- លោកជំទាវ សៀក ហាស៊ីណា (Shiekh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបង់ក្លាដេស
- ឯកឧត្ដម អាន់តូនីញ៉ូ ហ្គូតទែរ៉ស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមនៅក្នុង វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ ដ៏មានសារៈសំខាន់ តាមប្រព័ន្ធវីដេអូអនឡាញ។ ឆ្នាំ ២០២០ នេះ គឺជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជាចំពោះការអភិវឌ្ឍជាទូទៅ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។
ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាគប្បីខិតខំផ្ដល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាព នៃការអនុវត្តវិធានការដោះស្រាយ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលជារបៀបវារៈស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិយើង ប្រកបដោយចីរភាព។
ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
កម្ពុជាជាប្រទេសតូច និងធនធានមានកម្រិត ប៉ុន្តែ យើងបានខិតខំបំពេញកាតព្វកិច្ច ដូចមានចែងក្នុងខប់២១ (COP21) ពោលគឺយើងបានប្រកាន់យកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ទន្ទឹមនេះ ក្របខណ្ឌគតិយុត្តិ ស្ថាប័ន និងបច្ចេកទេសសម្រាប់កម្មវិធីកាត់បន្ថយការបំភាយ ដែលកើតឡើងដោយសារការកាប់បំផ្លាញ និងការសឹករេចរឹលនៃព្រៃឈើបូក (REDD+) កំពុងដំណើរការយ៉ាងលឿនឆ្ពោះទៅមុខ ដែលនឹងត្រូវសម្រេចបានជាស្ថាពរនៅចុងឆ្នាំនេះ។ យើងក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក តាមរយៈការធ្វើបច្ចុប្បន្នភាព «របាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC Update)» ដែលនឹងត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញានៅចុងឆ្នាំនេះ។ ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក្ដី ប៉ុន្តែ យើងចង់បង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសមត្ថភាព និងធនធាន ដែលមាន។
នៅក្នុងកម្រិតសកល ខ្ញុំយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែកជាតិរបស់ខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា។ លើសពីនេះ ខ្ញុំយល់ថា យើងត្រូវបង្កើនធនធានហិរញ្ញវត្ថុ ជាពិសេស ហិរញ្ញប្បទានអាកាសធាតុសម្រាប់ការបន្ស៊ាំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍បានសន្យាកន្លងមក និងផ្ទេរបច្ចេកវិទ្យាជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ទាំងសម្រាប់យន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើការស្រាវជ្រាវឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាការបន្ស៊ាំជាដើម ។ល។
ជារួម ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខណ្ឌតំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ទោះបីធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ ស្ដីពី ការទទួលខុសត្រូវរួមគ្នា ប៉ុន្តែ មានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕
សូមអរគុណ!