សេចក្ដីដកស្រង់ ការថ្លែងការណ៍ ក្នុងឱកាសទទួលស្វាគមន៍អ្នកដំណើរ នៃនាវាទេសចរណ៍Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ

ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំ ដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល ១៣ ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។

ព្រឹកស្អែក ថ្ងៃ ១៤ កុម្ភៈ ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។

សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។

ជួយគ្នាក្នុងគ្រាក្រ, ស្គាល់មិត្តល្អក្នុងពេលលំបាក, អរគុណសន្តិភាព!

សម្តេចតេជោ ហ៊ុន សែន, ហ្វេសប៊ុកផេច, ១៣ កុម្ភ: ២០២០

សន្និសីទកាសែត ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា

[…] ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះអំពាវនាវនូវចំណុចមួយចំនួន ដូចតទៅ៖
• […] ទី ១ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈអនាម័យ (ក្នុង)ការរស់នៅ ការទទួលទាន ការធ្វើដំណើរ ការធ្វើការងារ ។ល។ […]
• […] ទី ២ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ … ហើយក៏សុំបញ្ជាក់សាជាថ្មី ប្រភពដែលយកជាការបាន គឺក្រសួងសុខាភិបាលជាអ្នកនាំមុខ ផ្តល់នូវព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាផ្សេង ក្រៅពីស្ថាប័ន ដែលច្បាប់បានប្រគល់ឱ្យស្ថាប័ននេះទទួលបន្ទុក […]
• […] ទី ៣ ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធសាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត។ល។ […]
• […] ទី ៤ សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់ ត្រូវផ្តល់ទំនុកចិត្តដល់សិស្ស និស្សិត មាតាបិតា អាណាព្យាបាល បញ្ជូនកូនមករៀនធម្មតា និងរៀបចំអនាម័យឱ្យបានល្អ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត […]
• […] ទី ៥ ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ […]
• […] ទី ៦ អ្នកលក់ម៉ាសកុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញពេលមានតម្រូវការ […] អំពាវនាវចំពោះរោងចក្រកាត់ដេរមួយចំនួន ជួយដេរម៉ាស់លក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ […]
• […] ទី ៧ ត្រូវដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើងដូចជា សេវាទេសចរ ការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវទឹក ដែលទាក់ទងទៅនឹងព្រលានយន្តហោះ កំពង់ផែ សណ្ឋាគារ និងសេវាដឹកជញ្ជូន […]
• […] ទី ៨ អ្នកការទូត កុងស៊ុល និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងរៀនសូត្រនៅប្រទេសចិន រាប់ទាំងនៅទីក្រុង Wuhan ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយប្រជាជនចិន ដើម្បីប្រយុទ្ធជាមួយជំងឺនេះ។ កុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» នេះជាពាក្យស្លោករបស់កម្ពុជាយើង តាំងពីដូនតាយើងមក […]
• […] (មាន)សំណូមពរ (ឱ្យកម្ពុជា)បិទជើងហោះហើរពីចិនមកកម្ពុជាទាំងអស់ ដែលនេះជាវិធានការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន […] តែយើងមិនចាំបាច់ប្រកាសបិទទេ ចិនគេប្រកាសបិទពីប្រទេសគេរួចស្រេចទៅហើយ។ មិនត្រឹមតែបិទជើងហោះហើរពី Wuhan មកកាន់កម្ពុជា ឬប្រទេសដទៃទេ គេបិទទាំងនៅក្នុងប្រទេសមិនឱ្យមានការហោះហើរពីទីក្រុង Wuhan ទៅកាន់ Beijing និងទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែក/គោក ដើម្បីទុកឱ្យមានការដោះស្រាយនៅក្នុងក្របខណ្ឌមួយ ដែលមានកម្រិតតូចជាង កុំឱ្យមានការរីករាលដាល […]
• […] (សំណូមពរ)ទី ២ គឺមានការស្នើសុំឱ្យជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅចិន មកកម្ពុជាវិញ […] ខ្ញុំថាអត់ទេ។ ធ្វើយ៉ាងដូច្នេះ មិនខុសពីការរួមសុខទៅរួមសុខជាមួយគេ ដល់ទុក្ខបោះបង់គេចោល […] អត់មានតម្រូវការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុងស៊ុលខ្មែរនៅតាមបណ្តាទីកន្លែងនានាមក កាន់កម្ពុជាទេ […] ប្រសិនបើជ្រុលជម្លៀសហើយ បានសេចក្តីថា មិនចាំបាច់សុំអាហារូបករណ៍ចិនទៅទៀតទេ ច្បាស់ជាចិននឹងមិនឱ្យទេ អាហ្នឹងខ្ញុំប៉ាន់ស្មានទុក ខ្ញុំមិនដឹងថា ចិនគាត់គិតយ៉ាងម៉េចទេ […]
សម្តេចតេជោ ហ៊ុន សែន, សន្និសីតកាសែត ស្តីពីស្ថានភាពជំងឺរលាកផ្លូវដង្ហើម កូរ៉ូណាថ្មី នៅកម្ពុជា, ៣០ មករា ២០២០

សេចក្តីដកស្រង់ប្រសាសន៍ ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២

“… អ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីការវិនិយោគដាំសារាយនៅក្នុងសមុទ្រ … តើតំបន់ដែលមានការវិនិយោគបែបនេះ ជាតំបន់ហាមឃាត់ចំពោះប្រជាជនក្នុងការនេសាទឬអត់? ហេតុអ្វីបានជាមកធ្វើការវិនិយោគខេត្តកំពត ខេត្តព្រះសីហនុ? … ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ។ បន្ថែមលើនោះ ការជំទាស់របស់ខ្ញុំមិនឱ្យបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែទាំជីវៈចម្រុះនៅក្នុងសមុទ្រ …”

“… មានប្រមាណជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារដើម្បីធានាថាកន្លែងនោះ ទាក់ទាញទេសចរដែលមកមុជទឹកផ្នែកកំសាន្ត ព្រោះឥឡូវ ចាប់ផ្ដើមមានទេសចរដែលមុជទឹក ដើម្បីទៅមើលអ្វីនៅក្រោមបាតសមុទ្រផងដែរ …”

” … ប្រទេសរបស់យើងពិតជាមានធនធានដ៏កម្រ … យើងមិនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាតែមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរណ៍ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ … ខេត្តនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក។ ខេត្តមិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ មានបឹងបួ មានព្រៃភ្នំ ក្រំថ្ម ទាក់ទាញទេសចរទៅកំសាន្ត …”

សម្ដេចតេជោ ហ៊ុន សែន, បើកពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ខេត្តកំពត, ២១ ធ្នូ ២០១៩