សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
សម្តេច ឯកឧត្ដម លោកជំទាវ គណៈអធិបតី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។ ដូចក្នុងរបាយការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង…