សុន្ទរកថា ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»
ឯកឧត្តម ប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី; ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់-ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន។ ទន្ទឹមនេះដែរ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។ ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច…