សារសម្លេង សម្តេចតេជោ ហ៊ុន សែន ស្តីពីការចងសម្ព័ន្ធភាពបណ្ដាគណបក្សនយោបាយនៅកម្ពុជា

ផ្ញើជូនឯកឧត្តម លោកជំទាវ ប្រធានគណបក្សនយោបាយ និងថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ ថ្ងៃនេះ ខ្ញុំពេញចិត្តដែលបានទទួលនូវការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនា​នា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនិងគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅគំនិតផ្ដួចផ្ដើមនិងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយ ដែលបានផ្ញើ(ការស្នើសុំ)និងការធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងការចងសម្ពន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់បណ្តាគណបក្សទាំងអស់ ដោយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថាគណបក្សបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ឯគណបក្សដទៃដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោតតែគ្មានកៅអីក្នុងសភា ជាគណបក្សតូចតូចឬក៏ជាគណបក្សដែលមិនស័ក្កិសមជាធ្វើជាដៃគូនោះទេ។ យើងផ្ដល់ការគោរពចំពោះគណបក្សទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ តាមខ្ញុំដឹង រាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន ៣០ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាត្រៀមទទួលយកនូវដៃគូទាំងអស់ដែលចង់រួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ពន្ធភាពកិច្ចសហប្រតិបត្តិការដោយស្មើភាពនិងស្មើសិទ្ធ។ ខ្ញុំបានឱ្យក្រុមជំ​នួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងអស់ដែលនឹងចងសម្ពន្ធភាពជាមួយគ្នា។ ខ្ញុំនឹងជួបជាមួយឯកឧត្តមលោកជំទាវនាពេលខាងមុខ ដើម្បីពិភាក្សា​លើខ្លឹមសារនៃពង្រៀងកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅចុះហត្ថលេខាលើពិធីសារឬកិច្ចព្រមព្រៀង សហ​ប្រតិបត្តិការរវាងបណ្ដាគណបក្សនយោ​បាយនៅកម្ពុជាផងដែរ។ យើងមានតម្រូវការរួបរួមបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាព ធានាការអភិវឌ្ឍរយៈពេលវែង រួមជាមួយគ្នាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ដូចជាកិច្ចការផ្សេងទៀតដែរ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យយើងរួបរួមគ្នាដើម្បីការពារ ឬនិយាយមួយម៉ាត់ឱ្យខ្លីការពាររដ្ឋធម្មនុញ្ញ។ ​យើងក៏មានកាតព្វកិច្ចដើម្បីកំចាត់ចោលនូវនយោបាយជ្រុលនិយមឱ្យចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សាសន្តិភាព…