Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»

ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈ កូវីដ–១៩ និងពេលខាងមុខ»។ ជាការពិត វឌ្ឍនភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩។ ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួ​ន រួមមាន៖ (១). ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង (២). ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិស នៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០។ ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យារ។ ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្រ្ត…

សេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥

ឯកឧត្តម វ៉ុលកាន បូសគារ ( Volkan Bozkir ) ប្រធានអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស ( Antonio Gouterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ ដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះទេ ប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។ ជាការពិត ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមានលទ្ធភាពឈានទៅរក សង្រ្គាម​ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន ទុក្ខវេទនា និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។ ជាងនេះទៅទៀត អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយទៅរក ប្រព័ន្ធពហុ​ប៉ូល ដែលត្រូវបានលេចឡើងតាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។…

សុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» (តាមប្រព័ន្ធវីដេអូ)

ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (Building Forward Sustainability in Emerging Economies) ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការសំខាន់ៗ ក្នុងគោលបំណងសម្រេច​ឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០៖ ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបរិការណ៍មួយ​ ដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក​។ ការណ៍នេះ បានធ្វើ​​ឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ នៅក្នុងបរិការណ៍នេះ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព ដូចខាងក្រោម៖ ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ…