- សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះរាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ,
- សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ,
- សមាជិក សមាជិកា នៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទំាងប្រទេស ចូលរួមដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល ៣៨ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់ វិស័យនៅក្នុងឆ្នំា ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។
យើងប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោកដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជារៀងដរាបទៅ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿងក្នុងឯករាជ្យ សន្តិភាព ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញជានិច្ចនិរន្តន៍។
អង្គមីទ្ទិញ និងជនរួមជាតិជាទីគោរពស្នេហា !
បច្ចុប្បន្ន ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ហើយកំពុងខិតខំបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍមាតុភូមិខ្លួនឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរួមគ្នាលុបបំបាត់នូវរាល់ស្លាកស្នាមដ៏ឈឺចាប់ ខ្លោចផ្សាបំផុតដែលសង្រ្គាម និងរបបប្រល័យពូជសាសន៍បានបន្សល់ទុក។ ពេលនេះទោះបីជាយើងកំពុងរស់នៅយ៉ាងសុខសាន្តក្តី ក៏យើងមិនអាចភ្លេចបានឡើយនូវអតីតកាលដ៏ខ្មៅងងឹតបំផុតនៃមាតុភូមិ និងប្រជាជាតិយើងដែលត្រូវគ្របដណ្តប់ដោយសង្រ្គាម និងឧក្រិដ្ឋកម្មយ៉ាងសាហាវយង់ឃ្នងត្រូវក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន ហើយត្រូវគេរំលោភបំពានប្រមាថមាក់ងាយសព្វបែបយ៉ាង។ មហន្តរាយ និងសោកនាដកម្មដ៏ធំធេង ដែលបានធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមឡើងដោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ តាមខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្រ្គាមឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិយើង និងបានសម្លាប់អាយុជីវិតប្រជាជនប្រជាជនកម្ពុជា ជាងកន្លះលាននាក់។ ក្រោយថ្ងៃរំដោះ ១៧ មេសា ឆ្នាំ ១៩៧៥ ប្រជាជនកម្ពុជាសង្ឈឹមថានឹងបានរស់ក្នុងសន្តិភាព ប៉ុន្តែ ផ្ទុយទៅវិញ បនក្បត់ ប៉ុល ពត បានប្លន់យកទំាងស្រុងនូវសមិទ្ធផលនៃជ័យជម្នះនេះ បង្កើតឡើងរបបប្រល័យពូជសាសន៍ សម្លាប់រង្គាលប្រជាជនខ្លួនឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃស្មារតី និងសម្ភារៈរបស់ជាតិ ធ្វើឲ្យទឹកដីមាតុភូមិ ដែលឆេះខ្លោចដោយភ្លើងសង្រ្គាមទៅហើយនោះ ក្លាយទៅជាវាលពិឃាតយ៉ាងសាហាវឃោរឃៅបំផុត។ ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ពួក ប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឲ្យរលាយខ្ទេចខ្ទីដល់ឬសគល់ សិទ្ធិសេរីភាពដែលជាតម្លៃសារវ័ន្តរបស់មនុស្ស ត្រូវបានលុបបំបាត់ទាំងស្រុង ប្រជាជនជាង ៣ លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម។ ច្បាស់ណាស់ថា បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចបង់ដោយគ្មានទីបញ្ចប់ឡើយ។
ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាបានផ្តាច់ខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីប្រមូលកម្លាំងរបស់ប្រជាជាតិទាំងមូលធ្វើការតស៊ូសង្រ្គោះប្រទេសជាតិ និងបានអំពាវនាវរកការជួយឧបត្ថម្ភ ពីប្រជាជននៃបណ្តាប្រទេសជិតឆ្ងាយដល់ដំណើរការតស៊ូនេះ។ ជាមួយនឹងការទទួលបាននូវការជួយឧបត្ថម្ភដ៏ធំធេង និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានដឹកនាំប្រជាជនវាយរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ។
ក្រោយថ្ងៃរំដោះ ៧ មករា យើងត្រូវស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្រ្គាមផង ហើយត្រូវទទួលរងនូវការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលមានគោលបំណងនាំយករបបប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជាវិញ។ ឧបសគ្គ និងការលំបាកទាំងឡាយដែលរាំងស្កាត់មិនឲ្យកម្ពុជាដើរទៅមុខនៅក្នុងដំណាក់កាលនោះ មានទំហំធំធេងណាស់ ដែលអាចទាញកម្ពុជាឲ្យវិលត្រឡប់ទៅរកគ្រោះមហន្តរាយជាថ្មីវិញបាន បើមិនអាចពុះពារជម្នះបានទេនោះ។ ប្រឈមនឹងរាល់ឧបសគ្គដ៏គ្រោះថ្នាក់បំផុតនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្ស និងរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានបង្កើតឡើងភ្លាមក្រោយថ្ងៃរំដោះ ៧ មករា បានជ្រោងទង់មហាសាមគ្គីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ពុះពារ ស្តារ កសាង និងការពារប្រទេសឲ្យគង់វង្ស ឋិតថេរ និងឈានទៅមុខពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ ក្នុងរយៈពេលតែ ១០ ឆ្នាំ ក្រោយថ្ងៃជ័យជម្នះ៧មករា កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានឈានមកដល់ដំណាក់កាលពង្រឹងពង្រីកខ្លួន ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិចាំបាច់នានា ឲ្យកម្ពុជាឈានចូលដំណាក់កាលថ្មីមួយទៀតជាប្រវត្តិសាស្ត្រគឺ សន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព។
ឆ្លងកាត់រយៈពេល ៣៨ ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជាបាន និងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់ក៏ដូចពិភពលោក ទោះបីជាត្រូវជួបនឹងភាពបត់បែនយ៉ាងច្រើនក្តី៖
– កម្ពុជាពីមុន ដែលជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។
– កម្ពុជាពីមុន ដែលតែងតែប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា ឥឡូវបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើស និងជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ ហើយគោរព លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។
– កម្ពុជាពីមុន ដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក ហើយកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
– កម្ពុជាពីមុន ដែលជាប្រទេសអន់ខ្សោយខាងសេដ្ឋកិច្ច និងគ្របដណ្តប់ដោយភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយទៅជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅចំណាត់ថ្នាក់ នៃប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចការកែលម្អសូចនាករសង្គមសំខាន់ៗ។
ទាំងអស់នេះគឺជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយ ប្រកបដោយឆន្ទៈប្តូរផ្តាច់, ការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់ៗរូបក្នុងការអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដែលបង្កើតជាកម្លាំងមហាសាមគ្គី ដើម្បីកសាង និងការពារមាតុភូមិ, ការលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបម្រើជាតិ និង ប្រជាជន, ការធ្វើសហប្រតិបត្តិការរវាងចរន្តនយោបាយនានា និងពីគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដោយឈរលើឧត្តមប្រយោជន៍ជាតិ និងតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។ នេះជាកត្តាធំៗនៃជ័យជម្នះ និងជាមេរៀនពិសោធន៍ជាប្រវត្តិសាស្រ្តដែលយើងទាំងអស់គ្នាគប្បីយល់ដឹងឲ្យច្បាស់ និងចងចាំជារៀងដរាប ដើម្បីកុំឲ្យប្រវត្តិសាស្រ្តដ៏ជូរចត់អាចកើតឡើងជាថ្មីវិញបាននៅលើមាតុភូមិយើង។
អង្គមីទ្ទិញ និងជនរួមជាតិជាទីគោរពស្នេហា !
ស្មារតីជ័យជម្នះ ៧ មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ និងការលំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ស្មារតី ៧ មករា គឺស្មារតីសន្តិភាព និងការរួបរួមជាតិ ជាស្មារតីធ្វើម្ចាស់ប្រទេសរបស់ប្រជាជនយើង។ ស្មារតី ៧ មករា ជាស្មារតីរបស់ប្រជាជាតិខ្មែរ ដោយពុំមានបែងចែកនិន្នាការនយោបាយណាមួយឡើយ ទាំងអ្នកបានឆ្លងកាត់របបប្រល័យពូជសាសន៍ ទាំងយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ផ្ទាល់នូវរបបដ៏ឃោរឃៅនេះ។ មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើប្រាស់កម្ពុជា ដើម្បីសម្រេចគោលបំណងអាក្រក់របស់ខ្លួន ដោយពុំគិតដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា។
ពេលនេះប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំ ២០១៧ ដែលជាឆ្នាំទី ៤ នៃការអនុវត្ត «កម្មវិធីនយោបាយ» និង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣» របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា ជាមួយនឹងក្តីសោមនស្សរីករាយចំពោះសមិទ្ធផលគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៦ កន្លងទៅ៖
– ខឿនការពារប្រទេស និងសន្តិសុខជាតិកាន់តែត្រូវបានពង្រឹង ដែលបានលើកកម្ពស់សមត្ថភាពនៃកិច្ចការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិ ធានាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាជន។ តាមរយៈនេះ បានផ្តល់ភាពអនុគ្រោះដល់ការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានដើរទន្ទឹមនឹងការអនុវត្តនីតិរដ្ឋ។ បណ្តាគណបក្សនយោបាយ រួមទាំងគណបក្សដែលទើបបង្កើតថ្មី បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ កំពុងធ្វើសកម្មភាពដោយសេរី។ ស្ថាប័ននានារបស់ជាតិ និងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ កំពុងខិតខំអនុវត្តការងាររបស់ខ្លួន ដែលបានធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការចុះឈ្មោះបោះឆ្នោតក្រោមការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយជោគជ័យ ដែលបានទទួលនូវការសាទរពីសាធារណមតិជាតិ និងអន្តរជាតិ។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការគោរពដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានអនុវត្តសិទ្ធិដ៏ថ្លៃថ្លារបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ដោយបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតក្នុងភាពជាម្ចាស់វាសនារបស់ប្រទេសជាតិ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យបញ្ជីឈ្មោះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយឲ្យទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បងប្អូន។
– ការអនុវត្តកម្មវិធីកំណែទម្រង់នានា កំពុងត្រូវបានជំរុញក្នុងឆន្ទៈមុតស្រួចប្រកបដោយផ្លែផ្កា ដែលបានលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ជាពិសេសកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំ សង្កាត់ បានទទួលការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយពីប្រជាជនគ្រប់មជ្ឈដ្ឋាន និងពីសហគមន៍អន្តរជាតិ។ ឆ្លងតាមដំណើរការអនុវត្តកំណែទម្រង់ ធនធានហិរញ្ញវត្ថុដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលឃុំ សង្កាត់ មានកំណើន ១២ ដង បើគិតពីឆ្នាំ ២០០២ មកដល់ឆ្នាំ ២០១៦។ គួបផ្សំនឹងការកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងការចូលរួមពីសហគមន៍មូលដ្ឋាន បានធ្វើឲ្យរដ្ឋបាលឃុំ សង្កាត់ កាន់តែពង្រីកបាននូវលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជនបទរាប់ពាន់គម្រោងក្នុង ១ ឆ្នាំៗ ដូចជា ការសាងសង់ផ្លូវជនបទ, ស្ពាន, អណ្តូងទឹក, ស្រះទឹក, ប្រព័ន្ធធារាសាស្ត្រខ្នាតតូច, សាលារៀន, ប៉ុស្តិ៍សុខភាព និងការផ្តល់សេវាសង្គមផ្សេងៗ។
– ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៦ កម្ពុជាធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងល្អប្រសើរ ក្នុងនោះអតិផរណាររក្សាបានក្នុងកម្រិតទាបជាង ៥% និងអាត្រាប្តូរប្រាក់មានស្ថិរភាព។ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧% ដូចការព្យាករពីដើមឆ្នាំ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤%, វិស័យសេវាកម្មមានកំណើន ៦,៧% និងវិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន។ ផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី ៧៦០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០០៨ ដល់ ១.២១៥ ដុល្លារ ក្នុងឆ្នាំ ២០១៥ ហើយនៅឆ្នាំ ២០១៦ បានបន្តកើនដល់ជាង ១.៣០០ ដុល្លារ ដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីចំណាត់ថ្នាក់ជាប្រទេសចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឲ្យបាននូវទស្សនវិស័យធំៗ នៃការអភិវឌ្ឍរបស់ខ្លួនបន្តទៀត។ សន្ទុះរីកចម្រើនដ៏ខ្លាំងនេះបានបង្ហាញច្បាស់ក្នុងភាពរស់រវើក នៃជីវភាពសង្គមលើគ្រប់វិស័យបច្ចុប្បន្ននេះ។ សម្រាប់ឆ្នាំ ២០១៧ តាមការព្យាករ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនទាំងកត្តាខាងក្រៅ ទាំងកត្តាខាងក្នុងក្តី ក៏កម្ពុជានឹងនៅតែធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសម្រេចបានកំណើនក្នុងរង្វង់ ៧% បន្តទៀត។ ស្ថានភាពដ៏ល្អនេះ កំពុងពង្រឹង និងពង្រីកថែមទៀតនូវកាលានុវត្តភាពសម្រាប់ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
– គួរកត់សម្គាល់ថា ទន្ទឹមនឹងកំណើនផលិតផលស្រូវរបស់កសិករ ស្ថានភាពទីផ្សារអង្ករកាន់តែមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឲ្យយើងជួបនឹងបញ្ហាតម្លៃស្រូវ។ កន្លងមកនេះយើងបានខិតខំដោះស្រាយបញ្ហាតាមមធ្យោបាយជាច្រើន ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវ។ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះមន្ត្រីរាជការ ពាណិជ្ជករ និងប្រជាពលរដ្ឋ ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលជំរុញចលនាទិញស្រូវ ដើម្បីជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាកសិករ។ ក្នុងឱកាសដែលប្រជាកសិករកំពុងតែប្រមូលទុកដាក់ផលស្រូវនោះ រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងពេញទំហឹងដើម្បីការពារផលប្រយោជន៍របស់បងប្អូន។ ចំពោះបងប្អូនអាជីវករលក់ដូរតាមផ្សារដែលស្ថិតលើទីតាំងដីរបស់រដ្ឋ រាជរដ្ឋាភិបាលបានសម្រេចឲ្យបងប្អូនអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូន ឬអ្នកដទៃបាន ដោយមិនមានកំណត់អាណត្តិ ឡើយ ហើយនៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ១២% ក្នុងឆ្នាំ ២០១៧ នេះ និងឈានទៅសម្រេចគោលដៅជាង១លានរៀល នៅឆ្នាំ ២០១៨ ព្រមទាំងដំឡើងរបបប្រាក់សោធននិវត្តន៍។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង ត្រូវបានដំឡើងពី ១៤០ ដុល្លារ ដល់ ១៥៣ ដុល្លារ ក្នុងមួយខែ ដែលចាប់ផ្តើមអនុវត្តពី ខែ មករា ឆ្នាំ ២០១៧ នេះ ដូច្នេះបើរាប់បញ្ចូលប្រាក់អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងៗទៀត កម្មករ និយោជិតទទួលបានពី ១៧០ ទៅ ១៨១ ដុល្លារអាមេរិកក្នុងមួយខែ។
លទ្ធផលដែលសម្រេចបានទាំងនេះ ឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងកែលម្អសេវាសាធារណៈផ្តល់ជូនប្រជាជនឲ្យមានភាពកាន់តែប្រសើរឡើង។
អង្គមីទ្ទិញ និងជនរួមជាតិជាទីគោរពស្នេហា !
៣៨ ឆ្នាំ កន្លងមកនេះ គឺ ៣៨ ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ដោយប្រកាន់ខ្ជាប់នូវស្មារតី ៧ មករា និងផ្អែកលើបណ្តាសមិទ្ធផលដ៏វិសេសវិសាល ដែលយើងសម្រេចបានកន្លងមក យើងទាំងអស់គ្នានឹងបន្តធ្វើដំណើរទៅមុខទៀតប្រកបដោយក្តីសង្ឈឹម និងភាពជឿជាក់ចំពោះអនាគតដ៏រុងរឿងរបស់មាតុភូមិ និងប្រជាជាតិយើង។ យើងបានពុះពារឆ្លងកាត់រួចមកហើយនូវឧបសគ្គធំៗគ្រប់បែបយ៉ាង គ្មានឧបសគ្គណាដែលធំលើសពីនេះទៀតទេ ហើយយើងក៏បានឃើញនូវកម្លាំងដ៏ធំធេងរបស់ប្រជាជាតិយើង ដើម្បីធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនផងដែរ។ ទៅមុខទៀត គ្មានឧបសគ្គណាអាចមករារាំងមិនឲ្យសម្រេចបំណងប្រាថ្នារបស់យើងបានឡើយ ឲ្យតែប្រជាជាតិយើងមានការរួបរួមគ្នា ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវរាល់សកម្មភាពប្រទូសរ៉ាយ ទោះបីចេញពីប្រភពណាក៏ដោយដែលអាចធ្វើឲ្យខ្មែរបែកបាក់គ្នាជាថ្មីទៀត ដោយប្រកាន់ខ្ជាប់នូវស្មារតីបង្រួបបង្រួមជាតិ, គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខិតខំសម្របសម្រួលដោះស្រាយនូវទស្សនៈខុសៗគ្នាក្នុងសង្គមដោយភាពអត់ធ្មត់ យោគយល់អធ្យាស្រ័យគ្នា និងអហិង្សា និងឈរលើមូលដ្ឋានគោរពអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។
គណបក្សប្រជាជនកម្ពុជាការពារដាច់ខាតឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និងរាល់សមិទ្ធផលរបស់សង្គមជាតិ ជាពិសេសថែរក្សាសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំឥតរង្គោះរង្គើរ ដែលជាកត្តាសារវ័ន្ត ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ធានាការអភិវឌ្ឍប្រកបដោយ ចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន។
យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើតាមឆន្ទៈរបស់ខ្លួននៅក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតជ្រែកមកលើដែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ បំពានលើគោលការណ៍ជាសកល។ កម្ពុជាមិនអាចទទួលយកការកៀបសង្កត់ ឬការជ្រៀតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលការប៉ុនប៉ងបែបនេះបាន និងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុតនៅក្នុងប្រទេសមួយចំនួន ដែលរកទីបញ្ចប់មិនឃើញ។
គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿនញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់។ ជនដែលប្រព្រឹត្តល្មើសត្រូវតែទទួលទោសតាមច្បាប់។
យើងបន្តជំរុញការអនុវត្តកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅលើគ្រប់វិស័យ និងការប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមោះមុត ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅបង្កើនការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែកៀកនឹងប្រជាជន និងកាន់តែឆ្លើយតបតម្រូវការរបស់ប្រជាជន។
គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្ទនាជាមួយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភា តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ ការមិនស្មោះត្រង់ ការប្រើពាក្យសម្តីអសុរសវាយប្រហារគ្នា និងការញុះញង់បង្ក បញ្ឆេះឲ្យមានការគុំកួនចងកំហឹងនឹងគ្នា គឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយ មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង។ ព្រមជាមួយនេះ គណបក្សយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដើម្បីថែរក្សា និងពង្រីករាល់សម្ធិផលនៃសង្គមជាតិ រួមគ្នាដោះស្រាយសេចក្តីត្រូវការរបស់ប្រជាជន ពង្រឹងបរិយាកាសសុខក្សេមក្សាន្តក្នុងសង្គម រួមទាំងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះឲ្យបានល្អ ដែលជាកត្តាសំខាន់ចាំបាច់ ដើម្បីធានាឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ក្នុងឱកាសដ៏ឧឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងរឹងមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៨ ឆ្នាំកន្លងមកនេះ ធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបានដោយជោគជ័យក្នុងការបម្រើប្រទេសជាតិ។ គណបក្សនឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ព្រមទាំងជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅផ្ទាល់របស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ខ្ញុំមានជំនឿដ៏មុតមាំថា បងប្អូនជនរួមជាតិនៅគ្រប់ទិសទី នៅតែបន្តគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចទាំងស្រុងនូវបំណងប្រាថ្នារបស់ជនរួមជាតិគឺ កសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមប្រសិទ្ធពរជូន សម្តេច, ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរព្រះគុណ! សូមអរគុណ!