សេចក្តីដកស្រង់សង្កថាក្នុងពិធីសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

ការជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅកាត់ថា TYDA ហើយដែលបានក្នុងរយៈពេលកន្លងទៅបានធ្វើសកម្មភាពយ៉ាងច្រើន។ ខ្ញុំនៅបានចងចាំថានៅពេលមួយ ដោយសារកិច្ចការមនុស្សធម៌កាន់តែច្រើននៅក្នុងក្រុមគ្រួសារ ខ្ញុំក៏បានហៅកូនប្រុសស្រីទាំងប៉ុន្មាននាក់របស់ខ្ញុំទៅជជែកគ្នានៅផ្ទះរបស់កូនស្រីរបស់ខ្ញុំ។ យើងក៏ចាប់ផ្តើមចែកភារកិច្ចគ្នា ព្រោះថាមុននោះ យើងមានមូលនិធិ បាយ័ន ហើយមូលនិធិបាយ័ននេះធ្វើសកម្មភាពច្រើនទិសដៅ រាប់ទាំងសកម្មភាពជួយទ្រទ្រង់សមរភូមិក្នុងពេលដែលយើងមានជម្លោះព្រំដែនជាមួយនឹងថៃ មូលនិធិនោះក៏បានជួយទៅដល់អ្នកដែលរត់ជាន់គ្នានៅកោះពេជ្រនេះផងដែរ។ មូលនិធិនេះក៏បានបង្កើតឡើងនូវការរៀបចំដើម្បីកសាងនូវផ្ទះទេវតាជូនប្រជាពលរដ្ឋក្រីក្រ ធ្វើអណ្តូងទឹក និងសកម្មភាពដទៃទៀត ព្រមពេលជាមួយគ្នាក៏ចាប់ផ្តើមលេចចេញជារូបរាងនៃគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តកំពង់ចាម។ ដូច្នេះ យើងក៏មានគំនិតផ្តួចផ្តើមអំពីការបែងចែកភារកិច្ចគ្នា ក្នុងចំណោមកូនៗដោយសារតែកូនៗរបស់ខ្ញុំគេធំធាត់អស់ហើយ គេល្មមទទួលខុសត្រូវបានហើយជាមួយនឹងកិច្ចការខ្លះ ដែលទាក់ទងជាមួយនឹងវិស័យមនុស្សធម៌ ហើយមិនមែនជាគោលដៅនៃការរកប្រាក់ចំណេញនោះទេ។ ក៏ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះ គឺសំដៅជំរុញល្បឿនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយក៏ដើម្បីជួយទៅដល់ប្រជាជនដែលជួបការលំបាក។ ខ្លួនខ្ញុំផ្ទាល់ពីអតីតកាលគឺលំបាកណាស់ក្នុងរឿងនេះ បើទោះបីជាក្នុងរយៈពេលជិត ៤០ ឆ្នាំ​ ​នៃមុខតំណែងជាន់ខ្ពស់រហូតទៅដល់តំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែងខ្ពស់បំផុត និងខ្លាំងមានអំណាចបំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ។ ការផ្តួចផ្តើមគំនិត​បង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តតេជោ ហៅកាត់ថា (TYDA) ប៉ុន្តែ ខ្ញុំមិនដែលភ្លេចនូវអតីតកាល ដែលពោរពេញទៅដោយការឈឺចាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្តី ឬក៏សម្រាប់ប្រជាជនកម្ពុជាយើងក្តី។ ដូច្នេះហើយជាមួយនឹងសកម្មភាព ដែលខ្ញុំដឹកនាំក្នុងក្របខណ្ឌ នៃការចំណាយថវិកាជាតិ យើងក៏ត្រូវមានគំនិតផ្តួចផ្តើម ដើម្បីធ្វើសកម្មភាពទាំងឡាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ។ ខ្ញុំឃើញថា ថ្ងៃនេះ បរិយាកាសថ្មីមួយបានចាប់ផ្ដើមជាមួយនឹងវត្តមាននៅក្រៅរាជធានីភ្នំពេញ​ ដែលកាលមុននោះ ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តកណ្ដាល រួចទៅហើយ ស្រុកខ្សាច់កណ្ដាល។ តែថ្ងៃនេះ យើងបានធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ អាទិត្យនេះ កម្មវិធីគ្រោងទុក គឺបន្ទាប់ពីខេត្តកំពង់ស្ពឺ ថ្ងៃស្អែកត្រូវចេញទៅខេត្តកំពង់ចាម ហើយថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ត្រូវជួបកម្មករ/ការិនីរបស់យើងនៅឯខេត្តព្រះសីហនុ។ នេះគឺជាចំនុចដែលជាការគ្រោងទុកជាយូរមកហើយ។ ថ្ងៃនេះ ក៏បានឃើញថាមានរោងចក្រមួយចំនួន ជាពិសេសមានរោងចក្រមួយ ដែលបានកាត់សំលៀកបំពាក់សម្រាប់កម្មការិនីចំនួន ៥ ពាន់នាក់ ចូលរួមថ្ងៃនេះតែម្ដង។ អបអរសាទរជាមួយថៅកែរោងចក្រ ដែលលើកទឹកចិត្តចំពោះកម្មករនេះ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងអាជ្ញាធរខេត្ត​ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងរៀបចំកម្មវិធីនេះឡើង។ សូមអរគុណចំពោះថៅកែរោងចក្រដែលផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលនេះ និងផ្ដល់ឱកាសសម្រាប់ការឈប់សម្រាកនៅពេលរសៀលថ្ងៃនេះជាបន្តទៀត និងមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ ខ្ញុំបានដឹងថា ក្មួយៗបានធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីយើងបានជួបគ្នានៅទីនេះ។ ខ្ញុំក៏គួរតែនិយាយបន្តិចថា នេះហើយជាចក្ខុវិស័យវែងឆ្ងាយ ដែលយើងត្រូវបានដោះស្រាយ ហើយរឿងនេះបានត្រូវក្លាយទៅជាការពិតនៅពេលនេះ ដែលគ្មានអ្នកណាអាចប្រកែកបាននោះទេ។ ១៩៩៥/៩៦ ដីមួយហិចតាចិញ្ចឹមមនុស្ស ៤-៥ នាក់…

សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា

ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា…