ការរៀនសូត្រ មិនចេះចប់ទេ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិត ជ័យលាភី ចំនួន ១.៤៣១ នាក់ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ អម្បាញ់មិញនេះ យើងបានស្តាប់ ទាំងអស់គ្នានូវរបាយការណ៍របស់ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរជាមួយនឹងការខិតខំទាំងអស់របស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ដែលបានខិតខំរៀបចំឲ្យដំណើរការ នៃសាកលវិទ្យាល័យ … តាមរយៈនៃការខិតខំនេះ យើងបានរួមចំណែកបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះ ប្រមាណជាជាង ៦.០០០ នាក់ រួចស្រេចទៅហើយ។
… ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយនឹង ជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងបន្តការខិតខំតទៅទៀត ដោយនៅក្នុងនេះយើងមានទាំងបរិញ្ញាបត្ររង ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សង្ឃឹមថា ការរៀនវាមិនចេះចប់ទេ សូម្បីតែរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺទើបនឹងទៅការពារនិក្ខេបបទមួយថ្មីទៀតនៅឯទីក្រុងបាងកក។ បានសេចក្តីថា មានបណ្ឌិតរួចទៅហើយ ប៉ុន្តែ មករៀននៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អាហ្នឹងយកបរិញ្ញាបត្រជាន់ខ្ពស់ ឥឡូវ ទៅយកបណ្ឌិតនៅជូឡាឡុងកនផ្នែកអប់រំតែម្តង។ អញ្ចឹងបានសេចក្តីថា មិនមែនសញ្ញាបត្របណ្ឌិតគាត់មួយដែលជាប់ពីរុស្ស៊ីមកគ្រប់ទេ គាត់បន្តរៀនតទៅទៀត យកសញ្ញាបត្រទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ នៃការខិតខំដែលយើងត្រូវធ្វើជាបន្តទៀត។
ដូច្នេះហើយសូមអំពាវនាវ ចំពោះព្រះតេជព្រះគុណ ដែលជាព្រះសង្ឃ មិនដឹងថា ព្រះតេជព្រះគុណ ត្រូវលាចាកសិក្ខាបទ ឬក៏នៅបន្ត? មើលទៅប្រហែលទៅជាងពាក់កណ្តាលហើយក្នុងចំណោមហ្នឹង។ ព្រះតេជព្រះគុណ ព្រះជន្មប៉ុន្មានហើយ? ២៩ (ព្រះវស្សា) បរិញ្ញា(បត្រ) ឬក៏បរិញ្ញាបត្រជាន់ខ្ពស់? សុទ្ធតែជាបរិញ្ញា(បត្រ)ទាំងអស់ ហើយប្រុងប្រៀបរកបរិញ្ញាបត្រជាន់ខ្ពស់? ចង់បន្តទៀត? ទទួលសញ្ញាបត្រហ្នឹងរួចហើយចង់បន្តទៀត? បន្តនៅកន្លែងដដែលហ្នឹង ឬក៏បន្ត(នៅកន្លែងផ្សេង)? (តាម)ចិត្តចង់ ប៉ុន្តែ អត់ទាន់មានអាហារូបករណ៍។ ចង់ទាំងអស់គ្នាហ្នឹង? ទេ! អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ អ្នកប៉ាវ (ស្នូរទះដៃ)។ ឲ្យចូលរៀនចុះ ខ្ញុំអ្នកចេញទេ អត់អីទេ ព្រះតេជព្រះគុណ បន្តកុំអាលសឹក។
យ៉ាងហោចណាស់ថ្ងៃនេះ យើងបានដោះស្រាយបញ្ហាមួយចំនួនដែរ ងាកទៅសួរព្រះតេជព្រះគុណមិនឥត ប្រយោជន៍ទេ បាសក ឬព្រះសង្ឃ គឺរៀនបានដូចគ្នា ហើយនេះ គឺជាការបើកឱកាសធំណាស់ពីសំណាក់ រាជរដ្ឋាភិបាល ជូនចំពោះប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងហ្នឹងយើងបានឃើញហើយថា សាកលវិទ្យាល័យ នៅកម្ពុជាបច្ចុប្បន្ននេះ សាកលវិទ្យាល័យរបស់ឯកជនច្រើនជាងរបស់រដ្ឋ។ ហើយសាកលវិទ្យាល័យរបស់ រដ្ឋនេះទៀត ក៏និស្សិតដែលរៀនបង់ថ្លៃ និងរៀន(ដោយ)អាហារូបករណ៍ គឺនិស្សិតរៀនបង់ថ្លៃច្រើនជាង ដើម្បី ផ្តល់ឱកាសឲ្យនិស្សិតទាំងឡាយចូលរួមដោយខ្លួនឯង នូវក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ហើយ និស្សិតនៅទីនេះ គឺ ១០០% មាននិស្សិតខ្លះ គឺទទួលអាហារូបករណ៍របស់ ខ្ញុំព្រះករុណាខ្ញុំ ដែលមកដល់ ពេលនេះ សាលានេះក៏បានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ ចំនួនដល់ទៅជាង ៦៩០ នាក់។ អញ្ចឹងទេ នៅក្នុងមួយ ឆ្នាំ គឺផ្តល់ ១០០ កន្លែងឯណោះ ក្នុង ១០០ កន្លែង ដក ៦ កន្លែង សម្រាប់ព្រះតេជព្រះគុណ បន្តអត់អីទេ ព្រះតេជព្រះគុណ កំពុងតែរៀនបន្តអញ្ចឹង ទទួលសញ្ញាបត្រមួយតង់ទៅរួចហើយរៀនបន្តទៀត ទទួល សញ្ញាបត្រមួយតង់ទៀត ហើយចាំសឹកបណ្តោយទៅ ចុះមានពីណាគេហាមឃាត់! សេរីភាព(ពេញទី) បួសក៏បួសទៅ សឹកក៏សឹកទៅ សេរីភាពប៉ុណ្ណឹងហើយនៅមានរឿងទៀត?
កម្ពុជា សម្របសម្រួលក្រុមប្រទេសមានអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក
… ក្រៅពីការផ្តាំផ្ញើឲ្យបន្តការខិតខំរៀនសូត្រ និងបន្តការខិតខំជាមួយនឹងកិច្ចការដែលយើងត្រូវធ្វើ។ ជាមួយគ្នានេះ សូមជម្រាបជូនថា ពេលនេះកម្ពុជាបានទទួលនូវកិត្តិយស ក្នុងឋានៈជាប្រទេសសម្របសម្រួល នៃប្រទេសដែលអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោកហើយ។ យើងបានទទួលតំណែងនេះ មិនមែនជាតំណែងធម្មតា ដែលអ្នកណាក៏សុទ្ធតែបាននោះទេ។ ក្រៅពីតួនាទីជាអ្នកសម្របសម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាមានភារកិច្ចនឹងទទួលជួយទីម័រលេស្តេ ទៅលើបញ្ហារៀបចំខ្លួនក្នុងការចូលអង្គការពាណិជ្ជកម្មពិភពលោក។ ចំណុចនេះ ស្តែងចេញពីកត្តាធនធានមនុស្សនេះឯង ដែលយើងត្រូវមើលឃើញថា ជាចំណុចដែលមិនមែនចាប់ផ្តើមមកពីគ្រាន់តែរឿងសេដ្ឋកិច្ចរបស់យើងមានកំណើនទេ ប៉ុន្តែ វាផ្តើមចេញអំពីធនធានមនុស្សរបស់យើង និយាយរួមផ្នែកទាក់ទងជាមួយនឹងបញ្ហាស្ថាប័ន និងធនធានមនុស្សរបស់យើងតែម្តង បានជាប្រទេសកម្ពុជាត្រូវបានទទួលនូវកិត្តិយស ក្នុងឋានៈជាអ្នកសម្របសម្រួលនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ អញ្ចឹង កម្ពុជាត្រូវរ៉ាប់រងជាមួយនឹងកិច្ចការងារនេះ បន្ថែមជាមួយកិច្ចការដែលកម្ពុជាត្រូវជួយទីម័រលេស្តេ ក្នុងការរៀបចំខ្លួន ចូល WTO ក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០
ម្ខាងទៀត ក្នុង ១០ ឆ្នាំ កន្លងផុតទៅហើយ ដែលយើងបានបញ្ជូនកងទ័ពរបស់យើងចេញទៅធ្វើបេសកកម្ម នៅក្រៅប្រទេស តើនោះជាអ្វី? មិនមែនជាកងទ័ពធម្មតា ដែលអាចទៅធ្វើបានទេ ហ្វឹកហាត់ជំនាញគ្រប់ សព្វ រាប់ទាំងដូចជាទៅប្រទេសម៉ាលីជាដើម គឺសុទ្ធតែទៅទាក់ទងជាមួយនឹងបញ្ហាបច្ចេកវិទ្យា ដែលអាច មានកម្រិតខ្ពស់គ្រាន់បើដែរ ដូចជាពាក់ព័ន្ធជាមួយនឹងព្រលានយន្តហោះ រឿងវិស្វកម្ម។ អញ្ចឹង ទាំងអស់នេះជាវឌ្ឍនភាពមួយ ដែលឃើញកម្ពុជាខ្លួនឯង គម្បីមានមោទនភាព។ ម្ខាងយើងដោះស្រាយខ្លួនឯង កិច្ចការខ្លួនឯង ដែលត្រូវបន្តអភិវឌ្ឍ ដោយផ្តើមចេញពីបាតដៃទទេរបស់យើង ហើយយើងបានប្រឹងចេញពីប្រទេសដែលមាន គេហៅថា ការអភិវឌ្ឍតិចតួច ប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍ ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០ …។
ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា គឺចាប់ផ្តើមពីមនុស្សតិចតួចណាស់
… អ្វីដែលយើងទទួលបាន មិនមែនធ្លាក់ពីលើមេឃមកឲ្យយើងទេ ហើយក៏មិនមែនដើរសន្យាខ្យល់ដែរ។ មិនដើរសន្យាទេ គឺជាការខិតខំសម្បើមណាស់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយចាប់ផ្ដើមពីមនុស្សតិចតួចណាស់ដែលយើងមាន។ ពេលនោះ យើងឃើញបណ្ឌិតមួយចំនួនដែលកំពុងធ្វើរដ្ឋមន្រ្តី មិនទាន់ទាំងបញ្ចប់នូវការសិក្សាថ្នាក់មធ្យមសិក្សាផង ត្រូវ ប៉ុល ពត បណ្ដេញចេញ។ ត្រឡប់ចូលមកវិញ សឹងតែហួសអាយុទៅហើយ ក៏ប៉ុន្តែ ប្រឹងរៀនបញ្ចប់ឲ្យមានមធ្យមសិក្សា រួចហើយបញ្ជូនចេញទៅរៀន បន្ដយកថ្នាក់ឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា ឬក៏ត្រូវបណ្ដុះបណ្ដាលនៅក្នុងប្រទេសជាបន្ដ។ និស្សិត ដូចជា(នៅ)សាលាពេទ្យ ឬសាលាបច្ចេកវិទ្យា ហៅថា តិចណូ គឺចាប់ផ្ដើមបើកដំបូង យើងយកអតីតនិស្សិត ដែលមិនទាន់រៀនចប់បញ្ចូលទៅក្នុងកន្លែងហ្នឹង។ បន្ថែមដោយយើងបើកជាបន្ដបន្ទាប់ នៃមហាវិទ្យាល័យ សាកលវិទ្យាល័យ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។
បច្ចុប្បន្ននេះ គ្រាន់តែក្របខណ្ឌគ្រូបង្រៀន គ្របដណ្ដប់ជិត ១២ ម៉ឺននាក់ ជាគ្រូដែលស្របជាមួយនឹងស្ដង់ដារតាមការរៀបចំរបស់យើង គឺ ១២ បូក ២។ ហើយនៅពេលខាងមុខនេះ យើងនឹងឈានទៅដល់ ១២ បូក ៤ ថែមទៀតផង។ ឯនៅទីនេះ សម្រាប់ការបណ្ដុះបណ្ដាលសាស្រ្តាចារ្យ គឺបរិញ្ញាបូក ១ ហើយប៉ុន្មានថ្ងៃខាងមុខ ក្នុងខែ មីនា នេះ ខ្ញុំនឹងមកចែកសញ្ញាបត្រ ហើយអ្នកទាំងនោះសុទ្ធតែទទួលសញ្ញាបត្រ ២ ដងពីខ្ញុំ។ គឺម្ដងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្ដងទៀតចេញពីសាលានេះ។ អញ្ចឹងបានជាថ្ងៃខាងមុខនេះ ខ្ញុំទៅសម្ពោធអគារសិក្សាមួយនៅទីរួមខេត្តកំពង់ចាម។ ចាងហ្វាងសាលា គឺធ្លាប់ទទួលសញ្ញាបត្រពីខ្ញុំ ២ ដង, ម្ដងគឺចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្ដងទៀតនៅហ្នឹងតែម្ដង ហើយមានមួយចំនួនទៀតក៏ដូចគ្នាដែរ។ ខ្ញុំមិនដែលខកខានជួបជាមួយនឹងគ្រូបង្រៀនរបស់យើងចេញទៅបង្រៀននោះទេ គឺតែងតែមកលើកទឹកចិត្ត …។
គ្រប់មជ្ឈដ្ឋានចូលរួមកម្ចាត់គ្រឿងញៀន
… ខ្ញុំព្រះករុណាខ្ញុំ សុំទី ១ អំពាវនាវពាក់ព័ន្ធ និងការចូលរួមរបស់ព្រះសង្ឃ និងរបស់ប្រជាពលរដ្ឋ ទៅលើការប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន ដែលយើងកំពុងមានយុទ្ធនាការក្ដៅ។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវនេះ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យហេតុការណ៍នៅកម្ពុជា វារីករាលដាលឈានទៅសង្រ្គាមគ្រឿងញៀនដូចនៅប្រទេសម៉ិចស៊ិក ឬនៅបណ្ដាប្រទេសនានានៅអាមេរិកឡាទីន ដែលគ្រាន់តែសង្រ្គាមគ្រឿងញៀននេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់។ យើងមានបញ្ហា។ យើងត្រូវដោះស្រាយបញ្ហារបស់យើងតាមរយៈការចូលរួម មិនអាចប្រើវិធានការរដ្ឋបាលសុទ្ធសាធ និងប្រើច្បាប់សុទ្ធសាធ ដើម្បីនឹងបង្រ្កាបគ្រឿងញៀននោះទេ។ អ្នកដែលញៀនថ្នាំ មិនមែនជាឧក្រិដ្ឋជននោះទេ ក៏ប៉ុន្តែ គឺជាជនរងគ្រោះទៅវិញ។ អ្នកលក់ និងចែកចាយគ្រឿងញៀនទើបជាឧក្រិដ្ឋជន។ អ្នកដែលញៀនថ្នាំ គួរឲ្យអាណិត ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ ហើយវិធីសាស្រ្តដែលល្អ មិនមែនវិធីសាស្រ្តប្រមូលផ្ដុំពួកគេទៅដាក់មួយកន្លែងនោះទេ។
… យកល្អនៅពេលហ្នឹង ឆ្លៀតពេលដែលរាជរដ្ឋាភិបាលបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន គឺឪពុកម្តាយ ជីដូនជីតា ឬបងប្អូន ឲ្យកូននៅបន្សាបគ្រឿងញៀននៅផ្ទះ ជួនកាលចេញទៅ វាមិនមែនត្រឹមតែពាក់ព័ន្ធជាមួយនឹងការទៅសេពគ្រឿងញៀនទេ ជួនកាលវាពាក់ព័ន្ធនឹងរឿងអីផ្សេងថែមទៀត ដែលអាចធ្វើឲ្យកូនក្លាយទៅជាអ្នករងគ្រោះកាន់តែខ្លាំង។ ដូច្នេះ អំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីនេះ។ មានតែវិធីនេះទេ ដែលយើងអាចនឹងរក្សាបាននូវសេចក្តីសុខសម្រាប់កូនចៅរបស់យើង ដែលគ្នាបានក្លាយទៅជាជនរងគ្រោះ ដោយសារគ្រឿងញឿននេះទៅហើយ ហើយគេមិនក្លាយទៅជាអ្នកទោសនៅតាមពន្ធនាគារ ឬគេក៏មិនចង់ទៅនៅកន្លែងដែលមានការប្រមូលផ្តុំនោះដែរ។ … គ្មានអ្នកណាមានលទ្ធភាពលើសពីក្រុមគ្រួសារ ដែលជាឪពុក ជាម្តាយ ជាបង ជាប្អូន ឬក៏ជាជីដូនជីតា អាណាព្យាបាលនោះទេ។ យកល្អបន្សាបគ្រឿងញៀននៅនឹងផ្ទះ ល្អជាងបន្សាបគ្រឿងញៀននៅនឹងកន្លែងប្រមូលផ្តុំ ដែល(បន្ទាប់ពី)ត្រូវចាប់បានហើយ យកទៅដាក់នៅកន្លែងប្រមូលផ្តុំ។
មិនមែនជាការយកទៅធ្វើទណ្ឌកម្មអីទេ ប៉ុន្តែមានក្រុមគ្រួសារខ្លះគាត់ណែនាំមិនបាន គាត់យកទៅផ្ញើនៅកន្លែងបន្សាប អាហ្នឹងក៏មានមួយប្រភេទទៅ។ យើងក៏ចេះតែទទួល។ ប្តូរផ្តាច់អស់ ហើយថា ទៅវិញឈប់ហើយ មកវិញជួបអាពួកម៉ាកដដែល។ វាឲ្យផឹកដដែល។ ហើយមានករណីខ្លះ ការបន្ទោសមកលើសមត្ថកិច្ច បន្ទោសមកលើរាជរដ្ឋាភិបាល យើងគួរគិតមើលអញ្ចេះ រាជរដ្ឋាភិបាលគ្រប់គ្រងប្រជាពលរដ្ឋទៅដល់ជាង ១៥ លាននាក់។ វាលំបាកណាស់ ឯចំពោះគ្រួសារមួយគ្រប់គ្រងកូនតែ ៣ នាក់ គ្រប់គ្រងមិនបាន រួចហើយមកបន្ទោសរាជរដ្ឋាភិបាលគ្រប់គ្រងមនុស្សរាប់លាននាក់។ អញ្ចឹងទេ បើក្រុមគ្រួសារមិនចូលរួមទេ វាលំបាកហើយៗ អ្នកដែលលំបាក អ្នកដែលហូរទឹកភ្នែក គឺមាតាបិតា អាណាព្យាបាលហ្នឹងឯង ជីដូនជីតា … សុំចូលរួមទៅលើកិច្ចការងារនេះ។
មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ
ចំណុចទៅពីរ ដែលខ្ញុំព្រះករុណាខ្ញុំ អំពាវនាវដោយទទូច និងនៅតែបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុ ដែលឲ្យប្រាក់កម្ចីទៅប្រជាពលរដ្ឋទំាងអស់ សុទ្ធតែរបស់ឯកជន មិនមែនជារបស់រដ្ឋទេ។ កន្លងទៅនេះ មានការភ័ន្តច្រឡំធំណាស់ ដែល(ប្រជាពលរដ្ឋយល់)ថាជំពាក់ប្រាក់រដ្ឋ។ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាគ្មានសិទ្ធិឲ្យពលរដ្ឋខ្ចីទេ។ នេះជាច្បាប់តែម្តង។ អត់មានសិទ្ធិទេ។ មានលទ្ធភាពឲ្យរាជរដ្ឋាភិបាលខ្ចី ព្រោះប្រាក់ចំណូលរបស់រដ្ឋាភិបាលមួយផ្សេង (តែ)សល់ប្រាក់យកទៅផ្ញើនៅធនាគារ។ ធនាគារគេមិនត្រឹមតែឲ្យការប្រាក់ទេ ថែមទំាងយកកម្រៃជើងសារទៅទៀត។ ប៉ុន្តែ នៅពេលដែលរាជរដ្ឋាភិបាលខ្វះលុយ រាជរដ្ឋាភិបាលទៅខ្ចីពីធនាគារ ដើម្បីជំនួសឲ្យការលក់មូលប័ត្រ ព្រោះលក់មូលប័ត្រយើងជំពាក់ប្រជាជន។ កាលពីសម័យមុននោះទេ ដែលរាជរដ្ឋាភិបាលខ្វះប្រាក់ខែ(បើក)ឲ្យមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ កាលពីជាង ១០ ឆ្នំាមុននោះ ខ្ទង់រង្វង់ឆ្នំា ១៩៩៧, (ឆ្នំា)១៩៩៨, (ឆ្នំា) ១៩៩៩ មកដល់ឆ្នំា ២០០០ អីហ្នឹង បើកប្រាក់ខែយឺត។ អញ្ចឹង យើងទៅខ្ចីពីធនាគារជាតិ យកមកបើកបៀវត្សរ៍ឲ្យមន្ត្រីរាជការរបស់យើង។ ពេលនោះ យើងត្រូវសងទៅធនាគារវិញទំាងការទំាងដើម។ គេយកការប្រាក់ ប៉ុន្តែធនាគារនេះអត់មានសិទ្ធិឲ្យប្រជាពលរដ្ឋខ្ចីទេ។
ជាការភ័ន្តច្រឡំមួយធំណាស់ ដែលប្រជាពលរដ្ឋទៅខ្ចីទុនពីមីក្រូហិរញ្ញវត្ថុ ហើយចាត់ទុកថា ជារបស់រដ្ឋ ថែមទំាងបក្សប្រឆំាងទៅសន្យាថា បើខ្ញុំឈ្នះ ខ្ញុំនឹងលប់ចោលបំណុលទំាងអស់។ នេះជាគ្រោះមហន្តរាយ។ អ្វីដែលមហន្តរាយធំបំផុត គឺប្រជាជនជាប់បំណុលទំាងអស់ ហើយត្រូវគេរឹបអូសផ្ទះ។ ឥឡូវ យើងបានធ្វើយុទ្ធនាការមួយទូទំាងប្រទេស អប់រំប្រជាពលរដ្ឋឲ្យយល់ថា មីក្រូហិរញ្ញវត្ថុ គឺមិនមែនជារបស់រដ្ឋទេ គឺជារបស់ឯកជន។ … ខ្ញុំយកឱកាសនេះ និយាយទៅគ្រប់ស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និងបណ្តាអង្គភាព Online ក៏ដូចជាសារព័ត៌មាន (ជួយផ្សព្វផ្សាយ)។ ម្សិលមិញឲ្យ ឯកឧត្តម ប៊ិន ឈិន ពិនិត្យ ដល់ពិនិត្យទៅអត់ទាន់ឃើញចេញអីផង ចេញតែតាមវិទ្យុជាតិហ្នឹង។ ខ្ញុំសូមនិយាយខ្លួនឯងតែម្តង ទៅកាន់បណ្តាស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មាន ក៏ដូចជា ផ្នែក Online …។
ឥឡូវខ្ញុំសូមថា យុទ្ធនាការមួយឆ្នំាពេញ សារព័ត៌មានទំាងអស់ ព្រលឹមឡើងនៅក្បាលខាងលើ ដាក់តែម្តង មីក្រូហិរញ្ញវត្ថុទំាងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ … ឥឡូវប្រហែលជា ប៊ិន ឈិន កំពុងទៅពិនិត្យទៀតហើយ។ ពីម្សិលមិញហៅប្រជុំ។ ឥឡូវទំាងវិទ្យុ ទំាងទូរទស្សន៍ ចំាមើលវិទ្យុណាមិនផ្សាយ វិទ្យុហ្នឹងមានចេតនាឲ្យប្រជាជនភ័ន្តច្រឡំ។ កាសែតណាមិនផ្សាយ កាសែតហ្នឹងមានចេតនាឲ្យប្រជាជនភ័ន្តច្រឡំ។ យើងមិនទៅដាក់ទោសទណ្ឌអីគេទេ ក៏ប៉ុន្តែ យើងរង់ចំាមើល តើគេចង់ជួយប្រជាជន ឲ្យចេញផុតពីបំណុលទេ? បំណុលហ្នឹង បើសិនជាយកទៅធ្វើកិច្ចការដែលទាក់ទងជាមួយនឹងផលិតកម្ម គឺជាបំណុលដែលគួរត្រូវបានផ្តល់។ មីក្រូហិរញ្ញវត្ថុនេះមានប្រយោជន៍ ប៉ុន្តែ អ្វីដែលវាអត់ប្រយោជន៍ គឺវានៅត្រង់វាងាយពេក។ សូម្បីតែដូរស៊េរីម៉ូតូ ក៏ទៅខ្ចីមីក្រូហិរញ្ញវត្ថុបានដែរ …។
បើចង់លុបបំណុល ត្រូវធ្វើរដ្ឋប្រហារ
បក្សប្រឆំាងថា បោះ(ឆ្នោត)ឲ្យខ្ញុំទៅ ខ្ញុំលុបបំណុលចោល។ បំណុលនេះ លុបមិនបានទេ ខ្ញុំសូមជម្រាប បើចង់លុបបំណុល ត្រូវធ្វើរដ្ឋប្រហារមួយចំាបាច់។ រដ្ឋប្រហារនោះ រដ្ឋប្រហារធ្វើអី? គឺរំលាយចោលរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លុបចោលប្រព័ន្ធច្បាប់ទំាងអស់ ធ្វើជាតូនីយកម្មទំាងអស់។ អញ្ចឹង មានតែរត់មួយសារទៀត (ដូច)ប៉ុល ពត មួយសារទៀត។ រឿងនេះត្រូវឲ្យច្បាស់ជាមួយគ្នា។ … អំពាវនាវគ្រប់ប្រព័ន្ធ ទូរស័ព្ទទំាងអស់ បញ្ចូលទៅក្នុងទូរស័ព្ទដៃ ហៅទៅឮតែសម្លេងស្រែកថា មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ។ ខ្ញុំប្រជុំតាំងពីថ្ងៃ សុក្រ (សប្តាហ៍មុន) ធ្វើឲ្យស្រូត។ តាម SMS ក៏ធ្វើបានដែរ។ ពេលទូរស័ព្ទវារោទិ៍ (អោយ)ចេញជាចម្រៀង ចុះឥឡូវយើងធ្វើឲ្យវាឮ មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋ គឺជារបស់ឯកជន ទាំងអស់គ្នាអញ្ចឹងទៅ រួចហើយវាយសារចេញតាម SMS ដាក់ទៅអញ្ចឹងតែម្តង … លេងតាមប្រព័ន្ធ IT លេងតាមគ្រប់មធ្យោបាយទាំងអស់ …។
បញ្ហា logo របស់ប្រាសាក់/ធនាគារជាតិជាអ្នកដើរតួនាទីធំជាងគេលើយុទ្ធនាការនេះ
… អ្នកដែលធ្វើបានច្រើនទៅជាក្រសួងពាណិជ្ជកម្មវិញទេ។ ឥឡូវ ខ្ញុំមានភស្តុតាងមួយ ដែលគួរតែឆ្ងល់ទាំងអស់គ្នា។ រឿង អេស៊ីលីដា។ អរគុណដែលបានកែភ្លាមៗ សុខចិត្តចំណាយលុយ ដើម្បីធ្វើការកែ។ ប៉ុន្តែ ខ្ញុំអត់យល់ទេជាមួយនឹងមីក្រូហិរញ្ញវត្ថុ មួយឈ្មោះថា ប្រាសាក់ គាត់ដាក់(logo)កណ្តាលនេះ លោកជំទាវមានឃើញទេ? ក្រសួងពាណិជ្ជកម្ម មានឃើញទេ “រររ” (រ ៣ ដង)។ អញ្ចឹង ទីចុងបំផុត ភាពច្រឡំរបស់គាត់ តើនោះជារៀល ឬជារដ្ឋ? អញ្ចឹង (អាចច្រឡំ)វាថា “រដ្ឋរដ្ឋរដ្ឋ” ដល់ទៅ ៣ ដង។ អញ្ខឹង ប្រជាជននៅជំពាក់លុយរដ្ឋ។ បូកនឹងប្រជាជនគាត់(គិត)ថា ជំពាក់លុយអង្គការ ដល់អង្គការគាត់សំដៅមកលើរដ្ឋទៀត អញ្ចឹងមួយប្រទេសច្រឡំ។ ដើម្បីបំបាត់ការភ័ន្តច្រឡំ ត្រូវធ្វើកិច្ចការទាំងអស់គ្នា ហើយអ្នកដែលដើរតួនាទីធំ គឺធនាគារជាតិ បើពាក់ព័ន្ធទៅលើបញ្ហាព័ត៌មាន ត្រូវទាក់ទងទៅរកក្រសួងព័ត៌មាន …។
បើសិនគ្មាននាយករដ្ឋមន្ត្រីពិត ក៏គ្មាននាយករដ្ឋមន្ត្រីស្តីទីដែរ
… បើនាយករដ្ឋមន្ត្រីនិយាយច្រើនពេក គេថា អំណាចនៅនាយករដ្ឋមន្ត្រី។ (អីចឹង) អ្នកឯងទើបដឹងថានាយករដ្ឋមន្ត្រីមានអំណាចទេ? នាយករដ្ឋមន្ត្រីគេឲ្យអំណាច … គឺនាយករដ្ឋមន្ត្រីហ្នឹង មានអ្នកណាធំជាងនេះទៀត ខាងផ្នែកនីតិប្រតិបត្តិ? អ្នកខ្លះថា អំណាចនៅលើតែវា ហើយចុះបើរដ្ឋធម្មនុញ្ញចែកអំណាចឲ្យវាអញ្ចឹង? នៅក្នុង(រដ្ឋធម្មនុញ្ញ)គេចែងច្បាស់ ដឹកនាំនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស។ រួចទៅមានអ្នកខ្លះគេឆ្ងល់ម៉េចទេ ដូចជាមានបញ្ហាអី រវាងនាយករដ្ឋមន្ត្រីស្តីទី និងនាយករដ្ឋមន្ត្រី ចេញទៅក្រៅប្រទេស? បានខ្ញុំនិយាយទៅវិញ បើអត់មាននាយករដ្ឋមន្ត្រីពិតប្រាកដ វាអត់មាននាយករដ្ឋមន្ត្រីស្តីទីទេ។ រដ្ឋធម្មនុញ្ញគេចែងច្បាស់ណាស់ថា ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយនឹងត្រូវរៀបចំឡើងវិញ ស្របតាមមាត្រាដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានន័យយ៉ាងដូច្នោះថា បើនាយករដ្ឋមន្ត្រីស្លាប់ភ្លាម គណៈរដ្ឋមន្ត្រីទាំងមូលនឹងរលាយជាស្វ័យប្រវត្តិ និយាយឲ្យច្បាស់។ … បើអត់មាននាយករដ្ឋមន្ត្រីផ្លូវការទេ អត់មាននាយករដ្ឋមន្ត្រីស្តីទីបានទេ។ តិចថានាយករដ្ឋមន្ត្រីហ្នឹងចេញដំណើរទៅស្រុកក្រៅ អត់អំណាចសម្រេចកិច្ចការក្នុងប្រទេស។ មិនមែនទេ។ ស្តាប់ឲ្យច្បាស់ បើបានជាជ្រុលធ្វើជាអ្នកវិភាគ។
អ្នកវិភាគ អ្នកថា និងអ្នកជេរ
… ស្រុកខ្មែរ មានអ្នកវិភាគ អ្នកថា និងអ្នកជេរ។ ខ្ញុំចូលចិត្តណាស់អ្នកវិភាគ ឲ្យតែអ្នកឯងចូលក្នុងកម្រិតវិភាគពិតប្រាកដ ប៉ុន្តែ បើអ្នកឯងចូលជេរហើយ អាហ្នឹងច្បាប់គេចែងឲ្យអ្នកឯងមានទោស។ ត្រូវតែមានទោស។ យើងពិនិត្យមើលកាលពីសម័យមុន ឧទាហរណ៍៖ និយាយពីបញ្ហាទាក់ទិនដល់រឿងទុំទាវ គេឲ្យវិភាគ តើថាតួអង្គណាយ៉ាងម៉េចៗ គេឲ្យកូនសិស្សហ្នឹងវិភាគ តើកំហុសនេះជាកំហុសយាយផាន់ ឬអរជូន? តើជាកំហុសរបស់ស្តេច ឬកំហុសរបស់ទុំ អំពីការមិនប្រើរាជសារដើម្បីការពារខ្លួន។ គេឲ្យយើងវិភាគ ខ្ញុំចូលចិត្តណាស់ … ប៉ុន្តែ មិនមែនមកវិភាគ “អានេះសម្លាប់អានោះ អានោះសម្លាប់អានោះ” (ទេ)។ អញ្ចឹងមានតែព្រៃសទេ … យក Clip មកមើលទៅ។ សូមចាំ ក្នុងចំណោមយុវជនយើង ក្នុងចំណោមប្រជាជនយើង សេរីភាពរបស់យើងមានព្រំដែនជាមួយសេរីភាពរបស់អ្នកដទៃ។ … គេថា បើបានជេរ ហ៊ុន សែន ទើបល្បីឈ្មោះ ហើយស្អីឈ្នះៗ។ ខ្ញុំមិនទាន់ឃើញថា សញ្ញាឈ្នះនៅត្រង់ណា? ចាំឈ្នះសិនទៅចាំប្រកាស។ មានអ្នកខ្លះហ៊ានអះអាងថា ដល់ឆ្នាំ ២០១៨ នឹងត្រូវបង្ក្រាបយើងទៅទៀត ព្រោះយើងអត់ទទួលស្គាល់លទ្ធផលបោះឆ្នោត។ វាអាចទាញដឹងដល់ឆ្នាំ ២០១៨ ថាវាឈ្នះ ហើយបើមិនប្រគល់អំណាចវានឹងបង្ក្រាប។ ចាំបោះឆ្នោតហើយ ចាំក្រុមប្រឹក្សាធម្មនុញ្ញប្រកាស រួចហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស(ជា)ផ្លូវការបានទេ? ម៉េចក៏ចាំបាច់ប្រកាសពីឥឡូវ? ប្រកាសលទ្ធផលបោះឆ្នោតពីឥឡូវ ដែលមិនទាន់បានបោះផង …។
ព្រំប្រទល់ នៃសេរីភាព(សិទ្ធិ)
ទី ២ ព្រំប្រទល់នៃសេរីភាពរបស់យើង មានព្រំប្រទល់ជាមួយនឹងសេរីភាពរបស់អ្នកដទៃ។ មិនអាចបំពាន។ បើអ្នកឯងទៅប៉ះសេរីភាពរបស់អ្នកដទៃ គឺច្បាស់ជាមានរឿងហើយ មិនថារឿងជាមួយនឹង បុគ្គល និងបុគ្គល ឬនីតិបុគ្គល និងបុគ្គល ឬនីតិបុគ្គល និងនីតិបុគ្គលទេ។ សូម្បីតែព្រំដែននៃស្ថាប័នរបស់ជាតិ ក៏ត្រូវមានចែងបទដ្ឋានកំណត់របស់វា។ ឧទាហរណ៍៖ ច្បាប់ស្តីពីការបង្កើតក្រសួងផែនការ បន្ទាប់ទៅត្រូវមានអនុក្រឹត្យ ស្តីពី ការរៀបចំ ការប្រព្រឹត្តទៅនៃក្រសួងផែនការ។ ការរៀបចំនេះ មិនត្រូវឲ្យជាន់ទៅលើតួនាទីភារកិច្ចរបស់ស្ថាប័នដទៃនោះទេ។ គេមានព្រំដែនរបស់គេ។ អត់ព្រំដែន ឡើងមកទរខ្ទេច។ ខ្ញុំចូលចិត្តណាស់អ្នកវិភាគ ព្រោះខ្ញុំក៏ជាអ្នកវិភាគដែរ។ បើសិនជាខ្ញុំមិនចេះវិភាគទេ តើខ្ញុំមានលទ្ធភាពដើម្បីនឹងនាំប្រទេសចេញពីរបប ប៉ុល ពត និងទប់ស្កាត់ ប៉ុល ពត និងនាំមកសន្តិភាព សម្រាប់ប្រទេស ហើយឈានមកអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ? សូម្បីតែបោះឆ្នោតនៅអាមេរិក ៩៩ ភាគរយ នៅស្រុកខ្មែរថា Hilary Clinton ឈ្នះ ក្នុងមួយភាគរយដែលថា Donald Trump ឈ្នះ (ក្នុងនោះ) មាន ហ៊ុន សែន(ដែរ)។ ម្សិលមិញ ខ្ញុំវិភាគឲ្យខាងសមាគមនារីស្តាប់ថា មូលហេតុអ្វីបានខ្ញុំហ៊ានថា …។
ហាមមន្រ្តីនៅមូលដ្ឋាន ចូលពាក់ព័ន្ធនឹងរឿងរឹបអូសផ្ទះ រឹបអូសដី
… ព្រះតេជព្រះគុណ ដល់ទេសនា ព្រះតេជព្រះគុណជួយផង។ ក្រែងរាល់ថ្ងៃ នៅរៀនផងទៅសូត្រមន្តដែរតើអី ទេសនាដែរ ប្រាប់ថា កុំ(ប្រើ)គ្រឿងញៀនអី។ ទេសនាថា ខ្ចីលុយគេ ត្រូវយកទៅប្រើត្រូវគោលដៅ មានផលិតកម្ម ដើម្បីមានប្រាក់សងគេទាំងការទាំងដើម។ ខ្ញុំដឹងថាមានការប្រជុំដោះស្រាយ ហើយណែនាំឲ្យមីក្រូហិរញ្ញវត្ថុកំណត់ថា បើអ្នកឯងខ្ចីទៅ សួរថាខ្ចីយកទៅធ្វើអី បើគ្រាន់តែខ្ចីទៅយកទៅដូរម៉ាកម៉ូតូទេ អត់(អោយ)ទេ។ អត់មានសមត្ថភាពសងទេ។ ប៉ុន្តែ ពួកនេះចូលចិត្តឲ្យខ្ចី ដើម្បីងាយរឹបអូសដី និងផ្ទះ។ ហាមមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ចូលពាក់ព័ន្ធ ទៅរឹបអូសផ្ទះ រឹបអូសដី។ ហាមមិនឲ្យប្រើទេ។ កន្លែងខ្លះសូម្បីតែនៅខណ្ឌដង្កោនេះ … ទៅចាក់សោរគ្នាប្រឹបៗ ដែលគ្នាប្រុងយកលុយទៅសងហើយ។ ហ្នឹងជារបៀបឆក់ប្លន់តែម្តង។ ធុនហ្នឹង (ត្រូវតែ)ដក License តែម្តង មិនឲ្យធ្វើសកម្មភាពបន្តទៅទៀត។ កន្លងទៅធ្វើខុសច្បាប់ច្រើនណាស់ ហើយចេញថាឈ្មោះអង្គការ។ អង្គការនេះវាកើតតាំងពីជំនាន់ ប៉ុល ពត អង្គការជំនាន់ ប៉ុល ពត គឺរដ្ឋ។ ដល់ឥឡូវជំពាក់អង្គការ (ប្រជាពលរដ្ឋ)គាត់ថាអាហ្នឹងរដ្ឋ ថែមដោយសញ្ញា អេស៊ីលីដា គឺសញ្ញារបស់ក្រសួងហិរញ្ញវត្ថុ គ្រាន់តែហង្សមួយបែរមុខទៅស្តាំ មួយបែរមុខទៅផ្សេង។ ប៉ុន្តែ អេស៊ីលីដា គាត់ចំនាយ ៣ លានកន្លះ ដើម្បីប្តូរ។ ផ្តាំទៅប្រាសាក់ដូរឲ្យលឿន។ ហៅមក កុំចាំជូនដំណឹងអីយូរពេក។ ហៅយកមកបង្ខំឲ្យដូរ។ បើថាមិនដូរទេ ធនាគារជាតិដក License … យើងប្រើវិធានការណ៍បែបនេះ អប់រំពន្យល់អ្នកឯង។ បើអ្នកឯងធ្វើតាម យើងអរគុណ។ អ្នកឯងមិនធ្វើតាម ជម្រើសរបស់យើងនៅសល់ គឺមិនចាំបាច់ប្រើប្រព័ន្ធតុលាការទេ អំណាចនៅលើយើងស្រាប់ហើយ។ យើងអ្នកឲ្យយើងក៏អាចដកមកវិញបានដែរ។
រឿងរបស់ខ្មែរ គឺខ្មែរអ្នកដោះស្រាយ
ហើយចុងក្រោយសុំផ្តាំផ្ញើ គ្មានអ្នកណាស្រលាញ់ខ្មែរយើងជាងខ្មែរយើងទេ។ បរទេសនានាគួរតែត្រូវយល់ ថារឿងរបស់ខ្មែរ គឺខ្មែរអ្នកដោះស្រាយ។ ពិតមែនខ្ញុំត្រូវការជំនួយអ្នកឯង ត្រូវការរកស៊ីជាមួយអ្នកឯង ត្រូវការសហប្រតិបត្តិការជាមួយអ្នកឯង ក៏ប៉ុន្តែកិច្ចការផ្ទៃក្នុងរបស់អ្នកឯងខ្ញុំមិនបានជ្រៀតជ្រែកទេ តែក៏មាន សំណូមពរត្រឡប់មកវិញ កិច្ចការរបស់ខ្ញុំអ្នកក៏មិនត្រូវេជ្រៀតជ្រែកដែរ។ កាលពេលដែលអ្នកឯងទម្លាក់ គ្រាប់បែកលើប្រទេសខ្ញុំ សម្លាប់ប្រជាជនខ្ញុំ អ្នកឯងបានគិតដល់សិទ្ធិមនុស្សទេ? មកដល់ពេលនេះអ្នកឯង បានមានថ្លែងការណ៍ជាសាធារណៈថា មានការសោកស្តាយ ដែលបានទម្លាក់គ្រាប់បែកនៅកម្ពុជា ឬបាន គាំទ្រ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ហើយបន្តទៅគាំទ្រ លន់ នល់ ឲ្យបំផ្លាញប្រទេស កម្ពុជា និងនាំគ្រាប់បែកមកដាក់នៅប្រទេសកម្ពុជា។ បន្ទាប់ទៅអ្នកឯងគាំទ្រ ប៉ុល ពត នៅអង្គការសហប្រជាជាតិ។ អ្នកឯងមានដែលបានគិតពិសិទ្ធិមនុស្សនៅកម្ពុជាទេ?
ច្បាប់នៅកម្ពុជា ដែលរដ្ឋសភាអនុម័ត មិនមែនជាច្បាប់សម្លាប់ប្រជាជនកម្ពុជាដូចដែលអ្នកឯងធ្លាប់សម្លាប់ប្រជាជនកម្ពុជាទេ។ ខ្ញុំមិននិយាយចំឈ្មោះអ្នកណាទេ។ ប៉ុន្តែ ក្នុងឋានៈជារដ្ឋអធិបតេយ្យ យើងត្រូវតែផ្តាំផ្ញើចំពោះអ្នក។ សូមអ្នកគោរពឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ រឿងរ៉ាវរបស់អ្នកដែលទៅបំផ្លាញប្រទេសដទៃ មិនទាន់ចប់សព្វគ្រប់ទេ ឬអី? អ្នកបំផ្លាញប្រទេសរបស់ខ្ញុំ គ្រាប់បែកនៅច្រើនណាស់។ អ្នកមិនទាន់បានដោះស្រាយផង។ អ្នកទៅបំផ្លាញនៅអ៊ីរ៉ាក់, លីប៊ី, ស៊ីរី និងប្រទេសមួយចំនួនផ្សេងទៀត តើអ្នកបានឃើញសោកនាដកម្មនៅទីនោះទេ? ឬអ្នកចង់បង្កើតបញ្ហានេះនៅកម្ពុជាសាជាថ្មី? ធ្វើការដោយមានកិច្ចសហប្រតិបត្តិការ ដោយស្មើភាពនឹងស្មើសិទ្ធិ កម្ពុជាមិនអាចទទួលយកបាននូវការជ្រៀតជ្រែកណាមួយពីបរទេស។ អ្នកមកប្រទេសកម្ពុជា អ្នកត្រូវគោរពច្បាប់របស់កម្ពុជា។ ផលប្រយោជន៍របស់អ្នក និងផលប្រយោជន៍របស់ខ្ញុំដូចគ្នាទេ។ ប្រទេសខ្ញុំតូច តែខ្ញុំមានឯករាជ្យ អធិបតេយ្យរបស់ខ្ញុំ។
ប៉ុន្មានថ្ងៃនេះ វាមានបញ្ហាខ្លះ។ ខ្ញុំសុំចោទជាសំណួរត្រឡប់ទៅវិញ ពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើ ប្រទេសខ្ញុំ អ្នកឯងមានដែលគិតពីសិទ្ធិពលរដ្ឋខ្ញុំទេ? អ្នកឯងអត់បានគិតទេ? សូម្បីតែទីអារាមមួយចំនួន ត្រូវគ្រាប់បែក(ទម្លាក់លើ) អ្នកឯងបានគិតទេ? ឥឡូវ ទើបអ្នកឯងភ្ញាក់ខ្លួន។ នៅពេលដែលគេធ្វើច្បាប់ ដើម្បីឯកភាពជាតិ ដើម្បីការគោរពទាំងអស់គ្នា អ្នកឯងបែរជាចាត់ទុកថា ជាការកាត់បន្ថយសិទ្ធិ។ គេមិនដែលធ្វើច្បាប់ដើម្បីឲ្យប្រទេសជាតិបែកបាក់ទេ។ ច្បាប់បានចែងច្បាស់ថែមទៅទៀត អ្នកណាក៏ដោយដែលធ្វើអបគមន៍ស្អីៗនេះ មានចរិតបំបែកបំបាក់ជាតិនេះ ត្រូវមានទោស។ ន័យកន្លែងនេះគេអាចយល់បានថា ប្រទេសនេះត្រូវតែមានឯកភាព ឬមួយអ្នកប៉ុនប៉ងចូលធ្វើបដិវដ្តពណ៌ បានជាអ្នកចង់ចិញ្ចឹមចិត្តថែរក្សានូវចំណុច ទាក់ទិនជាមួយនឹងការមិនអនុញ្ញាតឲ្យមានការបង្កើតកម្លាំង ឬតំបន់អបគមន៍?
កម្ពុជា ជាប្រទេសមួយតំបន់ត្រួតត្រាមួយ ព្រះមហាក្សត្រមួយ រដ្ឋធម្មនុញ្ញមួយ និងរាជរដ្ឋាភិបាលមួយ
ទម្រាំរកបានឯកភាពជាតិនេះ ស្ទើរតែស្លាប់ជីវិត។ ពី(ឆ្នាំ) ១៩៩៨ មកដល់បច្ចុប្បន្ន ប្រទេសមួយតំបន់ត្រួត ត្រាមួយ ដែលកាលពីមុនៗមក ប្រទេសមួយតំបន់ត្រួតត្រាមិនតិចជាងពីរក្នុងពេលតែមួយ។ ពីមុនខ្មែរក្រហម, ខ្មែរស, ខ្មែរខៀវ, ខ្មែរស៊ីជម្ពូ, ខ្មែររដ្ឋាភិបាល។ (ឆ្នាំ) ១៩៧០-១៩៧៥ ខ្មែរតំបន់រំដោះ, ខ្មែរតំបន់ ទីក្រុង និយាយឲ្យចំខ្មែរខាង សម្តេចព្រះ នរោត្តម សីហនុ ខ្មែរខាងសេនាប្រមុខ លន់ នល់។ ដល់ទៅ(ឆ្នាំ) ១៩៧៥-១៩៧៩ ខ្មែរក្នុងដំណាក់កាល ប៉ុល ពត ក៏មិនអាចត្រួតត្រាទឹកដីទាំងអស់ហ្នឹងបានដែរ បើត្រួតត្រាបាន តើខ្ញុំទៅនៅឯណា? វាមានតំបន់តស៊ូក្នុងស្ថានភាពស្បែកខ្លា។ (ឆ្នាំ) ១៩៧៩ ទល់ (ឆ្នាំ) ១៩៩៣ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាបួន រដ្ឋបាលក្រុងភ្នំពេញ, រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ, រណសិរ្សហ៊្វុនស៊ិនប៉ិច និងកម្ពុជាប្រជាធិបតេយ្យ។ (ឆ្នាំ) ១៩៩៣-១៩៩៨ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាពីរ រាជរដ្ឋាភិបាលនៅភ្នំពេញ និងខ្មែរក្រហម ដែលនៅត្រួតត្រាតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងតំបន់ខ្លះទៀតនៅផ្ទៃក្នុងប្រទេស ដោយយកអន្លង់វែងធ្វើជាទីក្រុង រហូតទៅដល់បោះលុយចាយទៅទៀត។ ប៉ុន្តែ ពី(ឆ្នាំ) ១៩៩៨ មកដល់បច្ចុប្បន្ននេះ គឺប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាមួយ ក្រោមរដ្ឋធម្មនុញ្ញមួយ, ព្រះមហាក្សត្រតែមួយ, រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។
អ្នកត្រូវឃើញចំណុចអស់ទាំងនេះ។ ប្រទេសកម្ពុជាបែកបាក់ធ្ងន់ធ្ងរដោយសារពួកអ្នកឯង។ ឥឡូវ សុំអ្នក ឯងកុំធ្វើរឿងច្រំដែលនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកវិភាគត្រូវឲ្យច្បាស់ថា ជាអ្នកវិភាគ កុំធ្វើជាអ្នកជេរ និងអ្នកនិយាយ ត្រូវនិយាយក្នុងក្របខណ្ឌវិភាគ។ ចេញមកវាទៅជាអញ្ចេះ ចេញមកវាទៅជាអញ្ចុះ។ អើ! វិភាគទៅ សភាពការណ៍វាយ៉ាងម៉េចអីយ៉ាងម៉េច វិវឌ្ឍន៍ខាងនយោបាយ, ខាងសេដ្ឋកិច្ច, ខាងស្អីវិភាគទៅ។ … ថ្ងៃមុនខ្ញុំនិយាយលេង បានកើតរឿងមួយលេងទៅ។ សុទ្ធតែបណ្ឌិតនេះបណ្ឌិតនោះ។ ខ្ញុំនិយាយលេងថា ខ្ញុំឪបណ្ឌិត។ គេចាប់វ៉ៃ(ប្រហារ)ខ្ញុំរឿងឪបណ្ឌិត … ឥឡូវ បើខ្ញុំនិយាយថា ខ្ញុំជាឪទាហាន ក៏ត្រូវដែរ ព្រោះកូនខ្ញុំវាធ្វើ(ជា)ទាហាន។ រួចកូនខ្ញុំបណ្ឌិតពីររូប បណ្ឌិតពីអង់គ្លេសមក អនុបណ្ឌិតពីអាមេរិក បណ្ឌិតចេញពីអង់គ្លេសមកពីរនាក់ប្តីប្រពន្ធ ហើយអនុបណ្ឌិតប៉ុន្មាននាក់ទៀត ទាំងកូនបង្កើតទាំងកូនប្រសារ។ អញ្ចឹង ខ្ញុំនិយាយលេងថា អ្នកឯងបណ្ឌិត ខ្ញុំឪបណ្ឌិត។ អញ្ចឹង ខ្ញុំសុំបញ្ជាក់ ន័យត្រង់កន្លែងនេះ ខ្ញុំមិនមែនចង់និយាយថា ខ្ញុំពូកែជាងបណ្ឌិតទេ …៕