សូមក្រាបថ្វាយបង្គំ(ស្តាប់មិនបាន) ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ ហាគឹមទួន និងបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តមអគ្គរដ្ឋទូត Xiong Bo នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ ពីការធ្វើដំណើរមកកាន់ទីនេះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៣ បើកការដ្ឋាននៅត្រើយម្ខាងខាង ណោះ និងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ បានមកភ្ជាប់តំណ ដើម្បីតភ្ជាប់ស្ពាននោះ។ ហើយក៏មានសំណូមពរដើម្បីឲ្យបងប្អូនបានឆ្លងពេលភ្ជុំបិណ្ឌ និងថ្ងៃនេះទៀតបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ដែលឆ្លងកាត់ទន្លេបាសាក់។
សមិទ្ធផលថ្មីលើទឹកដីចាស់
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែសមិទ្ធផលថ្មីនៅលើទឹកដីចាស់នេះ បានកើតចេញជា រូបរាង ហើយផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ ក្នុងនោះក៏មាន លោកយាយ លោកតា លោកអ៊ំ មាមីង ដែលបាននៅរស់រានមានជីវិតបន្សល់ទុកពីសម័យសង្គ្រាម និងរបបប្រល័យពូជ សាសន៍ ប៉ុល ពត ក៏បានឆ្លងកាត់នៅទីនេះផងដែរ។ សង្ឃឹមថា ចៅៗនឹងដឹកជីដូនជីតា មកដើម្បីពិនិត្យមើលស្ពាននេះ ឲ្យគាត់បានឆ្លងស្ពាននេះមុនពេលដែលគាត់ចែកឋានទៅ។ មិនមែនបានសេចក្តីថាធ្វើម៉េចឲ្យគាត់ចែកឋានទៅឲ្យលឿននោះទេ ប៉ុន្តែ យ៉ាងណាក៏ដោយ សុំថាឲ្យបានឆ្លងស្ពានហ្នឹងម្តង ព្រោះមិនងាយទេ តាំងពីណាពីណីមក កុំថាឡើយស្រម៉ៃទៅដល់បានស្ពានថ្ម សូម្បីតែស្ពានប្ញស្សី ឬស្ពានឈើ ក៏មិននឹកស្រម៉ៃថាបានផង។ ទន្លេនេះ ចាត់ទុកថាជាទន្លេមួយដែលតូច គឺត្រឹមតែ ៤១៥ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ យើងមានស្ពានដែលឆ្លងកាត់ទន្លេមេគង្គ ដែលមានចម្ងាយជាង ២ គីឡូម៉ែត្រ ឬក៏ជិត ២ គីឡូម៉ែត្រ ឯ ណោះ …។
កោតសរសើរ ចំពោះក្រសួង និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឲ្យសមិទ្ធផលនេះកើតចេញជារូបរាង
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹក ជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមជាមួយ នឹងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន ដើម្បីធ្វើឲ្យសម្រេចនូវសមិទ្ធផលនេះឡើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ ចំពោះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្បាល ស្ពានទាំងសងខាងនេះ ដែលបានបង្កលក្ខណៈឲ្យស្ពានរបស់យើង បានដំណើរការរហូតចប់ចុងចប់ដើម ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាត្រូវឆ្លងឲ្យដល់ម្ខាងទៀត ហើយនឹងមិនធ្វើដំណើរបកក្រោយទេ។ អ្នក ណាចង់តាមក៏តាម។ ខ្ញុំទៅខាងណោះហើយ ខ្ញុំអត់ទៅតាមណេះវិញទេ។ ទៅឲ្យវាស្គាល់ខាងណោះ យើងកាត់ទៅខាងណោះ ដូចជាមាន៖ តាលាន់, ត្រើយស្លា ស្វាយប្រទាល ឡើងទៅលើខាងណោះ ប៉ុន្តែ គ្រាន់តែថា មិនដាក់បារ៉ាស់ទេ គឺថា មិនដឹងជិះឡានមួយណាទេ។
ឆ្លើយតបសំណួរ ដែលថាសម្តេចមើលតែទូរស័ព្ទ
ព្រឹកមិញហ្នឹងចេញពីភ្នំពេញមក ព្យាណូបាក់ខ្ទង់ ស្តាប់ចម្រៀងលេង មើលព័ត៌មានអីអញ្ចឹងទៅ ហើយគេវ៉ៃ WhatsApp, Line ស្អីៗ ព័ត៌មានច្រើនណាស់ … ឥឡូវនេះ កំពុងផ្សាយបន្តផ្ទាល់ដោយមួយគឺផ្សាយដោយ Fresh News ឯមួយទៀត គឺផ្សាយដោយ Page របស់នាយករដ្ឋមន្ត្រី។ ហើយ Page របស់នាយករដ្ឋមន្ត្រីមានចៅម្នាក់ ប្រហែលជាចៅហើយមើលទៅ ថាលោកតាមើលតែទូរស័ព្ទ។ ចៅអើយចៅ បើតាមិនមើលទូរស័ព្ទទើបវាចម្លែក … តាសុំឆ្លើយអញ្ចេះ តាមើលទូរស័ព្ទហ្នឹងបានប្រយោជន៍ខ្លាំងណាស់ ព្រោះម្យ៉ាងគឺថា ការផ្សាយបន្តផ្ទាល់ផង តែម្យ៉ាងទៀត គឺគ្រាន់តែមើលអានេះ ទើបអាចដឹងបានថា យើងវាមានតម្រូវការយ៉ាងម៉េចថែមទៀត។ នេះគឺជាផែនទីតែម្តង ជាផែនទីដែលយើងកំពុងស្ថិតនៅ (បើមើល) ត្រឡប់ក្រោយ ព្រោះយើងអត់ទាន់ចប់ទេ វានៅតភ្ជាប់ទៅព្រៃកប្បាស វានៅតភ្ជាប់ទៅលើកដែកឯណោះ។ អញ្ចឹង បានជាមើលហ្នឹង … បើតាមិនកាន់ទូរស័ព្ទ គឺថា តាខ្ជិល។ អ្នកមិនកាន់ទូរស័ព្ទ កុំយកជាគ្នា សម័យនេះហើយ។ មនុស្សអត់កាន់ទូរស័ព្ទ គេទូរស័ព្ទរោទិ៍មិនព្រមលើកមិនព្រមស្អី គេវ៉ៃ(បញ្ជូន)សារចូលទៅ មិនព្រមឆ្លើយ មិនព្រមទាំងមើលទៀត។ ឧបមាថា WhatsApp អញ្ចឹង មើល គឺចេញអក្សរខៀវ ឬក៏ស្អីក៏ដោយ ដឹងថាអ្នកឯងបើក មើលឬក៏អត់ អ្នកខ្លះខ្ជិលដល់ទៅមែនទែន ដល់ទៅមួយអាទិត្យក្រោយឯណោះ ហើយបើធុនហ្នឹងរកស៊ីជាមួយម៉េចកើត? … តាមើលអាហ្នឹង គឺមានប្រយោជន៍ រាប់ទាំងប្រយោជន៍ឃើញចៅឯង Comment ចូលមក ថាម៉េចបានតាមើលទូរស័ព្ទ … ហ្នឹងតាប្រាប់ថា មានប្រយោជន៍ខ្លាំងណាស់។
ស្ពានកោះធំបម្រើផលប្រយោជន៍យ៉ាងធំ សម្រាប់អ្នកកោះធំ និងអ្នកប្រើប្រាស់ស្ពានដទៃទៀត
ទាក់ទងជាមួយនឹងបញ្ហានេះ ខ្ញុំព្រះករុណាខ្ញុំ សុំវិលមករកបញ្ហាស្ពាន។ អរគុណណាស់ ដែលប្រជាពលរដ្ឋរបស់យើងបានសាទរជាមួយស្ពាននេះ។ ស្ពាននេះជាផលប្រយោជន៍មួយយ៉ាងធំ សម្រាប់អ្នកដែលរស់នៅកោះធំនេះដោយផ្ទាល់ ឬក៏អ្នកដែលមានប្រយោជន៍នូវការប្រើប្រាស់ស្ពានរបស់យើងនេះ។ ខ្ញុំព្រះករុណាខ្ញុំ ថ្លែងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់ថវិកាបដិភាគ។ គ្មានថវិកាបដិភាគយើងក៏មិនអាចធ្វើអីកើតដែរ។ អាជ្ញាធរដែនដី ក្នុងហ្នឹងមានទាំងថ្នាក់ខេត្ត មានទាំងថ្នាក់ស្រុក មានទាំងផ្នែករដ្ឋបាល និងថ្នាក់ឃុំ/ភូមិ និងប្រជាពលរដ្ឋនៅទីនេះ ដែលបានបង្កលក្ខណៈងាយស្រួលឲ្យស្ពាននេះបាន(កើតចេញជារូបរាង)។ ស្ពាននេះក៏ជាស្ពាន សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លោកយាយ លោកតា ដែលបានកើតនៅទីនេះ រស់នៅទីនេះ តើធ្លាប់បាននឹកថា មានស្ពានឆ្លងទេ? ប្រហែលជាមានតិចណាស់ ប្រសិនបើអ្នកមានចក្ខុវិស័យវែងឆ្ងាយ មានតិចណាស់ ហើយប្រសិនបើនិយាយតាមមួយបែបទៅ បើសិនជានាយករដ្ឋមន្ត្រីមិនមែនជា ហ៊ុន សែន ក៏ប្រហែលជាស្ពានមិនកើតនៅកោះធំនេះដែរ។ និយាយឲ្យពិត(ស្នូរទះដៃ) ព្រោះអ្នកខ្លះដែលតាំងខ្លួន និងដេកយល់សុបិន្តធ្វើនាយករដ្ឋមន្ត្រី មិនដែលស្គាល់អ្វីដែលហៅថា ការលំបាករបស់អ្នកជនបទនោះទៅទៀត។ មួយថ្ងៃៗ ដេកយល់សុបិន្តចង់ធ្វើ(ជា)នាយករដ្ឋមន្ត្រី ខ្វះណាស់មនុស្សចង់ធ្វើ(ជា)នាយករដ្ឋមន្ត្រី? … ប៉ុន្តែ នាយករដ្ឋមន្ត្រី ហ៊ុន សែន វាបានកើតស្ពានពិតនេះ … មិនមែនស្ពានឧទាហរណ៍ទេ …។
ខ្ញុំក៏សុំយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូននូវការអគុណជាមួយនឹងការរួមចំណែករបស់មិត្តចិន នៅក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការកសាងនូវស្ពានឆ្លងកាត់ទន្លេបាសាក់របស់យើងនេះ។ នេះគឺជាចំណុចពិសេសមួយដូចដែលឯកឧត្តមអគ្គរដ្ឋទូត Xiong Bo បានលើកឡើងក្នុងរបាយការណ៍ សុន្ទរកថាអម្បាញ់មិញថា ស្ពាន ផ្លូវ រហូតដល់ទៅ ២៥០០ គីឡូម៉ែត្រ ដែលបាន និងកំពុងសាងសង់ដោយមិត្តចិន។ យើងត្រូវធ្វើកិច្ចការងារនេះច្រើនទៀត លោកយាយ លោកតា ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញ កាលខ្ញុំព្រះករុណាខ្ញុំ ផ្ទាល់ក៏ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលបានឆ្លងកាត់នៅសម័យកាលគ្មានផ្លូវ គ្មានស្ពាន គឺវាមានការលំបាកប៉ុណ្ណា។ ដំណាក់កាលមនុស្សជិះកង់ និងកង់ជិះមនុស្ស … ជាពិសេសសុំប្រជាពលរដ្ឋដែលរស់នៅស្រុកស្អាង និងស្រុកកោះធំ មេត្តាយោគយល់ យើងកំពុងតែកសាងនៅស្ពាន នៅផ្លូវលេខ ២១ នេះ តភ្ជាប់ពីខាងខេត្តកណ្តាល និងទៅដល់ព្រំដែនកម្ពុជា-វៀតណាម។ មកព្រឹកមិញនេះ មានកន្លែងមួយចំនួនសឹងតែបាក់ចង្កេះដែរ អ្នកដែលរស់នៅសងខាងផ្លូវត្រូវហុយពាក់សុទ្ធតែម៉ាស់ ប៉ុន្តែធ្វើរួចហើយអ្នកដែលទទួលផលប្រយោជន៍ គឺអ្នកដែលនៅតាមសងខាងផ្លូវនេះឯង អ្នកដែលទទួលផលប្រយោជន៍។
… ផ្លូវនេះមានការលំបាកណាស់ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បើកឡានខ្លួនឯង ហើយគ្មានអ្នកណាដឹងទៀតផង បើកឡានខ្លួនឯងទៅតាមផ្លូវនេះ ដូចជានៅក្នុងឆ្នំា ២០០៧ ខ្ទង់ប្រហែលប៉ុណ្ណឹង ២០០៦ ឬ ២០០៧ បើកឡានពេលចូលឆ្នំាខ្មែរ ធ្លាក់ដល់ព្រំដែនវៀតណាម។ ចូលឆ្នំានឹងគេដែរ គ្រាន់តែយើងអត់ចុះលេងអង្គញ់តែប៉ុណ្ណឹងទេ។ អញ្ចឹងទេបានជាខិតខំជម្រុញការចរចាជាមួយសាធារណរដ្ឋកូរ៉េ ទើបបានដំណើរការផ្លូវនេះ ហើយជម្រុញការចរចាជាមួយវៀតណាម វៀតណាមចេញពាក់កណ្តាល យើងចេញពាក់កណ្តាល កសាងស្ពានមួយទៀត ដើម្បីភ្ជាប់យើងជាមួយវៀតណាម។ ការតភ្ជាប់ផ្ទៃក្នុង និងការតភ្ជាប់ជាមួយនឹងប្រទេសជិតខាងនៅជុំវិញ និងក្នុងតំបន់ គឺមិនមែនជានយោបាយដាច់ដោយឡែករបស់កម្ពុជាទេ ក៏ប៉ុន្តែវាជានយោបាយដែលគ្របដណ្តប់នៅក្នុងក្របខណ្ឌតំបន់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនតាមរយៈនៃនយោបាយរបស់ប្រធានាធិបតី ស៊ី ជិនពីង គឺលើកឡើងអំពី ខ្សែក្រវាត់មួយវិថីមួយ ឬផ្លូវសូត្រសតវត្សរ៍ទី ២១ ដែលនៅថ្ងៃទី ១៤ និង ១៥ ខែ ឧសភា ខាងមុខនេះ និងមានការប្រជុំកម្រិតខ្ពស់ នៅឯទីក្រុងប៉េកំាង ពេលនោះខ្ញុំព្រះករុណាខ្ញុំ ក៏នឹងទៅចូលរួមផងដែរ។
ជម្រុញការតភ្ជាប់ បើគ្មានការតភ្ជាប់ទេ ក៏អត់អាចធ្វើកើតទេ។ នៅប្រទេសរបស់យើងនេះ យើងគ្រាន់តែមើលចាប់តំាងពីតាខ្មៅមកទៅទល់ត្រឹមប៉ុណ្ណឹង ឬទៅទល់នឹងព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែដូចជាជាង ៧០ ស្ពានឯណោះ។ លោកយាយ លោកតា រឿងដែលវាលំបាក វាលំបាកខុសគ្នាត្រង់អញ្ចេះ អ្នកធ្វើស្រែ ធ្វើចំការរបស់យើងពេញចិត្តណាស់ជាមួយនឹងអ្វីដែលមាន ដូចជាអ្នកកោះធំ ស្អាងកោះធំយើងនេះ ទំាងសងខាងទន្លេបាសាក់ សុទ្ធតែសប្បាយរីករាយ ដោយសារតែមានព្រែក។ អាព្រែកច្រើននេះ គឺវាមានទឹក ពេលទឹកឡើងវាហូរចូលនំាដីល្បាប់ និងកូនត្រីចូលទៅ ដល់ពេលទឹកស្រកវាហូរត្រឡប់មកវិញ។ យើងទៅចាប់ត្រី។ ល្អណាស់។ ប៉ុន្តែដល់លំបាក លំបាកឆ្លង វាអត់មានស្ពាន។ អញ្ចឹងវាមួយបែបម្នាក់ តំបន់អ្នកដែលអត់មានទឹក ប៉ុន្តែគេស្រួលធ្វើដំណើរដោយសារតែគេអត់មានស្ពាន គេធ្វើតែផ្លូវ គេអត់មានស្ពាន ដល់ទៅកន្លែងដែលមានព្រែកច្រើនសំបូរទឹកវាសប្បាយ ប៉ុន្តែវាពិបាកត្រង់វាមានស្ពានច្រើន …។
រាជរដ្ឋាភិបាលនៅតែបន្តនយោបាយអាទិភាពលើហេដ្ឋារចនាសម្ព័ន្ធទាំងទន់ ទាំងរឹង/អាទិភាព ៤ យ៉ាង
អញ្ចឹងទេ បានជាយើងត្រូវរកលុយ រកកាក់ ដើម្បីធ្វើឲ្យបានទាំងពីរ មួយគឺថាខិតខំស្តារព្រែកហ្នឹងឲ្យវានៅបន្ត យើងខិតខំស្តារទាំងតាមដងទន្លេមេគង្គផង ទាំងតាមដងទន្លបាសាក់ផង ដើម្បីនាំទឹកយកទៅខាងក្រោម ហើយនឹងនាំកូនត្រីចូលក្នុងពេលជាមួយគ្នា។ យើងនាំគ្នាធ្វើស្ពាន គ្រាន់តែវាងអាកន្លែងធ្វើស្ពានអម្បាញ់មិញហ្នឹង គឺថាចង់បាក់ចង្កេះអស់ហើយ ប៉ុន្តែ អាហ្នឹងត្រូវការតែប៉ុន្មានខែទៀត អាចថាផុតឆ្នាំនេះ ឆ្នាំក្រោយ គឺវាស្រួលហើយ ហើយយើងនឹងបន្តទៅតាមរបៀបនេះតទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា នយោបាយរបស់គណបក្សប្រជាជន នយោបាយរបស់រាជរដ្ឋាភិបាលដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ នៅតែបន្តអាទិភាពទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងទន់ ទាំងរឹង គឺអាទិភាព ៤ យ៉ាង ទី ១ គឺទៅលើបញ្ហាធនធានមនុស្សជាមុំទី ១ សំខាន់ បានជាយើងមានតម្រូវការវិនិយោគយ៉ាងធំសំបើមទៅលើវិស័យអប់រំ ដើម្បីឲ្យសិស្ស ឲ្យក្មេងៗ ឲ្យកុមារ និងយុវជនរបស់យើង បានទទួលចំណេះដឹងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យើងបង្កើនថវិកាកាន់តែធំទៅៗ ដើម្បីកសាងនៅសាលា តាំងពីកម្រិតបឋមរហូតទៅដល់មហាវិទ្យាល័យ ដើម្បីកសាងធនធានមនុស្ស បើគ្មានធនធានមនុស្សទេ មិនអាចធ្វើអីកើតទេ។ ទី ២ សំដៅទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺទាក់ទងជាមួយនឹងស្ពាន ផ្លូវនេះឯង គឺថាគមនាគមន៍ដឹកជញ្ជូនរបស់យើង ក្នុងហ្នឹងវាមានស្ពាន វាមានផ្លូវ វាមានផ្លូវដែក វាមានកំពង់ផែ វាមានព្រលានយន្តហោះ … កុំយកលុយទៅចាយស្អីផ្សេង ចាយលុយធ្វើហេដ្ឋារចនាសម្ព័ន្ធ។ ទី ៣ ផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដើម្បីទទួលទានផង និងស្រាចស្រពផង នៅតែជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងទី ៤ ទៅលើបញ្ហាអគ្គិសនីទាំងការផលិតអគ្គិសនីដើរដោយវារីអគ្គិសនី ដើរដោយធ្យូងថ្ម ដើរដោយពន្លឺព្រះអាទិត្យ និងបណ្តាញចែកចាយអគ្គិសនី ៤ យ៉ាងហ្នឹងនៅតែជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល។
ខ្ញុំព្រះករុណាខ្ញុំ គិតមើលទៅពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលនេះ ដែលខ្ញុំព្រះករុណាខ្ញុំ ប្រកាសថាជា នយោបាយអាទិភាពថាមានរយៈពេល ៣០ ឆ្នាំគត់។ នយោបាយនេះ វាត្រូវ ៣០ ឆ្នាំ រួចមកហើយ ហើយវានឹងត្រូវ រយៈពេល ៣០ ឆ្នាំ ទៅមុខទៀត ពីមុនយើងនិយាយពី ទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវ យើងនិយាយពីមនុស្ស ផ្លូវ ទឹក ភ្លើង ទៅវិញ ឬក៏អាចនិយាយថា មនុស្ស ទឹក ផ្លូវ ភ្លើង មុំរបស់វាទៅយ៉ាងដូច្នេះ ឥឡូវនេះ សម្រាប់នៅតាមតំបន់នេះ ហើយក៏សម្រាប់ក្រៅពីការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល មិត្តចិន ក៏បានសម្របសម្រួលជាមួយនឹងក្របខណ្ឌនៃនយោបាយផែនការ ៥ ឆ្នាំ របស់ចិន ជាមួយនឹងនយោបាយរបស់កម្ពុជាផងដែរ អំពីការសម្របសម្រួលនៃយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ជាមួយនឹងបញ្ហាទាក់ទិនជាមួយនឹងគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនផងដែរ ដែលក្នុងហ្នឹងមានផ្នែកមួយចំនួនវាស៊ីសង្វាក់គ្នា ដូចជាការតភ្ជាប់នេះ វាជាការតភ្ជាប់ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋរបស់យើងទទួលបាននូវការរីកលូតលាស់។
ឥឡូវឧទាហរណ៍ថា យើងមិនធ្វើផ្លូវជាតិលេខ ២១ ពេលដែលប្រជាជនផលិតបានយកទៅណា? បើដឹកទៅ ដឹកម៉េចរួច សូម្បីតែឥឡូវយើងធ្វើបានមួយចំនួនហើយ ក៏ពិបាកដឹកដែរ ប៉ុន្តែ ដល់ពេលធ្វើរួចហើយ និយាយពីដឹកលឿន។ យើងចង់នាំចេញ នាំចូលជាមួយប្រទេសជិតខាង យើងត្រូវមានការតភ្ជាប់ជាមួយប្រទេសជិតខាង ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នា។ មានពេលខ្លះ យើងប្រើនូវកំពង់ផែនៅប្រទេសជិតខាង ឬក៏មិនថាប្រទេសកម្ពុជាទេ ប្រទេសដទៃ គេក៏ប្រើដូចគ្នាដែរ។ អ្វីដែលហៅថាសេដ្ឋកិច្ច គឺត្រូវតែមានចំណេញ ឥឡូវ បើនិយាយពីមិត្តចិនវិញ ប្រទេសចិនធំណាស់ ផ្គត់ផ្គង់ពីភាគណាផ្សេងទៀតមកកាន់ប្រទេសចិន គឺពិបាក។ ប៉ុន្តែ បើផ្គត់ផ្គង់ពីកម្ពុជាទៅកាន់ចិន ផ្គត់ផ្គង់ពីវៀតណាម ផ្គត់ផ្គង់ពីថៃទៅកាន់ចិន វាជិតជាង ការផ្គត់ផ្គង់ពីស្រុកចិន មកស្រុកចិន។ ឧទាហរណ៍ ខេត្តគ័នស៊ី ខេត្តយូណាន់ ខេត្តហៃណាន់ អីហ្នឹង បើសិនផ្គត់ផ្គង់ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅវាស្រួលជាងផ្គត់ផ្គង់ពីក្នុងប្រទេសចិន ព្រោះប្រទេសចិនធំ ប្រមាណ ១០ លានគីឡូម៉ែត្រការ៉េឯណោះ ដូច្នេះ កាត់ដឹកពីម្ខាងណោះ គាត់ដឹកពីតំបន់មួយទៅតំបន់មួយលេង ២ ពាន់ គីឡូម៉ែត្រអី ដល់ដឹកពីយើងទៅលេងតែប៉ុន្មានរយគីឡូម៉ែត្រ។ ដូច្នេះវាជិតជាង។
អារឿងធ្វើសេដ្ឋកិច្ច គេគិតពីចំណេញ យើងគ្រាន់តែគិតពីត្រង់នេះមួយ ខ្ញុំព្រះករុណាខ្ញុំនិយាយតាមមួយបែបចុះ។ អ្នកខ្លះគេឌឺឲ្យខ្ញុំព្រះករុណាខ្ញុំ សូម្បីតែឥដ្ឋក្បឿង ក៏ទិញពីគេដែរ។ ឥឡូវសូមលោកយាយ លោកតាជួយគិតខ្ញុំព្រះករុណាខ្ញុំ ឥឡូវយើងគិតពីថា ដើម្បីបានឥដ្ឋបានក្បឿងមួយឡ តើត្រូវប្រើអុសដុតប៉ុន្មាន? ដើម្បីឲ្យឥដ្ឋក្បឿងហ្នឹងវាឆ្អិន កាប់ខ្ទេចព្រៃ ដើម្បីឲ្យចេញឥដ្ឋហើយនឹងក្បឿងនេះ ឡឥដ្ឋ ឡក្បឿង។ ដល់ប្រទេសគេផលិត គេផលិតធ្វើធ្យូងថ្ម អញ្ចឹងយើងទិញពីគេថោកជាងការយើងផលិតក្នុងស្រុក បើអញ្ចឹងគួរតែឲ្យគេនាំចូលទៅ វាអត់មានអីទាស់ខុសទេ បើយើងធ្វើខ្លួនឯងវាថោកជាងការនាំចូល អាហ្នឹងចាំយើងលែង ជួនកាលយើងគិតខុសអំពីបញ្ហាសេដ្ឋកិច្ច។
តម្លៃភ្លើងធ្លាក់ទាបចាប់ពីខែ មេសា សម្រាប់អ្នកដែលភ្ជាប់ជាមួយបណ្តាញជាតិ
… ហើយភ្លើងនៅទីនេះ ក៏សូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាប អ្នកដែលតភ្ជាប់ជាមួយបណ្តាញជាតិ ចាប់ពីថ្ងៃទី ១ ខែ មេសា នេះទៅ អ្នកដែលប្រើ ៥០ គីឡូវ៉ាត់ចុះក្រោម គឺត្រឹមតែ ៦១០ រៀលតែប៉ុណ្ណោះ។ ឯអ្នកដែលប្រើ ១០ គីឡូវ៉ាត់ចុះក្រោម តែ ៤៨០ រៀលតែប៉ុណ្ណោះ។ បន្តិចទៀត ថ្លៃភ្លើងខែ ហ្នឹង បើនិយាយពីគ្រូបង្រៀនត្រូវប៉ាន់តែម្តង ព្រោះអី? ខែ ៤ ប្រាក់ខែត្រូវឡើង ថ្លៃភ្លើងចុះគ្រឹប … អញ្ចឹងមិនសល់លុយ។ ប៉ុន្តែលុយមិនសល់ទេ កុំឆ្ងល់ពេក តែចាយហើយមិនដែលសល់ទេ ប៉ុន្តែគ្រាន់តែថា ពី មុនធ្លាប់ចំណាយខ្ពស់ ឥឡូវ វាចំណាយទាបជាងទៅលើបញ្ហាការប្រើប្រាស់ភ្លើង ប្រើប្រាស់ផ្លូវ។ អ្នកប្រើប្រាស់ភ្លើងក្រោម ៥០ គីឡូវ៉ាត់ម៉ោងចុះក្រោម មានរហូតទៅដល់ ៧០ ភាគរយ នៃប្រជាពលរដ្ឋ ក្នុងហ្នឹងក៏មានគ្រូបង្រៀនផងដែរ។ អញ្ចឹងទេ អ្នកដែលភ្ជាប់ជាមួយបណ្តាញជាតិរួចទៅហើយ គឺប្រើប្រាស់ត្រឹមតែ ៦១០ រៀលតែប៉ុណ្ណោះ ប៉ុន្តែបន្តិចទៀតមានអ្នកដេញថ្លៃ ដល់ពេលឃោសនាបោះឆ្នោត មានអ្នកដេញថ្លៃហើយ “បើឈ្នះ ឲ្យបង់តែ ១០០ រៀលទេ” …។
សន្តិភាពជាកត្តាសំខាន់
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ យើងត្រូវក្តាប់អ្វីដែល ជារបស់ពិតនៅក្នុងដៃឲ្យជាប់ អារឿងដែលយើងក្តាប់របស់ពិតនៅក្នុងដៃមិនជាប់ ដែលវាអន្តរាយធ្វើឲ្យយើងបាត់បង់នូវពេលវេលា និងបាត់បង់ និងស្លាប់នូវមនុស្សច្រើនណាស់។ សុខៗនាំគ្នាទៅផ្តួលរំលំសម្តេចព្រះ នរោត្តម សីហនុ បង្កើតឡើងនូវសង្គ្រាមពេញប្រទេស បង្កើតរបបប្រល័យពូជសាសន៍ តកូន តជំនាន់មនុស្ស ទើបដោះស្រាយមានសន្តិភាពរាល់ថ្ងៃ ក្តាប់ឲ្យជាប់រឿងសន្តិភាពនេះ។ ធម្មតាទេ យើងមើលៗ ស្រមោលវាតែងធំជាងរបស់ពិត យើងមើល ឧបមាថា ទង់មួយនេះ យើងមើលស្រមោលរបស់វាថាធំជាងរបស់ពិត អញ្ចឹងទេ អ្នកសន្យាខ្យល់គឺអ្នកហ្នឹងឯង។ ខ្ញុំសូមជម្រាប ដោយតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាសន្តិភាពឲ្យបាន អ្នកណាបំផ្លាញសន្តិភាព នឹងគ្មានការអត់អោន និងគ្មានការលើកលែងទេ។ សូមបញ្ជាក់ជូន កុំប្រាថ្នាធ្វើបដិវត្តពណ៌អីអញ្ចេះអញ្ចុះ អត់បានទេ អត់មានឲ្យលេងសើចទេ ព្រោះស្លាប់មនុស្សច្រើនណាស់ …។
ថ្ងៃនេះលេងម្នាក់មួយទៀត។ ប្រហែលជាពេលនេះមេធាវីទៅដល់តុលាការហើយ។ ស្អីអ្នកឯងបញ្ចេញមតិមកចោទគណបក្សប្រជាជនសម្លាប់មនុស្ស។ អត់ទេ ទារកន្លះលានដុល្លារ ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បត្តិ ដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក។ គេមិនរឹបអូសទេ។ ថ្ងៃនេះ ខ្ញុំស៊ីញ៉េតាំងពីល្ងាច ព្រឹកទៅដល់តុលាការហើយ។ នគរបាលតាមឲ្យជាប់ ក្រែងលោរត់ ព្រោះរត់មួយហើយ។ អ្នកចោទហ្នឹងរត់ធ្លាក់ស៊ុយអ៊ែត … ពេលអ្នកឯងនិយាយ អ្នកឯងមានបានគោរពគេអត់ គេមានកិត្តិយសរបស់គេ។ (បើ)គណបក្សប្រជាជនសម្លាប់មនុស្សចប់ហើយ។ អ្នកណាអ្នកចំណេញពីសោកនាដកម្មនៃការស្លាប់មនុស្សនៅក្នុងដំណាក់កាលដែលខ្លួនកំពុងកាន់អំណាច។ អានេះគឺជាបញ្ហាដែលខ្ញុំគ្រាន់តែថា និយាយឲ្យច្បាស់ ធ្វើនយោបាយកុំជោរ។ កុំឃើញគេមិនមាត់ អាងក្បាលមេក្រូ អាងវិទ្យុ ហើយនាំគ្នាវិភាគ វ៉ៃប្រហារគេ។
ពង្រឹងនិតីរដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ គឺទាល់តែមានសន្តិភាព ទើបអាចអភិវឌ្ឍបាន។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រទេស ដែលមានការរីកលូតលាស់កំណើនសេដ្ឋកិច្ចមិនថមថយ ក្នុងវង្វង់ ៧ ភាគរយ ក្នុងមួយឆ្នាំ ដូចដែលឯកឧត្តម អគ្គរដ្ឋទូតចិនបានលើកអម្បាញ់មិញ គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់នេះ។ ឥឡូវនេះ សល់ប្រទេសមិនច្រើនទេ ដែលមានកំណើនសេដ្ឋកិច្ច ចាប់ពី ៧ ឡើងលើ នៅក្នុងរង្វង់ ៥ ឡើងទៅ ៧ ឬក៏ក្រោម ៥ នៅក្នុងក្របខណ្ឌអាស៊ីរបស់យើងនេះ។ មុននេះសេដ្ឋកិច្ចចិន និងវៀតណាមខ្ពស់ ប៉ុន្តែឆ្នាំទៅសេដ្ឋកិច្ចចិនបានត្រឹមតែ ៦,៧ ភាគរយទេ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាបាន ៧ ភាគរយ។ មុននេះ សេដ្ឋកិច្ចចិនបាន ៨-៩ ភាគរយ ប៉ុន្តែសេដ្ឋកិច្ចចិន ដោយមានការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច គឺសេដ្ឋកិច្ចចិនមានការថយស្ថិតនៅក្នុងរង្វង់ឆ្នាំទៅ ៦,៧ ភាគរយ ចំណែកកម្ពុជានៅតែ ៧ ភាគរយ ហើយយើងសង្ឃឹមថា យើងនឹងទទួលបាន ប៉ុន្តែដើម្បីទទួលកំណើនសេដ្ឋកិច្ច ៤ យ៉ាងនេះ ត្រូវដាក់ទុកវិនិយោគលើ មនុស្ស ផ្លូវ ទឹក ភ្លើង។ ខ្ញុំព្រះករុណាខ្ញុំ គិតថា នយោបាយអាទិភាពទាំង ៤ នេះ ត្រូវ ៣០ ឆ្នាំរួចមកហើយ អាចបន្ត ៣០ ឆ្នាំទៅមុខទៀត …។
កុំនាំគ្នាបង្កើតបញ្ហា បើបង្កើតបញ្ហា ត្រូវចេះទទួលខុសត្រូវ
… ជួនកាលអ្នកខ្លះចូល comment ជេរឯងលេង។ វាចង្រៃស្អីមកជេរយើងលេង រួចដល់ពេលយើងប្ដឹងទៅ ថាគេហ្នឹងប្រើតុលាការ។ ចុះបើយើងកុំប៉ះគេ អ្នកណាប្រើតុលាការទៅធ្វើស្អី។ ដូចម្នាក់ដែលចូលទៅប្ដឹងព្រឹកនេះ (គឹម សុខ) ទៅឡើងអាស៊ីសេរីថា គណបក្សប្រជាជនសម្លាប់លោក កែម ឡី។ ម្នាក់សមាជិកព្រឹទ្ធសភា រត់ចោលស្រុកដល់សុយអ៊ែតឯណោះ ប៉ុន្តែក្រវែលៗនេះដែរ ព្រោះតែសាលក្រមចូលស្ថាពរហើយទ្រព្យសម្បតិ្តនាងនៅឯណា តាមរកហើយ លក់ឡៃឡុងហើយ។ ប៉ុន្តែម្នាក់នេះ ខ្ញុំទារ ៥០ ម៉ឺនដុល្លារ ស្មើនឹង ២.០០០ លានរៀល តែតុលាការគេកាត់អោយប៉ុន្មាន អាហ្នឹងរឿងតុលាការទេ។ សិទ្ធិរបស់យើងទារ យើងចេះតែទារទៅ ព្រោះតុលាការយ៉ាងណា គេមិនកាត់អោយលើសពីច្បាប់កំណត់ទេ … ដល់ទៅច្បាប់ថា ទោសនេះគេអោយត្រឹមតែ ១០ លានរៀលតើ តែជួនកាលគេកាត់អោយយើងតែ ៥ លាន … ប្រទេសយើងលូតលាស់ទៅបានហើយ កុំនាំគ្នាបង្កើតបញ្ហា ហើយបើបង្កើតបញ្ហា ត្រូវចេះទទួលខុសត្រូវ។ លោកឯងកុំនិយាយប៉ះពាល់គេតែប៉ុណ្ណឹងទៅបានហើយ។
អត្ថប្រយោជន៍នៃស្ពានកោះធំ
សង្ឃឹមថា ស្ពាននេះនឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដឹកជញ្ជូនឆ្លងកាត់ និងធ្វើដំណើរឆ្លងកាត់ មិនពិបាកដូចពេលមុនទេ។ មុននេះ យើងត្រូវឆ្លងទូកដ ហើយពេលខ្លះពិតជាប្រថុយប្រថានណាស់ ជួនកាលទូកដនោះដាក់ដោយមនុស្សយ៉ាងពេញ ហើយប្រសិនបើពេលយប់មានស្ដ្រីឆ្លងទន្លេមិនរួច ពិបាកណាស់(ក្នុងការឆ្លងទូកដ)។ អ្នកជំងឺ គឺត្រូវរកទូកដ និយាយរួមអាចនិយាយបានថា ពិបាកខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលយើងធ្វើស្ពានហើយនោះ គឺស្ថានភាពចង់ឆ្លងពេលណាក៏បាន ស្រេចតែយើង។ ពីដើម ឆ្លងទូកដវាត្រូវអស់លុយ។ មានថ្ងៃមុនអ្នកស្អាងចូលមក comment ក្នុង(ហ្វេសប៊ុករបស់ខ្ញុំ)ថា សម្ដេច! សុំមេត្តាកសាងស្ពានឆ្លងទន្លេនៅស្អាងមួយទៀត ព្រោះម្ចាស់ទូកដមិនព្រមធ្វើតាមសៀវភៅបន្ទុក យកថ្លៃស្រេចតែចិត្ត។ គាត់ខឹងម្ចាស់ទូកដ គាត់ទារស្ពាន។ គង់តែធ្វើទេ (គ្រាន់តែ)ធ្វើនៅពេលណា ធ្វើអាណាមុន អាណាក្រោយ តែប៉ុណ្ណឹងទេ?
សង្ឃឹមថាមិត្តចិនមិនចេញមកអន្តរាគមន៍ការពារអ្នកជាប់ទោស
… ម្សិលមិញឆ្លៀតទៅវាយកូនគោល ប៉ុន្តែឡូចុងក្រោយនេះ មកវិញចុកជើង។ ឥឡូវ ឈរកំពុងចុកជើង។ ម្សិលមិញដាក់ពីរជុំ ១៨ ឡូ តែខ្លីៗ។ ម្សិលម្ង៉ៃក៏ដាក់ ព្រោះថ្ងៃអាទិត្យ មិនអោយសម្រាកម៉េច វាយកូនគោលខ្លះទៅ។ ខ្ញុំគ្រាន់តែសុំថា អ្នកទាំងឡាយឲ្យមានចេះគោរពគ្នាក្នុងការធ្វើនយោបាយ ហើយបើគ្មានការគោរព និងចោទបំពានហើយ អ្នកទទួលខុសត្រូវ ហោចបំផុតអ្នកឯងអាចទទួលខុសត្រូវខាងរដ្ឋប្បវេណី ឬខាងព្រហ្មទណ្ឌ។ ហើយរឿងចោទសម្លាប់គេនេះ គឺជាការញុះញង់បង្កឲ្យមានចលាចល ទោសនេះជាទោសត្រូវជាប់គុកផង (បង់)លុយផង។ រឿងនាងមួយរត់ទៅបាត់នោះ វាទាស់តែពេលហ្នឹងប្តឹងយកលុយ ១ ដុល្លារ បើសិនជាប្តឹងយកឲ្យច្រើនបន្តិច បានលក់ឡៃឡុងហើយ។ ខ្ញុំអត់យកទៅណាទេ យកទៅកសាងផ្ទះជនពិការ។ អ្នកហ្នឹងរៀននៅស្រុកចិនទៀតណា។ តិចចិនមកចេញអន្តរាគមន៍។ កុំឲ្យសោះ។
ម្នាក់ហ្នឹងរៀននៅស្រុកចិនជំនាន់ហ្វ៊ុនស៊ិនប៉ិច។ តិចឯកឧត្តមអគ្គរដ្ឋទូតមកអន្តរាគមន៍។ កុំធ្វើដូចពួកអាមេរិក សូមប្រាប់មិត្តចិនឲ្យហើយ។ អាមេរិកឲ្យតែអ្នកណាទៅរៀនស្រុកគាត់ មកធ្វើអន្តរាគមន៍ហើយ។ គាត់ហ្នឹងទៅរៀននៅស្រុកចិន តិចថាចិនមកអន្តរាគមន៍។ អត់ទេ។ ច្បាប់គឺច្បាប់ គ្មានមិត្តគ្មានភក្តិទេអាហ្នឹង។ ប្រាប់មិត្តចិនត្រង់ៗ អញ្ចឹងតែម្តង។ និយាយគ្នាឲ្យច្បាស់អញ្ចឹងតែម្តង ហើយអ្នកខ្លះចូលមក Comment ជេរ។ បើខ្ញុំប្រើអំណាច ខ្ញុំឲ្យប៉ូលីសទៅចាប់តាំងពីម្សិលម្ងៃ … យកមកទុកនៅកន្លែងប៉ូលីស ៤៨ ម៉ោង ចាំបញ្ជូន ព្រោះវាស្ថិតក្នុងករណីបទល្មើសជាក់ស្តែងមួយដែរ។ បើយើងវែកញែកលើបញ្ហាហ្នឹង វាជាការបង្កើត/ជម្រុញឲ្យមានចលាចល តាមរយៈនៃការមួលបង្កាច់។ ប៉ុន្តែ ខ្ញុំមិនធ្វើអាហ្នឹងទេ ខ្ញុំឲ្យសារព័ត៌មាន Fresh News ផ្សាយសិន រួចហើយខ្ញុំចុះហត្ថលេខាបញ្ជូនពាក្យបណ្តឹងចូលព្រឹកនេះ។ អាហ្នឹងសុំជូនសារឲ្យអ្នកឯងបានជ្រាប។
មានសន្តិភាព ទើបមានការអភិវឌ្ឍ/ប្រទេសយើងមានដំណាក់កាលរកដី រត់ចោលដី ស្តារដី និងដណ្តើមដី
… រឿងធំជាងគេ រឿងសន្តិភាព បើអត់មានភាពទេ កុំសង្ឃឹមនិយាយពីរឿងអភិវឌ្ឍន៍ ព្រោះយើងធ្លាប់ជួបប្រទះហើយទេតើ។ អ្នកនៅទីនេះ គឺមួយភាគធំបានជួបប្រទះនូវសម័យកាលសង្គ្រាមហើយ។ តើវាបានបាត់បង់អ្វីខ្លះសម្រាប់យើង។ អត់មានឱកាសទេ។ មិនត្រឹមតែគ្មានឱកាស ថែមទាំងបាត់បង់ឱកាស។ អញ្ចឹងបានថាស្រុកខ្មែរយើងមានដំណាក់កាល៖ ដំណាក់កាលរកដី ដំណាក់កាលរត់ចោលដី ដំណាក់កាលស្តារដី និងដំណាក់កាលដណ្តើមដី។ វាទៅអញ្ចេះ ដំណាក់កាលរត់ចោលដី ដំណាក់កាលណា? ដំណាក់កាលអាមេរិកទម្លាក់គ្រាប់បែក អាហ្នឹងរត់ខ្ទេច ដែលនៅក្នុងចុងសម័យសង្គមរាស្ត្រនិយម ប្រជាពលរដ្ឋបានទៅរកដីថ្មី ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែ ដល់អាមេរិកឈ្លានពាន រត់ចោលដីអស់។ ដល់សម័យ ប៉ុល ពត គឺបដិរូបដីស្រែ ប្រមូលដាក់ជាដីរដ្ឋ ដីសហករទាំងអស់។ ដល់រំដោះហើយ ត្រូវជួលប្រជាពលរដ្ឋ ឲ្យលុយគាត់ទៅស្តារដី។ ឥឡូវ ដំណាក់កាលដណ្តើមដីគ្នា។ ឥឡូវ កុំថាដល់ទៅដីធម្មតា គ្រាន់តែដីចាក់លុបគ្រលុកក៏ថ្លៃដែរ។ ធ្វើផ្លូវមួយខ្សែៗ គ្រាន់តែទិញដីមកចាក់មិនតិចទេ ព្រោះយើងកាយយកដីទន់ៗចេញ រួចហើយយកដីរឹងយកមកចាក់ ដើម្បីធានាផ្លូវរបស់យើង …។
មានផ្លូវ/ស្ពានល្អ កុំសម្លាប់ខ្លួន ឬធ្វើខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍
ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវធ្វើម៉េចបានផ្លូវស្ពានល្អហើយ សូមកុំសម្លាប់ខ្លួនលើផ្លូវ សូមកុំឲ្យខ្លួនក្លាយទៅជាជនពិការនៅលើផ្លូវ តាមរយៈនៃការបើកបរលើសល្បឿនកំណត់ ការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នោះសុទ្ធតែជាការសម្លាប់ខ្លួននៅលើផ្លូវ ឬបង្កើតស្ថានភាពរបួសពិការនៅលើផ្លូវនេះឯង។ អញ្ចឹងសុំតែប៉ុណ្ណឹងទេ គឺថាមិនច្រើនទេ អាចធ្វើបាន។ ហើយចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ ចំពោះចំណងមិត្តភាពកម្ពុជា-ចិន និងសូមជូនពរ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ និងសូមអរព្រះគុណ៕