សេចក្តីដកស្រង់ប្រសាសន៍សង្កថា ក្នុងពិធីប្រកាសបើកបុណ្យទន្លេលើកទី ៥

ស្វាគមន៍ការចូលរួមពីសំណាក់ប្រតិភូថៃ វៀតណាម ជាប្រចាំ និងការចូលរួមនៃឥណ្ឌូនេស៊ីឆ្នាំនេះ ​ថ្ងៃនេះ ពិតជាទិវាដ៏មហានក្ខត្តឫក្ស ដែលយើងមកជួបជុំគ្នានៅទីនេះ ហើយ​​ខ្ញុំ និងភរិយា ក៏បានចូលរួមបើកនូវបុណ្យទន្លេ​លើកទី ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព​ ប្រជាជន និងទេសចរណ៍»។ ខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួម។ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា រៀងរាល់ឆ្នាំ ហើយជាពិសេសនៅឆ្នាំនេះតែម្តង បណ្តាក្រុមហ៊ុន និងវិស័យនានា ក៏បានមករៀបចំសម្តែងនូវសាមគ្គីភាពជាមួយនឹងខេត្តកំពង់ឆ្នាំង តាមរយៈការបញ្ជូនស្តង់មកតាំងពិព័រណ៍នៅទីនេះ ដោយរដ្ឋបាលខេត្ត ឬក៏ដោយស្ថាប័នថ្នាក់ជាតិ និងវិស័យឯកជន។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ជាមួយនឹងវត្តមានជាប្រចាំរបស់ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមជាទៀងទាត់នៅក្នុងបុណ្យសមុទ្រ បុណ្យទន្លេ។ ឆ្នាំនេះ កាន់តែវិសេសវិសាលថែមទៀត ដែលខ្ញុំសូមថ្លែងនូវការស្វាគមន៍ និងអរគុណ ជាមួយនឹងការចូលរួមរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមិនគ្រាន់តែជាការចូលរួមសម្រាប់ការតាំងពិព័រណ៍ម្ហូបអាហារប៉ុណ្ណោះទេ ក៏ប៉ុន្តែ ឆ្នាំនេះ បានបញ្ជូនក្រុមសិល្បៈមកសម្តែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា…

សេចក្ដីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុង ខ្សែទី ៣ (ផ្លូវជាតិលេខ ៤ ដល់ ១)

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, សម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ ដែលបានចូលរួមនៅក្នុងពិធីនេះជាទីនឹករលឹក! អរគុណដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដោយបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ក្រុង គេហៅខ្សែក្រវាត់ទី ៣ របស់រាជធានីភ្នំពេញ។ ដោយថ្ងៃនេះ មានទាំងអ្នកអញ្ជើញមកពីទីក្រុងភ្នំពេញ និងអ្នកអញ្ជើញមកពីខេត្តកណ្តាល ពិសេស គឺស្រុកកណ្តាលស្ទឹង អនុញ្ញាតឲ្យខ្ញុំក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលការបោះឆ្នោតនោះ បានផ្តល់ឱកាសសម្រាប់ឲ្យខ្ញុំបន្តជានាយករដ្ឋមន្រ្តី ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ដោយសារតែការបោះឆ្នោតនោះហើយ បានជាថ្ងៃនេះ យើងមានឱកាសដើម្បីបើកការដ្ឋានសាងសង់នូវផ្លូវក្រវាត់ក្រុងទី ៣ ដែលមានចម្ងាយរហូតទៅដល់ជិត ៥៣ គីឡូម៉ែត្រ ដែលអាចចាត់ទុកថាជាផ្លូវមួយដ៏ធំ សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងប្រទេសរបស់យើង។ អនុញ្ញាតឲ្យខ្ញុំក្នុងឋានៈជាបេក្ខភាពនាយករដ្ឋមន្រ្តីកាលពីពេលមុន ក្លាយទៅជានាយករដ្ឋមន្រ្តីផ្លូវការនៃអាណត្តិទី ៦ បន្តដំណើរការជាមួយនឹងប្រជាពលរដ្ឋរបស់យើងទាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពុទ្ធទំនាយ «មានផ្ទះ…

សារលើហ្វេសប៊ុក អំពី ការលែងបង់ថ្លៃសម្រាប់ឆ្លងកាត់ផ្លូវ និងស្ពាន លី យ៉ុងផាត់ ព្រែកព្នៅ

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ។ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕