សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រជូននិស្សិត/គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេស

ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការ​ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃ​នេះ ជាទីស្រឡាញ់! ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍​អំបាញ់​មិញ ​ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹម​តែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការ​បណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក​ ដោយ​យើងមិនមានមូលដ្ឋានគ្រប់គ្រាន់…

សេចក្តីដកស្រង់សង្កថា ពិធី ចែកសញ្ញាបត្រ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

ថ្ងៃនេះ ខ្ញុំរីករាយដោយសារតែបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង​ កញ្ញា ដើម្បីចែកនូវសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៣.៨២៩ នាក់។​ យើងក៏សង្កេតឃើញផងដែរថា (វេទិកា)ធ្លាប់តែបែរមុខនៅទៅខាងជើង ឥឡូវយើងក៏បែរ មកខាង​ត្បូង​វិញម្ដង ប្រហែលជាក្រសួងគិតថា មិនចាំបាច់ធ្វើអោយដូចខាងសាលានានានោះទេ គឺទៅខាង ត្បូងម្ដង អាហ្នឹងទីមួយ។ ទីពីរ អ្នករៀបចំចាត់តាំងកម្មវិធីអម្បាញ់មិញ កុំភ្លេច បើចង់ទៅរក(អាចារ្យ)ការអី រកគាត់តែ​ម្ដង គាត់ជាអាចារ្យការ។ (គាត់ជា)អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ហើយថ្ងៃនេះ គាត់គឺជា​អ្នកចាត់តាំងកម្មវិធីនៅទីនេះ។ គ្រាន់តែប្រាប់អោយដឹងថាខ្យល់ធ្លាក់ពីជើងហើយ ចេញវស្សា ហើយ ដូច្នេះ បើត្រូវការរកអាចារ្យការ ឬខ្វះអាចារ្យការ គឺរកអាចារ្យ ភឿង ហ្នឹងតែម្ដង …។ វឌ្ឍនភាពនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស យើងពិតជាមានដំណើរការឆ្ពោះទៅរកការអភិវឌ្ឍមួយ តាមរយៈនៃការបណ្ដុះបណ្ដាលគ្រប់ផ្នែក។ ដែល​ក្នុង​នោះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី​ អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីរួចហើយ ទាក់​ទង​​ទៅនឹងរឌ្ឍនភាពនៃវិទ្យាស្ថាននេះ។ ប៉ុន្តែខ្ញុំក៏គួរតែនិយាយអំពីបញ្ហាវិទ្យាស្ថាននេះបន្ដិច ​ទាក់​​ទង​​នឹង​វិស័យបច្ចេកទេស។ ប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក…