FN ៖ គណបក្សប្រជាជនកម្ពុជា គណបក្សដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដឹកនាំរាជរដ្ឋាភិបាល ៤អាណត្តិមកហើយនោះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកក្រោមវត្តមាន អ្នកចូលរួមរាប់ពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
សម្តេចតេជោ ហ៊ុន សែន៖ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅក្នុងរបបប៉ុលពតខ្មែរក្រហមទាំងអស់ជាង៣លាននាក់ បានទៅកាន់សុគិតភព ជារៀងដរាបទៅ និងសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាន ដែលបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុត នៅក្រោមរបបប្រល័យពូជសាសន៍។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សោកនាដកម្មដ៏ធំធេងដែលធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមចេញដោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្គ្រាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិកម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលវេលា ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចដោយ គ្មានទីបញ្ចប់ក្រោមស្នាដៃរបស់របបបនប៉ុលពត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា យើងត្រូវស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅឡើងវិញពីលេខសូន្យ និងបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពីមុន ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតចូលមកដែនអធិបតេយ្យរបស់កម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តទៅមុខទៀត គ្មានឧបសគ្គណាអាចមករារាំង មិនឱ្យសម្រេចបំណងប្រាថ្នារបស់យើងបានឡើយ ឱ្យតែប្រជាជាតិយើងមានការរួបរួម ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្ទនា ជាមួយគណបក្ស ដែលមានអសនៈនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
* សម្តេចតេជោ ហ៊ុន សែន ជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបការកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ៃខុសច្បាប់ និង អាជីវកម្មខ្សាច់ខុសច្បាប់, ជនដែលប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់។