សេចក្តីដកស្រង់សង្កថា ពិធីសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយកម្មករធាក់ស៊ីក្លូ
ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ ដែលរួមមានកម្មករធាក់ស៊ីក្លូ ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ន ព្រមទាំងលោកឧកញ៉ា អ្នកឧកញ៉ា ដែលជាអ្នកទ្រទ្រង់នូវសកម្មភាពនៃមូលនិធិរបស់យើង។ ខ្ញុំក៏សំដែងនូវការស្វាគមន៍ចំពោះក្មួយៗសិល្បករ សិល្បការិនី ដែលមកចូលរួមសំដែងកំដរសម្រាប់បងប្អូននៅថ្ងៃនេះ។ ថ្ងៃចាប់ផ្តើម នៃមូលនិធិត្រីចក្រយាន ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមរបស់យើង មិនមែនគ្រាន់តែជាថ្ងៃប្រកាស ដើម្បីដាក់អោយដំណើរការ ឬការបង្កើតនូវមូលនិធិនោះទេ ក៏ប៉ុន្តែ គឺជាថ្ងៃចាប់ផ្ដើមនៃសកម្មភាពមូលនិធិតែម្ដង។ ប៉ុន្មានជា ៣ អាទិត្យមុននេះ ខ្ញុំបានប្រកាសពីគំនិតផ្ដួចផ្ដើមទាក់ទងជាមួយនឹងបញ្ហាការបង្កើតមូលនិធិស៊ីក្លូ ប៉ុន្តែឥឡូវនេះ យើងមិនអាចហៅត្រង់ថា មូលនិធិស៊ីក្លូនោះទេ ដោយសារតែនៅក្រសួងមហាផ្ទៃ ក៏មានលក្ខន្ដិកៈនៃសមាគមស៊ីក្លូរួចស្រេចទៅហើយ។ ដូច្នេះ យើងមានលក្ខន្ដិកៈរបស់យើង ហៅថា សមាគមមូលនិធិត្រីចក្រយាន ហៅកាត់ថា មូលនិធិស៊ីក្លូ។ មូលហេតុ ៤ ដែលរើសយក ខែមករា ចាប់ផ្តើមមូលនិធិ ហេតុអ្វីទៅបានជាខ្ញុំត្រូវជ្រើសរើសយក ខែមករា ហើយយកថ្ងៃនេះ ជាថ្ងៃចាប់ផ្ដើមនៃមូលនិធិ? វាមានហេតុ រឿងរ៉ាវច្រើនណាស់ដែលកើតនៅក្នុង ខែមករា។ ដំបូង យើងត្រូវនិយាយថា ៧ មករា គឺជាថ្ងៃរំដោះប្រទេសរបស់យើងចេញពីរបប ប៉ុល ពត នេះជាចំណុចសំខាន់ទី…