នេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រ និងចូលចិត្ត (Likes) 2 លាន!
ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋ និងយុវជន ទើបធ្វើអោយចំនួន Likes កើនឡើង ពី ១ ម៉ឺនទៅ ២ ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់ ២ លាន ក្នុងរយៈពេលយ៉ាងខ្លីបំផុត។ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវទំនុកចិត្ត និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេស គឺបងប្អូនជនរួមជាតិបានបង្ហាញអោយឃើញច្បាស់នូវការគាំទ្រ និងស្រឡាញ់សន្តិភាព។ ខ្ញុំប្រើប្រព័ន្ធ Facebook បន្ថែមលើប្រព័ន្ធមានស្រាប់ បានបង្កើននូវប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហារបស់ជាតិ និងប្រជាជនតាមរយៈការប្រមូលព័ត៌មាន និងយោបល់ពីគ្រប់មជ្ឈដា្ឋននានាដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់។ ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។
ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅជាប់នឹងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឱ្យខ្ញុំសំរេចចិត្តត្រឹមត្រូវ និងរហ័ស។ ខ្ញុំប្រើ Facebook ដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនដែលតែងតែនៅជាមួយខ្ញុំ ដើម្បីយើងរួមគ្នាការពារថែរក្សាសន្តិភាព និងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕