សុន្ទរកថា ថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និង ជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ ២០២១
សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈជាទីគោរពសក្ការៈ សូមថ្វាយបង្គំសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ- កម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សម្តេចឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ តំណាងគ្រប់និកាយសាសនា បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រារព្វពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោកដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ។ ចាប់តាំងពីឆ្នាំ ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស។ កន្លងមក ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបានប្រគល់ភារកិច្ចនេះជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាតំណាង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់និកាយសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំម្រន្តីរាជការ ពីគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។ កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២០ កន្លងទៅ ដើម្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ នៅឆ្នាំ ២០២១ នេះ វិបត្តិ កូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា…