សុន្ទរកថា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»

ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈ កូវីដ–១៩ និងពេលខាងមុខ»។ ជាការពិត វឌ្ឍនភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩។ ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួ​ន រួមមាន៖ (១). ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង (២). ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិស នៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០។ ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យារ។ ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្រ្ត…

សេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥

ឯកឧត្តម វ៉ុលកាន បូសគារ ( Volkan Bozkir ) ប្រធានអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស ( Antonio Gouterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ ដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះទេ ប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។ ជាការពិត ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមានលទ្ធភាពឈានទៅរក សង្រ្គាម​ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន ទុក្ខវេទនា និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។ ជាងនេះទៅទៀត អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយទៅរក ប្រព័ន្ធពហុ​ប៉ូល ដែលត្រូវបានលេចឡើងតាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។…

សុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម»

ឯកឧត្តមប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីរាប់អាន! ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំទាំងអស់ អបអរសាទរខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ។ ជាការពិត ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី ២ នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់នូវ  «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប » គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព ការលើកកម្ពស់សិទ្ធិមនុស្ស និងធានានូវវឌ្ឍនភាពសង្គម។ ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់​។ ជាក់សែ្តង យន្តការពហុភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។ ជំនួសការទទួលបានការគាំទ្រ ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈ​ដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម។…