សារពិសេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…

កូនប្រុសទទួលវ៉ាក់សាំងមុនគេជំនួសឪពុក បញ្ជាក់ពីការទទួលខុសត្រូវ ចំពោះមុខជនរួមជាតិ

ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ដែលជាមិត្តដែកថែប។ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួន ជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ (ដែល)បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំ រហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រីលក់ត្រកួននោះទេ។ បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ ភាគរយ មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង។ បើទោះបីប្រទេសនោះមានលុយហើយ ក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕

សេចក្ដីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំង SARS-Cov-2 Vaccine (Sinopharm)

ប្រកាន់យកវិធានការ ៣ ការពារ និង ៣ កុំ ទោះបីជាមានវ៉ាក់សាំង កូវីដ-១៩ សួស្ដី​អស់លោក លោកស្រី និងសូមផ្ញើជូនបងប្អូនជនរួមជាតិ។ អម្បាញ់មិញនេះ យើងទើបតែបញ្ចប់ពិធីទទួលវ៉ាក់សាំង កូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី ១ ក្នុងចំណោម ១ លានដូស គឺយើងបានទទួលបាន ៦០ ម៉ឺនដូស សម្រាប់មនុស្ស ៣០ ម៉ឺននាក់របស់យើង។ ការ​កត់សម្គាល់សំខាន់នៅក្នុងសុន្ទរកថារបស់ខ្ញុំអម្បាញ់មិញ បញ្ជាក់អំពីយុទ្ធសាស្រ្តគន្លឹះមួយក្នុង​ការគ្រប់​គ្រងយកឈ្នះទៅលើ កូវីដ-១៩ នោះ គឺការចាក់វ៉ាក់សាំងការពារដល់ប្រជាជនយើង។ យើងបានដឹងច្បាស់ហើយថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់ ឬវិធានការតែមួយគត់នោះទេ។ វិធានការដែលយើងប្រកាន់យកក្នុងរយៈពេលកន្លងទៅ គឺ ៣ ការពារ និង ៣ កុំ ដែលអស់លោកពិតជាបានដឹងរត់មាត់ហើយថា ៣ ការពារ គឺ ទី១. ការពាក់ម៉ាស់ ទី២. ការលាងដៃធ្វើអនាម័យ និងទី៣. រក្សាគម្លាត។ ឯ ៣ កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅតំបន់ដែលមានការបិទជិត…