ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបាន “កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ត្រូវធ្វើដោយត្រឹមត្រូវ និងខ្ជាប់ខ្ជួន

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺ កូវីដ-១៩ ”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ខ្ញុំនឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕

២៤ មិថុនា  រាជរដ្ឋាភិបាលនឹងប្រកាសជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”

បងប្អូនជនរួមជាតិ និងក្មួយៗជាទីនឹករឮក! ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លង កូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធ ទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។ ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋ ឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស។ សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕

ដកស្រង់ប្រសាសន៍សំណេះសំណាលជាមួយនឹងមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

ដំបូងខ្ញុំសូមស្វាគមន៍ចំពោះវត្ដមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុងឱកាសនៃការជួបជុំរបស់យើងនេះ។ ចំណាយពេលជាង ៧ ខែ សម្រេចបានការសាងសង់ ៩៤% នៃផ្លូវ ៣៤ ខ្សែ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានដឹងហើយថា វត្តមានរបស់ខ្ញុំសំដៅធំបំផុតគឺការពិនិត្យលទ្ធផលនៃការអនុវត្ដការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅទីក្រុងព្រះសីហនុរបស់យើង។ ព្រឹកមិញ ដូចជាមានអង្គប្រជុំមួយអញ្ចឹង ប៉ុន្ដែអង្គប្រជុំសម័យកូវីដ គឺជាអង្គប្រជុំមិនចាំបាច់ជួបមុខគ្នាទេ។ មានការឧទ្ទេសនាមពីខាងក្រោយ ហើយពីខាងមុខគឺស្ដាប់ ក្នុងពេលដែលយើងជិះរថយន្ដ ហើយបទឧទ្ទេសនាមនានា ត្រូវបានផ្សាយចេញពីអ្នកឧទ្ទេសនាមម្នាក់ដើម្បីឱ្យយើងបានដឹង។ អញ្ចឹងទេ គិតពីថ្ងៃបើកការដ្ឋានមកដល់ថ្ងៃនេះ ពីខែវិច្ឆិការហូតមក គឺមានរយៈពេលប៉ុន្មានខែ(?)តាមធម្មតា ប្រសិនបើយើងធ្វើផ្លូវ តាមស្ដង់ដាផ្សេង ស្ដង់ដាសម័យដើម ឬហៅថាស្ដង់ដាប្រពៃណី យើងត្រូវប្រើពេលរាប់ឆ្នាំទម្រាំនឹងបានប៉ុណ្ណេះ ដោយសារត្រូវចាក់ដី បំពេញនេះបំពេញនោះ។ អញ្ចឹងទេ ផ្លូវមួយខ្សែៗ គឺត្រូវប្រើពេល ៣ ទៅ ៤ ឆ្នាំ ទើបអាចសម្រេចបាន។ ប៉ុន្ដែឥឡូវនេះ សម្រាប់យើង គឺកសាងក្នុងរយៈពេលមិនជាយូរប៉ុន្មានទេ។ ប្រសិនបើគិតពីខែវិច្ឆិការហូតមកដល់ពេលនេះដើមខែមិថុនា គឺមានរយៈពេល ៧ ខែ…