ម៉ាស ២,១ លាន និងបរិក្ខារពេទ្យពីកម្ពុជា កំពុងទៅជួយមិត្តឡាវប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩

ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរតាមតាមយន្តហោះពិសេស នាំយកម៉ាសចំនួន ២ លាន ១ សែន និងបរិក្ខារពេទ្យ ១២ មុខទៀត ទៅផ្តល់ជូនមិត្តឡាវដើម្បីប្រយុទ្ធប្រ​ឆាំង​ទប់ស្កាត់ជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ សូមបញ្ជាក់ថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន ម៉ាស ចំនួន ២ លាន, ម៉ាសក្រណាត់ចំនួន ១០ ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល(ជាឈុត) ចំនួន ២ ម៉ឺនឈុត,…

កម្ពុជាផ្តល់ម៉ាស ២ លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដល់ មិត្ត ឡាវ

សារលិខិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ នាយករដ្ឋមន្រ្ តីឡាវ, តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទន៍ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕

សារតាមហ្វេសប៊ុកផេច ស្តីពីការធ្វើតេស្តអវិជ្ជមាន កូវីដ១៩ ជាលើកទី ៣

នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក(របស់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅបំរើការក្នុងផ្ទះរបស់ខ្ញុំ)ទៅធ្វើតេស្តជាលើកទី ៣។ ជាលទ្ធផល ទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺ(មានលទ្ធផល)អវិជ្ជមាន កូវីដ-១៩ ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី ៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា​ ទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី ៤ វិច្ឆិកា ២០២០ នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពី កូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងដែលអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា៕