សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ផ្នែកសួរឆ្លើយក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា

សំណួរ៖ … អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បាន​បន្សល់​នូវមរតកនៃការបង្រួបបង្រួមជាតិខ្មែរ ដោយឡែកសម្ដេចក៏បានបន្សល់នូវមរតកស្ថិរភាពនយោបាយនិងសន្ដិភាព … តើសម្ដេចចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីនេះ ដឹកនាំប្រទេសជាបរិបទអ្វីដែលអាចបន្សល់​សំរាប់ប្រទេសកម្ពុជានៅរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខនេះ។ ចំលើយ៖ សូមអរគុណ។ នេះពិតជាសំណួរល្អ។ ប្រសិនបើយើងនិយាយពីសម្ដេចឪ យើងនិយាយពីឯករាជ្យជាមរតកធំបំផុតរបស់ព្រះអង្គចំពោះប្រទេសជាតិ និងការកសាងរីកចំរើន​នៅក្នុងទសវត្ស ៦០។ បើនិយាយពីមរតកបច្ចុប្បន្ន គេចូលចិត្តនិយាយពីសនិ្ដភាពនិងស្ថិរភាព ដែលអ្នកជំនាន់នេះរក្សាទុកឲ្យអ្ន​កជំនាន់បន្ដវេន។ លោកបានតាំងសំណួរថា ចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីបន្សល់ទុកអ្វី​ខ្លះសំរាប់កម្ពុជា? ខ្ញុំចង់ឃើញពីរចំណុចសំខាន់។ ចំណុចទី១ ខ្ញុំចង់ឃើញអ្នកបន្ដវេនជំនាន់ក្រោយបន្ដរក្សានូវសន្ដិភាព និងស្ថិរភាពខាងនយោបាយឲ្យបានតទៅទៀត។ នេះជាចំណុចទី១ ជាមូលដ្ឋានគ្រឹះ។ ចំណុចទី២ ដែលខ្ញុំចង់ឃើញនោះ សំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់តាមការគ្រោងទុក ហើយឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្របើវាមិនដល់កម្រិតសូន្យទេក៏ឲ្យបានទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថាជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ។ បញ្ជាក់ឡើងវិញ យើងទុកមរតកឲ្យគេអំពីសន្ដិភាពនិងស្ថិរភាពនយោបាយ។ យើងក៏ចង់ឲ្យពួកគេបន្ដរក្សានូវសន្ដិភាពនិងស្ថិរភាពនយោបាយជាបន្ដទៅទៀត។ ឯមួយទៀតចង់ឲ្យពួកគេសំរេចឲ្យបាននូវការចាកចេញពីប្រ​ទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។ អត្រានៃភាពក្រីក្រត្រូវកាត់ទំលាក់ឲ្យដល់សូន្យ ឬក៏ទាបបំផុត នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញអ្វីៗ(ថ្មី)កើតឡើងបន្ថែមលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតឡើងនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពបរិយាកាសសង្គមផងដែរ។ កម្រិតអប់រំរបស់ប្រជាជនមានកម្រិតកាន់​តែខ្ពស់ឡើង…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់តាមយកព័ត៌មានផ្ទាល់ ក្នុងកម្មវិធីនានាគ្រាកន្លងទៅ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ យើងមិនមានប្រធានបទអីធំដុំទេ ប៉ុន្ដែមាន​ជំនួបមួយជាការការដឹងគុណរបស់ខ្ញុំសំរាប់អ្នកសារព័ត៌មានទាំងឡាយ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយ​នឹងសកម្ម​ភាពរបស់ខ្ញុំ។ ពិតមែនហើយ ប្រសិនបើយើងគិតពីចំ​នួនអ្នកដែលធ្វើកិច្ចការសារព័ត៌មាននោះ មានចំនួនច្រើន ​ប៉ុន្ដែអ្ន​កដែលធ្វើតាមដានកិច្ចការផ្ទាល់តែម្ដង គឺមានមិនច្រើនប៉ុន្មានទេ។ ក្នុងនេះ យើងអញ្ជើញមកតែអ្នកដែល​ពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពរបស់ខ្ញុំ ដែលមិនមែនគ្រាន់តែជាអ្នកសារព័ត៌មានទេ សូម្បីតែអ្នកបើករថយន្ដឲ្យ​អ្នក​សារព័ត៌មានក៏បានអញ្ជើញមកទទួលការជួបជុំ(ដើម្បី)សំដែងនូវការដឹងគុណ ក៏ដូចជា(ទទួលទាន)អាហារសាមគ្គី ដែល​ល្ងាចនេះនឹងមានភ្លេងកំដរផងដែរ។ វាទាស់ត្រង់គេឲ្យខ្ញុំអង្គុយបែរមុខទៅខាងនោះ។ ដល់ពេលភ្លេង(លេង) ត្រូវយកកៅអី​ទៅដាក់ខាងនោះវិញ។ ត្រៀមកៅអីដាក់ឲ្យហើយទៅព្រោះអង្គុយបែរខ្នងដាក់ភ្លេងយ៉ាងម៉េច។ ខ្ញុំមានការរីករាយដោយអ្នកទាំងអស់គ្នាបានចូលរួមចំណែកក្នុងរយៈពេលកន្លងទៅនៅក្នុងវិស័យសារព័ត៌មានទាក់ទិននឹងសកម្មភាពរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចចោទសួរថា ចុះបើនៅសុខភាពរបៀបនេះ ហេតុអ្វីក៏ត្រូវចាកចេញពីតំណែងលឿនម្ល៉េះ? មានសារបញ្ជូនមកខ្ញុំថា “ឃើញរូបនៅសង្ហា។ ស្ដាយណាស់ ដែលចាកចេញលឿនពេក”។ ខ្ញុំបង្ហោះរូបម្ដងៗ តែងមានការលើកឡើងថានៅសង្ហា។ រឿងនេះគួរនិយាយបន្ដិចថា កូនស្រីពៅរបស់ខ្ញុំនៅក្នុងគ្រុបបានថតរូប ម៉ាណែត ហើយគេនិយាយទៅកាន់បង​ថ្លៃ​របស់គេថា “បងមុន្នី ថតមុខបង ណែត ទុកឲ្យហើយ កត់ថ្ងៃខែឲ្យច្បាស់។ ឆ្នាំក្រោយសូមពិនិត្យមើលថាមុខនឹងមានផ្នត់​ប៉ុន្មានផ្នត់?” (ជាការ)សំដៅថា ពេលធ្វើនាយករដ្ឋមន្ដ្រីគឺច្បាស់ជានឹងឆាប់ចាស់។ ប៉ុន្ដែខ្ញុំបែរជាគេថាមិនទាន់ចាស់​។ យើងមិនត្រូវគិតគូរផលប្រយោជន៍រយៈពេលខ្លី បោះបង់ចោលការគិត​គូរផលប្រយោជន៍​រយៈពេលវែងនោះទេ។​ខ្ញុំអាចធ្វើនាយករដ្ឋមន្ដ្រីបាន ៥ ទៅ ១០ ឆ្នាំ ទៀត វាមិនជាការលំបាកទេ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

សុខសប្បាយទេទាំងអស់គ្នា? ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។ ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួល​វ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល​។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។…