សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ លោកជំទាវ ហេឌី អូតតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប តំណាងឯកឧត្ដមប្រធានសភាអឺរ៉ុប ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំពិតជាមានកិត្តិយស និងក្ដីសោមនស្សក្រៃលែងដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ១១ នេះ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប ហើយខ្ញុំជឿជាក់ថា មិត្តភាពរបស់យើងនឹងបន្តលូតលាស់ រឹងមាំ និងគង់វង្សយូរអង្វែង ដើម្បីជាថ្នាលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយនូវវិបត្តិុរួមនានា ដែលយើងនឹងប្រឈមនាពេលអនាគត។ ជាការពិតណាស់ ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្ដូរនូវបទដ្ឋាន និងឥរិយាបថនៃការបំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃរបស់យើង ដែលនេះអាចចាត់ទុកបានថាជាវិញ្ញាសាសាកល្បងដល់ការប្ដេជ្ញាចិត្តរវាងអាស៊ី និងអឺរ៉ុប ក្នុងការរក្សាបាននូវកិច្ចសហប្រតិបត្តិការមួយប្រកបដោយភាពជឿទុកចិត្តគ្នា។ ទោះបីជាវិបត្តិកូវីដ-១៩ នេះ បានគំរាមកំហែងដល់និន្នាការនយោបាយពហុភាគីនិយមសកលក៏ដោយ ក៏ការប្ដេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឲ្យយើងចាកចេញ និងងើបចេញពីវិបតិ្តសកលនេះជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ។ ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ…