់ ដោយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថាគណបក្សបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ឯគណបក្សដទៃដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោតតែគ្មានកៅអីក្នុងសភា ជាគណបក្សតូចតូចឬក៏ជាគណបក្សដែលមិនស័ក្កិសមជាធ្វើជាដៃគូនោះទេ។ យើងផ្ដល់ការគោរពចំពោះគណបក្សទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ តាមខ្ញុំដឹង រាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន ៣០ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាត្រៀមទទួលយកនូវដៃគូទាំងអស់ដែលចង់រួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ពន្ធភាពកិច្ចសហប្រតិបត្តិការដោយស្មើភាពនិងស្មើសិទ្ធ។ ខ្ញុំបានឱ្យក្រុមជំ​នួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងអស់ដែលនឹងចងសម្ពន្ធភាពជាមួយគ្នា។ ខ្ញុំនឹងជួបជាមួយឯកឧត្តមលោកជំទាវនាពេលខាងមុខ ដើម្បីពិភាក្សា​លើខ្លឹមសារនៃពង្រៀងកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅចុះហត្ថលេខាលើពិធីសារឬកិច្ចព្រមព្រៀង សហ​ប្រតិបត្តិការរវាងបណ្ដាគណបក្សនយោ​បាយនៅកម្ពុជាផងដែរ។ យើងមានតម្រូវការរួបរួមបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាព ធានាការអភិវឌ្ឍរយៈពេលវែង រួមជាមួយគ្នាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ដូចជាកិច្ចការផ្សេងទៀតដែរ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យយើងរួបរួមគ្នាដើម្បីការពារ ឬនិយាយមួយម៉ាត់ឱ្យខ្លីការពាររដ្ឋធម្មនុញ្ញ។ ​យើងក៏មានកាតព្វកិច្ចដើម្បីកំចាត់ចោលនូវនយោបាយជ្រុលនិយមឱ្យចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សាសន្តិភាព…