ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ជាទីគោរពរាប់អាន
អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនផងដែរ
ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូមសម្តែងនូវការអរគុណ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏មានវិស័យឯកជនផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងផុតទៅ។
តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុងប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន និងលោកជំទាវចូលរួមនៅក្នុងពិធីក្នុងខេត្តចំនួន ៤ រួចមកហើយ។ ខ្ញុំពិតជាមានការរីករាយ នៅពេលដែលយើងបានធ្វើកិច្ចការរួមគ្នានៅទីនេះ។ ថ្ងៃនេះ មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ដែលចូលរួម ប៉ុន្តែនៅមានការចូលរួមពីបណ្តាប្រទេសជាមិត្តផងដែរ។ បើយើងគិតពីចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងទីនេះ មានប្រមាណជិត ៣ ពាន់លាននាក់ឯណោះ ក្នុងនោះសាធារណរដ្ឋប្រជាមានិតចិន មានប្រជាជនជិត ១ ពាន់ ៤ រយលាននាក់ សាធារណរដ្ឋឥណ្ឌាមានប្រជាជនប្រមាណ ១ ពាន់ ៣ រយលាននាក់ សាធារណរដ្ឋឥណ្ឌូនេស៊ី មានប្រជាជនជាង ២០០ លាននាក់ ប្រទេសវៀតណាម មានជាង ១០០ លាននាក់ ប្រទេសថៃមានប្រជាជនជិត ៧០ លាននាក់ និងដោយឡែកប្រទេសកម្ពុជាយើង មានប្រជាជនប្រមាណជាង ១៥ លាននាក់។
ក្រុងព្រះសីហនុពីអតីតកាល ជួបការលំបាកខ្លាំងណាស់
ការចូលរួមទាំងអស់ (កំពុងកើតមាន)បន្ទាប់ពីកម្ពុជាបានចូលរួមនៅក្នុងក្លិបសមុទ្រដែលស្អាតជាងគេ នៅក្នុងពិភពលោក។ ខ្ញុំពិតជានឹកស្មានមិនដល់នូវអ្វីដែលបានកើតពីអតីតកាល ហើយនៅពេលនេះ យើងបែរជាជួបនឹងភ័ព្វសំណាងមួយនៅក្នុងចំណោមភ័ព្វសំណាង ដែលយើងពិបាកនឹងស្វែងរក ហើយប្រហែលជាគ្មានទៀតទេ ប្រសិនបើករណីនេះត្រូវបានខូចខាតទៅវិញ។ កាលពីជិត ៣៨ ឆ្នាំមុន គឺនៅក្នុងអំឡុងខែ ឧសភា និងខែ មិថុនា ឆ្នាំ ១៩៧៩ ខ្ញុំបានមកដល់ទីក្រុងព្រះសីហនុនេះ ជាមួយនឹងកូនប្រុសរបស់ខ្ញុំ ដែលទើបនឹងហៅខ្ញុំថាជាឪពុក ដែល(ពីមុន)ហៅខ្ញុំថាជាពូ អស់រយៈពេល ២ ខែ នៅពេលនោះ គ្មានទឹក គ្មានភ្លើង គ្មានអ្វីៗ ប្រជាពលរដ្ឋរបស់យើងរស់នៅដោយការលំបាកណាស់ នៅក្រុងព្រះសីហនុរបស់យើង។ (កាលនោះ)ខ្ញុំបានមកកាន់ក្រុងព្រះសីហនុ ដោះស្រាយបញ្ហាប្រឈមនានា (រួមមាន)ការរំដោះទំនិញដឹកពីប្រទេសនានា ផ្តល់ជាជំនួយដល់កម្ពុជានាពេលនោះ ហើយកកស្ទះនៅកំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ។ ប៉ុន្តែ ឥឡូវនេះ ក្រុងព្រះសីហនុបានក្លាយទៅជាក្រុងមួយ ដែលកំពុងស្ថិតនៅក្នុងចំណោមនៃបណ្តាខេត្តនៃតារារះនាទិសនិរតី គឺក្នុងចំណោមខេត្តកោះកុង ក្រុងព្រះសីហនុ កែប និងកំពត ដែលជាខេត្តស្ថិតនៅក្នុងក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត។
ឆ្លៀតពេលពិនិត្យសាលាបាន ៦, កុំឲ្យគេបណ្តេញចេញពីក្លិបឆ្នេរសមុទ្រស្អាត
ព្រឹកមិញនេះ ដូចដែលឯកឧត្តមអភិបាលខេត្ត យន្ត មីន បានធ្វើរបាយការណ៍ ខ្ញុំមានឱកាសដើម្បីទៅសួរសុខទុក្ខចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ៦ សាលា ដែលក្នុងនោះ យើងក៏ត្រូវរៀបចំបន្ថែមទៅឲ្យសិស្សានុសិស្សរបស់យើង ប្រមាណ ៤០០ បន្ទប់ បន្ថែមទៀត សម្រាប់ឲ្យពួកគេមានអគារល្អៗ និងបន្ថែមអគារ និងបន្ទប់រៀនដែលនៅខ្វះ។ ខ្ញុំគិតថា អ្វីដែលយើងបានរួមគ្នាធ្វើនេះ គឺពិតជានាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិរបស់យើង ដែលជាប្រទេសមួយស្ថិតនៅក្នុងស្ថានភាពដ៏អភ័ព្វ ហើយដែលក្នុងឱកាសនេះ ខ្ញុំសូមសម្តែងសាជាថ្មីនូវការអបអរសាទរចំពោះឯកឧត្តម ថោង ខុន ឯកឧត្តម យន្ត មីន ក៏ដូចជាគណៈអភិបាលខេត្ត ដែលរស់នៅតាមតំបន់នេះ ព្រមទាំងគណៈកម្មការតំបន់ឆ្នេរ ដែលមានពេលនេះ មានឯកឧត្តម ទេសរដ្ឋមន្រ្តីជាប្រធាន ហើយមានបណ្តារដ្ឋមន្រ្តីផ្សេងទៀត មានទាំងទេសចរណ៍ បរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីថែរក្សាឆ្នេររបស់យើងនេះ ឲ្យទៅជាឆ្នេរដែលនឹងជាប់ជាចំណាត់ថ្នាក់នៅក្នុងក្របខណ្ឌនៃក្លិបពិភពលោកតទៅទៀត។ សង្ឃឹមថា ឆ្នេររបស់យើងនេះមិនត្រូវបានគេបណ្តេញចេញពីសមាជិក ដោយសារតែការបំពានបទដ្ឋាន ឬក៏សំខាន់ជាងគេ គឺការបំពុលបរិស្ថាននោះឯង។
ឥឡូវនេះ តើមានអ្វីពាក់ព័ន្ធខ្លះ ដែលខ្ញុំចង់និយាយ។ ថ្ងៃនេះ ពិតមែនតែជាបុណ្យសមុទ្រ ក៏ប៉ុន្តែ ខ្ញុំគួរតែនិយាយ ហើយក៏សូមបញ្ជាក់ថែមប្រាប់ទៅម្តងទៀតថា នៅពេលដែលខ្ញុំកាន់ទូរស័ព្ទ កុំគិតថាខ្ញុំលេងហ្វេសប៊ុក។ ពួកជ្រុលនិយមមួយចំនួន នៅពេលដែលគេលេងហ្វេសប៊ុក ចាញ់ខ្ញុំ, នៅពេលដែលខ្ញុំកាន់ទូរស័ព្ទ គេតែងតែគិតថា ខ្ញុំលេងហ្វេសប៊ុក។ ប៉ុន្តែ ផ្ទុយទៅវិញ បើ ហ៊ុន សែន មិនកាន់ទូរស័ព្ទទើបជាការព្រួយបារម្ភ។ អ្វីដែលសំខាន់នៅទីនេះ គឺវាជាខួរក្បាលខ្ញុំនៅក្នុងទីនេះ(ទូរស័ព្ទ) ដែលខ្ញុំត្រូវយកមកបញ្ចេញជូនអ្នកទាំងអស់គ្នានៅទីនេះ ដោយមិនមានកត់ត្រា ឬបញ្ចាំង slides នោះទេ …។
តារារះនាទិសនិរតី ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» ថ្ងៃនេះ ពិតជាភ័ព្វសំណាងណាស់សម្រាប់ខ្ញុំ ដោយសារនាពេលល្ងាចនេះ ភរិយាជាទីស្រឡាញ់របស់ខ្ញុំបានប្រាប់ខ្ញុំថា សូមបងពាក់អាវខៀវ។ ខ្ញុំក៏បាននិយាយទៅប្រាប់គាត់វិញថា ត្រូវហើយ ដោយសារតែយើងមានប្រធានបទ ទីក្រុងបៃតង និងសមុទ្រខៀវស្រងាត់ … ឥឡូវហ្នឹង ដើម្បីរក្សាឲ្យបាននូវស្ថានភាពបែបនេះនៅតាមតំបន់ឆ្នេររបស់កម្ពុជា និងនិយាយដោយឡែក គឺតាមឆ្នេរសមុទ្រកម្ពុជា និងនិយាយរួមសម្រាប់ប្រទេសកម្ពុជា តើយើងមានភារកិច្ចធ្វើអ្វីខ្លះ?
រក្សាសន្តិភាព កុំឲ្យប្រទេសធ្លាក់ក្នុងសង្រ្គាម
ខ្ញុំគួរតែជូនសារចេញពីទីនេះ សម្រាប់ប្រជាជនកម្ពុជាផង ហើយក៏អាចពាក់ព័ន្ធទៅដល់បរទេសខ្លះ ដែលគេមានមួយចំនួនមិនចង់ស្តាប់ ឯមួយចំនួនទៀតក៏ហាក់ដូចជាចង់ស្តាប់ដែរ។ ដំបូងបំផុតខ្ញុំចង់និយាយថា បើចង់រក្សាឲ្យបាននូវការធ្វើពិធីបុណ្យនានា ការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ មិនថានៅខេត្តព្រះសីហនុ ឬនៅតំបន់ឆ្នេរ ឬនៅទូទាំងប្រទេសកម្ពុជា កិច្ចការដំបូងដែលគេត្រូវធ្វើ គឺការរក្សាសន្តិភាពឲ្យបាន កុំឲ្យប្រទេសធ្លាក់ក្នុងសង្រ្គាមឡើងវិញ។ កម្ពុជាបានទទួលនូវភ័ព្វសំណាងដ៏អាក្រក់ ដែលជាបទពិសោធន៍ផ្ទាល់ ខ្លួននៅពេលដែលមានការអភិវឌ្ឍមួយក្រោមព្រះរាជាដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ ទីក្រុងព្រះសីហនុ បានក្លាយជាទីក្រុងមានភាពរីកលូតលាស់តាមរយៈកំពង់ផែទឹកជ្រៅនៅទីនេះ និងការតភ្ជាប់ផ្លូវដែកពីទីក្រុងភ្នំពេញមកកាន់ក្រុងព្រះសីហនុ។ ជាអកុសល រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ បាននាំឲ្យកម្ពុជាកើតមានសង្រ្គាមពេញផ្ទៃប្រទេស ស្អប់ព្រះនរោត្តម សីហនុ និងរដ្ឋាភិបាលរបស់ព្រះអង្គ។
ពួកគេសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ ផ្តើមចេញពីរដ្ឋប្រហារនោះ ហើយដែលប្រទេសកម្ពុជាត្រូវបាត់បង់អស់នូវកាលានុវត្តភាព បាត់បង់ទាំងអស់នូវអ្វី ដែលជាទ្រព្យសម្បត្តិនៃសិទ្ធិសេរីភាពដែលខ្លួនធ្លាប់មាន។ ទីចុងបំផុត កម្ពុជាបានធ្លាក់ទៅក្នុងសង្រ្គាមវិនាសកម្មមួយ ដែលឈ្លានពាន ដោយចក្រពត្តិអាមេរិក ហើយបន្តមកក៏កើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងត្រូវមើលឲ្យឆ្ងាយលើសពីនេះ មិនមែន ប៉ុល ពត កើតឡើងដោយឯកឯងទេ។ បើសិនអាមេរិកមិនទម្លាក់សម្តេច នរោត្តម សីហនុ ច្បាស់ណាស់សង្រ្គាមមិនបានកើតនៅកម្ពុជា ហើយពួក ប៉ុល ពត ក៏គ្មានភ័ព្វវាសនានឹងឡើងកាន់អំណាចនោះដែរ។ ដូច្នេះ តើអាមេរិកត្រូវទទួលពាក់រង្វាន់ណូប៊ែល ឬទទួលការកាត់ទោសនៅតុលាការអន្តរជាតិ ស្តីពីការបង្កើតសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជា និងបង្កើតសោកនាកម្មសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេសនៅវៀតណាម និងនៅឡាវ (តាមរយៈអ្វី)ដែលហៅថា សង្រ្គាមវៀតណាមនៅនោះ?
រដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំម៍ គួរពិចារណាលុបបំណុលកម្ពុជា
តើគេត្រូវឆ្លើយតបយ៉ាងណាចំពោះអ្វីបានកើតតាំងពីពេលមុន ហើយប៉ះប៉ូវឲ្យកម្ពុជា។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំម៍ នឹងពិចារណាអំពីបំណុលរបស់កម្ពុជាបានជំពាក់សហរដ្ឋអាមេរិក ក្នុងជំនាន់សាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។ តើគួរត្រូវលុបចោលបំណុលនេះឬទេ? យើងខ្ញុំពិបាកនឹងពន្យល់ប្រជាជនកម្ពុជា ឲ្យទទួលស្គាល់បំណុល ដែល(មេដឹកនាំពេលនោះបាន)ទិញគ្រាប់បែក និងគ្រាប់កាំភ្លើងមកសម្លាប់ប្រជាជនកម្ពុជា(ខ្លួនឯង)។ សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងពិចារណាដោយដិតដល់ទៅលើវិនាសកម្មដែលខ្លួនបានធ្វើនៅក្នុងប្រទេសកម្ពុជា រាប់ទាំងគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន។ តើត្រូវផ្តល់ជំនួយយ៉ាងណា? យ៉ាងហោចបំផុត លុបចោលបំណុលដែលរបប លន់ នល់ បានជំពាក់នៅក្នុងអតីតកាល ដែលហៅថា បំណុលកខ្វក់ ដែលចាំបាច់ត្រូវលុប។ លុប ឬមិនលុប គឺវាស្ថិតនៅក្នុងការពិចារណារបស់ប្រជាជនអាមេរិក និងការពិចារណារបស់មេដឹកនាំអាមេរិក។
ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាដែលស្លាប់កូន ស្លាប់ចៅ ហើយបានកើតក្នុងរបប ប៉ុល ពត មិនភ្លេចពីរឿងរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ នោះទេ។ ខ្ញុំគិតថាស្ថានទូតអាមេរិកនៅភ្នំពេញ នឹងយកបញ្ហានេះទៅពិចារណាយ៉ាងដិតដល់។ កំហុសអតីតកាល មិនគប្បីត្រូវបានប្រែក្លាយជាគុណសម្បត្តិនោះទេ ព្រោះឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជាមានច្រើនរាប់មិនអស់។ សុំបញ្ជាក់ថា បើគ្មានរដ្ឋប្រហារដែលចេញពីការគាំទ្ររបស់អាមេរិក និងគ្មានការឈ្លានពានរបស់អាមេរិក គឺគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ។ សង្ឃឹមថាអគ្គរដ្ឋទូតអាមេរិក និងមន្រ្តីការទូតរបស់អាមេរិក មិនធ្វើអត្ថាធិប្បាយណាមួយ ខុសពីបំណងប្រាថ្នា ដែលយើងខ្ញុំចង់ធ្វើជាមិត្តភក្តិរបស់អាមេរិក ហើយគ្រាន់តែឲ្យអាមេរិកយល់ ហើយ(គិតថាត្រូវ)តបស្នងឲ្យកម្ពុជារបៀបណា?(នោះ)។
បដិវត្តពណ៌នៅមជ្ឈឹមបូព៌ា នាំមកនូវសោកនាដកម្ម និងអសន្ដិភាព
សន្តិភាពមានសារសំខាន់ខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នាដែលត្រូវថែទាំ។ ឥឡូវយើងកំពុងសប្បាយរីករាយទាំងអស់គ្នានៅតំបន់មាត់សមុទ្រនៃខេត្តមួយ ដែលជោគជាំដោយឈាម និងទឹកភ្នែក។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រទេសនៅមជ្ឈិមបូព៌ា នៅអ៊ីរ៉ាក់ នៅស៊ីរី នៅលីប៊ី នៅយេមែន និងនៅប្រទេសមួយចំនួនទៀត ដូចជាអេហ្ស៊ីប កំពុងមានការកាប់សម្លាប់គ្នា … កាលមុននៅកម្ពុជាស្អប់ និងទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ឯនៅមជ្ឈិមបូព៌ាស្អប់ សាដាម ហ៊ូសេន, ចោលប្រកាន់ សាដាម ហ៊ូសេន ថាមានអាវុធ ប្រល័យលោកនាំកងទ័ពទៅផ្តួលរលំ។ ទីចុងបំផុត បន្ទាប់ពីស្លាប់ សាដាម ហ៊ូសេន ហើយ តើប្រជាជន អ៊ីរ៉ាក់បានទទួលអ្វីថែមទៀត? ក្រៅពីការស្លាប់ជាបន្តបន្ទាប់។ ម៉ោងនេះ ទីក្រុងមូស៊ូល មិនទាន់បានរំដោះ ចេញពីពួក អាយស៊ីស នៅឡើយទេ។ ដូច្នេះ អ្នកធ្វើបដិវត្តពណ៌ មេខ្លោងនៃបដិវត្តពណ៌ ឬមេខ្លោងនៃការ ឈ្លានពានដោយយោធា និងអ្នកគាំទ្រនៃបដិវត្តពណ៌ទាំងអស់ សូម្បីតែនៅកម្ពុជា តើគួរទទួលរង្វាន់ណូប៊ែល ឬក៏ត្រូវទទួលការថ្កោលទោស? … ឥឡូវសភាពការណ៍បានរីករាលដាលទៅដល់តំបន់អឺរ៉ុបហើយ។ ប៉ុន្មានខែមុន ក្នុងខែ ឧសភា ឬខែ កក្កដា ប្រទេសបារាំងមានការវាយប្រហារភេរវកម្មរបៀបបើករថយន្តកិនតែម្តង។ អាទិត្យមុននេះ នៅប្រទេសអាឡឺម៉ង់ (ក៏មានការ)បើករថយន្តកិនដូចគ្នា។ ដូច្នេះការបោកគ្រាប់បែកវាជារឿងមួយហើយ ប៉ុន្តែ ឥឡូវមានការប្រើប្រាស់រថយន្តដើម្បីធ្វើភេរវកម្ម …។
នេះជាចំណុច ដែលដាក់ចេញនូវបញ្ហាកាន់តែមិនធម្មតា នូវសិទ្ធិស៊ីវិលនៅក្នុងតំបន់អឺរ៉ុប ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ឬបំរាមគោចរណ៍ ដែលសុទ្ធតែមានការកាត់បន្ថយសិទ្ធិស៊ីវិល។ ជនភៀសខ្លួនដែលកំពុងភៀសខ្លួនទៅអឺរ៉ុប ឥឡូវត្រូវដាក់ជាសញ្ញាសួរថា តើគួរអោយទៅ ឬមិនទៅ? គួរអោយនៅ ឬមិនអោយនៅ? នៅក្នុងប្រទេសអាល្លឺម៉ង់ តាមព័ត៌មានថានៅសល់ភេរវកម្មប្រមាណ ៤០០ នាក់ទៀតផង។ នោះហើយជាតម្លៃដែលគេត្រូវបង់ថ្លៃបណ្ដាលមកពីការដឹកនាំបដិវត្តពណ៌ និងការគាំទ្របដិវត្តពណ៌។ យើងមិនមែនចាប់បង្ខំអោយពួកគេទទួលខុសត្រូវទេ ក៏ប៉ុន្តែយើងក៏ចង់ដាស់តឿនក្នុងឋានៈជាមេដឹកនាំនៃប្រទេសមួយ ដែលបានប្រើប្រាស់ជីវិត ៣ ភាគ ៤ ដើម្បីសន្ដិភាពរបស់ប្រទេសនេះ។ ចង់ដាស់តឿនរំលឹក និងជូនសារទៅចំពោះពួកគេ(ថា) បើទោះបីជាយ៉ាងណាក៏ដោយ សិទ្ធិស៊ីវិលនៅក្នុងប្រទេសរបស់គេត្រូវបានគោរព។ ខ្ញុំសង្ឃឹមថា ដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់គេមានកាន់ច្រើនឡើងៗ គេមិនគួរគប្បីប្រដៅប្រទេសដទៃផ្សេងទៀត អោយធ្វើតាមខ្លួននោះទេ។
ការផ្លាស់ប្ដូរណាក៏ដោយ មិនត្រូវធ្វើអោយកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាម
ភាសារបស់ខ្ញុំ ហាក់ដូចជា(ធ្វើអោយ)មនុស្សមួយចំនួនពិបាកទទួល។ ប៉ុន្តែ នេះគឺផ្ដើមចេញមកពីការស្រឡាញ់សន្ដិភាព។ ខ្ញុំគិតថា សំដីរបស់ខ្ញុំនេះ នឹងបានជាសារមួយសម្រាប់អ្នកដែលស្នេហាសន្ដិភាព ស្នេហាយុត្តិធម៌ ហើយមិនចូលចិត្តជាមួយនឹងការឈ្លានពាន មិនចូលចិត្តជាមួយនឹងការផ្ដួលរំលំដោយកម្លាំង តាមរយៈនៃការធ្វើបដិវត្តពណ៌។ ឥឡូវពួកបដិវត្តពណ៌សម្ងំទៅឯណាអស់ទៅហើយ មិនព្រមចេញមកអបអរសាទរ ចំពោះការស្លាប់របស់ប្រជាជននៅមជ្ឈឹមបូព៌ា និងការស្លាប់របស់ប្រជាជននៅអឺរ៉ុប។ ហេតុអីបានជានៅស្ងៀម? សំដីមនុស្សមួយចំនួននៅឯកម្ពុជា យើងបានកត់ត្រាទុកអស់ហើយ យើងថតទាំងសំដីទុកនៃការដែលគេបានសរសើរបដិវត្តពណ៌នៅមជ្ឈឹមបូព៌ា និងបដិវត្តពណ៌នៅអ៊ុយក្រែន។ នេះជាចំណុចទី ១ ដែលខ្ញុំចង់និយាយ។ ហើយខ្ញុំសុំអភ័យទោសដែលខ្ញុំយកវេទិការនេះ ថ្លែងសារ(នេះ)ក្នុងឱកាសនៃមុនដាច់ឆ្នាំសកល។ សូមរួមគ្នាថែរក្សាសន្ដិភាព សូមកុំអោយប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាមវិញ។ ការផ្លាស់ប្ដូរណាក៏ដោយ គឺមិនត្រូវធ្វើអោយប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាមទេ។ ជាការប្រមាថមួយដ៏ធ្ងន់ធ្ងរចំពោះជីវិតមនុស្ស។ គ្រាន់តែស្អប់ ហ៊ុន សែន ម្នាក់ ឬក៏មិនចូលចិត្តរាជរដ្ឋាភិបាល ហ៊ុន សែន និងគណបក្សប្រជាជន បែរជាបង្កអោយមានអស្ថេរភាពប្រទេស ជារឿងអាក្រក់ និងជាសោកនាដកម្មមិនអាចអត់អោនអោយបានទេ។
កសាងហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ មកតំបន់ឆ្នេរ និងក្នុងតំបន់ឆ្នេរ
ចំណុចទី ២ ដែលខ្ញុំចង់និយាយ ដើម្បីរក្សាតួនាទីជា តារារះនាទិសនិរតី កិច្ចការដែលត្រូវធ្វើ គឺកសាងហេដ្ឋារចនាសម័្ពន្ធតភ្ជាប់មកតំបន់ឆ្នេរ និងក្នុងតំបន់ឆ្នេរដោយផ្ទាល់។ ដោយសារថវិការបស់រាជរដ្ឋាភិបាលមានកម្រិត យើងបានធ្វើសម្បទានផ្លូវជាតិលេខ ៤ អោយឯកជនជួយរួមចំណែក(កសាង និងថែទាំ)តាមរយៈការបង់ថ្លៃនៃការធ្វើដំណើរ។ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានដកយកផ្លូវជាតិលេខ ៤ មកគ្រប់គ្រងខ្លួនឯងវិញ។ មិនថាប្រជាជនរស់នៅផ្លូវជាតិលេខ ៤ នោះទេ ប៉ុន្តែប្រជាជននៅទូទាំងប្រទេសដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ គឺបានធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃ។ ដូច្នេះ គេអាចប្រើប្រាស់នូវថវិកាដែលសល់ពីការបង់ថ្លៃផ្លូវនោះ ដើម្បីចាក់សាំង ដើម្បីបង្កើននូវម្ហូបអាហារសម្រាប់ការសប្បាយរីករាយរបស់ពួកគាត់។
យើងបានប្រឹងប្រែងធ្វើផ្លូវជាតិលេខ ៣ តភ្ជាប់ភ្នំពេញ កំពត កែប និងតភ្ជាប់មកផ្លូវជាតិលេខ ៤ វិញ។ យើងបានប្រឹងប្រែងធ្វើផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ខេត្តកោះកុង។ យើងបានខិតខំស្ដារឡើងវិញនូវផ្លូវដែកពីទីក្រុងភ្នំពេញ មកកាន់ទីក្រុងព្រះសីហនុ ដែលមុននេះ ខ្ញុំបានធ្វើដំណើរម្ដងហើយ ហើយនៅថ្ងៃទី ៣០ ខែ ធ្នូ នេះ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង និងសម្ដេចព្រះមាតាជាតិ ព្រះអង្គនឹងយាងព្រះរាជដំណើរតាមរថភ្លើងនេះ ហើយមកឆ្លងឆ្នាំ ២០១៦ ឆ្លងចូល ២០១៧ នៅខេត្តព្រះសីហនុ។ នេះគឺជាកិត្តិយសមួយថ្មីទៀតសម្រាប់ប្រជាជនទីក្រុងព្រះសីហនុ ដែលបានទទួលស្វាគមន៍ព្រះរាជដំណើររបស់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាព្រះមាតាជាតិរបស់យើង … យើងបាននិងកំពុងពង្រីកសមត្ថភាព ព្រលានយន្តហោះកងកេង។ ព្រឹកមិញនេះ ក្រុមហ៊ុន VINCI របស់បារាំង បានបើកនូវការដ្ឋានបន្ថែម ដែល អម្បាញ់មិញខ្ញុំក៏បានជួបមួយភ្លែត … ខាងមុខនេះ យើងពិតជានឹងមាន នៅពេលដែលព្រលានយន្តហោះនេះពង្រីក ការហោះហើរយ៉ាងច្រើនមកកាន់តំបន់នេះ ដែលជាតំបន់តភ្ជាប់មួយ។ ទេសចរណ៍មិនគ្រាន់តែមកដេកនៅក្នុងក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែអាចឆ្លៀតធ្វើដំណើរទៅកាន់កែប ទៅកាន់កំពត។ គេអាចឆ្លៀតទៅកាន់បូកគោ គេអាចឆ្លៀតធ្វើដំណើរទៅកាន់កោះកុងជាដើម។
ដូច្នេះ ចំណុចទី ២ នេះ យើងត្រូវបន្តការខិតខំជាមួយគ្នា បន្តការកសាងផ្លូវ ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអោយនៅតែជាចំណុចទាក់ទាញ និងសម្រួលការធ្វើដំណើររបស់ទេសចរ។ ក្នុងចំណុចនេះទៀត វិស័យឯកជនក៏បានរួមចំណែកយ៉ាងច្រើននៅតំបន់តារារះនាទិសនិរតីនេះ តាមរយៈការកសាងសណ្ឋាគារយ៉ាងច្រើន ដែលខ្ញុំអំពាវនាវអោយបន្តការខិតខំកសាងហេដ្ឋារចនាសម័្ពន្ធលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋានដទៃទៀត ដែលជាផ្នែកទាក់ទាញនៅក្នុងតំបន់ទេសចរណ៍ ហើយជាទេសចរណ៍ធម្មជាតិរបស់យើងទៀតផង។
រក្សាអោយបានគង់វង្សនូវតំបន់ឆ្នេរ ទាំងឆ្នេរខ្សាច់ ព្រៃ ព្រៃកោងកាង និងបណ្តាកោះ
ចំណុចទី ៣ រក្សាអោយបានគង់វង្សនូវតំបន់ឆ្នេរ ទាំងឆ្នេរខ្សាច់ ទាំងព្រៃ ពិសេសព្រៃកោងកាង និងបណ្ដាកោះ។ បង្កើតរមណីយដ្ឋានទេសចរណ៍ កន្លែងកម្សាន្តអោយបានច្រើន។ ចំណុចនេះ បើចង់អោយតំបន់ឆ្នេររបស់យើងក្លាយទៅ និងនៅតែបន្តក្នុងភាពស្រស់ស្អាត យើងទាំងអស់គ្នាត្រូវខិតខំការពារតំបន់ឆ្នេរទាំងអស់របស់យើងនេះ អោយនៅតែរក្សាបានតំណែងជាតំបន់ឆ្នេរស្អាត ហើយនៅមានព្រៃ ពិសេសព្រៃកោងកាង ដែលជៀសវាងនូវការបំផ្លិចបំផ្លាញណាមួយ។ ខ្ញុំនិយាយតាមត្រង់ ខ្ញុំដើរច្រើនណាស់នៅលើពិភពលោកនេះ … ឆ្នេរសមុទ្រដែលខ្ញុំនឹកឃើញថាប្រហាក់ប្រហែលអូរឈើទាល គឺសមុទ្រនៅ Sierra Leone របស់អាហ្វ្រិកឯណោះ។ ខ្ញុំមិនបន្ទោសបង្អាប់សមុទ្រនៃប្រទេសដទៃទេ ក៏ប៉ុន្តែភាពទាក់ទាញនៃឆ្នេររបស់កម្ពុជាពិតជាគួរអោយស្រឡាញ់។ នេះជាទឹកដីរបស់យើង។ តែខ្ញុំក៏នឹកទៅដល់ទឹកដីនៃប្រទេស សៀរ៉ា ឡេអូន ដែលខ្ញុំបានទៅស្នាក់នៅ និងងូតទឹកបាន ៥ ដង នៅមាត់សមុទ្រនៃតំបន់អាហ្វ្រិក។
រក្សាបានបរិស្ថានល្អ ទាំងទឹក ទាំងខ្យល់ ទាំងធម្មជាតិ
ចំណុចទី ៤ ត្រូវរក្សាបរិស្ថាន អោយបាននូវបរិស្ថានទាំងទឹក ទាំងខ្យល់ ទាំងធម្មជាតិ។ សំណល់រឹង ឬរាវ មិនត្រូវបញ្ចូលទៅក្នុងសមុទ្រឡើយ ហើយក៏មិនគប្បីផ្ដល់ការអនុញ្ញាត អោយមានការសាងសង់ឧស្សាហកម្មណាដែលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់តំបន់ទេសចរណ៍មាត់សមុទ្រ ឆ្នេរសមុទ្រនោះឡើយ។ ចំណុចនេះសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ ប្រសិនបើអ្វីៗ ត្រូវបង្ហូរចូលទៅក្នុងទឹក តើទឹករបស់យើងត្រូវងូតរបៀបណាទៅ។ ខ្ញុំអបអរសាទរជាមួយនឹងការរីកលូតលាស់នៃការចម្រស់ទឹករួចហើយ បានបញ្ចូលទៅក្នុងសមុទ្រ។ ត្រូវបន្តការខិតខំ ហើយផ្នែកនេះ ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន ត្រូវរួមគ្នា ដើម្បីការពារនូវតំបន់ឆ្នេររបស់យើង។ សូម្បីតែក្លិនមិនល្អសម្រាប់ការស្រូបយកធាតុអាកាសបរិសុទ្ធ ក៏មិនត្រូវអោយមានផង។ ត្រូវពិនិត្យអោយបានដិតដល់ទៅលើចំណុចនេះ។ មិនត្រូវអោយមានជាតិស្អុយ ឬជាតិពុលណាមួយនៅក្នុងតំបន់ឆ្នេររបស់យើងនោះទេ។ សង្ឃឹមថា ផ្នែកពាក់ព័ន្ធ យកចិត្តទុកដាក់បញ្ហានេះ។
កម្ពុជាមិនមែនជាធុងចាក់សំរាមរបស់បរទេស
ខ្ញុំសូមផ្ដាំផ្ញើដល់កូនចៅទាំងឡាយនៅជំនាន់ក្រោយ សូមមេត្តាកុំអោយជនបរទេសដែលមកបោកប្រាស់យកកោះរបស់យើង ដើម្បីផលិតនូវអគិ្គសនីដែលដុតដោយសំរាមអោយសោះ។ ខ្ញុំសូមរំលឹក ខ្ញុំជួបប្រទះរឿងនេះចំនួន ៣ លើករួចមកហើយ។ លើកទី ១ នៅដើមឆ្នាំ ១៩៩១ មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រទេសមួយបានមកសុំវិនិយោគលើកោះរបស់យើងមួយ ហើយគ្រាន់តែផ្ដល់អោយយើងក្រៅពីតម្លៃលក់ភ្លើងអោយយើងថោក និងផ្ដល់នូវកម្រៃក្នុងមួយឆ្នាំជាង ២០ លានដុល្លារសហរដ្ឋអាមេរិក។ ពេលនោះ សំណួរដែលខ្ញុំសួរត្រឡប់ទៅវិញថា តើសំរាមទាំងអស់នេះ វាមានសារធាតុវិទ្យុសកម្មឬទេ? ៣ ខែក្រោយមក គេបានឆ្លើយតបថា ក្នុងមួយម៉ឺនតោននៃសំរាម គឺអាចមានប្រហែលជាមួយដបប៉េនីស៊ីលីន។ ខ្ញុំក៏បានឆ្លើយតបបដិសេធមិនអោយវិនិយោគ ព្រោះវាគ្រប់គ្រាន់នឹងបំផ្លាញនូវតំបន់ឆ្នេររបស់យើងទាំងមូល។ នេះអង្គការសុខភាពពិភពលោកបានគាំទ្រខ្ញុំ តាំងពីដំណាក់កាលមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅទៀត។
ចូលដល់រដ្ឋាភិបាលអាណត្តិទី ១ ខ្ញុំនៅចាំបានថា គេមកទាក់ទាញក្រសួងឧស្សាហកម្មរបស់យើង ចង់យករឿងដដែលហ្នឹងមកវិនិយោគអោយប្រទេសយើង។ ខ្ញុំបានប្រាប់ថា កម្ពុជាមិនមែនជាទីកន្លែងកប់សំរាមរបស់ជនបរទេសទេ។ ខ្ញុំមិនអនុញ្ញាត។ ខ្ញុំបានទៅកាន់ក្រសួងបរិសា្ថន ដើម្បីនឹងប្រកាសចេញពីក្រសួងបរិស្ថាននូវការជំទាស់។ នៅចុងឆ្នាំ ១៩៩៧ ក៏មានគណៈប្រតិភូវិនិយោគមួយទៀត ដែលមានពហុជាតិសាសន៍ទៅជួបខ្ញុំដល់ផ្ទះខ្ញុំនៅតាខ្មៅ ដើម្បីលើកសំណើសុំវិនិយោគអគ្គិសនី ដែលគេថាបច្ចេកវិទ្យាទាន់សម័យបំផុត ជឿនលឿនបំផុត ដោយដុតដោយសំរាម ហើយនាំចូលសំរាមពីប្រទេសដទៃ។ ដំបូងខ្ញុំចោទសួរថា ចុះបើវាទំនើបអញ្ចឹង ហើយដឹកសំរាមពីឆ្ងាយរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រទម្រាំមកដល់កម្ពុជា ម៉េចក៏មិនវិនិយោគនៅប្រទេសនោះទៅ? គេថា គេស្រឡាញ់កម្ពុជា។ ចុងក្រោយគេថា ទំនើបបំផុត។ ខ្ញុំថា បើទំនើប ប្រើនៅប្រទេសលោកឯងទៅ មិនបាច់ប្រើនៅប្រទេសខ្ញុំទេ។ មានប្រទេសមួយទៀត ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះ សុំមកផលិតជីអោយយើងតាមរយៈយកសំរាមប្រទេសគេមកដុត ហើយអោយក្លាយទៅជាជី និងសុំផ្ដល់ជាជំនួយឥតសំណងអោយយើង។
បើសិនជាយើងទទួលយកនូវជំនួយនៃការផ្ដល់ជីតាមរយៈការយកសំរាមដុតនេះ យើងនឹងក្លាយទៅជាទីកន្លែងនៃការចាក់ចោលសំរាមរបស់គេ គ្រាន់តែគេបំប្លែងអោយទៅជាជីតែប៉ុណ្ណោះ។ សុំផ្ដាំទៅអ្នកជំនាន់ក្រោយបន្តវេនពី ហ៊ុន សែន ទៅ សូមប្រយ័ត្នប្រយែងលើចំណុចនេះ។ សុំកុំទន់ជ្រាយអោយសោះ សុំកុំប្រើកោះណាមួយនៅក្នុងតំបន់សមុទ្ររបស់កម្ពុជា ឬក្នុងដែនគោករបស់កម្ពុជា ធ្វើជាធុងសំរាមនៃការដុតចោល សំរាម ដែលប្រទេសយ៉ាងច្រើនកំពុងតែកកស្ទះ។ បច្ចុប្បន្ន សូម្បីតែប្រទេសយើង សំរាមកាន់តែច្រើនទៅៗ រកកន្លែងកប់មិនបាន។ យើងកំពុងតែគិតគូរអំពីការដុតសំរាមក្នុងប្រទេស ដើម្បីបង្កើតជាអគ្គិសនី ប៉ុន្តែយើងមិនត្រូវនាំយកសំរាមពីប្រទេសក្រៅមកធ្វើអគ្គិសនីនៅកម្ពុជា។ នេះជាការផ្ដាំផ្ញើ ក្រែងលោខ្ញុំរស់នៅមិនបានយូរ។ ប៉ុន្តែតាមទំនាយ ខ្ញុំមានអាយុដល់ ៩៩ ឆ្នាំឯណោះ។ អញ្ចឹងទេ មានន័យថា ខ្ញុំនៅជិត ៤០ ឆ្នាំទៀត … ហើយអ្នកដែលចង់ទទួលតំណែងពី ហ៊ុន សែន ហ្នឹង កុំអាលសង្ឃឹម ហើយកុំអាលគម្រាម។ បើ ហ៊ុន សែន នៅឈរនៅទីនេះ កុំសង្ឃឹម។ សុំប្រាប់ទៅវិញ។ កុំព្រហើនពេក។ ថ្ងៃមុនហ្នឹង(និយាយ)សុទ្ធតែថា មិនផ្ទេរអំណាច គឺនឹងបង្ក្រាប។ មិនទាន់បានអំណាចផង ប្រុងបង្រ្កាបគេទៅហើយ …។
ការពារសុវត្ថិភាព តំបន់ទេសចរណ៍នៃតំបន់ឆ្នេរ និងកោះ
ចំណុចទី ៥ ដែលជាចំណុចចុងក្រោយ តែមិនមែនបានសេចក្ដីថា មិនសំខាន់នោះទេ នោះគឺសុវត្ថិភាពនៅតំបន់ទេសចរណ៍នៃតំបន់ឆ្នេរ និងកោះ។ ចំណុចនេះ អស់លោកត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ ម្សិលមិញខ្ញុំបានជួបជាមួយនឹងក្រុមយុវជនកាកបាទក្រហម ៥ រូប ដែលតំណាងអោយ ២៨ រូបនៅតំបន់ឆ្នេរនេះ … ប៉ុន្តែ អ្វីដែលសំខាន់ គ្រប់ផ្នែកទាំងអស់ត្រូវគិតគូរពីសុវត្ថិភាពតំបន់ទេសចរណ៍នៃតំបន់ឆ្នេរ និងតំបន់កោះ។ ចោរលួច ចោរប្លន់ ចោរឆក់ ហ្នឹងជារឿងមួយ ប៉ុន្តែរឿងមួយទៀតដែលត្រូវប្រុងប្រយ័ត្ន នោះគឺនៅតំបន់ខ្លះជាតំបន់ហាមឃាត់(ទឹកជ្រៅ) បន្តិចៗ ឃើញតែមានការទាញទៅ។ សូមពិនិត្យមើលឧតុនិយម(អំពីអាកាសធាតុ ឬអំពីព្យុះ)អោយជាប់។ កប៉ាល់ត្រូវចេញ ឬមិនចេញ … ត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពនៃភ្ញៀវទេសចរ មិនថាភ្ញៀវក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ នេះជាចំណុចដែលខ្ញុំចង់ផ្ដាំផ្ញើ កុំអោយមានបញ្ហានៅក្នុងតំបន់ឆ្នេរ ហើយកុំអោយមានបងតូចបងធំមកនាំគ្នាដេញកាប់គ្នានៅតាមតំបន់ឆ្នេរ។ ត្រូវប្រុងប្រយ័ត្នលើបញ្ហាទាំងអស់នេះ ហើយកុំអោយមានការជូញដូរគ្រឿងញៀននៅតំបន់ឆ្នេររបស់យើង … ត្រូវរួមគ្នាបង្រ្កាបគ្រឿងញៀន ដើម្បីសុវត្ថិភាពសម្រាប់ប្រជាជនរបស់យើង និងទេសចររបស់យើង។
ខេត្តទាំងបួនជាប់សមុទ្រ គួររៀបចំទីតាំងសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប
… នៅមានចំណុចមួយដែលសំខាន់ ហើយខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះខេត្តទាំង ៤ កោះកុង ក្រុងព្រះសីហនុ កែប ជាមួយនឹងកំពត ទន្ទឹមនឹងការរៀបចំអោយមានបណ្ដាសណ្ឋាគារ ដែលមានភ្ញៀវជួលយ៉ាងច្រើន ត្រូវរៀបចំទីតាំងទាំងឡាយបន្ថែមទៀត ដើម្បីទទួលយកប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប គ្មានលទ្ធភាពដើម្បីជួលសណ្ឋាគារ។ រឿងនេះ ទីក្រុងភ្នំពេញមានបទពិសោធន៍គ្រប់គ្រាន់ដែលក្នុងមួយឆ្នាំៗ ទទួលប្រជាជនមកពីបណ្ដាខេត្តយ៉ាងច្រើនសម្រាប់ចូលរួមជាកីឡាបុណ្យក្នុងពិធីបុណ្យអុំទូក។ ដូច្នេះ ក្រុងព្រះសីហនុ កោះកុង កែប ហើយនិងកំពត មានលទ្ធភាព(ទទួលមនុស្ស)ដូចគ្នា ត្រូវរៀបចំទីតាំងនោះ អោយមានបង្គន់អនាម័យ អោយមានទឹក មានភ្លើង។ គាត់អត់មានលទ្ធភាពជួលសណ្ឋាគារថ្លៃៗនោះទេ ប៉ុន្តែគាត់ចង់មកលេងសប្បាយដែរ។ ជួនកាលគាត់ជួលឡានមួយដែលដឹកបាន ៣០ នាក់ អោយតែមានកន្លែងចតអោយគាត់ និងមានបង្គន់អនាម័យ មានទឹក មានភ្លើង អោយគាត់នៅកន្លែងនោះ គាត់ចេះទុកដាក់ខ្លួនឯងហើយ។
… អញ្ចឹងទេ គ្រប់ទីកន្លែងទាំងអស់ ខេត្តទាំងអស់ត្រូវរៀបចំនូវចំណុចនេះ ហើយប្រសិនបើខេត្តនោះអាចធ្វើទៅបាន យើងធ្វើរបៀបតង់ សម្រាប់អោយពួកគាត់បានស្នាក់អាស្រ័យ។ ហើយខ្ញុំសូមផ្ដាំផ្ញើនូវខេត្តនីមួយៗសុទ្ធតែមានវិទ្យាល័យ មានបឋមសិក្សា មានអនុវិទ្យាល័យ ក្នុងករណីចៃដន្យណាមួយ វាមានភ្លៀងធ្លាក់ជោគជាំ នៅពេលដែលគាត់មកកម្សាន្ត យើងត្រូវតែខិតខំយកពួកគាត់មកកាន់តំបន់សុវត្ថិភាព នោះគឺទីកន្លែង(ដែលមាន)វិទ្យាល័យ បឋមសិក្សានោះឯង ដែលយើងមានកន្លែងអោយគាត់សម្រាក(ជ្រកភ្លៀង)។ ទន្ទឹមនឹងគិតដល់អ្នកដែលមានប្រាក់ចំណូលជួលសណ្ឋាគារ និងផ្ទះសំណាក់ យើងក៏ត្រូវគិតទៅដល់អ្នកដែលអត់មានលទ្ធភាព ឬមានលទ្ធភាពតិចតួច … ចំណុចទាំងអស់នេះ ខ្ញុំគិតថា ឆ្លើយតបបានទាំងអ្នកមានក៏មកលេងបាន ទាំងអ្នកក្រក៏មកលេងបាន។ ខ្ញុំសុំអោយបណ្ដាខេត្តដែលនៅជាប់មាត់សមុទ្រ ប្រឹងប្រែងធ្វើការងារនេះ …។
មេដឹកនាំពាក់ព័ន្ធក្នុងការបង្កើតសង្រ្គាម ត្រូវមានវិចារណញ្ញាណ គុណធម៌ និងការទទួលខុសត្រូវ
ខ្ញុំគិតថា ខ្ញុំនិយាយច្រើនពេកហើយ។ ក៏ប៉ុន្តែ ថ្ងៃនេះ គឺជាថ្ងៃបុណ្យ ក៏ជាថ្ងៃជូនសារមួយសម្រាប់ជនជាតិកម្ពុជាយើងផង សម្រាប់បណ្ដាខេត្តនៅតាមមាត់សមុទ្រផង ហើយក៏សម្រាប់ពិភពលោកនូវបញ្ហាដែលទាក់ទងសង្រ្គាម និងសន្ដិភាពរបស់ប្រជាជន …។ សូមមេត្តាផ្ដល់សិទ្ធិជ្រកកោនអោយជនភៀសខ្លួន ព្រោះរឿងនេះ រឿងពួកអ្នកឯងត្រូវទទួលខុសត្រូវ មិនអាចទុកអោយជនភៀសខ្លួន អាណោចអាធ័ម ដូចជានៅតំបន់អឺរ៉ុប ឬក៏ស្លាប់នៅក្នុងសមុទ្រ Mediterranean បន្តទៀតទេ អ្នកត្រូវបន្តធ្វើកិច្ចការផ្ដល់ជំនួយមនុស្សធម៌ចូលទៅប្រទេសស៊ីរី ចូលទៅអ៊ីរ៉ាក់ ចូលទៅលីប៊ី ចូលទៅតំបន់រងគ្រោះទាំងឡាយ។ អ្នកត្រូវតែបញ្ចេញថវិការបស់ប្រទេសអ្នកទៅកាន់តំបន់ទាំងនោះ។ អ្នកមិនអាចមិនទទួលខុសត្រូវបានទេ។ អ្នកមិនអាចយករួចខ្លួន ខ្វះការទទួលខុសត្រូវ តាមរយៈការបង្កើតសង្រ្គាមហើយ ហើយគ្រវាត់គេចោល ដូចជាស៊ីចេកហើយ បោះសំបកចេកចោលទេ។ សង្ឃឹមថា មេដឹកនាំពិភពលោកដែលពាក់ព័ន្ធក្នុងរឿងនេះ មានវិចារណញ្ញាណ មានគុណធម៌ សីលធម៌ និងការទទួលខុសត្រូវ អាណិតអាសូរទៅដល់ពលរដ្ឋដែលអ្នកឯងបានធ្វើអោយប្រទេសគេខ្ទេចខ្ទាំ។ អ្នកឯងត្រូវមានការទទួលខុសត្រូវ។ ប្រទេសដែលស្ដារសុវត្ថិភាពឡើងវិញបានហើយ ត្រូវផ្ដល់ជំនួយដើម្បីកសាងប្រទេសហ្នឹងឡើងវិញ។ មិនអាចយករួចខ្លួនបានទេ។
ដូចជានៅកម្ពុជា ខ្ញុំអំពាវនាវសារជាថ្មីម្ដងទៀតចំពោះសហរដ្ឋអាមេរិក អោយពិនិត្យពិច័យអំពីបញ្ហាបំណុលដែលរដ្ឋាភិបាល លន់ នល់ ជំពាក់។ សង្ឃឹមថា អនាគតប្រធានាធិបតីដែលនៅតែជាង ២០ ថ្ងៃទៀត នឹងទទួលតំណែង ដូណាល់ ត្រាំម៍ នឹងពិចារណាយ៉ាងដិតដល់ទៅលើបញ្ហាមួយនេះ។ យើងមិនទារអោយអាមេរិកសងតម្លៃខូចខាតនៃសង្រ្គាមដែលខ្លួនបង្កវិនាសកម្មនៅកម្ពុជាទេ។ គ្រាន់តែអោយអាមេរិកទទួលខុសត្រូវលើបញ្ហាទាក់ទងនឹងបំណុល ដែលជាបំណុលកខ្វក់ ដែលពេលនោះ ពួកយើងខ្ញុំអត់បានដឹងទេ គ្មានតួលេខណាបញ្ជាក់ថា បំណុលនេះនាំមកដល់កម្ពុជាទេ។ ជួនកាលវាជាគ្រាប់បែកទំលាក់លើក្បាលរបស់ជនជាតិកម្ពុជាតែប៉ុណ្ណោះ ហើយអាមេរិកក៏ត្រូវមានការទទួលខុសត្រូវជាមួយនឹងការផ្ដល់អោយកម្ពុជានូវជំនួយសម្រាប់ការដោះមីន និងបំផ្លាញគ្រាប់មិនទាន់ផ្ទុះ ព្រោះជនជាតិយើងខ្ញុំក៏កំពុងទទួលរងគ្រោះជាបន្តបន្ទាប់នូវបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ នេះជាការទទួលខុសត្រូវ ហោចណាស់ខាងសីលធម៌នៃប្រទេសមហាអំណាចមួយនេះ។ សង្ឃឹមថា ដូណាល់ ត្រាំម៍ នឹងគិតគូរអំពីរឿងនេះដិតដល់។ បាន ឬមិនបាន ហ៊ុន សែន ត្រូវតែនិយាយក្នុងឋានៈជាមេដឹកនាំនៃប្រជាជាតិដែលមានការទទួលខុសត្រូវ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកពិធីបុណ្យសមុទ្រលើកទី ៥ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុនាពេលនេះ ខ្ញុំសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕