FN ៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។
អគារសិក្សាមួយខ្នងបីបន្ទប់នេះ ត្រូវបានផ្ដល់ជូនដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យស្ថានភាពជាក់ស្ដែងរបស់សាលា។
ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។
លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាពចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។
លោកនាយកសាលាបានអោយដឹងទៀតថា «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀនគឺមានការថយចុះពីមួយឆ្នាំ
ទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា មួយវិញទៀតអគារកំពុងសិក្សាមានភាពចាស់ទ្រុតទ្រោមខ្លាំងពេកទើបធ្វើឲ្យ ឪពុក ម្ដាយសិស្ស បង្ខំចិត្តបញ្ជូនកូនទៅរៀននៅសាលាឆ្ងាយពីផ្ទះប្រមាណជាងពីគីឡូម៉ែត្រ ព្រោះដើម្បីសុវត្ថិភាពរបស់កូនខ្លួន»។
ដើម្បីកាត់បន្ថយនៅភាពលំបាករបស់កូនសិស្សា សម្ដេចតេជោ បានសម្រេចសម្រេចផ្ដល់អគារសិក្សាមួយខ្នង ទៅឲ្យសិស្សសាលា
បឋមសិក្សាសំប៉ាន់ ដើម្បីផ្ដល់នូវសុវត្ថិភាព ភាពងាយស្រួលដល់កូនក្មួយតូចៗ និងជៀសវាងការធ្វើដំណើរទៅសិក្សានៅសាលាឆ្ងាយពីផ្ទះ ហើយនេះគឺជាការរួមចំណែកមួយដើម្បីបណ្ដុះបណ្ដាល ធនធានមនុស្ស និងលើកកម្ពសវិស័យអប់រំនៅកម្ពុជា៕