សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ទួលពង្រ
សូមប្រុងប្រយ័ត្ន អាកាសធាតុត្រជាក់ សុខសប្បាយទេក្មួយៗ? ថ្ងៃនេះដូចជាធ្លាក់ខ្យល់។ បើប្រៀបធៀបពីអាទិត្យមុន ឃើញគេបង្ហោះរូបថតមួយ ឃើញអាវរបស់ខ្ញុំទទឹកពាក់កណ្តាល។ ប៉ុន្តែថ្ងៃនេះស្ថានភាពមិនដូចគ្នាទេ យើងបានពាក់អាវរងារជាទូទៅ។ ធ្វើដំណើរតាមផ្លូវមកឃើញថា ៩៩% នៃអ្នកដែលធ្វើដំណើរតាមម៉ូតូ តាមកង់ ពាក់អាវរងារពីលើ។ កង់មិនសូវមានទេ ភាគច្រើនម៉ូតូ ដែលមកដល់ពេលនេះ ភាគច្រើនបានស្លៀកពាក់ទប់ស្កាត់ការរងារ។ ឯខ្លួនខ្ញុំក៏មិនអាចមិនពាក់អាវរងារបានដែរ។ ថ្ងៃនេះគឺស្ថានភាពប្លែកពីថ្ងៃមុន។ មិនមែនការដឹកនាំប្រទេសមួយ ចេះតែដឹកនាំដោយគ្មានគម្រោង និងការយកចិត្តទុកដាក់នោះទេ។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្សព្វផ្សាយកាលពីប៉ុន្មានថ្ងៃមុនហើយ អំពីអាកាសធាតុ ដែលធ្លាក់ទៅដល់កម្រិតត្រជាក់ ហើយដែលទាមទារឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាពិសេសគឺសម្រាប់មនុស្សចាស់តែម្តង។ ផ្នែកខាងកម្លាំងប្រដាប់អាវុធក៏បានចែកផ្តល់អាវ សម្រាប់អាវរងារនេះតាំងពីខែ ១០ ឯណោះ ដើម្បីមានឱកាសសម្រាប់ទាហាននៅពេលដែលមានការចាប់ត្រជាក់។ ឥឡូវឆ្នាំនេះ ខ្យល់ត្រជាក់មែន មិនមែនគ្រាន់តែប្រទេសកម្ពុជាមួយទេ ក៏ប៉ុន្តែប្រទេសនៅតាំងពីអាស៊ីខាងត្បូង រហូតមកដល់អាស៊ីអាគ្នេយ៍ សុទ្ធតែត្រជាក់ទាំងអស់។ ប្រទេសចិន ប្រទេសជប៉ុន កូរ៉េខាងត្បូងកាន់តែត្រជាក់។ នេះជារឿងធម្មតាទេ។ គ្រួសារនីមួយៗ មើលទៅលើបញ្ហាកូន តើកូនមានសម្លៀកបំពាក់គ្រប់គ្រាន់ទេ។ ឯនៅទូទាំងប្រទេសយើង ក៏ត្រូវមើល តើប្រជាជនរបស់យើងប៉ុន្មានភាគរយទៅដែលមានអាវរងារ? ហើយឥឡូវនេះអ្នកដែលលក់អាវរងារ គឺត្រូវប៉ាន់ខ្លាំងណាស់ ប៉ុន្តែនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ក៏វាអាចនឹងផុតរលត់ដែរ។…