សុន្ទរកថា សម្ដេច តេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ  តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព និងក្នុង​​ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា! ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យ…