រយៈពេល ២៧ ឆ្នាំ នៃការកកើតសមាគមខ្មែរ-ចិន នៅកម្ពុជា
ថ្ងៃនេះ ខ្ញុំនឹងភរិយា ពិតជាមានកិត្តិយស ដែលបានមកចូលរួមជួបជុំធ្វើការសំណេះសំណាល និងទទួល ទានអាហារមិត្តភាព ជាមួយនឹងសមាគមខ្មែរ-ចិន ព្រមពេលដែលលោកឧកញ៉ា ពង្ស ខៀវសែ បានទទួល ភារកិច្ចជាប្រធាន នៃសមាគមខ្មែរ-ចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ សំដែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងលោកជំទាវ ចំពោះអស់លោក លោកស្រី ដែលបានអញ្ជើញមកពីបណ្តាខេត្ត និងអញ្ជើញមកពីកន្លែងដទៃទៀត ដូចជា៖ តំបន់ម៉ាកាវ ហុងកុង ឬក៏តៃប៉ិជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយបានស្តាប់នូវរបាយការណ៍របស់លោកឧកញ៉ា ពង្ស ខៀវសែ ទាក់ទិនជាមួយនឹងការកកើតឡើង តាំងពីឆ្នាំ ១៩៩០ ដែលសមាគមនេះបានចាប់ផ្តើម ដែលមកដល់ពេលនេះ ចាត់ទុកថា ២៧ ឆ្នាំ នៃកំណើតសមាគមខ្មែរ-ចិន នៅកម្ពុជា។
សមាគម និងត្រកូលចិន រួមចំណែកកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា
ចំណុចនេះ បានបង្ហាញឲ្យឃើញអំពីភាពបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់ចប់។ ឆ្នាំ ១៩៩០ មិនទាន់មានកិច្ចព្រមព្រៀងប៉ារីសទេ។ ក៏ប៉ុន្តែពេលនោះ គណបក្សប្រជាជនបានអនុវត្តនូវគោលនយោបាយដ៏ត្រឹមត្រូវមួយ ស្តីអំពីជនជាតិចិននៅកម្ពុជា។ ខ្ញុំនៅចាំបានថា បានរួមចំណែកជាមួយមេដឹកនាំដទៃទៀត ដើម្បីធ្វើឲ្យមានការរស់ឡើងវិញនូវសាលារៀនភាសាចិន ហើយក៏មានសាលារៀនមួយចំនួនឧបត្ថម្ភដោយខ្លួនខ្ញុំផ្ទាល់ផងដែរ ថ្នាក់បឋម ឬក៏ថ្នាក់កម្រិតអនុវិទ្យាល័យ ដូចជា៖ នៅតាខ្មៅ និងកំពង់ចាម ជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយសារបងប្អូនចេះរួបរួមគ្នាបង្កើតឡើងនូវសមាគម មានសណ្ឋានប្លែកៗគ្នា ដោយសារមានចិនកាតាំង មានចិនទាជីវអីជាដើម មានដល់រៀបចំជាក្រុមគ្រួសារ នៃត្រកូលថែមទៀតផង ហើយចេះរួមសំបាច់គ្នា ដើម្បីរួមចំណែក ទៅដល់ការកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជូនពរចំពោះអស់លោកអ្នកដែលជាជនជាតិចិន ឬក៏ជនជាតិខ្មែរដើមកំណើតចិន ឬក៏អ្នកដែលមានខ្សែស្រឡាយចិន នូវពរសព្វសាធុការ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិនកន្លងទៅនេះ សុំឲ្យអ្នកទាំងអស់គ្នាទទួលតែសេចក្តីសុខ សំណាងល្អ និងជោគជ័យ។ កុងស៊ីហ្វាឆាយ។
តើត្រូវទទួលទេសចរណ៍ចិន ឬជនភៀសខ្លួនចិន?
… គួរតែនិយាយបន្តិចថា តើបងប្អូនចិនទាំងឡាយ ដែលមានសាច់ញាតិតពូជតពង្សមកនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមពីអ្វី? នេះជាចំណុចមួយ ដើម្បីយើងអាចមើលឃើញ នូវការរះឡើងដោយសន្តិភាពរបស់សាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ។ នៅក្នុងឆ្នាំ ២០០១ រហូតមកដល់ពេលនេះ មានរយៈ ១៦ ឆ្នាំ ហើយ។ ពេលនោះ ចិនមិនទាន់ចូលអង្គការពាណិជ្ជកម្មពិភពលោកនៅឡើយទេ។ ខ្ញុំបានទទួលនូវសំណួរមួយនៅឯទីក្រុងតូក្យូ នៅពេលដែលខ្ញុំចូលរួមនៅក្នុងសន្និសីទអន្តរជាតិ ទាក់ទិនជាមួយនឹងបញ្ហាអនាគតរបស់អាស៊ី។ សំណួរនោះសួរថា តើ(ខ្ញុំ)មានការព្រួយបារម្ភទេ នៅពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក? … ជាចម្លើយ ខ្ញុំបានចោទសួរត្រឡប់ទៅវិញថា តើត្រូវទទួលនូវជនភៀសខ្លួនចិន ឬទទួលនូវទេសចរណ៍របស់ចិន? … ខ្ញុំបានលើកឧទាហរណ៍ពីសម័យដែលចិនមានការឈ្លានពានពីបរទេស នៅពេលដែលចិនមានការលំបាក ប្រជាជនចិនបានភៀសខ្លួនចេញមកនៅតាមបណ្តាប្រទេស ជាពិសេសនៅអាស៊ីអាគ្នេយ៍ ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ …។
កម្ពុជា មានសុខដុមភាពជាតិសាសន៍ និងសាសនា
អស់លោក/ស្រីមួយចំនួនកូនចៅចិននេះ ត្រូវដឹងថាឪពុកម្តាយរបស់ខ្លួន ជីដូនជីតារបស់ខ្លួន បានភៀសខ្លួនពីប្រទេសចិន នៅក្នុងដំណាក់កាលដែលមានបរទេសឈ្លានពានប្រទេសចិន នៅក្នុងដំណាក់កាលដែលប្រជាជនចិនជួបការលំបាក … ពេលវេលាបានមកដល់។ យើងមិនត្រូវទទួលជនភៀសខ្លួនចិនទៀតទេ។ យើងកំពុងតែដាក់ចេញនូវគោលនយោបាយ ស្តីអំពីការទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា … យើងក៏មិនព្រួយបារម្ភអំពីឥទ្ធិពលចិននោះទេ។ នេះគឺជាអ្វីដែលខ្ញុំនៅចាំថាបាននិយាយនូវបញ្ហានេះតាំងពី ១៦ ឆ្នាំ មុនឯណោះ។ ឥឡូវនេះ សម្រាប់គោលនយោបាយជាបន្ត បងប្អូនទាំងឡាយដែលមានវត្តមានទីនេះ យើងមិនបានប្រើពាក្យថាជាសមាគមអនិកជនចិនទេ គឺសមាគមខ្មែរ-ចិន មានន័យថាបងប្អូនទាំងឡាយបានក្លាយទៅជាជនជាតិខ្មែររួចស្រេចទៅហើយ គ្រាន់តែដើមកំណើតចិនតែប៉ុណ្ណោះ និងខ្សែស្រឡាយចិនតែប៉ុណ្ណោះ។ ខ្ញុំពិតជាមានមោទនភាព ដោយនៅប្រទេសយើងបច្ចុប្បន្ន គ្មានការបែងចែក គ្មានការរើសអើង … ពិតមែនហើយ នៅក្នុងប្រទេសរបស់យើងមានសញ្ជាតិច្រើន តែសំរាប់ប្រទេសមួយៗ ការសំខាន់គឺការមិនមានការរើសអើងជាតិសាសន៍ ឬការធ្វើសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា ក្នុងនោះ ក៏មានបងប្អូនសមាគមខ្មែរ-ចិននៅកម្ពុជា ដែលត្រូវធ្វើកិច្ចការ នេះផងដែរ។
កម្ពុជា និងចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ខ្ញុំសូមអំពាវនាវពីទីកន្លែងនេះ ឲ្យបងប្អូនខ្មែរ-ចិន គ្រប់សមាគម និងគ្រប់ត្រកូលទាំងអស់ មេត្តាជួយជម្រុញអនុវត្តនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងចិន ដែលតាមរយៈទស្សនកិច្ចនៅកម្ពុជា នៃប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) បានលើកកម្ពស់កម្រិតសហប្រតិបត្តិការរបស់ខ្លួនដល់ទៅកម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាមោទនភាព នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន។ នៅទីក្រុងភ្នំពេញនេះ ក៏មានវិទ្យាស្ថានខុងជឺ ដែលសង្ឃឹមថា សមាគមខ្មែរ-ចិន នឹងចូលរួមជាមួយរាជបណ្ឌិតសភាកម្ពុជា ដើម្បីឲ្យវិទ្យាស្ថានខុងជឺនេះ អាចដំណើរការទៅបានដោយរលូន … ធ្វើយ៉ាងណារួមគ្នាសម្រេចនូវគោលដៅទាំងឡាយ ដែលបានដាក់ចេញដោយមេដឹកនាំចិន និង កម្ពុជា ក្នុងហ្នឹងសម្រាប់ឆ្នាំ ២០១៧ នេះ ត្រូវសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សូមបងប្អូនខ្មែរ-ចិនយកចិត្តទុកដាក់ទាក់ទាញទេសចរចិន(អោយបាន)កាន់តែច្រើន។ ខ្ញុំបាននិយាយជាមួយអតីតប្រធានាធិបតី ហ៊ូ ជិនតាវ បន្ទាប់ទៅខ្ញុំនិយាយជាមួយប្រធានាធិបតី ស៊ី ជិនពីង ថាចង់បានអ្នកទេសចរចិនក្នុងរង្វង់ ០.០១%។ ប្រជាជនចិនមានជិត ១.៤០០ លាននាក់ បើសិនជាយើងទទួលបានអ្នកទេសចរចិនត្រឹម ០.០១ វាស្មើនឹង ១.៤០០.០០០ នាក់នៃប្រជាជនចិន។ ទាមទារនូវការចូលរួមពីបងប្អូនសមាគមខ្មែរ-ចិនរបស់យើង ទៅលើការបណ្តុះបណ្តាលអ្នកចេះភាសាចិន ដើម្បីធ្វើជាអ្នកមគ្គុទេសន៍នាំភ្ញៀវ និងឧទ្ទេសនាម។ ខ្ញុំស្នើឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើការជាមួយសមាគមចិន ដើម្បីពង្រឹងគុណភាពនៃការសិក្សាភាសាចិន ដើម្បីផ្តល់សេវាសម្រាប់ទេសចររបស់ចិន មកកាន់ព្រះរាជាណាចក្រម្ពុជាកាន់តែច្រើនទៅៗ។ ឆ្នាំកន្លងទៅមាន ប្រហែលជា ៨០ ម៉ឺននាក់ រួចស្រេចទៅហើយៗ ខ្ញុំមានមោទនភាពថា នឹងអាចសម្រេចបាននូវគោលដៅ …។
ខ្សែក្រវ៉ាត់មួយ វិថីមួយ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
មួយទៀត យើងក៏កំពុងតែបន្តអនុវត្តនូវការព្រមព្រៀងទាក់ទងនឹងខ្សែក្រវាត់មួយ វិថីមួយ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលផ្តួចផ្តើមឡើងដោយមិត្តចិន ហើយយើងក៏បានចូលរួមធ្វើជាសហស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ យើងត្រូវបន្តដំណើរការនេះ។ ឆ្នាំនេះ ប្រាកដណាស់ថា នឹងមានការធ្វើដំណើររបស់ខ្ញុំទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងសន្និសីទ ស្តីអំពី ផ្លូវសូត្រ ក៏ដូចជាខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ។
នយោបាយការបរទេសចិនមួយ អនុវត្តតាំងពីព្រះករុណាព្រះបិតាជាតិ សម្តេចព្រះនរោត្តម សីហនុ
ខ្ញុំគួរតែយកឱកាសនេះ ជម្រាបជូនបងប្អូន ខ្មែរ-ចិន … បងប្អូនមួយចំនួនមានការពេញចិត្តជាមួយនឹងគោលនយោបាយអំពីប្រទេសចិនរបស់ ហ៊ុន សែន ឬរបស់គណបក្សប្រជាជន ក៏ប៉ុន្តែ ក៏មានបងប្អូនមួយចំនួនយល់ថា កម្ពុជាអនុវត្តនូវនយោបាយចង្អៀតពេក ដោយមិនព្រមផ្តល់ឱកាស សម្រាប់ការដាក់តាំងការិយាល័យតៃវ៉ាន់ប្រចាំនៅកម្ពុជា នៅភ្នំពេញ នៅតាមបណ្តាខេត្ត ដូចជាប្រទេសខ្លះ។ ខ្ញុំសុំយកឱកាសនេះ ជម្រាបជូនបងប្អូនជនជាតិខ្មែរដើមកំណើតចិនទាំងឡាយ ឲ្យបានជ្រាប ទោះបីបងប្អូនពេញចិត្តជាមួយអ្នកណា មិនពេញចិត្តជាមួយអ្នកណា បងប្អូនត្រូវយល់នយោបាយការបរទេស ដែលអនុវត្តតាំងពីព្រះករុណា ព្រះបិតាជាតិ សម្តេចព្រះនរោត្តម សីហនុ ក្នុងបញ្ហាទាក់ទិននឹងគោលនយោបាយចិនមួយនេះតែម្តង។
ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា
យើងមិនត្រូវធ្វើអ្វីដែលនាំទៅដល់ការប៉ះពាល់នូវការគោរពឯករាជ្យ អធិបតេយ្យភាពរបស់ចិន(ទេ ដូចជា) ការចាប់ដៃជាន់ជើងនោះទេ។ ខ្ញុំមិនអាចធ្វើបាននូវរឿងនេះទេ។ ខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីខ្ញុំអាយុ ២៧ ឆ្នាំ។ ក្នុងដំណាក់កាលនៅទសវត្សរ៍ ៨០ មិនខ្វះទេមនុស្សដែលផ្តល់យោបល់ឲ្យខ្ញុំធ្វើទំនាក់ទំនងជាមួយតៃវ៉ាន់។ ក៏ប៉ុន្តែ ខ្ញុំបដិសេធដាច់ខាត។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស និងក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនព្រមជាមួយនឹងបញ្ហានេះទេ។ សុំបងប្អូនយល់ទៅលើបញ្ហានេះ។ នយោបាយចិនមួយ គឺជានយោបាយគោរពចំពោះអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន មានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។ យើងលើកជាឧទាហរណ៍បែបនេះទៅវិញបានវាងាយស្តាប់។ តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ បើសិនជាយើងដាក់កាទូតជាមួយនឹងតៃវ៉ាន់ ឬក៏ឲ្យតៃវ៉ាន់លើកទង់ជ័យរបស់គេនៅទីក្រុងភ្នំពេញ តើមានន័យថាម៉េច? នោះវាមិនខុសពីការដែលយើងបំបែកខេត្តមួយរបស់ចិន ចេញពីចិននោះទេ? ចុះបើចិនបំបែកខេត្តណាមួយចេញពីកម្ពុជា តើកម្ពុជាសុខចិត្តទេ? ច្បាស់ជាមិនសុខចិត្តទេ។ ករណីដូចគ្នានេះ ចិនក៏មិនសុខចិត្តដែរ។
ទាក់ទងហុងកុង និងតៃវ៉ាន់ ក្នុងក្របខ័ណ្ឌចិនមួយ ប្រព័ន្ធពីរ
ដូច្នេះ សុំបងប្អូនយោគយល់ចំពោះខ្ញុំ ចំពោះគណបក្សប្រជាជន ខ្ញុំមិននិយាយដល់បក្សផ្សេងដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ទេ ក៏ប៉ុន្តែពីគោលនយោបាយរបស់គណបក្សប្រជាជន និងគោលនយោបាយរបស់ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី រយៈពេល ៣២ ឆ្នាំនេះ ដែលមិនព្រមអនុវត្តនូវនយោបាយចិនពីរ ឬចិនបី។ ករណីតៃវ៉ាន់ គឺដូច្នេះឯង ខ្ញុំយល់ព្រមត្រឹមតែមករកស៊ីតែប៉ុណ្ណោះ។ ខ្ញុំធ្វើបាន។ ឧទាហរណ៍៖ សព្វថ្ងៃមានការហោះហើរពីតៃប៉ិមកភ្នំពេញ ពីតៃប៉ិទៅសៀមរាប។ ធ្វើបាន។ អ្នកវិនិយោគពីតៃប៉ិមកកម្ពុជា។ ធ្វើបាន។ ក៏ប៉ុន្តែ ខ្ញុំសំណូមពរបងប្អូននៅទីនេះ កុំដល់ពេលបុណ្យជាតិតៃវ៉ាន់ម្តងៗ នាំគ្នាទៅជួបជុំគ្នាតាមសណ្ឋាគារ លើកទង់ជាតិតៃវ៉ាន់នៅក្នុងពិធីជប់លៀងណាមួយ។ មិនអនុញ្ញាតទេ។ សុំបងប្អូនយោគយល់ទៅដល់ការសម្រេចចិត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើនយោបាយចិនមួយ និងទាក់ទិនជាមួយនឹងបញ្ហាតៃវ៉ាន់។
ឯលើបញ្ហាទីបេ ក៏សុំបងប្អូនយោគយល់ដែរ យើងធ្លាប់បានទទួលនូវសំណូមពរ ស្តីអំពីការចូលមកកម្ពុជា ដោយសង្ឃអង្គនេះ សង្ឃអង្គនោះ ខ្ញុំមិនចាំបាច់និយាយឈ្មោះទេ ក៏ប៉ុន្តែ យើងមិនអនុវត្តនូវនយោបាយ បែបនោះទេ។ ទីបេក៏ជាផ្នែកមួយរបស់ចិនដែរ។ មិនអាចមានទីបេរបស់អ្នកនេះ ឬរបស់អ្នកនោះទេ។ ដូច្នេះ សុំបងប្អូនមេត្តាយោគយល់ទៅលើអ្វី ដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើ។ ចិនបានអនុញ្ញាតឲ្យយើងទាក់ទងជាមួយនឹងហុងកុង ឲ្យយើងទាក់ទងជាមួយតៃវ៉ាន់ នៅក្នុងក្របខណ្ឌនៃចិនមួយប្រព័ន្ធពីរ ហើយ ចិនក៏មិនចង្អៀតចង្អល់ នៅក្នុងយើងធ្វើការរកស៊ីជាមួយនឹងតៃវ៉ាន់ ដែលមានអ្នកតៃវ៉ាន់មួយចំនួនក៏ចូលរួម នៅទីនេះផងដែរ។ មានប្រជាជនមកពីតៃវ៉ាន់មួយចំនួនមកហាត់វាយកូនហ្គោលនៅស្រុកខ្មែរទេ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងផ្តល់ការអនុញ្ញាតឲ្យបើកការិយាល័យតៃវ៉ាន់ប្រចាំនៅទីក្រុងភ្នំពេញ ឬនៅកន្លែងផ្សេងទៀតទេ។
… មិនអាចធ្វើបានទេ។ បើ(មិន)ដូច្នោះ វាគឺជាការចាប់ដៃជាន់ជើង វាស្មើនឹងការមិនគោរពអធិបតេយ្យរបស់កម្ពុជា ព្រោះយើងមិនគោរពអធិបតេយ្យរបស់ចិន។ បើដូច្នេះ ឯកឧត្តមអគ្គរដ្ឋទូតនៅទីនេះច្បាស់ជាយល់អំពីបញ្ហានេះ។ ហើយខ្ញុំមិនខ្លាចនឹងនិយាយពីបញ្ហានេះ មិនថានៅកន្លែងនេះ ឬនៅកន្លែងណាទេ អំពីនយោបាយចិនមួយ។ ចិនមិនត្រូវការអ្វីទេ ក្រៅតែពីការអនុវត្តនូវនយោបាយចិនមួយឲ្យបានទៀងទាត់តែ ប៉ុណ្ណោះ។ ជាចំណុចពិសេស។ ខ្ញុំសង្ឃឹមថាបងប្អូនគាំទ្រដល់នយោបាយចិនមួយរបស់រាជរដ្ឋាភិបាល។ គោលនយោបាយនេះមានសារសំខាន់ណាស់សម្រាប់យើង ហើយក៏សម្រាប់តំបន់អាស៊ីផងដែរ ជាពិសេសអាស៊ីអាគ្នេយ៍ ក្នុងឋានៈអាស៊ានជាដៃគូយុទ្ធសាស្ត្ររបស់ចិន។ យើងត្រូវខិតខំថែរក្សាទំនាក់ទំនងជាមួយចិន។ ការរះឡើងដោយសន្តិភាពរបស់ប្រទេសចិន មិនគម្រាមកំហែងអ្នកណាទេ។ ផ្ទុយទៅវិញ តាមរយៈនៃគោលនយោបាយជិតខាងល្អ តាមរយៈនៃចក្ខុវិស័យ ស្តីពីខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ផ្លូវសូត្រ និង ផ្លូវសមុទ្រសតវត្សរ៍ទី ២១ ផ្តល់ផលប្រយោជន៍មិនត្រឹមតែបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាផ្តល់ទៅតំបន់ដទៃទៀត។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ស៊ី ជិនពីង នៅថ្ងៃទី ១៧ ខែ មករា នៅ ដាវ៉ូស (ស្វ៊ីស) គឺជាសេចក្តីថ្លែងការណ៍ដែលគេឲ្យតម្លៃខ្ពស់បំផុត។
កម្ពុជាបង្កើនការនាំអង្ករចេញទៅប្រទេសចិនពី ១០ ម៉ឺនតោន ទៅ ២០ ម៉ឺនតោន
ចិន ចាប់ផ្តើមបន្ធូរបន្ថយ(គោលនយោបាយអំពីចំនួន)កូនហើយ។ ខ្ញុំក៏សិក្សាដែរ។ ពីដើមចិនអនុញ្ញាតឲ្យមានកូនតែមួយទេ តែឥឡូវថា បើអាកូនទី ១ ជាកូនស្រី អនុញ្ញាតឲ្យមានកូនទី ២ … បើអនុញ្ញាតឲ្យបែបនេះ ប្រជាជនចិននឹងកើតឡើងទៅដល់ ១.៥០០ លាននាក់ នៅក្នុងរយៈពេលមិនយូរប៉ុន្មានទេ។ ដូច្នេះ ចិនក្លាយទៅជាទីផ្សារដ៏ធំ សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ។ ឆ្នាំនេះ យើងត្រូវនាំអង្គទៅប្រទេសចិន ចំនួន ២០ ម៉ឺនតោន ដែលឆ្នាំមុនមានត្រឹម ១០ ម៉ឺនតោន។ ឆ្នាំនេះ ត្រូវនាំចូលទៅប្រទេសចិន ២០ ម៉ឺនតោន និងនៅសល់ផលិតផលដទៃទៀត … អ្វីដែលយើងនៅខ្វះ គឺទំនិញគ្រប់ស្តង់ដាដែលត្រូវនាំចូលទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
មិត្តចិនបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
… បងប្អូននៅទីនេះ ពិតជានៅចងចាំបាន ការដែលយើងបានរួមដំណើរមកដល់ពេលនេះ។ ការអភិវឌ្ឍរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ មិត្តចិនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការផ្តល់ជំនួយឥតសំណង កម្ចីឥតការប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍ បូកនឹងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ដើម្បីបម្រើឲ្យការអភិវឌ្ឍ។ យើងត្រូវការទាក់ទាញនូវវិនិយោគគិនចិនកាន់តែច្រើនឡើងៗ ដើម្បីធ្វើវិនិយោគនៅកម្ពុជា។ វាជាការងាយស្រួល ដោយសារប្រទេសរបស់យើងក៏មាននិស្សិត មានសិស្ស និងបងប្អូនមួយចំនួនចេះភាសាចិន ក៏ប៉ុន្តែ អត់ទាន់គ្រប់គ្រាន់ទេ បើសិនទេសចរចិនមករហូតទៅដល់ជាង ១ លាននាក់។ យើងត្រូវការនូវអ្នកផ្តល់សេវាជាភាសាចិនឲ្យកាន់តែច្រើន ហើយប្រាក់យាន់របស់ចិនក៏នឹងត្រូវចាយ នៅលើទីផ្សាររបស់កម្ពុជាផងដែរ។
គ្មានសន្តិភាព គ្មានការអភិវឌ្ឍ
… សម្លែងនូវការអរគុណជាមួយនឹងបងប្អូនខ្មែរដើមកំណើតចិន និងអ្នកដែលមានខ្សែស្រឡាយចិនទាំងឡាយ ដែលរួមរស់នៅជាមួយគ្នាតាំងពីកម្សត់កម្ររហូតមកដល់ពេលនេះ។ នៅតុប៉ុន្មាននេះខ្ញុំស្គាល់ទាំងអស់។ អ្នកខ្លះចាប់ផ្តើមតាំងពីលក់អំបោះហុងទេ ប៉ុន្តែឥឡូវក្លាយទៅជាសេដ្ឋីហើយ។ គោលនយោបាយបើកចំហររបស់យើង បានផ្តល់ឱកាសឲ្យបងប្អូនរកស៊ីគ្រប់ៗគ្នា មានបានគ្រប់ៗគ្នា។ ខ្ញុំសង្ឃឹមថា បងប្អូនច្បាស់ជាយល់នូវភាពចាំបាច់នៃការរក្សាសន្តិភាព។ បើគ្មានសន្តិភាពទេ បងប្អូននឹងមិនអាចធ្វើអីបានទេ។ បងប្អូនក្រឡេកមើលទៅចុះ មជ្ឍឹមបូព៌ាដែលគេកំពុងវ៉ៃគ្នា ហើយបងប្អូនខ្លួនឯងដែលធ្លាប់នៅក្នុងដំណាក់កាលសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ និងរបប ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ បងប្អូនយល់នូវការលំបាក ទាំងអស់នេះ។ បងប្អូនមិនត្រូវបានគេឲ្យរែកដីនោះទេ។ ខ្ញុំសង្ឃឹមថា ការចាំបាច់របស់យើងគឺត្រូវការពារសន្តិភាព និងស្ថេរភាពនយោបាយឲ្យបាន ទើបបងប្អូនមានលទ្ធភាពការអភិវឌ្ឍ។ គ្មានសន្តិភាព វាគ្មានការអភិវឌ្ឍទេ ហើយបើគ្មានការអភិវឌ្ឍ វាក៏មិនអាចរក្សាទុកនូវសន្តិភាពនេះបានដែរ។
គោលនយោបាយបើកចំហរនាំមកនូវការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
… ខ្ញុំមានឱកាសនិយាយយ៉ាងច្រើន ជាមួយនឹងប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម U Htin Kyaw អំពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍ ដែលនៅក្នុងប្រទេសរបស់គាត់ ក៏មានបញ្ហាពាក់ព័ន្ធជាមួយនឹងបទឈប់បាញ់ និងការមិនទាន់ចុះហត្ថលេខាលើបទឈប់បាញ់។ កាលពីអតីតកាល ក្រុមគ្រួសារបងប្អូនសាច់ញាតិទាំងអស់ មិនថាខ្មែរ មិនថាចិន មិនថាចាម មិនថាជនជាតិណាទេ គឺទទួលរងគ្រោះដោយគ្រាប់បែក និងទទួលរងគ្រោះនឹងត្បូងចបពីរបប ប៉ុល ពត, ពីគ្រាប់បែកអាមេរិកកាំង … ប៉ុន្តែ ក្រោយការអនុវត្តនូវនយោបាយបើកចំហរ អ្នកនៅក្នុងស្រុកក៏មានប្រឹងប្រែងងើបឈរឡើង រហូតក្លាយទៅជាអ្នកមាន ដែលខ្ញុំបានប្រាប់ទៅខាងពន្ធដារ និងខាងគយថា ត្រូវចិញ្ចឹមមេមាន់ឲ្យបានល្អ ដើម្បីឲ្យវាពងបានច្រើន … សង្ឃឹមថា បងប្អូនទាំងអស់អនុវត្តនូវវប្បធម៌បង់ពន្ធ កាលណាពន្ធកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែល្អ …។
ប្រមូលផ្តុំនូវធនធានបញ្ញា មនុស្ស និងទ្រព្យសម្បត្តិ កសាងប្រទេស
… ក្រៅពីនោះ ខ្ញុំក៏សុំអបអរសាទរជាមួយនឹងបងប្អូនខ្មែរ-ចិន នៅក្រៅប្រទេសដែលនាំទុន និងបច្ចេកវិទ្យា ក៏ដូចជាចំណេះដឹងចូលមកវិនិយោគក្នុងស្រុក … នេះជាការនាំទុនពីប្រទេសក្រៅចូលមកកម្ពុជា។ ខុសប្លែកពីសម័យមុន កម្ពុជាក្រហើយត្រូវយកលុយទៅវិនិយោគនៅក្រៅប្រទេស។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? ពីដើម អ្នកធំ អ្នកមាន ទិញផ្ទះនៅអង់គ្លេស នៅបារាំង មានលុយដាក់ធនាគារនៅស្វ៊ីស … នោះហើយទុនមានបន្តិចបន្តួចយកទៅវិនិយោគនៅក្រៅប្រទេស … ផ្ទុយមកវិញ នៅក្នុងដំណាក់កាលក្រោយរំដោះ ៧ មករា ១៩៧៩ រហូតមកដល់ពេលនេះ បងប្អូនទាំងនោះបានសន្សំលុយកាក់ដែលមាននៅខាងក្រៅ បូកនឹងការចេះដឹងរបស់ខ្លួន ត្រឡប់មកស្រុក ដើម្បីនឹងបង្កើតមុខរបរ ហើយនាំមកនូវការវិនិយោគខ្នាតតូចក្តី ខ្នាតមធ្យមក្តី ខ្នាតធំក្តី។ នេះជាវិធីសាស្ត្របើកចំហរ ក្នុងក្របខណ្ឌនៃគោលនយោបាយ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ និងនាំមកនូវការរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងត្រូវការប្រមូលផ្តុំនូវធនធានបញ្ញា ធនធានមនុស្ស និងទ្រព្យសម្បត្តិ ដើម្បីកសាងប្រទេសឡើងវិញ។ អំពាវនាវជាបន្ត សម្រាប់បងប្អូនសហគមខ្មែរយើងនៅឯក្រៅប្រទេស ទាំងខ្មែរសុទ្ធ ទាំងខ្មែរកាត់ខ្សែស្រឡាយចិន ឬក៏ខ្មែរឥស្លាម នៅក្រៅប្រទេស បន្តវិលត្រឡប់មកដោយគ្មានឧបសគ្គអ្វីរារាំងទេ។
ខ្ញុំហាក់ដូចជានិយាយច្រើន ហើយក៏ល្មមឃ្លានហើយដែរ។ សង្ឃឹមថា បងប្អូនយល់ និងគាំទ្រការអនុវត្តគោលនយោបាយចិនមួយរបស់រាជរដ្ឋាភិបាល ដើម្បីយើងបន្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមិត្តចិន ហើយបង្កើតជំនឿទុកចិត្តរវាងកម្ពុជា និងចិន ឲ្យកាន់តែខ្ពស់ ហើយទំនាក់ទំនងរវាងកម្ពុជា និងចិន កាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមអរគុណចំពោះការចូលរួមទាំងឡាយរបស់ឯកឧត្តមអគ្គរដ្ឋទូត ក៏ដូចជាបងប្អូនចិនដែលមកពីគ្រប់ទីកន្លែង និងបងប្អូនចិនមកពីគ្រប់ខេត្ត និងឯកឧត្តម លោកជំទាវ មន្ត្រីអ្នកមុខអ្នកការ ដែលបានចូលរួមនៅក្នុងទីនេះ។ ហើយសូមជូនពរឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ និងជោគជ័យគ្រប់ៗគ្នា៕