ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា!
ជាដំបូងនេះ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមជាមួយខ្ញុំ ដើម្បីអបអរសាទរចំពោះវីរកីឡាករ សុខ ចាន់មាន ដែលទើបបាននាំមកនូវមេដាយពិភពលោកថ្មីៗ ហើយសូមអញ្ជើញវីរៈកីឡាករ សុខ ចាន់មាន ឡើងមកលើវេទិកា។ ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយថ្មីទៀតដែលកម្ពុជាទទួលបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងការពារជាតិដូចគ្នា បានទទួលមេដាយកម្រិតពិភពលោកផ្នែកកីឡាប៉េតុង ដែលខ្ញុំសូមប្រើភាសាថា ប៊ូល។
នឹងតម្លើងសក្តិពីរថ្នាក់បន្ថែម បើសិនជាបានទទួលមេដាយមួយទៀត
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងកិច្ចការងារដែលយើងបានធ្វើ ហើយសូមកោតសរសើរជាមួយនឹងលោក អនុសេនីយ៍ឯក វីរកីឡាករ សុខ ចាន់មាន ហើយខ្ញុំសូមប្រកាសថា ពេលនេះ ល្ងាចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ នឹងត្រូវរៀបចំការតម្លើងឋានន្តរសក្តិ ពីអនុសេនីយ៍ឯក ទៅកាន់វរសេនីយ៍ត្រីនៅល្ងាចនេះតែម្តង។ ហើយខ្ញុំក៏សូមគូសបញ្ជាក់ថា ប្រសិនបើថ្ងៃក្រោយនឹងទទួលបានមេដាយមួយទៀត ពេលនោះ គឺឡើងពីវរសេនីយ៍ត្រី ទៅវរសេនីយ៍ឯកតែម្តង ផ្លោះថ្នាក់ពីរថ្នាក់ មិនចាំបាច់ដល់ឆ្នាំត្រូវឡើងទេ។ ពានរង្វាន់នេះ សម្រាប់មិនមែនគ្រាន់តែបញ្ហា លោក សុខ ចាន់មាន និងគ្រួសារទេ ក៏ប៉ុន្តែសម្រាប់កិត្តិយសរបស់ប្រទេសជាតិយើងតែម្តង។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះលោក សុខ ចាន់មាន ផ្ទាល់ ដោយរួមទាំងការអបអរចំ ពោះភរិយា និងកូនស្រីទោល ហើយក៏សូមអបអរសាទរជាមួយនឹងលោកពុកដែលជាអ្នកបង្ហាត់ ប៉ុន្តែមិនមែនបង្ហាត់កូនទេ គេចាត់ចែងឲ្យទៅបង្ហាត់ស្រីៗ។ អរគុណណាស់ជាមួយនឹងកិច្ចការដែលយើងបានធ្វើ ហើយកីឡាប៉េតង់នេះ (ប៊ូល)នេះ អ្នកទទួលខុសត្រូវគឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ជាប្រធានកិត្តិយស ហើយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជាប្រធានសហព័ន្ធ។ កីឡានេះយើងមានលទ្ធភាពជាច្រើន ដែលយើងអាចនឹងដណ្តើមបាននូវជោគជ័យថ្មីទៀត ហើយសង្ឃឹមថា សុខ ចាន់មាន នៅធ្វើកិច្ចការនេះបន្តទៀត ជាមួយនឹងកីឡាករផ្នែកផ្សេងទៀត ដែលកំពុងរួមគ្នា ដើម្បីដណ្តើមពានរង្វាន់ក្នុងកម្រិតតំបន់ និងពិភពលោក។ កីឡាប៊ូលរបស់ស្ត្រីរបស់យើងក៏បានឆ្លងកាត់រួចមកហើយ ប៉ុន្តែយើងក៏ត្រូវដឹងថា ពេលដែលយើងខ្លាំងក៏មានអ្នកខ្លាំងជាងយើង ដូច្នេះកីឡាបើយើងមិនហ្វឹកហាត់គ្រប់គ្រាន់ ក៏មិនអាចនឹងទទួលបានជោគជ័យនោះដែរ។
សម្តេចចេះលេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងវាយកូនគោល
ឥឡូវនេះ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ជាមួយនឹងការឈានឡើងជាបន្តបន្ទាប់នៃវិស័យកីឡារបស់ យើងលើគ្រប់ប្រភេទនៃវិញ្ញាសា។ ថ្ងៃមុនគឺដោយសារតែរកឃើញនូវរូបថតថ្មីៗមួយចំនួន ខ្ញុំក៏បានបង្ហោះនូវរូប ថតចាស់ៗ ដែលខ្ញុំបានលេងបាល់ទះ លេងបាល់ទាត់ ក្នុងសម័យទសវត្សរ៍ឆ្នាំ ៨០។ ដោយសារតែគ្មានរូបថត បោះប៊ូល ខ្ញុំក៏បានសរសេរនៅក្នុងសារនោះថា កីឡាដែលខ្ញុំធ្លាប់លេង គឺមានកីឡាបាល់ទះ កីឡាបាល់ទាត់ កី ឡាបោះប៊ូល និងចុងក្រោយនេះ គឺកីឡាវាយកូនគោល។ ពេលនោះក៏មានការចូលមក comment ឃើញថា មានការភ្ញាក់ផ្អើលថា មិននឹកស្មានថា ខ្ញុំជាអ្នកកីឡាម្នាក់ … កាលពីប៉ុន្មានឆ្នាំមុននេះ នាយករដ្ឋមន្ត្រីបារាំងមកទស្សនកិច្ចស្រុកខ្មែរ។ នាយករដ្ឋមន្ត្រីបារាំងរូបនេះ ឥឡូវកំពុងតែឈរជាបេក្ខជនប្រធានាធិបតីរបស់បារាំង គឺឈ្មោះ ហ្វ្រង់ស្វ័រ ហ្វ៊ីយ៉ុង។ គាត់ទទួលខ្ញុំនៅប្រទេសបារាំង រួចហើយគាត់មកទស្សនកិច្ចស្រុកខ្មែរ ហើយគាត់បាននាំកាដូឲ្យខ្ញុំ ហើយប្រាប់ថាជាប៊ូល។ មូលហេតុអី បានជាគាត់យកប៊ូលមកឲ្យខ្ញុំ? ម្យ៉ាង ប្រទេសបារាំងគឺជាប្រទេសអ្នកបង្កើតប៊ូលហ្នឹង ប៉ុន្តែម្យ៉ាងទៀតបញ្ហាស្ថិតនៅត្រង់ថា គាត់ដឹងច្បាស់ថាខ្ញុំចេះលេងប៊ូល … គ្រាន់តែរំលឹក ឥឡូវកាន់ដុំប៊ូលលែងជាប់ហើយ។ ប៉ុន្តែវាយកូនគោលបាន ដៃរបស់ខ្ញុំនៅអាចវាយបាន ៧៥ គីឡូ ប៉ុន្តែពួក professional វាយបានជិត ១០០ គីឡូឯនោះ។
ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់បន្ថែម
ឥឡូវវិលមកបញ្ហាកីឡា ជាមួយនឹងការអបអរសាទរនេះ ខ្ញុំអំពាវនាវចំពោះកីឡាករ កីឡាការិនី មិនគ្រាន់តែកីឡាបោះប៊ូលប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវយកចិត្តទុកដាក់ជាមួយនឹងការហ្វឹកហាត់បន្ត មិនមែនត្រឹមតែសំដៅទៅរក Sea Games ២០២៣ ប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងមានតម្រូវការក្នុងការប្រកួតក្នុងប្រទេស យើងមានតម្រូវការក្នុងការប្រកួតក្នុងតំបន់អាស៊ាន ទៅតាមរយៈប្រកួត Sea Games និងការប្រកួតនានា និងមានតម្រូវការនៃការប្រកួតផ្សេងៗដទៃទៀត។ ដូច្នេះ ខ្ញុំមានតែការអំពាវនាវ និងលើកទឹកចិត្តឲ្យបន្តការយកចិត្តទុកដាក់ទៅលើបញ្ហាការហ្វឹកហាត់ ជំនាញច្បាស់លាស់លើបញ្ហាកីឡា។
មានការភាន់ច្រឡំមួយដែលខ្ញុំគួរតែបកស្រាយនៅទីនេះតែម្តង។ មានយប់មួយនៅបាងកក ខ្ញុំសរសេររហូត ដល់ម៉ោងជាង ១២ យប់។ មូលហេតុអី? ពេលនោះ ខ្ញុំកំពុងនៅជាមួយប្រធានាធិបតីស្រីលង្កា ហើយយើងក៏កំពុងតែប្រកួតជាមួយនឹងស្រីលង្កានៅភ្នំពេញផ្នែកបាល់ទាត់។ ដល់ពេលបាលទាត់ចប់ យើងឈ្នះស្រីលង្កា ដូចជា ៤-០។ ជាធម្មតា កាលណាឈ្នះបែបនេះ ខ្ញុំតែងឧបត្ថម្ភកីឡាកររបស់យើង ទាំងកីឡាករ គ្រូបង្ហាត់ ទាំងស្អីៗនេះ (ម្នាក់ៗ) ១ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ សរុបនៃអ្នកដែលទទួលបានពីនោះ គឺក្នុងមួយប្រកួតៗដែលយើងឈ្នះ យើងអស់ប្រហែលជាជាង ៣ ម៉ឺន ៣ ពាន់ដុល្លារ តែមានម្តងនោះ ៣៦ នាក់ អស់ដល់ ៣ ម៉ឺន ៦ ពាន់ដុល្លារ។ (ស្រាប់តែ) មានការចូលមក comment ថា យើងមិនបានយកចិត្តទុកដាក់អំពីកីឡាប្រដាល់ទេ។ ហើយរឿងនេះមិនមែនតែម្តងទេ តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនស្នេហាកីឡាប្រដាល់ ក៏ដូចជាកីឡាផ្សេងទៀត ខ្ញុំមិនបានរើសអើងទេ។
សម្តេចតេជោ និងលោកជំទាវ យកចិត្តទុកដាក់ដល់កីឡាករ មិនរើសអើងវិញ្ញាសាទេ
រឿងកីឡាប្រដាល់នេះគឺជាកីឡាដែលខ្ញុំយកចិត្តទុកដាក់អាចថា មុនគេមុនឯងទៅទៀត ព្រោះពេលដែលកីឡា បាល់ទាត់បាល់ទះរបស់យើង បានធ្លាក់ចុះ ដោយសារការគ្រប់គ្រងមិនបានល្អ កីឡាប្រដាល់របស់យើង បានឡើង។ សូមទៅសួរប៉ុស្តិ៍លេខ ៥ លេខ ៣ CTN និងបាយ័ន ខ្ញុំចំណាយលុយមិនតិចជាង ១០ ម៉ឺនដុល្លារទេ សម្រាប់ឲ្យកីឡាយើង។ ខ្ញុំសូមនិយាយ ដើម្បីឲ្យអ្នកដែលមិនយល់ ត្រូវយល់ថា នាយករដ្ឋមន្រ្តីរូបនេះបានខិតខំប្រឹងប្រែងខ្លាំងណាស់ ទើបមានកីឡាប្រដាល់ថ្ងៃនេះយ៉ាងខ្លាំងគួរសម។ ពេលដែលមានព្រឹត្តិការណ៍ប្រកួត ដែលមានបរទេសចូលរួមម្តងៗ ខ្ញុំតែងជូន ១ ពាន់ដុល្លារ ទាំងខ្មែរ និងបរទេស ទោះបីចាញ់ ឬក៏ឈ្នះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែឡើងប្រកួតម្តង ខ្ញុំជូន ១ ពាន់ដុល្លារ តែ ៥ គូ មក យើងដឹងតែអស់ ១ ម៉ឺនដុល្លារហើយ។ ប៉ុន្តែ ធម្មតា មុនប្រកួតនឹងគូជាមួយបរទេស គឺខ្មែរនឹងខ្មែរប្រកួតមុន បើអញ្ចឹង ក៏ត្រូវឲ្យ ៥០០ ដុល្លារៗម្នាក់។ តែក្រោយមកនេះ យើងឃើញថា ហើយយើងបានធ្វើកិច្ចការជាមួយនឹងបណ្តាស្ថានីយទូរទស្សន៍ និងបណ្តាក្រុមហ៊ុននានា ដែលមានតាំងពី ខារ៉ាបាវ, Bacchus, K-Cement និងស្អីៗច្រើនយ៉ាងណាស់ ដើម្បីឲ្យគេឧបត្ថម្ភ។
… អស់លោកគិតមើល អ្នកដែលចូលមក comment ថា “ដោយខ្វះការយកចិត្តទុកដាក់ជាមួយនឹងកីឡា កីឡាប្រដាល់” (ក្នុងពេលដែល) ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ តើកីឡាករខ្មែរ និងបរទេស ប្រកួតប៉ុន្មានគូ? … ឯកីឡាបាល់ទាត់ ទម្រាំឈ្នះម្តងៗ គ្នាចង់ដាច់ខ្យល់ងាប់ហើយ ម៉េចក៏ទៅជាច្រណែន? បើសិនជាខ្លួនចិត្តទូលាយ មិនគួរមកនិយាយជាមួយខ្ញុំ(អញ្ចឹងទេ)។ មានមួយនោះចូលមក comment ថា «ខ្ញុំអន់ចិត្តណាស់សម្តេច! ខ្ញុំជាអ្នកកីឡាប្រដាល់។ សម្តេចមានភាពលម្អៀង។» បានខ្ញុំវាយតត្រឡប់ទៅវិញថា ក្មួយធ្លាប់ឈ្នះ ប៉ុន្មានដងហើយ? ដល់វាយឆ្លងឆ្លើយចុះឡើងៗ មានអ្នកគេចូលមកថា សម្តេចបានពន្យល់ហើយ លោកឯង ម្តេចមិនព្រមមើល … ក្រោយមក គាត់ថាគាត់មិនមែនអ្នកកីឡាទេ តែដោយសារគាត់ស្រឡាញ់កីឡាប្រដាល់។ វាទៅអញ្ចឹង។
ខ្ញុំសូមជម្រាប កីឡាគ្រប់ប្រភេទ ខ្ញុំតែងតែយកចិត្តទុកដាក់ ហើយភរិយាខ្ញុំយកចិត្តទុកដាក់ណាស់។ ប៉ុន្មានថ្ងៃមុននេះ … ដោយសារគ្នាត្រូវការ(មានធុរៈ) ប្រពន្ធខ្ញុំបាន(ផ្តល់ថវិកា)ដល់ អេ ភូថង … កីឡាមួយចំនួនត្រូវគេវាយបាក់ដៃ បាក់ជើង សុទ្ធតែទទួល។ សូម្បីតែ វ៉ន វីវ៉ា ក៏ទទួលដែរ។ គ្រាន់តែគេមិនប្រកាស។ កីឡាមិនតិចទេ ដែលបានទទួលប្រាក់ឧបត្ថម្ភ។ ភរិយាខ្ញុំមើលណាស់រឿងហ្នឹង។ មានម្នាក់ដែលជាភរិយារបស់មិត្តខ្ញុំម្នាក់ ដែលពិការជើង ហើយឥឡូវសល់កូនម្នាក់នៅធ្វើការឲ្យខ្ញុំនេះ ប្រពន្ធមកលេងតែជាមួយនឹងគ្រួសារខ្ញុំ … កីឡាណាក៏ស្គាល់ដែរ (បើ)ផ្នែកកីឡាប្រដាល់(ផង) ទាំងខ្មែរ ទាំងបរទេស ថៃ ឡាវ ស្គាល់ទាំងអស់ … យកចិត្តទុកដាក់យ៉ាងម៉េចទៀត? ប៉ុន្តែ យើងត្រូវមានរបៀបដែរ។ ឧទាហរណ៍ អេ ភូថង គាត់ជាអតីតកីឡាករម្នាក់ ដែលលើកស្ទួយវិស័យកីឡារបស់យើងឡើង អញ្ចឹងទេ បើទុកឲ្យគាត់រហេមរហាមពេកវាមិនកើត … អត់អីទេ ចាត់ចែងទៅ ព្រោះខ្ញុំតែចូលដល់ផ្ទះ គឺប្រពន្ធធំជាងខ្ញុំហើយអាហ្នឹង ព្រោះគេអ្នកកាន់លុយ …។
យកចិត្តទុកដាក់កីឡាគ្រប់វិស័យ
យើងមើលនឹងភ្នែកទេ។ អ្នកខ្លះទទួលលុយខ្ញុំចូលដល់ម៉ឺនដុល្លារ បែរជានិយាយថា ចង់ស៊ីគុយទាវ អត់មានលុយទិញ។ ដល់ទៅស៊ើបអង្កេត ទទួលម៉ឺនដុល្លារ ហើយទទួលប្រាក់ប្រចាំខែទៀត កូនប្រព្រឹត្តគ្រឿងញៀន។ អញ្ចឹងវាមិនសល់ទេ។ (អ្នក)ខ្លះល្បែង។ អញ្ចឹងអោយនាយករដ្ឋមន្រ្តីម្នាក់ឯងទៅធ្វើម៉េច? តិចទៅថា ខ្ញុំកីឡាដែរ អញ្ចឹងទារតាមស្មើ អេ ភូថង ខ្ញុំទៅរកឯណា។ ខ្ញុំសុំបង្ហាញការយកចិត្តទុកដាក់របស់ខ្ញុំទៅលើវិស័យកីឡា ជាពិសេសកីឡាប្រដាល់ហ្នឹងតែម្ដង ដែលជាកីឡាពេញនិយម។ ឥឡូវហ្នឹងកក្រើក មានតែប៉ុស្ដិ៍មួយទេដែលមិនសូវបានវ៉ៃ ប៉ុន្តែដល់គាត់វ៉ៃ គាត់វ៉ៃខ្លាំងដែរ (ទូរទស្សន៍)អប្សរា។ ប៉ុន្តែបើប៉ុស្ដិ៍ផ្សេងៗទៀត គឺដល់ហើយ។ ល្ងាចថ្ងៃសុក្រ BTV វ៉ៃ(ប្រដាល់) … អ្នកមិនយល់ការ វាទៅជាយើងដូចជាបំបែកវិស័យកីឡា រួចហើយរហូតដល់និយាយអញ្ចេះថា បានមេដាយពិភពលោក ម៉េចក៏លោក ហ៊ុន សែន អត់យកចិត្តទុកដាក់?
សួរទៅឯកឧត្តម ថោង ខុន សួរឯកឧត្តម ហង់ ជួនណារ៉ុន ក្ដីថា អ្នកណាអ្នកផ្ដួចផ្ដើមគំនិតអោយកែអនុក្រឹត្យនោះ? (គឺ)ខ្ញុំ ដើម្បីកែអោយវាស្រប មេដាយពិភពលោកត្រូវបានប៉ុន្មាន មេដាយថ្នាក់តំបន់ត្រូវបានប៉ុន្មាន មេដាយនៅស៊ីហ្គេមត្រូវបានប៉ុន្មាន? តាំងពីកែមក បានមេដាយច្រើន ហើយអស់លុយក៏វាច្រើនដែរ ប៉ុន្តែសួរថា អ្នកណាជាអ្នកអោយកែ? (គឺ)ខ្ញុំ ហើយវាមានស្ដង់ដារវាទៀត។ មេដាយពិភពលោក សុខ ចាន់មាន, ពីដើម អាហ្នឹងកម្រិតប្រមុខរដ្ឋ នាយករដ្ឋមន្រ្តី បានមានម៉ូតូស ១២ សម្រាប់អមលោកឯង បើមកខ្លួនទទេគេមិនអមទេ។ អ្នកខ្លះទៅមេដាយពិភពលោកនៅបាងកក រួចក្រុមហ៊ុនទូរទស្សន៍អ្នកបង្កើត រួចហើយថាទៅប្រកួតបានមេដាយពិភពលោក ម៉េចក៏សម្ដេចមិនយកចិត្តទុកដាក់? បានខ្ញុំធ្វើ comment ត្រឡប់ទៅវិញ ខ្ញុំសុំបកស្រាយកម្រិតពិភពលោក ទៅម្នាក់ឯងស្ងាត់ៗ រួចហើយប្រកាសថាជាមេដាយពិភពលោក អោយខ្ញុំប្រគល់ម៉ូតូ ១២ (អម) អត់បានទេ។ វាអត់មានស្ដង់ដារ វាអត់មានកម្រិតកំណត់អោយ។ ហ្នឹងមិនខុសពីការចាប់ជំរិតអោយនាយករដ្ឋមន្រ្តីគោរពទៅតាមអ្វីដែលជាការចង់បានរបស់ខ្លួនទេ …។
ខ្ញុំសូមបញ្ជាក់ពីទីនេះ ទៅកាន់បងប្អូនទាំងឡាយ ដែលមិនបានយល់ ត្រូវយល់ថា រឿងកីឡាប្រដាល់នេះ លទ្ធភាពរបស់យើងមានច្រើនណាស់សម្រាប់យកមេដាយនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ត្រូវហ្វឹកហាត់ ប៉ុន្តែការចេញទៅប្រកួត ដូចជា កែវ រំចង់ គាត់អ្នកទៅប្រកួតពិតប្រាកដ គាត់អត់ទារទេ ប៉ុន្តែពួកតាមស៊ីតាមផឹកគាត់ទារ។ អាហ្នឹងនិយាយអោយត្រង់តែម្ដង។ អ្នកកីឡាពិតប្រាកដ គាត់មិនដែលចេះទារទេ ប៉ុន្តែអ្នកដែលហែហមតាមស៊ីតាមផឹក គាត់ចូលមកទារនាយករដ្ឋមន្រ្តី ដូចចាប់ជំរិតនាយករដ្ឋមន្រ្តីប្រគល់លុយអោយគាត់អញ្ចឹង ថាមេដាយពិភពលោក ម៉េចសម្ដេចមិនយកចិត្តទុកដាក់? … យើងអត់ចោលកីឡាណាមួយទេ។ … ស្ដង់ដារនៅទីនេះ មានកម្រិតកំណត់ ហើយមានទាំងអនុក្រឹត្យ។ ខ្ញុំថា គណៈកម្មាធិការអូឡាំពិច ឬក្រសួងអប់រំ យុវជន និងកីឡា ដាក់អាហ្នឹងចូលទៅក្នុងវេបសាយត៍របស់ខ្លួនទៅ ដើម្បីអោយគេមើលឃើញតែម្ដងទៅថា ទៅប្រកួតកម្រិតនេះ វាបានលុយប៉ុណ្ណេះ ប្រកួតកម្រិតនេះបានលុយប៉ុណ្ណេះ។
… បើថាស្តង់ដាតាមបែបទាហានវិញ កែ ឡេង ដូចជាឡើងពីសក្តិ ៣ ទៅសក្តិ ៤ ឥឡូវនេះ សុខ ចាន់មាន ក៏ឡើងពីសក្តិ ៣ ទៅសក្តិ ៤ ដែរ។ ប៉ុន្តែ អ្នកទាំងពីរ បើសិនជាទៅដណ្តើមមេដាយមាសពិភពលោកបាន មួយសាម្នាក់ទៀត ឡើងសក្តិ ៥ តែម្តង អត់ចាំឡើងសក្តិ ៤ កន្លះទេ ពាក់សក្តិ ៥ តែម្តង។ បើទៅម្តងទៀត ឡើង ៣ ថ្នាក់តែម្តង អត់មានស្អីទេ។ ប៉ូលីស ក៏អញ្ចឹងដែរខាងប៉ូលីស បើសិនជាឈ្នះឲ្យតែបានមេដៃធុនហ្នឹង មក កុំខ្លាចពាក់សក្តិឲ្យ … សង្ឃឹមថាប្អូនៗ ក្មួយៗ ឬក៏ចៅដែលលេងហ្វេសប៊ុក (មិន)ថា សម្តេចនាយកយកចិត្តតែមេដាយប៉េតង់ កែ ឡេង មួយហើយ ឥឡូវ សុខ ចាន់មាន មួយទៀត។ ចុះមេដាយពិភពលោកដែលនៅបាងកកយ៉ាងម៉េចដែរ? ឥឡូវសុំយកមក បើមេដាយពិភពលោក រកការបញ្ជាក់អំពីមេដាយពិភពលោកនោះ រួចហើយត្រឡប់ទៅដង្ហែពីពោធិ៍ចិនតុងមកវិមានសន្តិភាព។ ខ្ញុំសងទាំងការ ដោយចាត់ទុកថាជំពាក់ការប្រាក់ចុះ បន្ថែមលើអនុក្រឹត្យដែលមាន។
សូម្បីតែ កែវ រំចង់ ត្រូវឈ្នះវេទិកានានានៅអឺរ៉ុប ក៏ កែវ រំចង់ មិនដែលទារប្រាក់ទេ។ កែវ រំចង់ ស្ពាយខ្សែក្រវ៉ាត់ មកពីប្រទេសមួយចំនួន ប៉ុន្តែអាហ្នឹងប្រកួតតាមសៃវៀន មិនមែនប្រកួតកម្រិតតំបន់ឯណា។ … មិនថាកីឡាណា កីឡាណាទេ ឲ្យតែមានការចាត់តាំងទៅប្រកួតត្រឹមត្រូវហើយបាន(ទទួលមេដាយ) ខ្ញុំនឹងទទួលនៅទីនេះ។ ខ្ញុំអត់កំណាញ់ទេ។ ខ្ញុំលើកទឹកចិត្ត។ សូម្បីតែអុំទូក ក៏យើងត្រូវយកចិត្តទុកដាក់ដែរ ព្រោះអាហ្នឹងជាប្រភេទកីឡាមួយដែរ។ ឥឡូវធ្វើម៉េច អាទូកអន្តរជាតិយើងទៅប្រណាំងជាមួយគេ ជាមួយឯង ឲ្យវាឈ្នះមក។ ថ្ងៃមុន ពេលយើងទៅប្រកួតនៅឆ្នេរខ្សាច់ យើងឈរលំដាប់លេខ ៦ នៅក្នុងតំបន់អាស៊ី គ្រាន់តែមិនបានមកវិមានសន្តិភាពតែប៉ុណ្ណឹង ប៉ុន្តែមានតំណាងរបស់ខ្ញុំបានបំពាក់មេដាយចែកជូនហើយ។
ជ័យលាភីលេខមួយពិភពលោក បាន ១២០ លានរៀល តាម អនុក្រឹត្យថវិការដ្ឋ
ថ្ងៃនេះ ការជួយឧបត្ថម(ធ្វើ)តាមអនុក្រឹត្យដែលបានកំណត់ ហើយបងប្អូន ដែលមិនច្បាស់ ត្រូវចាំឲ្យច្បាស់ អនុក្រឹត្យថវិការដ្ឋសម្រាប់ជ័យលាភីលេខមួយពិភពលោកបាន ១២០ លានរៀល។ គ្រូបង្វឹកក៏បាន ១២០ លានរៀលដែរ … នៅទីនេះ ត្រូវតែផ្គុំគ្នាឲ្យបានរវាងគ្រូ នឹងសិស្ស ត្រូវធ្វើម៉េចថា អាហ្នឹងវាឈ្នះ ដោយសារកុំតែអញបង្ហាត់វាទេ។ អាហ្នឹងគ្រូកុំនិយាយ។ ឯកូនសិស្សក៏កុំនិយាយថា មកពីខ្ញុំប្រឹងមិនមែនមកពីគ្រូឯងទេ។ ទាំងពីរអ្នកហ្នឹងត្រូវសាមគ្គីគ្នា។ ក្រៅពីថវិការបស់រដ្ឋ ដែលជូនចំពោះជ័យលាភី និងគ្រូបង្វឹក ខ្ញុំសុំថែមឲ្យជ័យលាភី ១ ម៉ឺនដុល្លារ។ ថវិកាផ្ទាល់របស់ខ្ញុំ។ គ្រូបង្វឹកនឹងទទួលបាន ៣ ពាន់ដុល្លារ។ នេះមិនមែនជាស្តង់ដាទេ ប៉ុន្តែជាទឹកចិត្ត។ ដោយសារអ្នកដែលទៅជាមួយនឹងមានលោក សូមៃ សុគា ដែលជាប្រធានប្រតិភូ នេះជាថវិកាខ្ញុំទេ ជូន ២ ពាន់ដុល្លារ ក្នុងឋានៈជាប្រធានប្រតិភូ ហើយកីឡាករដែលអញ្ជើញទៅជាមួយ ឈ្មោះ ថោង ឈឺនចាន់ដារារិទ្ធិ ហើយនឹង ញែម បូរ៉ា ៣ នាក់ ក្នុងម្នាក់ៗ ពូសុំជូន ១ ពាន់ដុល្លារដែរ។ វាស៊ីសងលើជ័យលាភី និងគ្រូបង្វឹក បើសិនជាថាមានចិត្តធម៌ ចែកខ្លះទៅ។ បើបានជាទៅជាមួយគ្នាហើយ ជួនកាលជួយធ្វើសរសៃធ្វើអី … កីឡាជាស្មារតីសាមគ្គីគ្នាមាំណាស់ ក្នុងសាមគ្គីភាពជាតិរបស់យើង។
ប៉ាកេអៅ នឹងអមដំណើរប្រធានាធិបតី ឌូទើទី មកទស្សនកិច្ចកម្ពុជា
ខ្ញុំអរគុណណាស់ ដែលថ្ងៃនេះបានជួប។ ខ្ញុំបានបំពេញកាត្វកិច្ចខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយមិនឲ្យអាក់ខាន (ចំពោះ)អ្នកទទួលមេដាយមាសកម្រិតអាស៊ី កម្រិតពិភពលោក ដែលត្រូវមកទទួលនៅកន្លែងនេះ ដែលជាទីកន្លែងសមរម្យមួយ អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនានា ផងដែរ។ នេះមិនមែនមុខមាត់ផ្ទាល់របស់ សុខ ចាន់មាន និងភរិយា កូន និងឪពុកម្តាយនោះទេ ក៏ប៉ុន្តែ ជាកិត្តិយសមួយសម្រាប់ប្រទេសជាតិរបស់យើង ដែលពីភាពខ្ទេចខ្ទាំ បាតដៃទទេ យើងប្រឹងឈានឡើងរហូតដល់ថ្ងៃនេះ។ ជាមួយនឹងរង្វាន់នេះ ក៏មានមេដាយថ្នាក់មហាសេរីវឌ្ឍ ក្រោមជាតូបការតែមួយថ្នាក់ទេ ហើយសុំធានាថាបើទៅយកបាននូវមេដាយមាសមួយទៀត ឡើងបានស័ក្តហើយ ឡើងមេដាយដល់ជាតូបការ … ខ្ញុំតាមដានណាស់ គេថាលោក ហ៊ុន សែន កាន់តែទូរស័ព្ទលេងហ្វេសប៊ុក … ព្រួយចិត្តទៅ បើកាលណា ហ៊ុន សែន មិនកាន់ទូរស័ព្ទ ព្រោះដំណឹងរបស់ខ្លួនមិនបានមកដល់លោក ហ៊ុន សែន ទេ … ឥឡូវមានតាំងពីព័ត៌មានប្រធានាធិបតីហ្វីលីពីន Duterte និងដឹកដៃស្តេចប្រដាល់ ប៉ាគីអៅ មកទស្សនកិច្ចនៅកម្ពុជា។ អញ្ចឹង បានន័យថា ប៉ាគីអៅ គាត់គាំទ្រ Duterte ហើយយប់ថ្ងៃទី ១៣ នេះ ប្រធានាធិបតីហ្វីលីពីន Duterte នឹងមកដល់កម្ពុជា ហើយបាគីអៅនឹងមកជាមួយ … បើ ប៉ាគីអៅ មកល្អហើយ។
ជួនកាលក្រុមសហព័ន្ធកីឡាប្រដាល់របស់យើងអាចស្វាគមន៍ បបួល ប៉ាគីអៅ ដើរលេងបន្តិចទៅ ឬក៏ស្វាគមន៍បន្តិចទៅ ឬក៏ជួនកាលអញ្ជើញ ប៉ាគីអៅ ទៅទស្សនកិច្ច បើគាត់មិនជាប់កម្មវិធីជាមួយប្រធានាធិបតី ទៅកន្លែងស្នាក់ការអូឡាំពិក ឲ្យសហព័ន្ធកីឡាប្រដាល់របស់យើងនិយាយជាមួយគាត់។ វាជាចំណងទាក់ទងល្អណាស់ … ខ្ញុំនៅចាំបាន ការប្រកួតបាល់ទាត់ World Cup នៅអាឡឺម៉ង់។ ហ្សីដាន់ ត្រូវគេដេញពីការប្រកួតដោយសារតែគាត់យកក្បាលទៅបុកគេ។ មូលហេតុដែលគាត់យកក្បាលទៅបុកគេ ដោយសារតែគេជេរគាត់។ គាត់ត្រូវដេញចេញពីការប្រកួត។ ដល់ត្រឡប់ទៅវិញ ប្រធានាធិបតីបារាំង Jacques Chirac អញ្ជើញក្រុមបាល់ទាត់របស់បារាំងទៅវិមានអេលីហ្សេ ហើយប្រកាស ហ្សីដាន់ ជាវីរបុរសរបស់បារាំង។ អ្នកណាក៏គេយកចិត្តទុកដាក់ដែរ។ កុំភ្លេចថានាយករដ្ឋមន្រ្តីមួយនេះ គឺកីឡាករដែរ។ ខ្ញុំលេងកីឡាតាំងពីអាយុ ១៣ ១៤ ឆ្នាំឯណោះ បាល់ទាត់ផង បាល់ទះផង ប៉ុន្តែ ដល់ឥឡូវលោតលែងរួចហើយ …៕