ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកសារព័ត៌មានជាទីមេត្រី។
ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ដោយបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅលើទឹកដីអង្គរដ៏ស្រស់បវរនៃខេត្តសៀមរាបនេះ និងមានការចូលរួមពីឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តមរដ្ឋមន្រ្តី អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងបី។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា និងបូកសរុបលទ្ធផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ឧត្តមមន្រ្តី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមការកំណត់ រហូតសម្រេចបានលទ្ធផលជាច្រើន ដែលក្នុងនោះ រួមមាន ការអនុវត្តគម្រោងដែលបានដាក់ចេញ ការសាងសង់ហេដ្ឋារចនាសម័្ពន្ធ ការកាត់បន្ថយការជួញដូរមនុស្ស និងគ្រឿងញៀន កិច្ចសម្រួលពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យកសិកម្ម។ អង្គប្រជុំក៏វាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់វេទិកាយុវជន និងការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផលនៃសន្និសីទពាណិជ្ជកម្ម វិនិយោគ និងការជំរុញវិស័យទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលបានប្រារព្ធឡើងនៅថ្ងៃទី ៧ ដល់ ១១ ខែធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសក្ដិ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ។ ទន្ទឹមនេះ អង្គប្រជុំក៏សូមស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការលើកទី ៣ ស្ដីពីសន្ដិសុខ និងកិច្ចការពារជាតិ នៃសភាជាតិរបស់ប្រទេស CLV នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អង្គប្រជុំបានកត់សម្គាល់ថា លទ្ធផលដ៏ប្រសើរខាងលើនេះ បានចូលរួមចំណែកអភិវឌ្ឍតំបន់ត្រីកោណ ដែលតំបន់នេះ លែងជាតំបន់ដាច់ស្រយាលទៀតហើយ តែជាតំបន់ពោរពេញដោយសក្ដានុពលសេដ្ឋកិច្ច និងមានភាពទាក់ទាញក្នុងការរស់នៅ និងវិនិយោគ។ ជាសក្ខីភាពនៃការអភិវឌ្ឍជាក់ស្ដែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់អភិវឌ្ឍន៍ត្រីកោណបានក្លាយទៅជាតំបន់កសិ-ឧស្សាហកម្មដ៏ធំមួយ តាមរយៈការវិនិយោគពីបរទេស និងវិនិយោគក្នុងស្រុក។ ជាមួយគ្នានេះដែរ តំបន់អភិវឌ្ឍន៍ត្រីកោណ ក៏បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏គួរអោយទាក់ទាញ និងបានទទួលភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃ។ សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មមានភាពរស់រវើកទាំងនៅក្នុងខេត្តនីមួយៗ និងឆ្លងព្រំដែន។ ជាមួយនឹងការអភិវឌ្ឍទាំងនេះ ជីវភាព និងសុខមាលភាពរបស់ប្រជាជននៅក្នុងតំបន់នេះ ក៏មានការកែប្រែគួរអោយកត់សម្គាល់។
នៅក្នុងការផ្ដល់យោបល់ និងលើកទិសដៅទៅអនាគត អង្គប្រជុំបានទទួលស្គាល់នូវភាពជឿនលឿន នៃការរៀបចំផែនការអភិវឌ្ឍនៃឧស្សាហកម្មកៅស៊ូសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម តម្រូវការបន្ទាន់នៃការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ហើយបានប្រគល់ភារកិច្ចនេះ ទៅគណៈកម្មាធិការសម្របសម្រួលចម្រុះ CLV JCC ដើម្បីបន្ដការអនុវត្ត និងកែតម្រូវអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីគោលនយោបាយអនុគ្រោះពិសេស ដើម្បីបង្កើតបរិយាកាស ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានស្នើអោយបញ្ចប់ផែនការអភិវឌ្ឍទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងផែនការសកម្មភាពនៃការតភ្ជាប់អោយបានទាន់ពេលវេលា។
ទន្ទឹមនេះ អង្គប្រជុំបានឯកភាពគ្នា លើការរៀបចំនូវសំណើគម្រោងអាទិភាពចំនួន ៥ ពីប្រទេសនីមួយៗ សម្រាប់ស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍។ ប្រទេសទាំងបីក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុនានា ជាពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាននិងកំពុងបន្ដផ្ដល់ជំនួយអភិវឌ្ឍន៍ សម្រាប់គម្រោងនានានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
(ចាប់ផ្ដើមការអធិប្បាយ)
តំបន់ត្រីកោណអភិវឌ្ឍន៍ជាគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្រ្តីកម្ពុជា
មុននឹងបញ្ចប់ ខ្ញុំគួរតែជំរាបជូនអ្នកសារព័ត៌មានរបស់យើងអោយបានជ្រាបថា យោងទៅលើការពិនិត្យឡើងវិញ ការចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើមតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដោយសារតែនេះ ជាគំនិតផ្ដួចផ្ដើមរបស់ខ្ញុំក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា ហើយត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្រ្តីឡាវ Sisavath Keobounphanh និងអតីតនាយករដ្ឋមន្រ្តីវៀតណាម Phan Văn Khải។
កាលពីពេលដែលយើងផ្ដើមដំបូងនៃការអភិវឌ្ឍតំបន់ត្រីកោណនេះ កម្ពុជាមានប្រាក់ចំណូលត្រឹមតែ ២៩៤ ដុល្លារតែប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ ប៉ុន្តែចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ កម្ពុជាបានហក់ឡើងទៅដល់ ១.៣០០ ដុល្លារ ពីប្រទេសដែលមានប្រាក់ចំណូលទាបមួយ ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម។
ប្រទេសទាំងបីមានគម្រោង ៥ សម្រាប់ស្នើសុំដៃគូអភិវឌ្ឍ ពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍
តំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីមុននេះដែលសិ្ថតនៅឯកោ ជាពិសេសគឺផ្នែកខាងដែនដីរបស់កម្ពុជា បាននិងកំពុងតភ្ជាប់ ប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពល។ ឥឡូវនេះ ដើម្បីពន្លឿននៃការអភិវឌ្ឍ នាយករដ្ឋមន្រ្តីទាំងបីក៏បានឯកភាពគ្នាទៅលើការផ្ដួចផ្ដើមគំនិតដោយរដ្ឋមន្រ្តី និងឧត្តមមន្រ្តីរបស់យើង (ដោយ)ប្រទេសនីមួយៗ មានគម្រោង ៥ សម្រាប់ស្នើទៅដល់ដៃគូអភិវឌ្ឍន៍ជួយទ្រទ្រង់នូវផែនការនេះ ពិសេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី។
បន្ថែមលើនេះ យើងក៏មានការចាំបាច់ដើម្បីនឹងពន្លឿននៅក្នុងការអភិវឌ្ឍនៅក្នុងតំបន់នោះ តាមរយៈនៃគំនិតផ្ដួចផ្ដើមមួយចំនួន រាប់ទាំងបញ្ហាការកសាងហេដ្ឋារចនាសម័្ពន្ធ ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងនោះ ដោយខាងវៀតណាមមានលទ្ធភាពច្រើនទៅលើបញ្ហាការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាបញ្ហាដទៃទៀត ហើយឡាវក៏មានលទ្ធភាពកាន់តែច្រើននៅក្នុងការផលិតអគ្គិសនី សម្រាប់ជួយមកដល់កម្ពុជាផង និងជួយទៅដល់វៀតណាមផង កម្ពុជានឹងរៀបចំនូវផែនការមួយស្ដីអំពីបញ្ហាការតភ្ជាប់បណ្ដាញអគ្គិសនីពីឡាវ មកកាន់កម្ពុជា ហើយប្រហែលជាវៀតណាមក៏មានផែនការតភ្ជាប់នៅក្នុងការទិញអគ្គិសនីឡាវ ដែលជាធុងអាគុយមួយនៅក្នុងតំបន់នេះផងដែរ។
បង្កើតវីដេអូ conference រវាងនាយករដ្ឋមន្រ្តីទាំងបី និងផ្នែកការងារពាក់ព័ន្ធនឹងតំបន់ត្រីកោណ
ល្ងាចនេះ យើងក៏បានអនុម័តឯកភាពគ្នានូវការតភ្ជាប់មួយ ដែលអាចថាជាការតភ្ជាប់ខាងទំនាក់ទំនង ដោយមានការបង្កើតអោយមានវីដេអូ conference រវាងនាយករដ្ឋមន្រ្តីទាំងបី និងផ្នែកការងារពាក់ព័ន្ធនឹងតំបន់ត្រីកោណ។ ថ្នាក់រដ្ឋមន្រ្តី គេអាចនិយាយគ្នា ហើយនាយករដ្ឋមន្រ្តីទាំងបីក៏អាចនិយាយគ្នាតាមវីដេអូ conference ដោយមិនចាំបាច់ហោះទៅរកគ្នានោះទេ។ ដូច្នេះ ខ្ញុំគិតថា ពីនេះតទៅ មន្រ្តីរបស់យើង ក៏ដូចជាប្រជាជនរបស់យើងនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន ពីកិច្ចខិតខំប្រឹងប្រែងដោយនាយករដ្ឋមន្រ្តីទាំងបី និងដោយមន្រ្តីទាំងបីរបស់យើងសហប្រតិបត្តិការគ្នា ដើម្បីធ្វើអោយតំបន់ក្រីក្រមួយនេះ ក្លាយទៅជាតំបន់អភិវឌ្ឍន៍នៅពេលខាងមុខ។
(បញ្ចប់ការអធិប្បាយ)
ជាទីបញ្ចប់ អង្គប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម លើកទី ១០ នៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៨។ សូមអរគុណ៕