សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor), កៀនស្វាយ, កណ្ដាល

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដំបូងនៅកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ហៅកាត់ថា “ព្រីនស៍” ដែលមានរហូតទៅដល់ ៣០ ក្រុមហ៊ុនឯណោះ។ ការសម្ពោធរបស់យើងនេះ ធ្វើឡើងនៅក្រោមតំណក់ទឹកភ្លៀង ដែលវាជាទម្លាប់ធម្មតានៅរដូវវស្សារបស់កម្ពុជា បើទោះបីថា យើងមានលំបាកបន្តិចនៅក្នុងពិធីសម្ពោធក្រោមតំណក់ទឹកភ្លៀង ក៏ប៉ុន្តែ កសិកររបស់យើងនៅទូទាំងប្រទេសនឹងទទួលពីទឹកភ្លៀងនេះឯង នៅក្នុងវិស័យកសិកម្ម។ បើទោះបីជាភ្លៀងធ្លាក់ ក៏យើងមិនបានលើកពេលវេលានៃការសម្ពោធនេះទេ យើងមានមធ្យោបាយ ដើម្បីនឹងធ្វើពិធីសម្ពោធនៅថ្ងៃនេះ ដើម្បីដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលមួយ ដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៨៦ លានដុល្លារ សហរដ្ឋអាមេរិក។ បើនិយាយទាក់ទិននឹងបញ្ហាមួយចំនួន គឺវាជាលំដាប់អន្តរជាតិលើកដំបូងនៅក្នុងប្រទេសរបស់យើងផងដែរ។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានការទាក់ទាញ ទាំងភ្ញៀវជាតិ/អន្តរជាតិ ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ដែលមានអ្នកឧកញ៉ា ជិនស៊ី ជាអគ្គនាយកនៅក្នុងដំណើរការដឹកនាំ ក្នុងការវិនិយោគនៅកម្ពុជា ដែលមានទំហំទឹកប្រាក់រាប់ពាន់ លានដុល្លារសហរដ្ឋអាមេរិក រួចទៅហើយៗ ក៏បានចំណាយទឹកប្រាក់រហូតទៅដល់ជាង ៨៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវមជ្ឈមណ្ឌលមួយនេះ។ អម្បាញ់មិញ លោកនាយក…

សុន្ទរកថា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»

ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមកិច្ចប្រជុំស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈ កូវីដ–១៩ និងពេលខាងមុខ»។ ជាការពិត វឌ្ឍនភាពដែលសម្រេចបានក្រោមក្របខណ្ឌនៃរបៀបវារៈនេះ កំពុងទទួលរងការបំផ្លាញ ដោយសារផលប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩។ ការបន្ទុចបង្អាក់នេះ កើតឡើងដោយសារមូលហេតុចម្បងៗមួយចំនួ​ន រួមមាន៖ (១). ការថមថយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង (២). ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិស នៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០។ ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ ពេលវេលាកំណត់នៅឆ្នាំ ២០៣០ ដើម្បីសម្រេចឱ្យបាននូវបង្គោលចរ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែលជានឹងគប្បីត្រូវបានពិចារណាពន្យារ។ ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឱ្យមានការវាយតម្លៃឡើងវិញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្រ្ត…

សេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥

ឯកឧត្តម វ៉ុលកាន បូសគារ ( Volkan Bozkir ) ប្រធានអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស ( Antonio Gouterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ ដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះទេ ប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។ ជាការពិត ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមានលទ្ធភាពឈានទៅរក សង្រ្គាម​ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន ទុក្ខវេទនា និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។ ជាងនេះទៅទៀត អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយទៅរក ប្រព័ន្ធពហុ​ប៉ូល ដែលត្រូវបានលេចឡើងតាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។…