សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ១៣.១៦៩ នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំ​ជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សា​ហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥

សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» នាថ្ងៃ នេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក  ជំទាវ លោក លោកស្រី ទាំងអស់គ្នានៅក្នុងកម្មវិធីថ្ងៃនេះ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី ជំ នាញដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបាន  ខិតខំធ្វើការយ៉ាងស្វិតស្វាញ ដើម្បីតាក់តែងឯកសារក្របខ័ណ្ឌគោលនយោបាយដ៏មានសារៈសំខាន់នេះ ឡើង សំដៅធ្វើសមាហរណកម្ម និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គម នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយ សង្គតិភាព និងប្រសិទ្ធភាពស្របតាមការកំណត់នៃ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣»  របស់ រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់វិភាគទាន និងការគាំទ្រយ៉ាងសកម្មនៅក្នុង  ដំណើរការរៀប​ចំឯកសារនេះ។ កម្មវិធីដ៏មហោឡារឹកថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី អ្នកនាង កញ្ញា! កសាងសមត្ថភាពស្ថាប័ន ការកែទំរង់ជាសំណុំ នាយកសាលាមកធ្វើកម្មសិក្សា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកនូវសញ្ញាបត្រ វិញ្ញាបនបត្រ ជូនមន្ត្រីកម្មសិក្សា ក៏ដូចជា​ សិស្សមន្ត្រីក្រមការរបស់យើង។ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានលើក សាស្ត្រាចារ្យកិត្តិយសនៃសាលាភូមិន្ទរដ្ឋបាល បានមកជួបត្រឹមតែពិធីចែកសញ្ញាបត្រនេះ ក៏ហាក់ដូចគ្រប់គ្រាន់ហើយ មិនមានពេលទៅបង្រៀនទេ …។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលបានកើតឡើង សម្រាប់សាលានេះ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាលាភូមិន្ទរដ្ឋបាលរបស់យើងនេះ ដែលនេះជាតម្រូវការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃសង្គមរបស់យើង។ មិនមែនគ្រាន់តែគេហៅថា អ្នកដែលជាមន្ត្រីរាជការប៉ុណ្ណោះទេ ក៏ប៉ុន្តែបុព្វជិតនៅក្នុងវិស័យសាសនាក៏បានមកចូលរៀន​នៅទីនេះដែរ …។ យ៉ាងណាក៏ដោយ កិច្ចការរបស់យើងមិនតម្រូវអោយនៅទ្រឹងមួយកន្លែងនោះទេ។…