[ផ្តើមអត្ថាធិប្បាយ]
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
មុននឹងចូលទៅដល់ខ្លឹមសារ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសមុនថា កាកបាទក្រហមកម្ពុជា ដែលមុននេះ ធ្លាប់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ ១ លានដុល្លារ ឥឡូវនេះ គឺសូមផ្ទេរនូវថវិកាមួយលានដុល្លារនោះមកកាន់មូលនិធិសម្រាប់មួយឆ្នាំ ១ លានដុល្លារបន្តទៀត។ សូមអបអរសាទរ។
សម្រាប់ខ្លួនខ្ញុំ និងភរិយា បានពិភាក្សាគ្នាមុននឹងចេញមកទីនេះ ក៏សូមប្រកាសផ្តល់នូវការចូលរួមវិភាគទានក្នុងមួយឆ្នាំ ៥ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ។
ឥឡូវមានអ្នកចូលរួម ដែលបានកត់ត្រាចូលទៅក្នុងនេះ ចំនួន ៤៩ នាក់ ហើយសង្ឃឹមថានឹងមានអ្នកចូលរួមដទៃទៀត ប៉ុន្តែ ខ្ញុំនឹងបញ្ជាក់អំពីសមាជិកភាព ដែលនឹងត្រូវរៀបចំបែបណានៅក្នុងសុន្ទរកថាបកស្រាយរបស់ខ្ញុំ ដើម្បីយើងអាចកៀរគរបានទូលំទូលាយសម្រាប់ក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែជាសមាជិកស្ថាបនិក ឬសមាជិកកិត្តិយសនោះទេ តែយើងក៏ចង់បាននូវសមាជិកគាំទ្រផងដែរ។
[ចប់អត្ថាធិប្បាយ]
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាកិតិ្តយសក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ ខ្ញុំឤចនិយាយបានថា ថៃ្ងនេះគឺជាថៃ្ងប្រវត្តិសាស្ត្រមួយដែលកុមារកម្ពុជានឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់ នេះគឺជាការសម្រាលបន្ទុកដ៏ធំមួយ ចំពោះឪពុកម្តាយទាំងអស់គ្នាទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។
ប៉ុន្តែ ខ្ញុំ និងភរិយារបស់ខ្ញុំ ក៏មានការសោកស្តាយជាខ្លាំងដែរ ដោយលោកសាស្ត្រាចារ្យ ប៊ីត រីចណឺ (Beat Richner) ដែលជាវីរជន និងជាស្ថាបនិក «មូលនិធិគន្ធបុប្ផាប្រទេសស្វ៊ីស» មិនឤចមានវត្តមានក្នុងឱកាសនេះ ដោយសារលោកកំពុងសម្រាកព្យាបាលជំងឺនៅឯប្រទេសស្វ៊ីស។ ទោះជាដូច្នេះក្តី ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីចម្ងាយជាថ្មីម្តងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រាចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានហិរញវត្ថុ ដើម្បីសាងនូវសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និយាយជារួម និងដល់កុមារកម្ពុជា និយាយដោយឡែក។ ខ្ញុំ និងភរិយាសូមជូនពរលោកសាស្ត្រាចារ្យ សូមឱ្យមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។
ក្នុងឱកាសនេះដែរ ខ្ញុំ និងភរិយាក៏សូមថ្លែងអំណរគុណ ចំពោះលោកគ្រូ-អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ក៏ដូចជានាយកប្រតិបត្តិបច្ចុប្បន្ន និងប្រធាន មន្ត្រីប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាប្រទេសស្វ៊ីស ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកធ្វើឱ្យមន្ទីរពេទ្យនេះទទួលបាននូវកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ជាទូទៅលើគុណភាពនៃសេវាសុខាភិបាលដ៏គួរជាទីមោទនៈ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាលស្វ៊ីសដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ ក៏ដូចជាបចេ្ចកទេស ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលស្វ៊ីសក៏នៅតែជួយជ្រោមជ្រែងជាបន្តទៅទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថែ្លង អំណរគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះសប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក ហើយខ្ញុំក៏សង្ឃឹមថា នឹងមានការជួយឧបត្ថម្ភគាំទ្របន្តទៀតដើម្បីអនាគតនៃកុមារដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជា។
បន្ថែមលើនេះ ខ្ញុំក៏សូមវាយតមៃ្លខ្ពស់ចំពោះការខិតខំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុវត្តតាមការណែនាំរបសខ្ញុំ ដោយបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ធ្វើការសិក្សាស្រាវជ្រាវ និងគិតគូររួមគ្នា ដើម្បីស្វែងរកនូវយន្តការជាក់លាក់មួយ សម្រាប់ការធានានូវនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ ផ្អែកលើការសិក្សានេះ ខ្ញុំបានសម្រេចឱ្យបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដែលខ្ញុំ និងភរិយាពិតជាមានសេចក្តីពេញចិត្ត និងរីករាយបំផុត ក្នុងការទទួលយក និងបំពេញតួនាទីជា «ប្រធានកិត្តិយស »។
ហេតុអ្វីរាជរដ្ឋាភិបាល ក៏ដូចជារូបខ្ញុំ និងភរិយារបស់ខ្ញុំ គាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ? មូលហេតុចម្បងៗ រួមមាន ៖
១) ការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ គឺជាឤទិភាពចម្បងមួយនៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន កុមារដែលមានឤយុចាប់ពី ៩ ឆ្នាំចុះ មានចំនួនប្រមាណ ២០% ហើយ បើគិតពីឤយុ ១៤ ឆ្នាំចុះ គឺមានចំនួនរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០% របស់ប្រទេសយើង ដោយពួកគេជាកម្លាំងពលកម្មបម្រើប្រទេសជាតិ នាបណ្តាឆ្នាំខាងមុខ និងជាឪពុកម្តាយជំនាន់ក្រោយ។ ហេតុនេះ សុខភាពរបស់ពួកគេ គឺជាកត្តាចម្បងសម្រាប់ភាពរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជានាអនាគត។ លើមូលដ្ឋាននៃទស្សនវិជ្ជានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការវិនិយោគលើសុខភាពកុមារជាឤទិភាពខ្ពស់បំផុតមួយរបស់ខ្លួន។
២) រដ្ឋាភិបាលកម្ពុជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ពីញ្រេះ យើងទទួលស្គាល់នូវស្នាដៃ និងគុណភាពនៃការផ្តល់សេវាថែទាំមាតា ទារក និងកុមាររបស់មន្ទីរពេទ្យនេះ។ ក្នុងខណៈដែលថវិកា និងធនធានរបស់រាជរដ្ឋាភិបាលកម្ពុជានៅមានកម្រិត និងមិនឤចអនុញ្ញាតឱ្យយើងសម្រេចបាននូវមហិច្ឆតា បង្កើតមន្ទីរពេទ្យប្រភេទនេះនៅទូទាំងប្រទេសបាន រាជរដ្ឋាភិបាលមានទស្សនវិស័យរក្សាមន្ទីរពេទ្យនេះជាមន្ទីរពេទ្យគំរូដំបូងគេ។ ទោះជាយ៉ាងណាក្តី យើងមានមន្ទីរពេទ្យគន្ធបុប្ផា ៥ កន្លែងទៅហើយ ហើយចំពោះមុខនេះ យើងប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាព ដែលមានដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ នេះ ឱ្យបន្តផ្តល់សេវាសុខាភិបាល ដោយមិនស្វែងរកប្រាក់ចំណេញ និងផ្តល់ការថែទាំដល់កុមារ ដោយមិនចាំបាច់បង់ប្រាក់ និងដោយមិនមានការរើសអើង។ ជារួម យើងមានមោទនភាពជាខ្លាំង ដែលកម្ពុជាឤចមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាព ដែលឆ្លើយតបបានយ៉ាងប្រសើរទៅនឹងតម្រូវការក្នុងការថែទាំ និងព្យាបាលមាតា ទារក និងកុមារ ហើយដែលក្នុងចំណោមនោះ មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ក្នុងខេត្តសៀមរាប មានផ្តល់សេវាផ្នែកសម្ភពដោយឥតគិតថ្លៃផងដែរ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកនៅកម្ពុជា។
៣) នៅលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមនឹងការបង្កើនថវិការដ្ឋ ជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង ពេលនេះ គឺជាខណៈដ៏សមរម្យបំផុត ដែលយើងគួរគប្បីមាន «មូលនិធិគន្ធបុប្ផាកម្ពុជា» មួយផ្ទាល់ខ្លួនរបស់យើង។ ម៉្យាង រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា យើងមិនឤចបន្តពឹងផែ្អកលើលោកសាស្ត្រាចារ្យ Beat Richner ជារៀងរហូតនោះទេ ក្នុងការកៀរគរវិភាគទានសប្បុរសធម៌ សម្រាប់ធានាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាដោយសារហេតុនេះ «មូលនិធិគន្ធបុប្ផាប្រទេសស្វ៊ីស» ឤចនឹងថមថយចុះនៅពេលណាមួយ។ ម៉្យាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនក្នុងស្រុករបស់យើង ក៏កានតែមានភាពរឹងមាំ រួមជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏កាន់តែមានភាពរស់រវើកក្នុងការជំរុញសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ដូចខ្ញុំធ្លាប់បានរំលឹកជារឿយៗ តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ ក្នុងឋានៈជាប្រមុខនៃរដ្ឋាភិបាល ខ្ញុំបានដាក់ចេញនូវឤទិភាព ៤ យ៉ាងក្នុងការដឹកនាំស្តារ កសាង និងអភិវឌ្ឍជាតិក្នុងរយៈពេលវែង នោះគឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ ឤទិភាពទាំង ៤ យ៉ាងនេះ ត្រូវបានប្តូរលំដាប់លេខរៀងនៃសារៈសំខាន់របស់ខ្លួន នៅក្នុងរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ឤស្រ័យទៅតាមកាលៈទេសៈជាក់ស្តែងនៃតម្រូវការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងបរិការណ៍នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាល ៣ នៃរាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភានេះ ឤទិភាពមនុស្សត្រូវបានដាក់ឱ្យស្ថិតក្នុងលំដាប់លេខរៀងទី ១ នៅក្នុងរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការជំរុញអនុវត្តនូវវិធានការគោលនយោបាយសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងឤទិភាព នៃចំណាយថវិកាជាតិ ដូចខាងក្រោម៖
ទី ១ ការដំឡើងប្រាក់បៀវត្សជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាបអាវុធឱ្យបានជាង ១ លានរៀល ដើម្បីបង្កើនកម្រិតជីវភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធឱ្យកាន់តែល្អប្រសើរផង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផង។
ទី ២ ការបង្កើនការវិនិយោគលើធនធានមនុស្ស ព្រមជាមួយនឹងការជំរុញអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៧-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេស ការបង្កើនចំណាយយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច សំដៅលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសេវាសាធារណៈ ក្នុងវិស័យនេះឱ្យមានភាពគ្របដណ្តប់កាន់តែទូលំទូលាយ មានលក្ខណៈកាន់តែប្រសើរឡើង និងកាន់តែខិតជិតនឹងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ បើគិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ចំណាយថវិការដ្ឋលើវិស័យសង្គមកិច្ចត្រូវបានបង្កើនជាបន្តបន្ទាប់ ពីទំហំប្រមាណ ៤,២៥% នៃផសស ដល់ប្រមាណ ៥,៧១% នៃផសស ក្នុងនោះ ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនជាងបីដង ចំណាយសរុបរបស់ក្រសួងសុខាភិបាលត្រូវបានបង្កើនជិតពីរដងកន្លះ ហើយចំណាយសរុបរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាចំណាយសរុបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវីៈ ក៏ត្រូវបានបង្កើនជិតពីរដងផងដែរ។ ច្បាស់ណាស់ថា សម្រាប់នីតិកាលទី ៦ ខាងមុខ បើសីនជារូបខ្ញុំនៅតែបន្តត្រូវបានប្រជាពលរដ្ឋកម្ពុជាផ្តល់ការទុកចិត្តឱ្យបន្តដឹកនាំប្រទេស ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតទៅទៀត ខ្ញុំនឹងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ឥតងាករេ នូវឤទិភាពសម្រាប់ការអភិវឌ្ឍជាតិទាំង ៤ យ៉ាងនេះ ដោយបន្តតម្កល់ការយកចិត្តទុកដាក់លើធនធានមនុស្សក្នុងលំដាប់ទី ១ នៃរបៀបវារៈគោលនេយាបាយសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានគិតគូរបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្រោមទម្រង់ជា «បរធនបាលកិច្ច» ដែលឆ្លុះបញ្ចាំង អនុវត្តនូវក្របខ័នូវការអនុវត្តតាមស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ទំហំធំដែលត្រូវបានបរិចា្ចគសំរាប់កិច្ចការមនុស្សធម៌។ លើសពីនេះទៀត គណៈគ្រប់គ្រងមូលនិធិនេះ ជាពិសេសក្រុមប្រឹក្សាបរធនបាលគឺជាឥស្សរជនសំខាន់ៗ ដូចជាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលការណ៍នេះឆ្លុះបញ្ចាំងនូវតម្លាភាព និងភាពឤចជឿទុកចិត្តបានក្នុងការគ្រប់គ្រង និងប្រើប្រាស់មូលនិធិទាំងមូល។ ពាក់ព័ន្ធការប្រើប្រាស់ធនធានរបស់មូលនិធិវិញ នីតិវិធិក៏ត្រូវបានគិតគូររៀបចំរួចជាស្រេច និងត្រូវបានសម្រួលមិនឱ្យមានភាពស្មុគស្មាញ តែធានារក្សាបាននូវតម្លាភាព និងគណនេយ្យភាពខ្ពស់ ព្រមទាំងធានាបានផងដែរ នូវភាពស៊ីសង្វាក់គ្នាជាមួយ «មូលនិធិគន្ធបុប្ផាប្រទេសស្វ៊ីស» ក្នុងការបើកផ្តល់ការឧបត្ថម្ភ ដើម្បីធានានូវចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ទោះបីជារាជរដ្ឋាភិបាលបានបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ក៏ដោយ ក៏មូលនិធិនេះមិនជំនួសឱ្យ «មូលនិធិគន្ធបុប្ឆាប្រទេសស្វ៊ីស » នោះទេ។ មូលនិធិទាំងពីរនឹងដំណើរការទន្ទឹមគ្នា ហើយកិច្ចសហការជាមួយ «មូលនិធិគន្ធបុប្ឆាប្រទេសស្វ៊ីស» នៅតែមានសារសំខាន់ចំពោះកិច្ចដំណើរការ នៃមន្ទីរពេទ្យនេះទាំងមូល។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់នូវវិភាគទាន ដល់មន្ទីរពេទ្យគន្ធបុប្ផាអស់កាលកន្លងមក និងសូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សូមបន្តរួមចំណែកក្នុងការបរិច្ចាគដល់មូលនិធិនេះឱ្យបានកាន់តែច្រើនជាអនេកប្បការ និងជានិច្ចនិរន្ត៍ ដើម្បីសុខុមាលភាពនៃមាតា និងកុមារកម្ពុជា។ លើសពីនេះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និង សប្បុរសជនទាំងអស់ ក៏ឤចក្លាយជាសមាជិកកិត្តិយស ឬសមាជិកគាំទ្រនៃមូលនិធិនេះផងដែរ ឤស្រ័យលើទំហំ និងលក្ខខណ្ឌនៃការចូលរួមវិភាគទានដូចមានចែងក្នុងអនុក្រឹត្យ។ អស់លោកអ្នកទាំងអស់គ្នាឤចធ្វើការបរិច្ចាគមនុស្សធម៌របស់ខ្លួន នៅក្នុងកម្មវិធីនេះក៏បានដោយពេលនេះគណៈគ្រប់គ្រង នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំរួចជាស្រេច នូវក្រុមការងារមួយសម្រាប់ត្រៀមកត់ត្រា និងទទួលនូវវិភាគទានដ៏សប្បុរសទាំងឡាយពី អស់លោកអ្នកទាំងអស់គ្នា។
[ផ្តើមអត្ថាធិប្បាយ]
សមាជិកស្ថាបនិក និងគុណវឌ្ឍន៍
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីបកស្រាយបន្តិច។ យើងអាចយល់គ្នាពីអ្វីទៅដែលហៅថា សមាជិកស្ថាបនិក អ្វីទៅសមាជិកកិត្តិយស និងអ្វីទៅសមាជិកគាំទ្រ? ថ្ងៃនេះ នៅក្នុងបញ្ជីមួយនេះ គឺសមាជិកស្ថាបនិកមាន ៤៩ នាក់ រាប់ទាំងខ្លួនខ្ញុំអម្បាញ់មិញ ហើយក៏អាចរាប់ទាំងកាកបាទក្រហមកម្ពុជារួចទៅហើយ។ អំពីសមាជិកស្ថាបនិក គឺគុណវឌ្ឍន៍ជាសមាជិកស្ថាបនិកនេះ គឺវិភាគទានអប្បបរមាចាប់ពី ៨០ លានរៀល ឬស្មើនឹង ២ ម៉ឺនដុល្លារអាមេរិកឡើងទៅ។ និយាយយ៉ាងដូច្នេះ គឺមិនមែនមានន័យថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា កម្រិត(ឲ្យ)ចូលត្រឹមតែ ២ ម៉ឺនដុល្លារទេ អស់លោកចង់ចូល ២ លានដុល្លារក៏បានដែរ។ មិនកម្រិតប៉ុនហ្នឹងទេ ហើយក៏សូមកុំភ័ន្តច្រឡំថា អម្បាញ់មិញ ខ្ញុំបានប្រកាសចូលក្នុងមួយឆ្នាំ ៥ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ តិចគិតថា បើចូលច្រើនជាងសម្តេចនាយក គឺមិនបាន។ ដូច្នេះ សូមកុំស្ទាក់ស្ទើរ សូមចូលឲ្យបានច្រើនលើសខ្ញុំទៅ គឺកាន់តែល្អ។
ទុកពេល ៣ ខែ សម្រាប់ការចូលជាសមាជិក
រយៈពេលសម្រាប់ការចូលជាសមាជិកនេះ យើងមិនអាចធ្វើត្រឹមតែមួយព្រឹកនេះទេ។ យើងត្រូវទុកពេល ៣ ខែ ដើម្បីឲ្យអ្នកទាំងឡាយអាចចូលរួមវិភាគទានក្លាយទៅជាសមាជិកកិត្តិយស។ ដូច្នេះ រយៈពេល ៣ ខែ គឺជារយៈពេលដែលការផ្សព្វផ្សាយនូវលក្ខខន្តិកៈ និងការអំពាវនាវសម្រាប់ការបង្កើតឡើងនូវមូលនិធិនេះ ហើយអ្នកដែលចង់ចូលរួមទៅជាសមាជិកស្ថាបនិក អាចមានចំនួនកាន់តែច្រើនទៅៗ។ ថ្ងៃនេះ គឺយើងមានទីកន្លែងតិច ដូច្នេះ មិនអាចដាក់អស់ ហើយអ្នកដែលបានទទួលការអញ្ជើញមួយចំនួន ក៏មិនបានអញ្ជើញមកក្នុងពេលនេះ ដោយសារតែមានធុរៈយ៉ាងនេះយ៉ាងនោះ។ ដូច្នេះ យើងប្រើពេល ៣ ខែ ដើម្បីប្រមូលយកនូវអ្នកដែលចង់ចូលជាសមាជិកស្ថាបនិក។
សមាជិកកិត្តិយស និងគុណវឌ្ឍន៍
ទី ២ សមាជិកកិត្តិយស គុណវឌ្ឍន៍ជាសមាជិកកិត្តិយស គឺវិភាគទានអប្បបរមាចាប់ពី ២០ លានរៀល ឬស្មើនឹង ៥ ពាន់ដុល្លារឡើងទៅ។ ប៉ុន្តែ ត្រូវយល់ថា បើឡើងទៅដល់ ២ ម៉ឺន អាហ្នឹងគឺមិនមែនសមាជិកកិត្តិយសទេ វាទៅជាសមាជិកស្ថាបនិកហើយ។ អញ្ចឹងទេ នេះក៏ជាផ្នែកដ៏សំខាន់មួយ នៃអ្នកដែលមានប្រាក់ចំណូលមួយចំនួន ដែលត្រូវចូលរួម។
សមាជិកគាំទ្រ និងគុណវឌ្ឍន៍
ទី ៣ គឺសមាជិកគាំទ្រ។ គុណវឌ្ឍន៍ជាសមាជិកគាំទ្រ គឺវិភាគទានអប្បបរមាចាប់ពី ៥ ពាន់រៀលក្នុងមួយខែ ឬ ៦ ម៉ឺនរៀលក្នុងមួយឆ្នាំ សម្រាប់រយៈពេលមួយឆ្នាំ។ អញ្ចឹងទេ ចំណុចនេះក៏សូមអំពាវនាវ យើងមិនមែនធ្វើត្រឹមតែក្របខណ្ឌនៃអ្នកដែលមានប្រាក់កាសធំៗនោះទេ។ យើងចង់បានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស ដែលមានលទ្ធភាពក្នុងការចូលរួមក្នុងមួយខែ ត្រឹមតែ ៥ ពាន់រៀល តែប៉ុណ្ណោះ គឺជាង ១ ដុល្លារបន្តិច។
ដំណាក់កាលតស៊ូ ក៏ធ្លាប់មានការចូលរួមដូចសមាជិកគាំទ្រដែរ
ខ្ញុំនៅចាំបានថា ដំណាក់កាលនៃការតស៊ូដើម្បីរំដោះប្រទេស គេហៅថា អង្ករតស៊ូ បានសេចក្តីថា ត្រូវដាក់ ៥ កំប៉ុង សម្រាប់ដាំសម្រាប់គ្រួសារមួយនេះ។ ពេលដែលដាក់ ៥ កំប៉ុងចូលទៅក្នុងឆ្នាំងហើយ ច្បិចមួយក្តាប់យកមកធ្វើជាអង្ករផ្គត់ផ្គង់ដល់កងទ័ព ក្នុងរយៈពេលនៃការតស៊ូ។ ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏អាចក្លាយទៅជាសមាជិកគាំទ្រ។ ប្រសិនបើជនជាតិកម្ពុជារបស់យើង គឺមានចំនួនឥឡូវនេះ បើគិតទាំងចាស់ ទាំងក្មេង គឺជាង ១៥ លាននាក់ ហើយបើគិតតែពីអ្នកដែលមានសិទ្ធិបោះឆ្នោតមានប្រហែលជា ១០ លាននាក់ យើងគិតអញ្ចឹងទៅចុះ ប្រហាក់ប្រហែលប៉ុណ្ណឹង ប្រសិនបើមានសមាជិកត្រឹមតែ ២ លាននាក់ ក្នុងមួយខែ យើងនឹងមានប្រាក់ចំណូលរហូតទៅដល់ ១ លាននាក់ គឺបាន ៥ ពាន់លានរៀល ហើយបើ ២ លាននាក់ យើងនឹងបាន ១០ ពាន់លានរៀល ស្មើនឹង ២ លានដុល្លារកន្លះ។
នេះមិនមែនតម្រូវត្រឹមតែអ្នកឧកញ៉ា ឬថៅកែនេះ ថៅកែនោះទេ ក៏ប៉ុន្តែ លទ្ធភាពដែលអាចធ្វើទៅបាន នៃពលរដ្ឋរបស់យើង ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ។ យើងគ្មានការបង្ខិតបង្ខំទេ ក៏ប៉ុន្តែ នេះជាការបរិច្ចាគ ដើម្បីសេចក្តីសុខ និងការរីកលូតលាស់ ក៏ដូចជាធានាដល់ជីវិតកុមារកម្ពុជា។ ក្នុងឋានៈជាឪពុក ជាជីតា ដែលធ្លាប់មានកូនឈឺ និងចៅឈឺ គឺច្បាស់ណាស់ថា ទឹកចិត្តរបស់មនុស្សគឺដូចគ្នាទេ។ ខ្ញុំធ្លាប់មានកូនរបស់ខ្ញុំឈឺ ហើយពេទ្យ (ធា) គ្រុយ នៅទីនេះស្រាប់ កាលពេលដែល ស្រីណា សន្លប់ប៉ុន្មានថ្ងៃនោះ តើទឹកចិត្តខ្ញុំយ៉ាងម៉េច ពោរពេញទៅដោយភាពអន្ទះសា។ នេះគឺដំណាក់កាលដែលកូននៅតូច។ ដល់ពេលកូននេះវាធំឡើង វាចាប់ផ្តើមមានកូនទៅទៀត ត្រូវយកកូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ទៅជួបពេទ្យ គ្រុយ ទៀត។ ហើយ ស្រីពេជ្រ ខ្លាចតែពេទ្យ គ្រុយ មួយគត់ … សូម្បីតែចៅរបស់នាយករដ្ឋមន្រ្តីក៏ធ្លាប់បានយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដែរ។ អញ្ចឹងទេ ខ្ញុំសូមអំពាវនាវ បើទោះបីជាយើងអត់កូនអត់ចៅ ក៏ប៉ុន្តែ នេះជាកាយវិការសប្បុរស ហើយដែលយើងធានាច្បាស់អំពីបញ្ហានេះ មូលនិធិមួយនេះគឺជាមូលនិធិដែលមានសារសំខាន់ណាស់។ សង្ឃឹមថា នឹងមានការចូលរួមក្នុងឋានៈជាសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រ។
ការចូលរួមជាមួយមូលនិធិ មិនមែនមួយកន្លែង គឺនៅគ្រប់ខេត្ត និងគ្រប់ទីកន្លែង
វាបង្ហាញចេញនូវកាយវិការដូចដែលយើងបានសង្គ្រោះ(ជនរងគ្រោះដោយ)ទឹកជំនន់នៅឆ្នាំ ២០០០ ដែលពេលនោះ មនុស្សរាប់លាននាក់បានចូលរួមសង្គ្រោះប្រជាពលរដ្ឋ។ ប្រាក់មានពេលខ្លះត្រឹមតែ ២ ពាន់រៀល ក៏មានការចូលរួមចំណែកកាលពីពេលនោះ ដែលយើងបង្កើត។ នៅក្នុងពេលវេលា ដែលមានការលំបាក មូលនិធិបាយ័ន មូលនិធិ CTN ក៏បានបង្កើតឡើង ឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំ។ សង្ឃឹមថា ចំណែកនៃដំណើរការមូលនិធិនេះ មិនរីងស្ងួតទេ។ សង្ឃឹមទៅលើទឹកចិត្តសប្បុរសធម៌របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ទាំងក្នុងក្របខណ្ឌ ដែលអាចមានថវិកាចូលធ្វើជាសមាជិកស្ថាបនិក នៃសមាជិកកិត្តិយស និងសមាជិកគាំទ្រ។ ដូច្នេះ ព្រះតេជព្រះគុណ ព្រះសង្ឃ ដែលនិមន្តមកពីខេត្តសៀមរាប ព្រះតេជព្រះគុណ អាចត្រឡប់ទៅវិញ ចលនាឲ្យមានសមាជិក គឺព្រះតេជព្រះគុណបានធ្វើសកម្មភាពនៅឯខេត្តសៀមរាប ដើម្បីប្រមូលជួយមន្ទីរពេទ្យគន្ធបុប្ផានៅទីនោះ។ ដូច្នេះ មូលនិធិនេះ គប្បីត្រូវពង្រាយសាខាទៅបណ្តាខេត្ត និងទៅតាមកន្លែងផ្សេងៗ ដែលគេមានលទ្ធភាពចូល។ សូម្បីតែលេខគណនីនេះ គួរតែត្រូវមានលេខគណនីណា ដែលអាចនឹងអ្នកក្រៅប្រទេសចង់ចូលជាសមាជិក។ បងប្អូនខ្មែរយើង ឬអ្នកណាក៏ដោយ ចង់ចូលជាសមាជិក អាចផ្ទេរលុយតាមគណនីធនាគារមកបាន។ ខ្ញុំមានការសង្ឃឹមមាំណាស់ ព្រោះនេះជាផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ផលប្រយោជន៍ពិតប្រាកដរបស់កុមារ និងទារករបស់យើង ដែលខ្ញុំមានមោទនភាពទៅក្នុងការរៀបចំការបង្កើតនូវមូលនិធិនេះ។
[ចប់អត្ថាធិប្បាយ]
ពីលើវេទិកាដ៏ខ្ពង់ខ្ពស់នេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសជាឱឡារិកថា ដរាបណាប្រទេសកម្ពុជាដ៏កំសត់នេះនៅតែមានលទ្ធភាពរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុព្វលក្ខខណ្ឌមិនឤចខ្វះបានសម្រាប់ការបន្តជំរុញអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដរាបនោះវិស័យសុខាភិបាល និយាយជារួម និងកិច្ចប្រតិបត្តិការ ប្រកបដោយគណុភាព នៃមន្ទីរពេទ្យគន្ធបុប្ផា និយាយដោយឡែក នឹងនៅតែបន្តទទួលបានការយកចិត្តទុកដាក់ជាឤទិភាពខ្ពស់បំផុតមួយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងស្មារតីនេះ ដូចឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនអង្គពិធីមុននេះហើយថា ជាមួយនឹងការដាក់ឱ្យដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្រោមទម្រង់ជាបរធនបាលកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាស្ថាបនិក និងជាបរធនបាលទាយក បានសម្រេចដាក់ប្រាក់វិភាគទានដំបូងសរុបចំនួន ៤០,២៥ ប៊ីលាន (សែសិបប៊ីលាន និងពីររយហាសិបលាន) រៀល ឬ ត្រូវជាប្រមាណ ១០ លានដុល្លារឤមេរិក ជាធនធានបំរុងទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានេះ។ សម្រាប់អាណត្តិបន្តខាងមុខ បើខ្ញុំនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល ដែលខ្ញុំដឹកនាំ នឹងបន្តផ្តល់ការគាំទ្រជាប់មិនដាច់ដល់មន្ទីរពេទ្យគន្ធបុប្ផា សំដៅធានាឱ្យខានតែបាននូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃជូនដល់កុមារកម្ពុជា តាមរយៈការបន្តផ្តល់ថវិកាយ៉ាងតិច ១០ លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងយ៉ាងតិច ៥ លាន ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក៏ដូចជា ការបន្តវិភាជន៍ប្រាក់ពីចំណូលលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គរជូនដល់មន្ទីរពេទ្យជាប្រចាំផងដែរ។
មុននឹងបញ្ចប់ ខ្ញុំសូមផ្តាំផ្ញើដល់ក្រុមប្រឹក្សាបរធនបាល និងគណៈគ្រប់គ្រងមូលនិធិនេះ សូមធានាឱ្យបាននូវការគ្រប់គ្រង ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបន្តកៀរគរនូវការគាំទ្រ និងការបរិច្ចាគតាមតែឤចធ្វើទៅបាន រួមទាំងការពិចារណារៀបចំនូវរាត្រីសមោសរក្នុងគោលដៅរៃអង្គាសថវិកាប្រចាំឆ្នាំផង ដើម្បីបុព្វហេតុរួមគ្នារបស់ជាតិយើង នោះគឺ៖ សុខុមាលភាពរបស់កុមារកម្ពុជា។ ខ្ញុំក៏សូមផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូពេទ្យ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយប្រកាន់ខ្ជាប់ត្រឹមត្រូវជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមពង្រឹងគុណធម៌របស់គ្រូពេទ្យនៅកម្ពុជា ក៏ដូចជាបន្តបណ្តុះបណ្តាលសមត្ថភាពរបស់ខ្លួន ដើម្បីរក្សា និងពង្រឹងគុណភាពសេវាព្យាបាល និងថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ ដែលកំពុងល្អស្រាប់ឱ្យកាន់តែប្រសើរថែមទៀត។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាពេលនេះ ខ្ញុំសូម ជូនពរសមេ្តច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកគ្រូ អ្នកគ្រូពេទ្យ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមអរគុណ !
[ផ្តើមអត្ថាធិប្បាយ]
ទទួលកម្មសិទ្ធិដីពីឧកញ៉ា គិត ម៉េង ប្រគល់ជូនមូលនិធិ និងមន្ទីរពេទ្យ
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូន ជម្រាបជូន និងអានឈ្មោះសប្បុរសជន។ ដំបូង ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះលោកឧកញ៉ា គិត ម៉េង។ រឿងនេះវាមានប្រវត្តិទាក់ទងនឹងបញ្ហារឿងដីនៅក្នុងមន្ទីរពេទ្រ។ ពេលនោះ ដូចដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានជ្រាបហើយ បានប្រាប់ហើយ នៅខេត្តសៀមរាប បានផ្តល់ដី ២ ដង។ លើកទី ១ ដល់លើកទី ២ មានដីមួយកន្លែងទៀត គឺពង្រីកយកភ្លាម ដើម្បីពង្រីកភ្លាម នៅឯសៀមរាប។ ឯនៅទីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត Beat Richner មានបំណងនឹងទិញដីពីលោកឧកញ៉ា គិត ម៉េង បានសុំទិញរួចហើយ ទាំងក្រុមហ៊ុនកាល់តិច ទាំងលោក Beat Richner តែមិនអាចទិញបាន។ អញ្ចឹង រឿងនេះក៏បាននាំមកពិភាក្សាដល់ខ្ញុំ។ ខ្ញុំបានគិតថា រាជរដ្ឋាភិបាលទិញដីនេះ ជូនទៅសម្រាប់មន្ទីរពេទ្យតែម្តង។ តែពេលនោះកាលៈទេសៈ យើងមានការលំបាកខាងសេដ្ឋកិច្ចបន្តិច ហើយក៏មានការគិតគូរថា សប្បុរសជនក្នុងស្រុករបស់យើងមិនកំណាញ់ត្រឹមរឿងប៉ុណ្ណឹងទេ។ ដូច្នេះ បានជាពេលនោះ យើងបានស្នើសុំជួលដីនេះ ជានិមិត្តរូបក្នុងតម្លៃ ១ ម៉ែត្រការេ គឺ ១ ដុល្លារទេ។ អញ្ចឹង ដីនេះ ឥឡូវហ្នឹងមួយផ្នែក ឡើងថ្លៃតាមអត្រាទីផ្សារបច្ចុប្បន្នដល់ទៅ ៨ លាន ដុល្លារអាមេរិកទៅហើយ។ អញ្ចឹងទេ ម្សិលមិញនេះ លោកឧកញ៉ា គិត ម៉េង បានសរសេរសំបុត្រមកខ្ញុំ ប្រគល់ដីនេះមកកាន់មូលនិធិ។ អញ្ចឹងតម្លៃដីនេះស្មើនឹង ៨ លានដុល្លារ អញ្ចឹងយើងទទួលយកដីនេះ ដែលមានតម្លៃ ៨ លាន ដាក់ទៅក្នុងមូលនិធិ ហើយមូលនិធិនឹងផ្ទេរដីនេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈបណ្ណកម្មសិទ្ធិតែម្តង។
ហើយថ្ងៃនេះ មានអ្នកចូលរួម ដែលខ្ញុំសូមអានឈ្មោះ៖
- លោកឧកញ៉ា ខូវ សម្បត្តិ ចំនួន ១០ ម៉ឺនដុល្លារ
- លោកឧកញ៉ា លាង ឃុន ចំនួន ១០ ម៉ឺនដុល្លារ
- លោកឧកញ៉ា ថៃ ឈាហួត ចំនួន ១០ ម៉ឺនដុល្លារ
- លោក អ៊ិន ចាន់នី ធនាគារអេស៊ីលីដា ចំនួន ៤០០ លានរៀល
- លោកឧកញ៉ា លី ហួរ ចំនួន ៥ ម៉ឺនដុល្លារ
- លោកឧកញ៉ា កុក អាន ចំនួន ៥ ម៉ឺនដុល្លារ
- លោកឧកញ៉ា លី យ៉ុងផាត់ ចំនួន ៥ ម៉ឺនដុល្លារ
- លោកឧកញ៉ា ស៊ន សុខណា ចំនួន ៣ ម៉ឺនដុល្លារ
- ឯកឧត្តម លូ គឹមឈុន ចំនួន ១០០ លានរៀល
- ឯកឧត្តម រស់ វណ្ណា ចំនួន ១០០ លានរៀល
- ឯកឧត្តម ម៉ម ប៊ុនហេង ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ជា ចាន់តូ ចំនួន ២ ម៉ឹនដុល្លារ
- ឯកឧត្តម វេង សុខុន ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន ២ ម៉ឺនដុល្លារ
- លោកឧកញ៉ា លី គង់ ចំនួន ២ ម៉ឺនដុល្លារ
- លោកឧកញ៉ា សុខ គង់ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម វឌ្ឍនា អះស្វាហ៊ីម ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ប៉ាន់ សូរសក្តិ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ឈុន អូន ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ឡៅ ឈាវសេង ចំនួន ២ ម៉ឺនដុល្លារ
- លោក ឌុល ឌីយ៉ារ៉ាត់ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម អង្គ វង្សវឌ្ឍនា ចំនួន ២ ម៉ឺនដុល្លារ
- លោកជំទាវ ភឿង សកុណា ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ជូ យិនស៊ីម ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ធា គ្រុយ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ទា គុយស៊ាង ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ស៊ុយ សែម ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម វង់ សូត ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ឃួង ស្រេង ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម គន់ ញឹម ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ហ៊ីវ គឹមហេង ចំនួន ២ ម៉ឺនដុល្លារ
- លោកឧកញ៉ា លឹម ហេង ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ថោង ខុន ចំនួន ២ ម៉ឺនដុល្លារ
- លោកឧកញ៉ា ស៊ុយ សុផាន ចំនួន ៣ ម៉ឺនដុល្លារ
- លោកឧកញ៉ា ទី ពិសិដ្ឋ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ជាវ តាវ ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា លីវ ប៉ោយូ ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម អ៊ិត ប្រាង ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា គិត សែនសុរិយា ចំនួន ២ ម៉ឺនដុល្លារ
- ឯកឧត្តម ផែ ហុកឈួន ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា ហ៊ុន ឡាក់ ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា សុខ ឆេង ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា វេញ ហួរ ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា ពង្ស ខៀវសែ ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា ហួត អ៊ាងតុង ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា ម៉ុង ឬទ្ធី ចំនួន ៨០ លានរៀល
- ឧកញ៉ា ឡាយ ប៊ុនប៉ា ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា លឹម ប៉ាយជួបផូល ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា លឹម ជាអូន ចំនួន ២ ម៉ឺនដុល្លារ
- ឧកញ៉ា ហ៊ុន សែន ចំនួន ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ
រៀបចំជាបណ្ណ និងអាំងស៊ីញសម្គាល់សមាជិកមូលនិធិ
ទម្លាប់ឋានៈព្រះមហាក្សត្រព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ចុះក្រោមគេ។ និយាយលេងទេ។ បន្ថែមដោយកាកបាទក្រហម ១ លានដុល្លារ ក្នុងមួយឆ្នាំ អញ្ចឹងត្រូវកត់ត្រាចូល។ សង្ឃឹមថា នឹងមានការចូលជាបន្តបន្ទាប់ទៀត ហើយក្នុងករណីនៃការចូលនេះ ខ្ញុំសូមបញ្ជាក់ថា យើងត្រូវបានផ្សព្វផ្សាយ ដោយបង្កើតគេហទំព័រមួយ ដើម្បីរាយបញ្ជីរាយនាម អ្នកដែលចូលជាសប្បុរសជន។ សម្រាប់បណ្ណសមាជិកនេះ ខ្ញុំសូមផ្តាំថា យោងទៅតាមនេះ អ្នកដែលជាសមាជិកស្ថាបនិក គឺបណ្ណមួយសម្រាប់មួយជីវិតរបស់គេតែម្តង។ ឯសម្រាប់សមាជិកកិត្តិយស និងអ្នកគាំទ្រ គឺនឹងមានជាបណ្ណបែបអនុស្សាវរីយ៍ណាមួយ អាចតូចៗ ហើយជួនកាលអាចធ្វើជាអាំងស៊ីញ ដើម្បីកុំថា ៥ ពាន់រៀលក្នុងមួយខែ ហើយមកធ្វើអាំងស៊ីញចំណាយអស់នោះ។ ក៏ប៉ុន្តែ យើងអាចធ្វើអាំងស៊ីញសម្រាប់កិត្តិយសរបស់ពួកគេឲ្យគេបានដឹងថា អ្នកទាំងនេះ សុទ្ធតែជាអ្នកធ្លាប់បានជួយទៅដល់មូលនិធិ។ នៅប្រទេសខ្លះ ដូចជាប្រទេសថៃជាដើម គឺថា គេមានលក់កង(ដៃ) អញ្ចឹងទេ អ្នកដែលបានចូលរួមលើចំណុចនេះ យើងអាចធ្វើអាំងស៊ីញតូចមួយ ដើម្បីគេអាចពាក់នឹងអាវរបស់គេ ដើម្បីចំណាំថាគេបានចូលរួមវិភាគទានទៅក្នុងមូលនិធិ ទាក់ទងទៅនឹងសមាជិកគាំទ្រនេះឯង ដែលជាមោទនភាពមួយសម្រាប់ការចូលរួមកិច្ចការដ៏សំខាន់នេះ។
ដោយសារពេលវេលាយើងមានកម្រិត មិនអាចនឹងអញ្ជើញម្នាក់ៗមកថតរូបបានទេ ខ្ញុំសូមស្នើអ្នកទាំងឡាយ ដែលបានចូលរួមវិភាគទានអម្បាញ់មិញនេះ អញ្ជើញឡើងមកខាងលើដើម្បីថតរូបជាមួយខ្ញុំជាកិត្តិយស ហើយទុកជាអនុស្សាវរីយ៍ នៃការចាប់ផ្តើមដ៏ល្អរបស់យើង៕
[ចប់អត្ថាធិប្បាយ]