ពិធីមីទ្ទីងរំឭកខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា

… ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្រ្ត …

… មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរ ការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ …

… ខ្ញុំព្រះករុណាខ្ញុំនឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភានេះឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យសង្គមជាតិកាន់តែរីកចម្រើនខ្លាំងក្លា ប្រជាជនកាន់តែមានជីវភាពធូរធារ យុត្តិធម៌ និងសមភាពសង្គមកាន់តែបានពង្រឹង ហើយកិត្តិយស កិត្យានុភាពជាតិកាន់តែបានលើកកម្ពស់ឡើង ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់ …

សម្ដេចតេជោ ហ៊ុន សែន, មីទ្ទីងអបអរសាទរខួបទី ៤១ ថ្ងៃជ័យជម្នះ ៧ មករា, ៧ មករា ២០២០

ប្រតិកម្មចំពោះការបង្ហោះសារហ្វេសប៊ុក ថ្ងៃ ៣១ ឧសភា របស់នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម លី សៀនឡុង

ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ ឧសភា កន្លងទៅ ដោយលើកឡើងថា “ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី(ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នាយើង ៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។ …” ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង ១០ ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។ ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងហ្កាពួរ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពត

ការជួបក្នុងខេត្តកំពតត្រូវបានអាក់ខានដល់ជាង ១ ឆ្នាំ … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនីរបស់យើង ដែលក្នុងរយៈពេលកន្លងទៅ ក្មួយៗត្រូវរង់ចាំអស់រយៈពេលជាងមួយឆ្នាំ។ តាមការរៀបចំកាលពីចុងឆ្នាំ ២០១៧ នៅក្នុងពិធីបុណ្យសមុទ្រ នៅឯខេត្តកែប ពេលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យជួបតាំងពីក្នុងខែធ្នូ ឆ្នាំ ២០១៧ ឯណោះ ប៉ុ​ន្តែដោយសារតែពេលនោះ គឺមានការងាររវល់នៅទីក្រុងភ្នំពេញផង ហើយការធ្វើដំណើរមកកាន់ខេត្តកែបរបស់យើងនេះ ក៏ត្រូវធ្វើដំណើរតាមរថយន្ត។ អញ្ចឹងទេ បានជាស្នើសុំផ្អាកសិន … រហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំ។ ចំណុចនេះ ក៏សុំអធ្យាស្រ័យពីសំណាក់ក្មួយៗកម្មករ/ការិនី ដែលទន្ទឹងរង់ចាំក្នុងការជួបនេះ។ ប៉ុន្តែដូចដែលធ្លាប់បាននិយាយហើយថា “មកយឺត ប្រសើរជាងមិនមក”។ យ៉ាងហោចណាស់ ថ្ងៃនេះ បើទោះបីជាយើងមានការយឺតយ៉ាវបន្ដិចក្នុងការជួប ក៏ប៉ុន្តែយើងនៅតែជួបគ្នាបាន ហើយនៅក្នុងស្ថានភាពដ៏ល្អប្រសើរមួយ គឺធាតុអាកាស ដែលមិនមានភ្លៀងធ្លាក់ ហើយក៏ចម្លែកត្រង់ថា ប៉ុន្មានថ្ងៃនេះ រងាបន្ដិចនៅខេត្តមួយចំនួន តែសម្រាប់ខេត្តនៅតាមមាត់សមុទ្រនេះ មិនសូវជារងាប៉ុន្មានទេ អនុគ្រោះសម្រាប់ការជួបគ្នាបែបនេះ។ ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ង់ត៍ ៣ និងវារីអគ្គិសនី ១ ថ្ងៃនេះ ខ្ញុំពិតជាមានការអរគុណជាមួយនឹងម្ចាស់រោងចក្រ…