ឈប់យកថ្លៃប្រើផ្លូវលេខ ៤ បង្កើនភាពប្រកួតប្រជែង, ត្រូវការពូជស្រូវល្អ មិនប្រកាន់រដូវ

នៅថ្ងៃទី​​ ២៥ ខែ មករា ឆ្នាំ​ ២០១៦ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី ៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលបញ្ចប់នូវកិច្ចសន្យាថែទាំផ្លូវជាតិលេខ ៤ នឹងបានជាផលដល់ សហ​ព័ន្ធស្រូវអង្ករ និងអ្នកនាំចេញទូទៅ ដែលពីមុនមកធ្លាប់តែបង់សេវាដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៤។ ការបញ្ចប់កិច្ចសន្យា បានសម្រួលឲ្យប្រជាពលរដ្ឋមិនបង់ប្រាក់នេះម្យ៉ាង ហើយម្យ៉ាងទៀត ក៏បានជួយ​ផង​ដែរ​ទៅ​ដល់​ការសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងនៅ​ទីផ្សារ​ខាង​ក្រៅ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា រវាងភ្នំពេញ និងទីក្រុងព្រះសីហនុ ដែលមានកំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវដែកនឹងដំណើរការ ដែលតម្រូវឲ្យបង្វែរគិតគូរការដឹកជញ្ជូនទៅតាមផ្លូវរថភ្លើងវិញ សម្រាប់បម្រើ​ឲ្យ​ការ​នាំ​ចេញ និងការនាំចូលរបស់ធ្ងន់ ដូចជាដែក ជាស៊ីម៉ង់ត៍។ល។ ពាក់ព័ន្ធដល់ផលិតកម្មស្រូវ សម្តេចតេជោ បានលើកឡើងថា អង្ករផ្ការំដួលមានគុណភាពល្អអាចប្រកួតឈ្នះគេមែនពិត ប៉ុន្តែ​កម្ពុជាអាចដាំដុះស្រូវ​ផ្ការំដួលតែម្ដងទេក្នុងមួយឆ្នាំ ព្រោះជាពូជដែលប្រកាន់រដូវ។ សម្តេចបានណែនាំអោយមានការសិក្សាស្រាវ​ជ្រាវអំពីពូជស្រូវដែលល្អដូចគ្នា តែមិនប្រកាន់រដូវ ដើម្បីបម្រើអោយគោលដៅនៃការនាំចេញ៕

សារតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន៖ ទទួលបាន Likes ពីរលាន

នេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន! ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើអោយចំនួន Likes កើនឡើង ពី ១ ម៉ឺនទៅ​ ២ ​ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់ ២ លាន ក្នុងរយៈពេលយ៉ាងខ្លីបំផុត។​ខ្ញុំសូមអរ​គុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវ​ទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញ​អោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។ ខ្ញុំប្រើប្រព័ន្ធ Facebook បន្ថែមលើប្រព័ន្ធមាន​ស្រាប់ ​បានបង្កើននូវប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយៈ​ការប្រមូល​ព័ត៌​មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានា​ដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់​នា​យករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំ​មានអារម្មណ៍ថា ខ្ញុំនៅជាប់នឹងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿន​ដែលធ្វើឱ្យខ្ញុំ​សំ​រេចចិត្តត្រឹមត្រូវ និងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជា​មួយ​អ្នកណានោះឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែលតែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នាការពារ​ថែ​រក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែ​រីក​ចម្រើន​ខ្លាំងឡើងថែម​ទៀត​៕

ការប្រកួតបាល់ទាត់កម្ពុជា និងថៃ ជាព្រឹត្តិការណ៍ល្អ កម្រមាន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦, ក្នុងឱកាស ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋ​មន្រ្តីក្រសួងការបរទេសថៃ អញ្ជើញ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការលើកឡើងពីសារសំខាន់នៃការប្រកួតបាល់ទាត់​លក្ខណៈមិត្ត​ភាព​ រវាងក្រុម Cambodia All Stars នៃកម្ពុជា ជាមួយក្រុម Burriram United របស់ថៃ ហើយបាន​ចាត់​ទុក​ថា ​ជាឱកាស និងព្រឹត្តិការណ៍ដ៏ល្អ កម្រមានមួយ នៃទំនាក់ទំនងដ៏ល្អរវាង​ប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹង​ការ​ផ្តួចផ្តើមគំនិត ចង់ឲ្យមានការប្រកួតបាល់ទាត់រួមគ្នាកម្ពុជា/ថៃ ប្រកួត​ជាមួយក្រុមបាល់ទាត់នៃប្រទេស​ដទៃ​ទៀត សម្តេច​ផ្តល់នូវការ​យល់ស្រប ហើយប្រគល់តួនាទីឲ្យទៅឧបនាយករដ្ឋមន្រ្តី សុខ អាន ដើម្បីចាត់ចែង និងបានផ្តល់​អនុសាសន៍ ណែនាំឲ្យសមាគមមិត្តភាពកម្ពុជា-ថៃ បន្តធ្វើសកម្មភាពឲ្យកាន់តែ​សកម្មថែមទៀត។ នៅយប់ថ្ងៃ ២៣ មករា ២០១៦ នេះ ក្រោយការប្រកួតបានចប់សព្វគ្រប់ សម្តេចតេជោ បានសម្រេច​ផ្តល់​រង្វាន់​លើក​ទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង ៣៦ រូប…