ថ្ងៃនេះ ខ្ញុំរីករាយដោយសារតែបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីចែកនូវសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៣.៨២៩ នាក់។ យើងក៏សង្កេតឃើញផងដែរថា (វេទិកា)ធ្លាប់តែបែរមុខនៅទៅខាងជើង ឥឡូវយើងក៏បែរ មកខាងត្បូងវិញម្ដង ប្រហែលជាក្រសួងគិតថា មិនចាំបាច់ធ្វើអោយដូចខាងសាលានានានោះទេ គឺទៅខាង ត្បូងម្ដង អាហ្នឹងទីមួយ។ ទីពីរ អ្នករៀបចំចាត់តាំងកម្មវិធីអម្បាញ់មិញ កុំភ្លេច បើចង់ទៅរក(អាចារ្យ)ការអី រកគាត់តែម្ដង គាត់ជាអាចារ្យការ។ (គាត់ជា)អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ហើយថ្ងៃនេះ គាត់គឺជាអ្នកចាត់តាំងកម្មវិធីនៅទីនេះ។ គ្រាន់តែប្រាប់អោយដឹងថាខ្យល់ធ្លាក់ពីជើងហើយ ចេញវស្សា ហើយ ដូច្នេះ បើត្រូវការរកអាចារ្យការ ឬខ្វះអាចារ្យការ គឺរកអាចារ្យ ភឿង ហ្នឹងតែម្ដង …។
វឌ្ឍនភាពនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស
យើងពិតជាមានដំណើរការឆ្ពោះទៅរកការអភិវឌ្ឍមួយ តាមរយៈនៃការបណ្ដុះបណ្ដាលគ្រប់ផ្នែក។ ដែលក្នុងនោះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីរួចហើយ ទាក់ទងទៅនឹងរឌ្ឍនភាពនៃវិទ្យាស្ថាននេះ។ ប៉ុន្តែខ្ញុំក៏គួរតែនិយាយអំពីបញ្ហាវិទ្យាស្ថាននេះបន្ដិច ទាក់ទងនឹងវិស័យបច្ចេកទេស។ ប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មួយចំនួននៅចាំបានថា បន្ទាប់ពីយើងរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វិទ្យាស្ថាននេះ ត្រូវបានស្ដារឡើងវិញក្រោមជំនួយរបស់អតីតសហភាពសូវៀត ក៏ប៉ុន្តែខ្ញុំនៅចាំបានថា ដំណាក់កាលមួយនោះ ពុំមានសិស្សចូលរៀនទេ ខុសពីដំណាក់កាលបច្ចុប្បន្ន។ ហេតុអី្វទៅបានជាពេលនោះ ពុំមានសិស្សចូលរៀន? ដោយសារតម្រូវការខាងបច្ចេកទេសនាពេលនោះ វាក៏មិនសូវមាន គេហៅថា ទីផ្សារការងារក៏មិនសូវមានដែរ។ ដំណាក់កាលនោះ គឺជាដំណាក់កាលដែលយើងមិនមានការវិនិយោគ ហើយក៏មិនមានតម្រូវការនៃអ្នកបច្ចេកទេសច្រើនប៉ុន្មានទេ។ ដូច្នេះពេលនោះហើយ គឺជាពេលវេលាដែលមិនមានសិស្ស។ ខ្ញុំនៅចាំបានថា នៅតាមកំណត់ត្រានេះ នៅក្នុងឆ្នាំ ១៩៩៦ ខ្ញុំបានធ្វើដំណើរទៅទីនោះ ដើម្បីអោយមានការបណ្ដុះបណ្ដាលនៅទីនោះឡើងវិញ។ ឥឡូវនេះ មិនត្រឹមតែវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះទេ យើងនៅមានសាលាជាច្រើនទៀត ដែលផ្ទេរមកពីក្រសួងអប់រំ យុវជន និងកីឡា។
ការបំបែកក្រសួង និងបង្កើតក្រសួងថ្មី ក្នុងអាណត្តិទី ៣
ខ្ញុំនៅចាំបានថា នៅក្នុងអាណត្តិទី ៣ នៃរាជរដ្ឋាភិបាល យើងបានសម្រេចបង្កើតឡើងនូវក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ។ ខ្ញុំលើកចំណុចនេះបន្ដិចអំពីការវិវឌ្ឍរបស់វា ដែលមានតម្រូវការជាបណ្ដើរៗ ក្នុងការរៀបចំស្ថាប័នដឹកនាំ។ កាលពីមុន យើងមានក្រសួងមួយចំនួនជាបន្ដបន្ទាប់មក ប៉ុន្តែនៅក្នុងឆ្នាំ ១៩៩៣ យើងក៏សម្រេចបំបែកក្រសួងមួយ ហៅថា ក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ កាលពីដើម។ បន្ទាប់ទៅ យើងក៏បំបែកក្រសួងហ្នឹងទៅជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន សព្វថ្ងៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សព្វថ្ងៃនេះ។ ដល់ឆ្នាំ ១៩៩៨ យើងឃើញថា វាមានតម្រូវការខ្លាំងណាស់ ដែលយើងមិនអាចនឹងមិនគិតគូរទៅដល់ការបង្កើតស្ថាប័នមួយថ្មីថែមទៀតនោះ យើងក៏ចាប់ផ្ដើមបង្កើតនូវក្រសួងមួយ ហៅថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រោះចាប់ផ្ដើមដល់ដំណាក់កាលដែលត្រូវតែមានការគិតគូរអំពីបញ្ហាហ្នឹងហើយ។ ក្រសួងមួយទៀត គឺក្រសួងធនធានទឹក និងឧតុនិយម ដែលបំបែកចេញពីក្រសួងកសិកម្ម ដែលមុននេះ ក្រសួងធនធានទឹកគ្រាន់តែជានាយកដ្ឋានមួយប៉ុណ្ណោះ និងបន្ទាប់ទៅបង្កើតទៅអគ្គនាយកដ្ឋាន។ បើទោះបីជាបង្កើតដល់ថ្នាក់អគ្គនាយកដ្ឋានក៏ដោយចុះ គឺមិនអាចអោយកម្លាំងផ្នែកទឹករបស់យើង គឺអាចទៅរួចទេ។ យើងក៏បានបង្កើតនូវក្រសួងធនធានទឹក អមដោយឧតុនិយម ដាក់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក។ អញ្ចឹងយើងក៏បង្កើតបានក្រសួងពីរនេះថែមទៀត។
ការបំបែកក្រសួង និងបង្កើតក្រសួងថ្មី ក្នុងអាណត្តិទី ៤
ដល់អាណត្តិទី ៤ យើងពិនិត្យឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺវាមានជាតម្រូវការសំខាន់ណាស់។ ដូច្នេះ នៅឆ្នាំបោះឆ្នោត ឆ្នាំ ២០០៣ ប៉ុន្តែជាប់គាំងមួយឆ្នាំ រហូតដល់ឆ្នាំ ២០០៤ ទើបអាចបង្កើតបាន ដោយសារពេលនោះ គណបក្សចាញ់ឆ្នោតចាប់គណបក្សឈ្នះឆ្នោតធ្វើជាចំណាប់ខ្មាំងតែម្ដង ដោយសារតែប្រព័ន្ធ(សមាមាត្រ) ២ ភាគ ៣។ អញ្ចឹងពេលនោះ គណបក្សប្រជាជនមានតែ ៧៣ អាសនៈទេ ក្នុងតម្រូវការ ៨២ អាសនៈ។ គណបក្សដែលមានសំឡេងឆ្នោតតិច តែងចាប់គណបក្សដែលមានសំឡេងភាគច្រើនធ្វើជាចំណាប់ខ្មាំង។ ដូច្នេះហើយ បានជាក្រោយមក យើងត្រូវស្វះស្វែងរកការកែរដ្ឋធម្មនុញ្ញរបស់យើងពីប្រព័ន្ធ ២ ភាគ ៣ មក ៥០ បូក ១។ ពេលនោះ យើងក៏បានប្រឹងប្រែងដើម្បីធ្វើការជាមួយនឹងដៃគូដែលអាចនឹងរួមជាមួយគណបក្សប្រជាជន បង្កើតនូវរាជរដ្ឋាភិបាល ប៉ុន្តែត្រូវចាយពេលអស់មួយឆ្នាំទើបអាចបង្កើតរាជរដ្ឋាភិបាលចេញ។
ពេលបង្កើតរាជរដ្ឋាភិបាលនេះ យើងក៏បង្កើតនូវក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះឡើង ហើយដែលពេលនោះ វាមានតម្រូវការផ្ទេរវិស័យការងារពីអតីតក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ដែលគ្រប់គ្រងលើវិស័យការងារ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និង កីឡា អោយទៅនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បន្ដមកទៀត ឆ្នាំ ២០០៨ យើងពុំមានការបង្កើតស្ថាប័នណាមួយទេ។ ដល់ឆ្នាំ ២០១៣ យើងមានតម្រូវការមួយទៀត ឃើញថា ដំណើរការកែទម្រង់មុខងារសាធារណៈផ្នែករដ្ឋបាល ហាក់ដូចជាបានដើរយឺតខ្លាំង, គណៈកម្មាធិការជាតិទាក់ទងជាមួយនឹងកំណែទម្រង់រដ្ឋបាលនេះ ត្រូវរំលាយចោល ហើយយើងបង្កើតរដ្ឋលេខាធិការមុខងារសាធារណៈ អោយទៅជាក្រសួងមុខងារសាធារណៈ ដែលនាំទៅដល់កំណែទម្រង់យ៉ាងឆាប់រហ័សក្នុងរយៈពេលកន្លងទៅនេះ។
បន្ទាប់មកយើងបានឃើញថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល គឺជាក្រសួងមួយធំពេក អញ្ចឹងយើងក៏ចាប់ផ្ដើមរៀបចំអោយមានការកែទម្រង់ក្បាលម៉ាស៊ីនមួយទៀត តាមរយៈនៃការបង្កើតអោយមានក្រសួងរ៉ែ និងថាមពល ដែលគ្រប់គ្រងលើវិស័យរ៉ែ និងថាមពល រាប់ទាំងបញ្ហាប្រេងកាត ដែលមុននេះមានអាជ្ញាធរប្រេងកាតមួយផ្សេង យើងបញ្ចូលទៅកាន់ក្រសួងថ្មីមួយ ហៅថា ក្រសួងរ៉ែ និងថាមពល។ ដល់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីមុន ហៅថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មវិញ។ ខ្ញុំនិយាយយ៉ាងដូច្នេះ ដើម្បីអោយអ្នកទាំងអស់គ្នានៅទីនេះ បានដឹងថា ការវិត្តនៃសភាពការណ៍វាមិននៅទ្រឹងទេ។
ការវិឌ្ឍរបស់សាលាបណ្តុះបណ្តាលបច្ចេកទេស
វាទាមទារឲ្យយើងគិតគូរជានិច្ចកាលអំពីកំណែទម្រង់ក្បាលម៉ាស៊ីនផង និងបញ្ហាដទៃទៀត។ រាប់ទំាងអម្បាញ់មិញខ្ញុំបាននិទានរឿងទាក់ទងថា ពេលដែលចាប់បើកដំបូងវាមានកូនសិស្ស ដល់មួយដំណាក់កាលទៀត វាអត់មានកូនសិស្ស នៅវិទ្យាស្ថាននឹងតែម្តង។ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស អត់កូនសិស្សរៀន។ មាននិស្សិតយើងម្នាក់ បានបញ្ជូនទៅរៀននៅអាល្លឺម៉ង់ខាងកើត ដល់ទៅក្នុងសាកលវិទ្យាល័យរបស់គេនោះ គេថាសិស្សរបស់យើងនឹងខ្សោយពេក ដល់ពេលខ្សោយពេក កាលហ្នឹងដូចជាបញ្ជូនគាត់ទៅរៀនខាងស្អីម្យ៉ាងទេ? ដល់តែខ្សោយពេក ខាងអាល្លឺម៉ង់សុំអោយទៅរៀនខាងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ខាងឯកទេសវិញ។ ដល់ខាងឯកទេសគាត់សុខចិត្តមកស្រុក ដោយសារពេលនោះ វាអត់មានទីផ្សារការងារ។ ប៉ុន្តែឥឡូវនេះសភាពការណ៍ផ្សេងហើយ និស្សិតរាប់ពាន់នាក់ដែលបានទទួលការបណ្តុះបណ្តាលនៅសាលានេះផង និងសាលាដទៃទៀត រាប់ទាំងសាលាកូរ៉េ។ សាលាកូរ៉េ គឺបណ្តុះបណ្តាលវិទ្យាជីវៈក៏មានចំនួនមិនតិចដែរ។ តាមបណ្តាខេត្តមួយៗ ដែលខ្ញុំចុះទៅជួប ជួនកាលឆ្លៀតឱកាសជួបជាមួយនឹងសិស្សទំាងនោះ គឺឃើញថាមានការបណ្តុះបណ្តាលតាមបណ្តាខេត្ត។ មានកូនសិស្សចូលរៀនតែម្តង ខ្លះខាងផ្នែកនេះ ខាងផ្នែកនោះ វាមានតម្រូវការ។ ឥឡូវឧទារហណ៍ថា នៅកន្លែងហ្នឹង តម្រូវការអីខ្លះទៅ សម្រាប់អ្នកបច្ចេកទេស ប៉ុន្តែបើសិនជាខ្ពស់ពេកគេក៏មិនហ៊ានដែរ ប៉ុន្តែគេអាចយកមនុស្សនឹងមកគ្រប់គ្រង គ្រាន់តែនៅកោះពេជ្រហ្នឹងមួយ តើត្រូវការអ្នកបច្ចេកទេសប៉ុន្មានទៅ ដើម្បីគ្រប់គ្រងឲ្យកិច្ចការទំាងឡាយ នៃដំណើរការរបស់កោះពេជ្រអាចដំណើរការបាន។ ត្រូវការក្រុមអគ្គិសនីប៉ុន្មានទៅ ត្រូវការទឹកប៉ុនា្មនទៅ ត្រូវការផ្នែកដទៃទៀត រាប់ទំាងម៉ាស៊ីនត្រជាក់ត្រូវការប៉ុន្មានទៅ ត្រូវការច្រើនណាស់។
ការបណ្តុះបណ្តាលបច្ចេកទេសជួសជុលគ្រឿងយន្តកសិកម្ម និងដឹកជញ្ជូនខ្នាតតូច
ខ្ញុំធ្លាប់និយាយថា បើសិនជាខ្ញុំ ខ្ញុំជ្រើសរើសទៅលើបច្ចេកទេសទាក់ទងនឹងលើការជួសជុលគ្រឿងយន្ត អាចផ្គួបផ្សំគ្នារវាងគ្រឿងយន្តកសិកម្ម និងការដឹកជញ្ជូនខ្នាតតូច។ ខ្ញុំឧស្សាហ៍និយាយណាស់កន្លែងហ្នឹង ខ្ញុំថាឥឡូវហ្នឹងគ្រាន់តែម៉ាស៊ីនបូមទឹក និងគោយន្តនិយាយពីរាយពេញប្រទេស ហើយអាសត្វហ្នឹងជួនកាលយើងមានកន្លែងជួសជុលនៅកន្លែងយើង ប៉ុន្តែពេលខ្លះយើងចល័តទៅធ្វើការជួសជុល ព្រោះអ្នកដែលប្រើប្រាស់នោះ គឺអ្នកខ្លះគេចេះជួសជុល អ្នកខ្លះមិនចេះជួសជុលទេ។ ដល់និយាយអញ្ចឹងទៅគេថា លោក ហ៊ុន សែន ឯងអោយតែនិយាយអីឡើង និយាយចូលចិត្តតែអាការងារកំប៉ិចកំប៉ុក ជួសជុលគ្រឿងម៉ាស៊ីន ជួសជុលម៉ូតូ ជួសជុលគោយន្ត។ ណែ! អាហ្នឹងលុយណាស់។ អស់លោកចង់បានខ្ពស់ពេក វាអត់ការងារធ្វើ។ អ្នកនៅតាមភោជនីយដ្ឋាននានា។ អត់ក្រុមនោះ បើមិនអត់បាយឥឡូវសាកមើល។ ចុងភៅស្មានតែតិចណាស់។ ឥឡូវគ្រាន់តែនៅក្នុងក្រុងភ្នំពេញយើងមួយនេះ តើមានភោជនីយដ្ឋានប៉ុន្មានទៅ? ភោជនីយដ្ឋាននោះ មនុស្សចង់ចូលប៉ុន្មានចូលទៅ ប៉ុន្តែបើអត់មានចុងភៅទេ គឺងាប់ហើយ។ ចុងភៅធ្វើមិនឆ្ងាញ់ ចុងភៅធ្វើម្ហូបខ្វះអនាម័យ គឺគេឈប់ចូល អញ្ចឹងទេបានជាយើងកុំមើលទៅខាងលើហួសហេតុពេក យើងទៅយើងប្រឹងហើយ ចេះតែទៅហើយ។
… យើងមើលប្រវត្តិ Pacquiao ដេកតាមសំយាបផ្ទះនៅប្រទេសហ្វីលីពីន ពេលដែលទៅរៀនប្រដាល់ មានមើលប្រវត្តិខាង Fresh News គឺប្រវត្តិគួរឲ្យភ្ញាក់ផ្អើល។ Pacquiao ដេកនៅតាមសំយាបផ្ទះរបស់គេទេ ដើម្បីរៀន ប៉ុន្តែឥឡូវ Pacquiao សល់លុយមិនចេះតិច គ្រាន់តែថ្ងៃមុនធ្វើផ្ទះសម្រាប់អ្នកដែលបាក់បែកផ្ទះនោះអស់ ១៥០ លានដុល្លារ ព្រោះវ៉ៃមួយដងស្មានតែ Pacquiao លុយតិច ចាញ់ក៏ដោយ ឈ្នះក៏ដោយអញដឹងតែបានលុយប៉ុណ្ណឹង។ ប្រវត្តិមនុស្ស គឺភាគច្រើនចាប់ផ្តើមពីស្ថានភាពក្រីក្រនេះឯង តាមដំណាក់នីមួយៗឈានឡើង។ ខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំមិនភ្លេចជាមួយនឹងជីវិតក្មេងវត្ត ដែលជួបការលំបាក។ អញ្ចឹងទេក្នុងស្ថានភាពនេះ អ្វីដែលខ្ញុំនិយាយចេញរួចហើយអ្នកខ្លះបន្តុះបង្អាប់ខ្ញុំទៅទៀត។
កម្ពុជា ឈានដល់ឧស្សាហកម្មពលកម្មសកម្ម នៅឆ្នាំក្រោយ
ខ្ញុំសុំលើករឿងមួយ។ ខ្ញុំក៏សូមអភ័យទោសពីលោកស្រី អ៊ឹង សានស៊ូជី នៅមីយ៉ាន់ម៉ា ទុកមុន។ ព្រោះអ្វី? ដោយសារនៅប្រទេសកម្ពុជាគេបានប្រើប្រាស់បញ្ហានេះ ប្រឆំាងជាមួយខ្ញុំ។ នៅទីក្រុងហាណូយខ្ញុំក៏បាននិយាយ ក៏ប៉ុន្តែខ្ញុំក៏មិនបានចង្អុលបង្ហាញទៅប្រធានាធិបតីរបស់មីយ៉ាន់ម៉ាទេ។ ខ្ញុំបាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកទាក់ទងនឹងមេគង្គ ថា កាលពីមុនកម្ពុជាធ្វើឧស្សាហកម្មប្រើមនុស្សច្រើន ដោយប្រើពាក្យថា ពលកម្មតម្លៃថោក។ ឥឡូវនេះ កម្ពុជាមិនអាចនឹងប្រើពាក្យហ្នឹងបានទៀតទេ។ កម្ពុជាបានដើរទៅដល់កម្រិតដែលនឹងអនុវត្ត(ការផ្តល់ប្រាក់ខែអប្បបរិមា) ១៥៣ ដុល្លារសហរដ្ឋអាមេរិក ដែល(មុននេះ យើងបាន)ចាប់ផ្តើមពីប្រាក់បៀវត្សរ៍តែជាង ៣០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ឥឡូវ យើងប្រើពាក្យមិនមែនពលកម្មថោកទេ គឺពលកម្មសកម្ម ដែលចាប់ផ្តើមអនុវត្តន៍ឆ្នំាក្រោយ។ ឥឡូវ(ការផ្តល់ប្រាក់ខែអប្បបរមាមានកម្រិត) ១៤០ (ដុល្លារ) ហើយនៅតែប៉ុន្មានខែទៀតចូលទៅ ១៥៣ ដុល្លារសហរដ្ឋអាមេរិក បូកនឹងអត្ថប្រយោជន៍ដទៃទៀត ១៧០ ឬ ១៨០ (ដុល្លារ) ឡើងទៅ។
ក្នុងពេលជាមួយគ្នា នៅប្រទេសឡាវគឺ ១០០(ដុល្លារ) នៅប្រទេសមីយ៉ាន់ម៉ាគឺជា ៨០ (ដុល្លារ) … ពេលដែលលោកជំទាវ អ៊ឹងសាន ស៊ូជី ជារដ្ឋមន្ត្រីការបរទេស និងក្រសួងខ្លះទៀត ក៏ដូចជាតំណែងទីប្រឹក្សារដ្ឋ មានឋានៈស្នើនាយករដ្ឋមន្ត្រី នៃមីយ៉ាន់ម៉ា មកទស្សនកិច្ចនៅថៃគាត់បានប្រើពាក្យជាមួយនឹងពលករមីយ៉ាន់ម៉ា ថា “យើងទៅផ្ទះ”។ ពេលហ្នឹង បានសេចក្តីថានៅមីយ៉ាន់ម៉ា ប្រាក់បៀវត្សរ៍តែ ៦៧ ដុល្លារ ទេ ខុសយើងពីរដង។ ឥឡូវមើលនៅក្នុងវ៉ែបសាយនេះ ៦៧ ដុល្លារ។ ឥឡូវយើងថាអោយគាត់ ៨០ (ដុល្លារ) នៅពេលដែលលោកជំទាវ អ៊ឹងសាន ស៊ូជី ប្រើពាក្យថា “ទៅយើងទៅផ្ទះវិញ”។ នៅខាងនេះមានក្រុមមួយគេបង្ហោះរូបខ្ញុំថា “ទៅយើងទៅប្រទេសថៃរកការងារធ្វើ” ដាក់ផ្លែអោយខ្ញុំ។ ឥឡូវសូមកាប់ថ្មចំណំា។ រង់ចំាមើលទៅ តើកម្មករមីយ៉ាន់ម៉ាត្រឡប់ទៅប្រទេសវិញ ឬអត់? កុំអាលជឿខ្ញុំ យើងចំាអង្កេតមើលថា ទៅឬមិនទៅ?
មីយ៉ាន់ម៉ា កំពុងប្រឈមនឹងឧស្សាហកម្មពលកម្មតម្លៃទាប
មានបញ្ហាពីរ៖ ទីមួយ តើពលករមីយ៉ាន់ម៉ា ដែលនៅប្រទេសថៃ មានប្រមាណជិត ២ លាននាក់ ព្រមត្រឡប់ទៅវិញអត់? មីយ៉ាន់ម៉ាបង្កើតការងារអោយមនុស្សដែលនៅមីយ៉ាន់ម៉ាប្រមាណជាជិត ២ លាននាក់ តើអ្នកធ្វើការនៅប្រទេសថៃទាំងនោះ អាចត្រឡប់ទៅរកការងារធ្វើវិញបានទេ? អោយអ្នកឯង ២ ឆ្នំា តើអ្នកឯងបង្កើតការងារបានស្មើនឹងមនុស្សត្រូវត្រឡប់ពីថៃទៅវិញទេ? បើសិនជាបង្កើតបាន គ្រាន់តែបានអោយអ្នកដែលដល់អាយុចេញពីសាលា និងត្រូវរកការងារធ្វើក្នុងប្រទេសមីយ៉ាន់ម៉ា(តែប៉ុណ្ណោះ)។ បញ្ហាទីពីរ នៅប្រទេសថៃគេរកបាន ២០០ ទៅ ៣០០ ដុល្លារក្នុងមួយខែ តើគេទៅយក ៦៧ ដុល្លារទេ? ចំណុចវានៅកន្លែងហ្នឹងឯង។ ត្រូវស្តាប់អោយបាន ឥឡូវនេះនៅកម្ពុជា(ប្រាក់ខែ)មានតម្លៃដល់ទៅ ១៥៣ ដុល្លារ ជាប្រាក់អប្បបរមាហើយ ពលករ/ការិនី យើងមិនព្រមចាប់យកការងារនៅក្នុងប្រទេសទេ បែរជាទៅ(ប្រទេសថៃ)។
បើមីយ៉ាន់ម៉ា បង្កើតការងារបាន ២ លាននាក់ ឬថា ៣ លាននាក់ ហើយតម្លើងប្រាក់ខែអោយបាន ៣០០ (ដុល្លារ) ហ្នឹងប្រហែលជា(ទាញបានពលករ)ទៅមែន ប៉ុន្តែបើបង្កើតមិនបានទេ កុំសង្ឃឹម។ អ្នកដែលដាក់ផ្លែឲ្យខ្ញុំ ក៏កាប់ថ្មចំណាំ ហើយពិនិត្យមើលខ្លួនឯង តើអត្ថាធិប្បាយខ្ញុំត្រឹមត្រូវទេ? បញ្ហាបង្កើតការងារវាជារឿងមួយហើយ អាចនឹងមីយ៉ាន់ម៉ាខាងមុខនេះ នឹងបង្កើតបានការងារធ្វើ ដោយសារមានរោងចក្រមួយចំនួនអូសទៅមីយ៉ាន់ម៉ា នៅពេលដែលមីយ៉ាន់ម៉ាប្រើតម្លៃពលកម្មថោកជាងយើងដល់ទៅ ២ ដង ប៉ុន្តែរឿង បង្កើតការងារ(ជារឿង)មួយហើយ ប៉ុន្តែរឿងគាត់ព្រមយក ២០០ ដុល្លារជាងនៅប្រទេសថៃ និងទៅយក ៨០ ដុល្លារ(នៅស្រុកវិញ)ឬ អត់? រឿងវានៅកន្លែងនោះ។
ការងារ, ចំណាកស្រុក និងចំណូលស្រុក
ចំពោះបញ្ហាការងារ សម័យនេះមិនមែនគ្រាន់តែប្រទេសកម្ពុជាដែលធ្វើចំណាកស្រុករកការងារធ្វើទេ ការងារ នៅខាងក្រៅយើងដើរទៅសុំគេទៀត។ នៅកូរ៉េយើងសុំគេ ឥឡូវយើងកំពុងបើកទៅរកទីផ្សារសម្រាប់ពលករ របស់យើងនៅអារ៉ាប៊ីសាអូឌីត នៅគូវ៉េត នៅបាហ៍រ៉េន នៅកាតា និងនៅប្រទេសដទៃទៀត ក្នុងតំបន់ឈូងសមុទ្រពែក្ស។ នៅម៉ាឡេស៊ី យើងផ្អាកចំណាកស្រុកការងារទាក់ទិនជាមួយនឹងពលករជាស្រ្តី នៅសាំងហ្គាពួរ យើងកំពុងតែសាកល្បង។ នៅប្រទេសថៃ ភាពមិនស្របច្បាប់ដែលពលករយើងបានទៅធ្វើការនៅទីនោះ យើងបានប្រឹងប្រែង ដើម្បីឲ្យបងប្អូនពលកររបស់យើងរស់នៅដោយស្របច្បាប់ ធ្វើការដោយស្របច្បាប់។ តែមិនត្រូវភ្លេចថា ថៃបានបញ្ជូនពលកររបស់គេទៅកូរ៉េខាងត្បូង ទៅតៃវ៉ាន់ និងទៅមជ្ឈិមបូព៌ា ដើម្បីទៅរកប្រាក់ខែខ្ពស់ជាង ហើយកង្វះពលករនៅខាងក្នុង គេប្រើពលករទៅពីកម្ពុជា មកពីឡាវ និងមកពីមីយ៉ាន់ម៉ា។ ហ្វីលីពីនមានប្រជាជនជាង ១០ លាននាក់ សម្រាប់ទៅធ្វើការនៅក្រៅប្រទេស ឥឡូវគ្រាន់តែនៅកម្ពុជារបស់យើង ប្រមាណ ១ ម៉ឺននាក់ … (តាម)រង្គសាលមួយចំនួន ជាមេដោះមើលកូន ជាអ្នកចែកបៀរតាមកាស៊ីណូនានា …។
ទីផ្សារការងារក្នុងស្រុក មានតម្រូវការកាន់តែខ្ពស់
ខ្ញុំនៅចាំបាន ពេលជំងឺសារកើតឡើង ក្នុងពេលដែលកម្ពុជាធ្វើប្រធានអាស៊ាន នៅឆ្នាំ ២០០៣។ យើងចាប់ផ្តើមធ្វើប្រធានអាស៊ាននៅចុងឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣ ផ្ទុះជំងឺសារឡើង។ ខ្ញុំ, ហ្គោ ចុកតុង និង ថាក់ ស៊ីន ពិភាក្សាគ្នាថា ត្រូវប្រជុំអាស៊ានបន្ទាន់ ប៉ុន្តែកម្ពុជាយើងពិបាក រៀបចំបន្តិច គឺយើងសុំឲ្យថៃជួយរៀបចំ ឯប្រធានដឹកនាំការប្រជុំគឺខ្ញុំ។ ពេលហ្នឹងយើង នាយករដ្ឋមន្ត្រីចិន វ៉េង ជាប៉ាវ និងតុង ជាវហ៊រ អភិបាលក្រុងហុងកុង មកចូលរួមប្រជុំនៅទីក្រុងបាងកក។ ពេលហ្នឹង នាយករដ្ឋមន្ត្រី មហាធៀរ នៃម៉ាឡេស៊ី មិនបានអញ្ជើញមកទេ។ គាត់ឲ្យឧបនាយករដ្ឋមន្ត្រីពេលនោះ ក្រោយមកជានាយករដ្ឋមន្ត្រីដែរ គឺ បាដាវី មកប្រជុំ។ យើងយកដំណោះស្រាយមួយថា ជំងឺសារកើតលើជនជាតិណាក៏ដោយ ក្នុងប្រទេសណា ប្រទេសហ្នឹងត្រូវតែព្យាបាលឲ្យជា ចាំឲ្យធ្វើដំណើរតទៅទៀត។ បើឲ្យធ្វើដំណើរតទៅទៀត ជំងឺសារកាន់តែឆ្លង។ ពេលហ្នឹងអតីតប្រធានាធិបតីហ្វីលីពីន (Gloria Macapagal Arroyo) បាននិយាយថា ព្យាបាលឲ្យជាហើយ ជួយ រកការងារឲ្យធ្វើផង។ ពេលហ្នឹង បាដាវី ឆ្លើយថា រកការងារឲ្យប្រជាពលរដ្ឋខ្លួនឯងរកមិនបានផង ទៅរកអីឲ្យអ្នកក្រៅថែមទៀត។ នេះជាការចងចាំរបស់ខ្ញុំ ពេលដឹកនាំការប្រជុំក្នុងឋានៈជាប្រធានអាស៊ាន ពិតមែនតែប្រជុំនៅប្រទេសថៃ។
អញ្ចឹងទេ បញ្ហាទីផ្សារការងារ វាមានទីផ្សារក្នុងស្រុកផង វាមានទីផ្សារក្រៅស្រុកផង។ ឥឡូវនេះទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការកាន់តែខ្ពស់ទៅៗ។ ក្រុមហ៊ុនជប៉ុន ពេលណាដែលគាត់ចូលមកក្នុងកម្ពុជា ចូលមកធ្វើការវិនិយោគ តែងបង្ហាញកង្វល់លើចំណុចពីរ ១) បញ្ហាពលកម្ម ពលកម្មជំនាញផង តម្លៃពលកម្ម … ជប៉ុនគឺជាប្រទេសអ្នកមាន ក៏ប៉ុន្តែក៏មិនមែនជាប្រទេសដែលមិនយកចិត្តទុកដាក់ទៅលើបញ្ហាតម្លៃពលកម្មទេ។ ឯមួយទៀត ការផ្គត់ផ្គង់អគ្គិសនី។ … ខ្ញុំគិតថា ថ្ងៃនេះខ្ញុំគួរតែនិយាយបើកចំហ ដើម្បីឲ្យតាមដាន មើលទាំងអស់គ្នា ព្រោះឥឡូវគេប្រើពាក្យសំដី លោកជំទាវ អ៊ឹង សានស៊ូជី ដែលនិយាយថា “ទៅយើងត្រឡប់ទៅវិញ” ធ្វើជាមធ្យោបាយវាយប្រហារខ្ញុំទៅវិញ។ ទាំងអស់គ្នាកាប់ថ្មចំណាំ តើប្រជាជនមីយ៉ាន់ម៉ា នឹងវិលត្រឡប់ទៅមីយ៉ាន់ម៉ា ពីប្រទេសថៃអស់ឬទេ? តើគេសុខចិត្តបោះបង់ចោលការរកបាន ២០០ ទៅ ៣០០ ដុល្លារក្នុងមួយខែ ទៅយក ៨០ ឬក៏ ៦៧ តាមជើងលេខដែលបញ្ចេញតាមវេបសាយត៍មកនោះទេ? ហើយនៅមីយ៉ាន់ម៉ា បង្កើតការងារគ្រប់ទេ? …។
ចូរខិតខំរក្សារោងចក្រ និងការងារ ដែលយើងកំពុងមាន
សូមកុំប្រមាថទៅលើបញ្ហាទាំងអស់នេះ។ អស់លោកមិនទាន់ធ្លាប់គ្រប់គ្រងអំណាច គ្រប់គ្រងប្រទេសយ៉ាងម៉េចនោះទេ។ មានដំណាក់កាលមួយ គ្រាន់តែថាឲ្យរៀនយ៉ាងម៉េចក៏ដោយ ក៏គាត់មិនមករៀនទេ ដោយសារពេលនោះអត់មានទីផ្សារការងារ។ ប៉ុន្តែឥឡូវយើងមានរាប់ពាន់នាក់ ដែលនៅទីនេះ គឺបានបណ្តុះបណ្តាលរួចទៅហើយ ចំនួន ៨៥៧៣ នាក់ ហើយនឹងកំពុងរៀនតទៅទៀត ៣៩១១ នាក់។ ហ្នឹងគិតតែសាលាហ្នឹងមួយទេ នៅមានសាលាទូទាំងប្រទេសទៀត ជាង ១០០ សាលា សុទ្ធតែមានកូនសិស្សរៀនទាំងអស់។ ព្រោះអី? សុទ្ធតែត្រូវការបច្ចេកទេស មិនបាច់ចាំស្អីទេឥឡូវ ក្នុងម្នាក់ និស្សិតខ្លួនឯង ម្នាក់ៗមាន យ៉ាងហោចណាស់ខ្ញុំថានៅក្នុងហ្នឹង ក្រៅពីទូរស័ព្ទធម្មតាមានអ្នកប្រើស្មាតហ្វូនប្រហែលជា ៧០ ភាគរយ។ … អ្នកខ្លះយកការទទួលការបណ្តុះបណ្តាលផ្នែកការជួសជុល ដូចជាទូរទស្សន៍ វិទ្យុ ឬក៏ទូរស័ព្ទ ជាមុខជំនាញ។
តិចថា លោក ហ៊ុន សែន និយាយឡើង និយាយឲ្យឯងទៅធ្វើជាង មិនឲ្យអញទៅធ្វើរដ្ឋមន្ត្រី … បើសិនជាធ្វើរដ្ឋមន្ត្រីទាំងអស់គ្នា អ្នកណាធ្វើកសិករ។ អាហ្នឹងសូមឲ្យយកចិត្តទុកដាក់។ ខ្ញុំលើកយកមកនិយាយ ដើម្បីបង្ហាញនូវចំណុចពាក់ព័ន្ទនឹងការប្រកួតប្រជែងផងដែរ ដែលនៅពេលខាងមុខនេះ កម្មករ-កម្មការិនីរបស់យើងនៅតាមរោងចក្រ សហគ្រាស ទាក់ទងទៅនឹងវិស័យកាត់ដេរ និងស្បែកជើង ក្មួយៗទាំងឡាយត្រូវចាំថា ខិតខំរក្សាការងាររបស់យើងដែលបាន និងកំពុងមានសព្វថ្ងៃនេះ។ ប្រទេសដែលនឹងទាញយករោងចក្រចេញពីយើងមានមីយ៉ាន់ម៉ា ដែលប្រាក់ខែនៅប្រទេសនោះ ប្រាក់ខែអប្បបរមាត្រឹមតែជាង ៦០ ដុល្លារ ឬយើង ថា ៨០ ដុល្លារ។ នៅឡាវ ១០០ ដុល្លារ នៅបង់ក្លាដេសដែលខ្ញុំទៅនោះ តំបន់ឧស្សាហកម្មរបស់ជប៉ុនត្រឹមតែ ៧០ ដុល្លារទេ។ ឥឡូវខ្ញុំថាឲ្យឡើងទៅដល់ ១០០ ដុល្លារទៅចុះ។ អញ្ចឹងរោងចក្រអាចចេញពីប្រទេសរបស់យើង។
យើងត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេសចំពោះកម្មករដែលមានស្រាប់ ដើម្បីធ្វើឲ្យផលិតផលកាន់តែខ្ពស់ទៅៗ គុណភាពកាន់តែល្អ ដើម្បីយើងរក្សាបណ្តារោងចក្រនៅកម្ពុជា បូកបន្ថែមដោយការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង ដើម្បីទទួលយកនូវការវិនិយោគថ្មីៗ ក្នុងវិស័យឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាសេវា ឬកសិកម្ម។ សូម្បីតែកសិកម្មឥឡូវនេះ ខ្ញុំមើលស្ថិតិនៃការភ្ជួររាស់ដោយប្រើគោក្របី ក្នុងឆ្នាំនេះ មានត្រឹមតែ ៨% ជាងតែប៉ុណ្ណោះ។ … ដែល(កាលពេល)មុន យើងភ្ជួររាស់ក្នុងអត្រា ៩៥% យ៉ាងហោច ដោយគោក្របី និងគ្រឿងចក្ររបស់រដ្ឋទៀត ដែលដឹកជញ្ជូនមកពីសូវៀតមកយ៉ាងច្រើន ភ្ជួរដីឲ្យកសិកររបស់យើងនៅរដូវធ្វើស្រូវឡើងទឹក។ ក្រោយមក ខ្ញុំថា កុំខ្វល់នឹងរឿងគ្រប់គ្រងត្រាក់ទ័រដោយខ្លួនឯងនោះ ប្រគល់ជូនទៅប្រជាពលរដ្ឋទៅ លក់ឲ្យប្រជាពលរដ្ឋទៅ គាត់ថែទាំល្អជាង …។
ប្រើបច្ចេកទេសបានពីការសិក្សារកការងារធ្វើផង និងបង្កើនការចេះដឹងអោយខ្ពស់ឡើង
ខ្ញុំនិយាយប្រធានបទផ្សេងទេ ក៏ប៉ុន្តែ នេះក៏បង្ហាញអំពីការជឿនលឿនមួយសម្រាប់ប្រទេសរបស់យើង ទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារធ្វើរបស់ពលរដ្ឋរបស់យើង ទាំងក្នុង និងក្រៅប្រទេស ហើយដែលខ្ញុំចង់យកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើកិច្ចការងារនេះដ៏ល្អ ហើយក៏ថ្លែងនូវការកោតសរសើរ ចំពោះវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងក៏សូមអបអរសាទរជាមួយជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះគ្រប់កម្រិត។ សង្ឃឹមថា ក្មួយៗទាំងអស់នឹងប្រើប្រាស់នូវបច្ចេកទេស ដែលខ្លួនមាននេះ ដើម្បីម្ខាងរកការងារធ្វើ តែម្ខាងទៀតក៏ត្រូវលើកកម្រិតនៃការចេះដឹងរបស់យើង ឲ្យកាន់តែខ្ពស់ឡើងៗ។
សង្ឃឹមថា(នឹងជួយបំភ្លឺបានពីបញ្ហាដែលថា) មនុស្សមួយចំនួនដែលយល់ថាការបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះឲ្យមនុស្សធ្វើកម្មករ។ ក្រែងកម្មករហ្នឹងជាការងារ។ ចុះបើមនុស្សនាំគ្នាធ្វើនាយករដ្ឋមន្ត្រីទាំងអស់បាននរណាធ្វើកសិករ? … ឆ្ងាញ់ត្រង់ថា ចង់ឲ្យមនុស្សទាំងអស់ធ្វើធំទាំងអស់ ដល់ទៅពេលបោះឆ្នោត ហ្អែងលេខ ១ បង់ ៧ ម៉ឺន លេខ ២ បង់ ៥ ម៉ឺន លេខ ៣ បង់ ៤ ម៉ឺន។ អញ្ចឹង កូនអ្នកក្រមានលុយឯណាទៅបង់? ខ្ញុំអត់និយាយសំដៅនរណាទេ។ តែរឿងភូតវានៅលើគោក។ ខ្ញុំមិននិយាយទេ ដោយសារតែយើងស្ថិតនៅក្នុងដំណាក់កាលមួយ គេហៅថា ដំណាក់កាលសប្បាយ។ នៅតែប៉ុន្មានថ្ងៃទៀត បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្ងៃនេះ ទី ៧ ហើយ ហើយយប់ថ្ងៃទី ៩ ក៏នឹងអាចដឹងលទ្ធផលតើអ្នកណាក្លាយជាប្រធានាធិបតីអាមេរិក។
បើ ដូណាល់ ត្រាំម៍ ឈ្នះ ទំនាក់ទំនងរុស្ស៊ី/អាមេរិក នឹងប្រសើរឡើង, ទំនាក់ទំនងចិន/អាមេរិក បន្តល្អ
ថ្ងៃមុន … Fresh News ក៏ផ្សាយ។ ខ្ញុំលើកវិភាគទាក់ទិនជាមួយនឹងរឿងប៉ូលនយោបាយ ដើម្បីឲ្យឃើញ។ ខ្ញុំនឹងទុកផ្ញើឲ្យ ត្រាំម៍ ទោះបី ដូណាល់ ត្រាំម៍ ឈ្នះ ឬក៏ចាញ់ គឺខ្ញុំនឹងផ្ញើឲ្យគាត់។ ស្រាប់តែគេនាំគ្នាចេញមកវិភាគ មានផ្សាយផង ថា រឿងឈ្នះ រឿងចាញ់ ជារឿងរបស់ប្រជាពលរដ្ឋអាមេរិកទេតើ។ តែខ្ញុំបានធ្វើការវិភាគថា ខ្ញុំចង់ឲ្យ ដូណាល់ ត្រាំម៍ ឈ្នះ មូលហេតុវានៅត្រង់នេះ។ បើ(គណបក្ស)ប្រជាធិបតេយ្យឈ្នះ គឺលោកជំទាវ ហ៊ីឡារី គ្លីនតុន (ខ្ញុំក៏ធ្លាប់ស្គាល់គាត់ ខ្ញុំមិនដែលស្គាល់ លោក ត្រាំម៍ ទេ) ឈ្នះ ទំនាក់ទំនងរវាងចិន និងអាមេរិក អាចគ្រប់គ្រងបាន ដោយសារតែគូភាគី ទាំងអាមេរិក និងចិន គឺមានការសម្របសម្រួលមួយក្នុងការគ្រប់គ្រងទំនាស់ និងជម្រុញសហប្រតិបត្តិការ ភាគីទាំង ២ ត្រូវគ្នា ជាដៃគូពាណិជ្ជកម្ម។ ប៉ុន្តែ ភាគបន្តរវាងអាមេរិក និងរុស្ស៊ី មិនល្អទេ ព្រោះដោយសារតែទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីមិនទាន់ត្រូវបានបញ្ចប់។ បើប្រជាធិបតេយ្យបន្ត មានន័យថា ទណ្ឌកម្មចំពោះរុស្ស៊ី គឺមុខតែបន្តទៀតហើយ។ អាហ្នឹង គឺជាសិទ្ធិវិភាគរបស់ខ្ញុំទេតើ ហើយម៉េចក៏ថា ដូណាល់ ត្រាំម៍ គឺជាជនផ្តាច់ការ ហើយត្រូវជនផ្តាច់ការជាច្រើនចេញទៅគាំទ្រ រាប់ទាំង ហ៊ុន សែន ដែរ មានទាំង ពូទីន មានទាំង មូកាបេ។
អញ្ចឹងឥឡូវនេះ ខ្ញុំថា ត្រូវតែបញ្ជូនឲ្យដល់ ដូណាល់ ត្រាំម៍ នូវអ្វីដែលគេនិយាយទាំងប៉ុន្មាន ទោះបីគាត់ឈ្នះ ឬចាញ់។ ចុះ(ខ្ញុំ)ទៅធ្វើបឋកថាទាក់ទងជាមួយនឹងនយោបាយអន្តរជាតិ ក្នុងស្ថានភាពពហុប៉ូល ដែលមានប៉ូលអាមេរិក ប៉ូលចិន ប៉ូលរុស្ស៊ី ចំពោះថ្នាក់អនុសេនីយ វរៈសេនីយ ឧត្តមសេនីយ … ខ្ញុំលើកអំពីបញ្ហាហ្នឹង។ បើសិនជា ត្រាំម៍ គាត់ឈ្នះ ស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ី អាមេរិក វានឹងល្អប្រសើរ ដើរទន្ទឹមជាមួយនឹងល្អជាបន្តរវាងចិន និងអាមេរិក។ អាហ្នឹងវានឹងធ្វើឲ្យពិភពលោក វាល្អ សេដ្ឋកិច្ចវាលូតលាស់។ ខ្ញុំមានទៅបង្អាប់ ហ៊ីឡារី ពីអង្កាល់? វាទៅជាឡប់អស់មនុស្សទៅណា។ សូមផ្តាំត្រឡប់ទៅវិញ ខ្ញុំ នឹងបញ្ជូនទៅ ទោះបី ដូណាល់ ត្រាំម៍ ចាញ់ ឬឈ្នះ នូវឯកសារទាំងឡាយ ដែលគេទិតៀនខ្ញុំ។ … អាហ្នឹងក្រែងយើងអ្នកវិភាគនយោបាយមួយ? ក្នុងឋានៈជាមេដឹកនាំប្រទេសមួយ។
ផ្តាំទៅអស់លោកផង អស់លោកមានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិដែរ ហើយមានសិទ្ធិនិយាយទាំងក្នុង ទាំងក្រៅដូចគ្នា។ រឿងអីទៅនិយាយថា(ត្រាំម៍ ផ្តាច់ការ) សូម(ប្រាប់)ប្រជាជនអាមេរិក ដែលគាំទ្រ ដូណាល់ ត្រាំម៍ ថាមានមនុស្សចោទ ត្រាំម៍ ថា ជាជនផ្តាច់ការហើយ ព្រោះដោយសារមាន ពូទីន មូកាបេ និង ហ៊ុន សែន ទៅគាំទ្រ ត្រាំម៍ អញ្ចឹង ត្រាំម៍ ជាមនុស្សផ្តាច់ការម្នាក់។ ឈ្នះ ឬចាញ់ វាជាសិទ្ធិរបស់ពលរដ្ឋអាមេរិកទេ ក៏ប៉ុន្តែ សម្រាប់នយោបាយក្រៅប្រទេស យើងត្រូវសម្លឹងមើលក្របខណ្ឌគោលនយោបាយ។ សូម្បីតែប្រទេសជិតខាងយើង ការបាត់បង់ព្រះមហាក្សត្រ(ថៃ) ខ្ញុំត្រូវចេញបញ្ជាទាំងយប់ ដើម្បីឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ ហាមចល័តកម្លាំង ដើម្បីចៀសវាងការភាន់ច្រឡំណាមួយនៅប្រទេសថៃ អាហ្នឹងជានយោបាយក្រៅប្រទេសដែរ។ ខ្ញុំទៅស្ថានទូត ព្រះករុណា ព្រះមហាក្សត្ររបស់យើងយាងទៅស្ថានទូត ហើយខ្ញុំទៅដល់ទីក្រុងបាងកក ដើម្បី(សំដែងការគោរព)ព្រះសព។ ហើយលឺព័ត៌មានច្បាស់ការណ៍ដែលប្រកាសរួចហើយ នៅថ្ងៃទី ១ ខែធ្នូនេះ នឹងមានការគ្រងរាជ្យដោយព្រះមហាក្សត្រថ្មី ដែលបានជ្រើសតាំងរួចមកហើយ។
អម្បាញ់មិញ ខ្ញុំនិយាយអំពីការសប្បាយរីករាយទេ ប៉ុន្តែវាហួសមកដល់ត្រង់ណេះ។ និយាយដល់អាមេរិក លោក ត្រាំម៍ នោះទៀត។ រឿងប្រធានាធិបតីរបស់គេ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់ថា នយោបាយបរទេស ព្រោះប្រទេសមហាអំណាច វាពាក់ព័ន្ធច្រើន អាចនឹងនយោបាយអាស៊ីប៉ាស៊ីហ្វិកវាយ៉ាងម៉េច? អាចនឹង TPP នោះ វាទៅជាម៉េច? ទំនាក់ទំនងរវាងមហាអំណាច និងអំណាច វាទៅជាយ៉ាងម៉េច? អាហ្នឹងក្រែងជាសិទ្ធិនៅក្នុងការវិភាគ ម៉េចក៏បែរជាវិភាគខ្លះចេញមកថា ត្រាំម៍ ជាជនផ្ដាច់ការ បាន ហ៊ុន សែន, ពូទីន ចេញមកគាំទ្រ, វាទៅអញ្ចឹងទៅវិញ។ បើខ្លួនឯងមិនច្បាស់ ហើយល្ងង់រឿងនយោបាយទេ កុំធ្វើនយោបាយ។
រ៉ាដា ស្ថានីយ៍ឧតុនិយម តេជោសែន
ខ្ញុំវិលមកកីឡាជាតិលើកទីមួយរបស់យើង (ដែលការរៀបចំ និងប្រព្រឹត្តទៅដោយជោគជ័យ)ផ្ដល់សញ្ញាអោយយើងថា សប្បាយ។ ប៉ុន្តែម្សិលមិញ ក៏សប្បាយអស់ទាស់ដែរ ម៉េចទៅ? អាហ្នឹងត្រូវជឿរ៉ាដារបស់ក្រសួងធនធានទឹក និងឧតុនិយមរបស់យើង។ រ៉ាដា មានពីរ អាមួយថា វានឹងទៅហួស ប៉ុន្តែដល់ទៅបង លឹម គានហោ ខាងក្រសួងធនធានទឹក និងឧតុនិយមថា នៅថ្នក់នេះ។ មែន! ចង់សាកជាមួយវា សាកមិនបានមែន។ សាកជាមួយតេជោសែននោះ ទៅមិនរួច។ អញ្ចឹងបានម្សិលមិញ វាយកូនគោលកណ្ដាលភ្លៀង ព្រោះមិនមានពេល ពីពេលនេះទៅដល់ជិតខែធ្នូ បានមានពេលតទៅទៀត។ គេថា (វិសម្ពាធ)បន្ដិចទៅផុតហើយ។ យកមកមើល វាឆ្លងកាត់ភ្នំពេញហ្នឹង វាជិតទៅផុតហើយ។ វាជិតទៅផុតហើយ យើងចេញ(ទៅវាយកូនគោល)។ ចេញទៅភ្លៀងទៀត។ ភ្លៀង វាយទាំងភ្លៀងហ្នឹងមើល៎ តាំងចិត្តជាអ្នកកីឡា។ ខ្ញុំបង្ហោះហ្វេសប៊ុក។ ចេញពីកន្លែងវាយកូនគោល មកមើល Comment សុំទោសប្រជាពលរដ្ឋ បងប្អូនយើងមួយចំនួន (គាត់)ថា លោកពូ លោកអ៊ំ ឬលោកតា កុំលេងតទៅទៀត ខ្លាចខូចសុខភាព ផ្ដាសាយ។ មានអីចង់ផ្ដាសាយមែន …។
ពិធីបុណ្យឯករាជ្យជាតិខួប ទី ៦៣ និងអុំទូក
អញ្ចឹងនៅតែប៉ុន្មានថ្ងៃទៀត បុណ្យជាតិខួបលើកទី ៦៣ ថ្ងៃទី ៩ វិច្ឆិកា បានមកដល់។ បន្ទាប់ទៅ គឺបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត សំពះព្រះខែ បានមកដល់។ សុំផ្ដាំផ្ញើទៅចំណុះទូកគ្រប់ទីកន្លែងទាំងអស់ ដែលអញ្ជើញមកចូលរួមពិធីបុណ្យអុំទូកនៅក្នុងឆ្នាំនេះ រក្សានូវសណ្ដាប់ធ្នាប់ ហើយអ្វីស្នើសុំធំមុនគេ គឺសុំកុំទៅរកកន្លែងដែលនាំជំងឺស្រាលត្រឡប់ទៅវិញ ជាពិសេសជំងឺអេដស៍នេះ ប៉ុន្តែឃើញថាមន្ត្រីក្រសួងសុខាភិបាលប្រធានអាជ្ញាធរអេដស៍ ជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានខិតខំប្រឹងប្រែងទៅលើការងារនេះ។ បែកតែប៉ុន្មានថ្ងៃទេ ចំាត្រឡប់ទៅផ្ទះវិញទៅ។ មុនមកត្រូវមើលទឹកស្រែ ត្រូវដាក់ទឹកស្រែអោយស្រួល។ ពីដើមម្តាយខ្ញុំនឹងគឺថា គាត់រអ៊ូតែឪពុកខ្ញុំដើរអុំទូកហ្នឹង។ ខែហ្នឹងខែធ្វើស្រែ ពួកមាត់ទន្លេធ្វើស្រែប្រំាង ដំាដំណំានេះ ដំណំានោះ ប៉ុន្តែឪពុកខ្ញុំតិចៗ គេប្រណាំងទូកនៅឯនេះ គាត់មិនដែលចោលទេអារឿងទូកងនេះ។ ឥឡូវហ្នឹងដូនពេញសែនជ័យ ទូករបស់គាត់មាននៅក្នុងបញ្ជីរបស់ខ្ញុំ នៅសល់ប៉ុន្មានទេទូករបស់គាត់? បុទុមបុប្ផាឯណោះ មានស្អីប៉ុន្មានទៀត តែទូកឆ្នំានេះប្រហែលត្រឹមតែ ២៥០ ទេ ប្រហែលដោយសារស្ថានភាពមិនងាយស្រួល(ក្នុងការនាំទូកចុះ)។
… តើទឹកវានឹងមានកំពស់ប៉ុន្មាន ជាការពិបាកទស្សន៍ទាយបន្តិច ដោយសារតែមានការប្រែប្រួល … មិនមែនឡើងដោយសារអីទេ គឺឡើងដោយសារទឹកភ្លៀង ទឹកភ្លៀងច្រើន។ ប៉ុន្តែយោងតាមការជូនដំណឹងដែលឯកឧត្តម លឹម គានហោ គឺតែម៉ោង ៥ ភ្លឺឡើង ក្រោយម៉ោង ៥ ភ្លឺ គឺគាត់វ៉ៃមកអោយខ្ញុំហើយ។ តែព្រឹកមិញនេះ ម៉ោង ៦៖២០ នាទី។ ឥឡូវនេះ ភ្លៀងអាចនឹងឈានដល់ទីបញ្ចប់ហើយ នៅសេសសល់អាភ្លៀងលាក្តាមខ្យងតែប៉ុណ្ណឹងទេ។ ប៉ុន្តែល្អបំផុតទឹកអុំទូកគឺ អោយមានត្រឹម ៦ ម៉ែត្រ ឬលើ ៦ ម៉ែត្រ … ហើយ ៧ ម៉ែត្រក៏មិនជាល្អពេក ហើយចុះក្រោម ៦ ម៉ែត្រ និយាយរួមបានតែ ៥,៥ ម៉ែត្រក៏ល្អដែរ ឆ្នំាទៅនៅតែ ៤ ម៉ែត្រទេ អុំអត់កើតទេ។ ផ្តំាផ្ញើជាមួយប្រជាពលរដ្ឋដែលមកលេងនៅទីក្រុងភ្នំពេញនេះ។ រឿងចោរឆក់ចោប្លន់អី នគរបាលគេបង្ហោះតាមហ្វេសបុកហើយ។ អាហ្នឹងយកល្អមុខរបស់វាយកទៅបិទតាមកន្លែងមួយចំនួន ព្រោះតាមហ្វេសបុក ប៉ុន្តែជួនកាលកន្លែងមួយចំនួនគេអាចធ្វើដែរ។ ពេលខ្លះ ឃើញចោរឆក់កាត់បន្ថយដែរ ដោយសារតែចោរឆក់នឹងវាត្រូវការមើលទូកដែរ។
កម្ពុជា ត្រូវឈានទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់
… យ៉ាងណាក៏ដោយ ខ្ញុំមិនភ្លេចនឹងធ្វើការអំពាវនាវអោយអ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ប្រឹងបន្តឈានឡើងពីដំណាក់កាលដែលយើងមានសព្វថ្ងៃ ទៅកាន់ដំណាក់កាលខ្ពស់ជាង ព្រោះប្រទេសរបស់យើងត្រូវការអភិវឌ្ឍខ្ពស់ជាងដែរ ហើយក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបន្តជាមួយនឹងការពង្រឹងសមត្ថភាពរបស់គ្រូ របស់សាស្ត្រាចារ្យរបស់យើង ដើម្បីការបណ្តុះបណ្តាលកាន់តែខ្ពស់ទៅៗ គុណភាពកាន់តែល្អប្រសើរឡើង ទើបយើងឈានទៅដល់ដំណាក់កាលឧស្សាហកម្មកាន់តែខ្ពស់ ដែលមិនមែនត្រឹមតែតម្រូវការ នៃឧស្សាហកម្មអតិពលកម្មនោះទេ តែយើងត្រូវការឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាកាន់តែខ្ពស់។
ខ្ញុំមិនបន្តបន្ថែមទេ តែថ្ងៃនេះនំាមកសម្រាប់គរុនិស្សិត និងសិស្សជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ៣៨២៩ នាក់ ក្នុងម្នាក់ៗថវិកា ៣ ម៉ឺនរៀល ជូនសាស្ត្រាចារ្យ និងបុគ្គលិក ២០១ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល ជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកវិទ្យាថវិកា ៣ លានរៀល។ ហើយចុងបញ្ចប់ជាមួយនឹងអបអរសាទរជាមួយនឹងវឌ្ឍនៈភាពនៃវិទ្យាស្ថានជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងជោគជ័យនៃក្រសួងការងារបណ្តុះបណ្តាលវិទ្យាជីវៈ ព្រមទំាងអប់អរសាទរជាមួយនឹងជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរទំាងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ៕