ដកស្រង់ប្រសាសន៍ជាសារសំឡេង ពាក់ព័ន្ធនឹងបញ្ហាទន្ទ្រានយកដី នៃបឹងទន្លេសាប

សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំចេញសារសំឡេង ប៉ុន្តែសារសំឡេងរបស់ខ្ញុំម្ដងនេះ មិនសំដៅទៅលើជំងឺ កូវិដ-១៩ ដូចមុនៗនោះទេ។ សារសំឡេងថ្ងៃនេះ សំដៅដោះស្រាយបញ្ហាដ៏ធំមួយ ដែលបាននិងកំពុងកើតនៅក្នុងតំបន់ទន្លេសាបរ​​បស់យើង។ យោងតាមរបាយការណ៍ស្រាវជ្រាវដែលរាជបណ្ឌិត្យសភា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើការសិក្សាស្រាវជ្រាវអំពីបឹងទន្លេសាប បាននិងឃើញអំពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ នោះគឺការកាប់នូវព្រៃលិចទឹកជាតំបន់ស្នូល ដែលជាតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេស​ នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀត។ អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬក៏មន្រ្តីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទាន​យកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នូវការកាប់ទន្ទ្រានដីនៅក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។ ដូច្នេះ ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ៖ ដំបូង ប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានកាប់(ទន្ទ្រាន)រួចហើយ។…

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) និងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C

ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។ ស្ពានភ្ជាប់និស្ស័យ ថ្ងៃនេះ…

សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…