- ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។
- ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី។
ជាថ្មីម្ដងទៀត ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសមាជិកគណៈប្រតិភូនៃប្រទេសទាំងពីរ ដែលមានវត្តមានទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាពិតជាមានកិត្តិយសណាស់ ដោយបានទទួលធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលលើកទី ៩ ក្នុងឆ្នាំ ២០១៦ នេះ។ ចាប់តាំងពីកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី ១ ដែលប្រព្រឹត្តឡើងនៅឆ្នាំ ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់កម្ពុជា យើងទាំងអស់គ្នាសង្កេតឃើញថា បណ្ដាខេត្តដាច់ស្រយាលទាំង ១៣ មានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះរបស់កម្ពុជា, ខេត្តអាត់តាពី សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់របស់ឡាវ និងខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញហ្វឿករបស់វៀតណាម បានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួច ទៅជាខេត្តដែលមានការអភិវឌ្ឍខ្លាំងក្លា ផ្អែកលើសក្តានុពល និងលទ្ធភាពតាមបណ្ដាខេត្តនីមួយៗ។ ប្រជាជនដែលរស់នៅក្នុងបណ្ដាខេត្តទាំងនេះ ក៏ចាប់ផ្ដើមមានជីវភាពល្អប្រសើរឡើង ដោយសារពួកគាត់ទទួលបានភាពងាយស្រួលជាងមុនក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ត្រីកោណយើងនេះ។
ភាពជោគជ័យជាបន្តបន្ទាប់នៃការកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងវឌ្ឍនភាពជាច្រើនលើគ្រប់វិស័យទាំងនេះ មិនអាចសម្រេចទៅបានទេ ប្រសិនបើពុំមានការខិតខំប្រឹងប្រែងពុះពារ និងស្វែងរកដំណោះស្រាយរបស់ប្រមុខដឹកនាំ រដ្ឋមន្រ្តី ឧត្តមមន្រ្តី និងមន្រ្តីជំនាញពីក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់យើងទាំងអស់ចូលរួម។ ដោយហេតុផលនេះហើយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីរាជការពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចពិភាក្សាលើការងារអភិវឌ្ឍន៍នានា ដែលមានចែងក្នុងផែនការមេ និងការបន្តកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍគម្រោងថ្មីៗបន្ថែមទៀត។
ឆ្លងតាមការពិភាក្សាក្នុងរយៈពេល ៣ ថ្ងៃកន្លងមក យើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសការបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអោយកាន់តែស៊ីជម្រៅ និងទូលំទូលាយនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ខ្ញុំពិតជាជឿជាក់ថា យើងទាំងអស់គ្នានឹងអាចអនុវត្ត តាមផែនការមេសម្រាប់ការអភិវឌ្ឍឆ្នាំ ២០១០-២០២០ បានសម្រេចដូចការគ្រោងទុក។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា វត្តមានរបស់យើងទាំងអស់គ្នានាពេលនេះ មិនគ្រាន់តែឆ្លុះបញ្ជាំងនូវសាមគ្គីភាព និងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រទេសទាំងបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ផងដែរពីការតាំងចិត្ត និងការរួមសុខរួមទុក្ខគ្រប់ពេលវេលា ដើម្បីបន្ដជំនះទៅមុខឥតងាករេក្នុងគោលបំណងសម្រេចអោយបាននូវគោលដៅរួម សម្រាប់តំបន់ត្រីកោណយើងនេះ ដែលរួមមាន សន្ដិភាព សន្ដិសុខ ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព សម្រាប់ប្រជាជនយើងទាំងអស់គ្នា ទាំងក្នុងតំបន់នេះ និងជំនាន់ក្រោយៗបន្តទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់
ក្នុងឱកាសដ៏សប្បាយរីករាយនេះ និងដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងបីអោយកាន់តែរីកចម្រើន ខ្ញុំសូមអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លើកកែវឡើងដើម្បី៖
ព្រះរាជសុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ដើម្បីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំងបី។
ដើម្បីសុភមង្គល វឌ្ឍនភាព និងវិបុលភាព កាន់តែធំធេងរបស់ប្រជាជននៃប្រទេសទាំងបី។
ដើម្បីសុខភាពល្អបរិបូរណ៍ និងជោគជ័យរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាននៅទីនេះ៕