សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កប់ស្រូវ

អរគុណចំពោះម្ចាស់រោងចក្រនានា ដំបូងសូមស្វាគមន៍ចំពោះវត្តមានរបស់ក្មួយៗកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំរោងចក្រសហជីព។ មួយ ផ្នែកទៀត ក៏សូមស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ។ ខ្ញុំពិតជាជំពាក់គុណចំពោះម្ចាស់រោងចក្រសាជាថ្មីទៀតហើយ ដោយថ្ងៃនេះ គឺជាថ្ងៃជួបជុំក្នុងរយៈពេលមួយព្រឹក ក៏ប៉ុន្តែដោយសារតែក្មួយៗត្រូវក្រោកពីយប់ ដើម្បីមកជួប ជុំនៅក្នុងឱកាសនេះ ក៏បានស្នើសុំអោយម្ចាស់រោងចក្រផ្ដល់ការអនុគ្រោះ សម្រាប់ការឈប់សម្រាក​របស់ ក្មួយៗ ក្នុងពេលល្ងាចនេះបន្ថែមទៀត។ ដូច្នេះ ខ្ញុំពិតជាអរគុណចំពោះម្ចាស់រោងចក្រ ដែលបានផ្ដល់នូវ ភាពងាយស្រួលសម្រាប់ការជួបជុំសំណេះ​សំណាល​រវាងខ្ញុំ ជាមួយនឹងកម្មករ/ការិនី។ បន្ថែមលើនោះ ក៏ផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាក​មួយល្ងាចបន្ថែមទៀត។ វឌ្ឍនភាពនៃជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និងរដ្ឋ ថ្ងៃនេះ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ នៅត្រង់ថា ជាលើកដំបូងដែលខ្ញុំបានជួប ជាមួយកម្មករ/ការិនី ដែលជាជនពិការ។ ដែលនេះក៏ជាសូចនាករតាមដានមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន ទាក់ទងនឹងបញ្ហាការទទួលយកនូវជនពិការចូលទៅក្នុងការងារ (ក្នុង)ក្របខណ្ឌរដ្ឋត្រូវទទួល ២% ឯវិស័យឯកជនត្រូវទទួល ១%។ ប៉ុន្តែយើងមិនទាន់បានអនុវត្តទាំង​ស្រុងនោះទេ។ តែថ្ងៃនេះ ហោចណាស់ក៏បង្ហាញពីវឌ្ឍនភាពមួយ ដែលយើងបានឃើញថា កម្មករ/ការិនី (ពិការ)មកកាន់ទីនេះ ហើយខ្ញុំក៏បានសួរអំពីប្រាក់ចំណូល គឺបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅ តំបន់អូរដឹម

ចែករំលែកនូវពរជ័យ បានពីការបួងសួង ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់ភ្នំពេញថ្មី

សុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច ក្រោយការជួបជុំ ដំបូង សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗ កម្មករ/ការិនី ម្ចាស់រោងចក្រ ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ! បើទោះបីថា មកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលនូវចម្លើយពីសំណាក់ម្ចាស់រោងចក្រ។ ហើយអម្បាញ់​មិញ តាមរយៈលោកតំណាង ស្នើសុំអោយសួរយោបល់របស់ម្ចាស់រោងចក្រដទៃទៀត ក៏ប៉ុន្តែខ្ញុំគិតថា​ គួរ តែត្រូវដោះស្រាយបញ្ហានេះ។ ម្សិលមិញ ខ្ញុំបានមកទស្សនកិច្ចនៅរោងចក្រ Gin Sovann Fashion នៅ ក្បែរនេះ ហើយខ្ញុំក៏បានសុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច។ កាលពីថ្ងៃមុន ទៅតំបន់ ខ្សាច់កណ្ដាល នៅក្រុមហ៊ុន 7NG នៅតំបន់ឧស្សាហកម្ម​ 7NG ក៏បានស្នើសុំអោយកម្មករយើងបានឈប់ សម្រាកក្នុងមួយល្ងាច។ ខ្ញុំចង់សួរយោបល់ចំពោះម្ចាស់រោងចក្រដែលមានវត្តមាននៅទីនេះ តើខ្ញុំអាចសុំ បានទេនូវការផ្ដល់អោយកម្មកររោងចក្រនេះ បន្ទាប់ពីការជួបគ្នានេះទៅ បានសម្រាកមួយល្ងាចហ្នឹង។ បាន ឬមិនបាន? បាន! អញ្ចឹង អរគុណណាស់។ នេះមិនមែនជាសិទ្ធិដែលយើងត្រូវទទួលទេ ក៏ប៉ុន្តែវាជាចិត្ត សប្បុរសរបស់ថៅកែរោងចក្រ តាមសំណូមពររបស់ពូ ព្រោះថា ក្មួយៗយប់មិញនេះ ប្រហែលត្រូវក្រោកពី…