ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ជាទីសក្ការៈ។
ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។
សូមគោរព លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពេលនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជន រួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ដែលបន្តពីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី មកដល់តាអង ខេត្តរតនគិរី នៅពេលនេះ។
ចៅស្រីចំណាប់ សុំបង្កើតវិទ្យាល័យ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយសារតែជាងពីរខែមុននេះ ខ្ញុំព្រះករុណាខ្ញុំ បានដើរចុះមកក្បែរម្ដុំហ្នឹង ដែលមិនឆ្ងាយពីទីនេះប៉ុន្មានទេ ដោយពេលនោះ បានធ្វើដំណើរពីសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី មកកាន់បានលុង ខេត្តរតនគិរីរបស់យើងនេះ។ ខ្ញុំព្រះករុណាខ្ញុំ មិនដឹងថា ថ្ងៃនេះ ចៅស្រីម្នាក់ ដែលថ្ងៃនោះបានចាប់ដៃតាថា សុំបង្កើតវិទ្យាល័យ។ ចំណាប់ នៅនឹកឃើញទេចៅ? ហើយសាលាកសាងបានប៉ុន្មាន(ភាគរយ)ហើយឥឡូវ? (ចៅស្រីឆ្លើយ) កំពុងកសាង។ បានកម្ពស់ណាហើយ? (ចៅស្រីឆ្លើយ) កំពុងចាក់គ្រឹះ។ ហើយថ្ងៃហ្នឹង ពេលតាទៅ ឈប់យំហើយ? អរគុណហើយចៅ។ ថ្ងៃហ្នឹង គឺបឋមនៅខាងនេះ រួចហើយគេចង់ឲ្យយើងឆ្លងទៅខាងអនុវិទ្យាល័យ អញ្ចឹង យើងក៏ត្រូវដើរ(ទៅតាម) គ្នាខំចាប់ដៃផង យំផងអីផង ហើយកសាងឲ្យទៅជាអនុវិទ្យាល័យនៅត្រង់នេះ ដោយដាក់ឲ្យ ១ ខ្នង (កម្ពស់) ២ ជាន់ (ស្មើ នឹង) ១២ បន្ទប់ ហើយបង្កើតឲ្យទៅជាវិទ្យាល័យមួយទៀត ដើម្បីកុំឲ្យសិស្សពីនេះ ទៅរៀនទៅដល់ទីរួម ខេត្ត។
អត្ថប្រយោជន៍ផ្លូវជាតិលេខ ៧៦
ថ្ងៃនោះ យើងបានធ្វើដំណើរតាមផ្លូវនេះ ដែល ខ្ញុំព្រះករុណាខ្ញុំ គិតថា គឺវាមានប្រយោជន៍ខ្លាំងណាស់ ដែលយើងបានតភ្ជាប់ផ្លូវមួយខ្សែនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណតាមរយៈឯកឧត្តម Xiong Bo អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន នូវការអរគុណ ដែលបានផ្ដល់នូវជំនួយឧបត្ថម្ភ សម្រាប់ការកសាងផ្លូវមួយខ្សែនេះ។ ផ្លូវនេះ មានប្រវែង ១៧២ គីឡូម៉ែត្រ ដូចដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើរបាយការណ៍អម្បាញ់មិញ ហើយឯកឧត្តម Xiong Bo ក៏បានលើកឡើង អំពីការកាត់ផ្ដាច់ការពិបាកទំនាក់ទំនង រវាងខេត្តទាំងពីរនេះ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏អាចនឹងទូលព្រះគេន ក៏នឹងជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាបថា វាមិនមែនគ្រាន់តែជាការលំបាកក្នុងទំនាក់ទំនង រវាងខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនោះទេ ក៏ប៉ុន្តែ កាលពីសម័យដើមឡើយ កាលមុននេះរបស់យើង ការធ្វើដំណើរពីខេត្តភាគខាងក្រោមរបស់យើង មកកាន់ខេត្តភាគខាង លើ គឺជួបការលំបាកខ្លាំងណាស់។ ពេលខ្លះត្រូវធ្វើដំណើររាប់ថ្ងៃ រាប់អាទិត្យ រហូតទៅដល់គេប្រើពាក្យថា រតនគិរីដីស្អិត ចិត្តមិនចង់ទៅ ហើយបើទៅហើយ គឺមិនចង់ត្រឡប់ទៅវិញទេ, មណ្ឌលគិរីក៏ដូចគ្នា ស្ថានភាពនោះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងជួបការលំបាកខ្លាំងណាស់។
ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរពីទីរួមខេត្តមណ្ឌលគិរី ទៅ កាន់ស្ទឹងត្រែង ធ្វើដំណើរជាមួយគ្នានៅឆ្នាំ ១៩៩០ ពេលនោះ និងពេលនេះ វាខុសគ្នា។ កាល ខ្ញុំព្រះករុ ណាខ្ញុំ ធ្វើដំណើរនៅឆ្នាំ ១៩៩០ ជាមួយនឹង បង ភូថង, បង កែវ ដែលធ្វើដំណើរជាមួយគ្នា។ កាលហ្នឹង មានមួយចំនួនផ្ដល់មតិថា កុំទៅ ទៅភ្នំពេញវិញទៅ ព្រោះវាអត់ផ្លូវផង ហើយម្យ៉ាងទៀត គឺខ្មែរក្រហមនៅ ពេញព្រៃហ្នឹង។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ក៏ប្រាប់ថា អាណាខ្លាចត្រឡប់ទៅភ្នំពេញវិញឲ្យអស់ទៅ! អញ្ចឹងទេ ក៏ផ្ដើមធ្វើដំណើរចេញតាំងពីពេលព្រឹក ទៅស៊ីបាយថ្ងៃត្រង់នៅស្រែពក ហើយផ្លូវពេលនោះ គឺមួយ កន្លែងនោះ គឺយើងធ្វើដំណើរតាមផ្លូវរទេះតែម្ដង។ ប៉ុន្តែ កាលពី ២ ខែ មុននេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើ ដំណើរទៅធ្វើកិច្ចការងារនៅខេត្តរតនគិរី រួចហើយបាយ និងដេកនៅបានលុង ទីរួមខេត្តរតនគិរីនេះមួយយប់។ រួចហើយព្រឹកឡើង ធ្វើការនៅបានលុង ថ្ងៃត្រង់បាយនៅបានលុង រួចហើយចេញដំណើរទៅតាមផ្លូវហ្នឹងរហូត និយាយពីស្រួល ប៉ុន្តែ មានបារាស់រហូត។ មិនមែនបារាស់ស្អីទេ សំខាន់បំផុត ខ្ញុំព្រះករុណាខ្ញុំ ចង់(ឈប់មើល) ដើម្បីរៀបចំនូវកម្មវិធី គេហៅថា ភូមិសាស្រ្តសិក្សាឡើងវិញ។ គ្រាន់តែផ្លូវមកមណ្ឌលគិរី និងរតនគិរីនេះ ក៏បានធ្វើដំណើរចុះហូរហែ ដើម្បីដាក់សាលារៀនតាមផ្លូវជាប់រហូត រាប់ទាំងកន្លែងនេះ ហើយនៅតាមផ្លូវដែលធ្វើដំណើរទៅហ្នឹង មានវិទ្យាល័យកូនមុំ ប្រហែលជាមិនមានវិទ្យាល័យច្រើនទេ។ វិទ្យាល័យនេះមានសិស្ស ១០០% ប្រលងបាក់ឌុបជាប់ នេះជារឿងមួយអស្ចារ្យខ្លាំងណាស់ នៅក្នុងពេល ដែលសាលានៅក្នុងខេត្តខ្លះជាប់ត្រឹមតែ ៥០% ឬក្រោម ៥០% ឬ ៦០% ប៉ុន្តែ វិទ្យាល័យកូនមុំ មួយ គឺជាប់រហូតដល់ ១០០% គ្រាន់អត់មាននិទ្ទេស A ទេ។
ស្ថានភាពតភ្ជាប់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ឱកាសឲ្យយើងអភិវឌ្ឍនៅគ្រប់វិស័យ
ដូច្នេះ ស្ថានភាពតភ្ជាប់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអភិវឌ្ឍនោះហើយ ដែលផ្ដល់ឱកាសឲ្យយើងអភិវឌ្ឍនៅគ្រប់វិស័យទាំងអស់។ ស្ថានភាពកាលពីពេលមុន ពិបាកតភ្ជាប់ រវាងខេត្តមួយ និងខេត្តមួយ រវាងខេត្តខាងក្រោម ជាមួយនឹងខេត្តខាងលើ ប៉ុន្តែ មកដល់ពេលនេះ ខ្ញុំព្រះករុណាខ្ញុំ អាចនឹងនិយាយបានថា តាមរយៈការខិតខំរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជា ដៃគូអភិវឌ្ឍន៍ ពិសេសសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ឱកាសឲ្យយើងបានតភ្ជាប់នូវដែនដីទាំងមូល ដែលមុននេះកាត់ផ្ដាច់ជាកង់ៗ តាមរយៈការរារាំងដោយសង្រ្គាម ការរារាំងដោយគ្រាប់មីន ការរារាំងដោយគ្មានផ្លូវ គ្មានស្ពាន។ ឥឡូវនេះ ជាមូលដ្ឋាន យើងបានតភ្ជាប់ជាគម្រោងឆ្អឹងរួចស្រេចទៅហើយ មកកាន់ពីបណ្ដាខេត្ត នៃភាគកណ្ដាល មកកាន់ខេត្តភាគឦសានរបស់យើង។ ភ្ជាប់ភាគឦសានជាមួយគ្នា ដែលរួមមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ភ្ជាប់ខេត្តស្ទឹងត្រែង ខេត្តតំបន់ឦសានរបស់យើងទៅកាន់ខេត្តនៃភាគឧត្តរ នោះនៅត្រង់ថា យើងមានផ្លូវជាតិលេខ ៩ មួយខ្សែទៀត ដែលតភ្ជាប់ផ្លូវពី ទីរួមខេត្តស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ ហើយទៅកាន់ខេត្តកំពង់ធំ និងតភ្ជាប់ទៅកាន់ខេត្តសៀមរាបតែម្តង។ ដូច្នេះ បានសេចក្តីថា ដែនដីរបស់យើងបានតភ្ជាប់រួចហើយ ដោយមិនចាំបាច់នូវការធ្វើដំណើរបកក្រោយដូចពេលមុនទេ។
ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរសាកល្បងខ្លួនឯងរួចស្រេចទៅហើយ ចេញពីទីក្រុងភ្នំពេញកាត់តាមផ្លូវជាតិ លេខ ៨ ហើយឡើងមកផ្លូវជាតិលេខ ៧ ឡើងមកស្នួល ភ្ជាប់ពីស្នួលតាមផ្លូវជាតិលេខ ៧៦ មកដេកធ្វើការ នៅសែនមនោរម្យ។ បន្ទាប់ទៅក៏បានធ្វើដំណើរពីសែនមនោរម្យ កាត់មកតាមកោះញែក ហើយមកដល់ លំផាត់របស់យើងនេះ ទៅដេកនៅបានលុង។ ចេញពីបានលុងកាត់ទៅស្ទឹងត្រែងវិញ ដល់ស្ទឹងត្រែង ថ្ងៃ នោះដឹងថាមួយចំនួននៅរង់ចាំ ខ្ញុំព្រះករុណាខ្ញុំ នៅឯខេត្តក្រចេះ មិននឹកស្មានថា ខ្ញុំព្រះករុណាខ្ញុំ លេងមួយ ច្រកទៀត ទៅតាមផ្លូវជាតិលេខ ៩ ដែលជួយកសាងដោយចិនដដែល គឺកាត់ធ្លាក់ទៅព្រះវិហារ ប៉ុន្តែមាន មួយចំនួនរង់ចាំនៅទីរួមខេត្តព្រះវិហារ ខ្ញុំព្រះករុណាខ្ញុំ អត់ទៅតាមហ្នឹងទេ លេងផ្លុកកាត់តាមជ័យសែន ទៅរវៀង ចេញទៅកំពង់ធំវិញ។ កាត់មួយជុំ រួចហើយបានបកចូលទីក្រុងភ្នំពេញវិញតាមរយៈផ្លូវជាតិលេខ ៦ បានសេចក្តីថា យើងដើរមួយជុំ ហើយពេលនោះជាដំណើរផ្លូវឆ្ងាយ ដូចជា ១.០៧០ គីឡូ(ម៉ែត្រ) …។
ការតភ្ជាប់ផ្លូវបានបង្កើតឱកាសដ៏ធំ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងនៅតាមបណ្តាខេត្តដទៃ
អញ្ចឹងទេ ផ្លូវនេះបានតភ្ជាប់ជាបណ្តាញរួចហើយ។ នោះហើយជាការបង្កើតឱកាសដ៏ធំ សម្រាប់ប្រជាជន នៅក្នុងក្របខណ្ឌខេត្តដែលមានផ្លូវឆ្លងកាត់ផង និងក៏សម្រាប់ប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេសផង ដែរ។ បើតាមមើលអ្នកដែលមកចូលរួមនៅទីនេះ មានមួយចំនួនមិនមែនអ្នកមានស្រុកកំណើតនៅទីនេះទេ មួយចំនួនពិតជាធ្វើដំណើរមកពីបណ្តាខេត្តភាគខាងក្រោម។ ពេលដែល ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរពីសែន មនោរម្យ មកកាន់(ខេត្ត)រតនគិរីនេះ ខ្ញុំនៅម្តុំកោះញែកជិតព្រំប្រទល់ រវាងរតនគិរី និងមណ្ឌលគិរី ខ្ញុំព្រះករុ ណាខ្ញុំ បានជួបប្រជាពលរដ្ឋដែលមកពីភាគខាងក្រោមរស់នៅកន្លែងហ្នឹង រាប់ទាំងអ្នកមួយចំនួនធ្វើជាកង ទ័ពជាមួយ ខ្ញុំព្រះករុណាខ្ញុំ តាំងពីឆ្នាំ ១៩៧០-១៩៧៥។ អញ្ចឹងទេ គេបានមករស់នៅខាងលើឯណេះ វិញ។
ការបែងចែកនូវការអនុវត្តពលកម្មសង្គមឡើងវិញ ដើម្បីបម្រើឲ្យវិស័យការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែល្អប្រសើរ
អញ្ចឹងទេ នេះហើយយើងបែងចែកនូវការអនុវត្តពលកម្មសង្គមឡើងវិញ ដើម្បីបម្រើឲ្យវិស័យការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ ដែលប្រទេសរបស់យើងមុននេះ បាត់តុល្យភាពយ៉ាងខ្លាំង រវាងពលកម្មនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅតិច។ នយោបាយកាត់បន្ថយភាពក្រីក្ររបស់យើង ក៏បានធ្វើដំណើរទៅព្រមៗគ្នា ជាមួយនឹងការឈានឡើង(នូវ) ការកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ ហើយនឹងកាត់បន្ថយនូវការលំបាករបស់ប្រជាជនក្នុងការធ្វើ ដំណើរ។ នោះហើយដែលហៅថា ការតភ្ជាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ដៃគូអភិវឌ្ឍន៍ ពិសេស មិត្តចិនបានរួមចំណែកយ៉ាងច្រើន ដើម្បីតភ្ជាប់ផ្ទៃក្នុងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង តាមរយៈ នៃការកសាងផ្លូវថ្នល់ ដែលបានដាក់ឲ្យប្រើប្រាស់រួចមកហើយ កំពុងសាងសង់ និងត្រៀមសាងសង់បន្ត ទៀត និងស្ពានរាប់ពាន់គីឡូម៉ែត្រដែលឆ្លងកាត់។ បើយើងនិយាយពីផ្លូវនេះ ពិបាកជាងគេ អាចធ្វើដំណើរ បាននៅពេលវេលាខ្លះ ក៏ប៉ុន្តែ លំបាកជាងគេអាស្ពានស្រែពកហ្នឹងតែម្តង តែប៉ុន្មានរយម៉ែត្រទេ ក៏បុន្តែ ឥឡូវ នេះ ថ្ងៃនោះដល់អាកន្លែងស្ពានស្រែពកខ្ញុំងោក អត់បានមើល ដល់សួរថា ដល់ស្ពានស្រែពកហើយឬនៅ? ហួសបាត់ទៅហើយ ព្រោះអញ្ចេះ បាននៅឯសែនមនោរម្យឯណោះ រួចហើយចាប់ផ្តើមប្រាប់ពួកហ្នឹងថា អាពេលដែលធ្វើដំណើរមកនេះ (ពួក)ឯងកុំដាស់អញវើយ! ចាំដល់កន្លែងមានប្រជាពលរដ្ឋ ដល់អញ្ចឹងទៅ វាមិនមែនលក់ឯណោះឯណា! វាមកលក់នៅកន្លែងដែលយើងត្រូវចង់មើល វាលក់ត្រង់ហ្នឹងតែម្តង។
ការតភ្ជាប់គាប់ជួននឹងគំនិតផ្តើមរបស់ចិន
ការតភ្ជាប់ផ្ទៃក្នុងរបស់យើង បានធ្វើច្រើនណាស់ហើយ ជាមួយគ្នានេះ យើងក៏បានតភ្ជាប់ជាមួយប្រទេស ជិតខាងរបស់យើង តាមរយៈផ្លូវរបស់មិត្តចិននេះ បានជួយឲ្យយើងតភ្ជាប់នៅតំបន់នេះ ម្ខាងតភ្ជាប់ទៅជា មួយនឹងឡាវ តាមរយៈផ្លូវជាតិលេខ ៧។ ម្ខាងទៀតតភ្ជាប់ទៅជាមួយនឹងវៀតណាម តាមរយៈផ្លូវជាតិលេខ ៧៨ ដែលតភ្ជាប់ពីស្ទឹងត្រែងឡើងមក តភ្ជាប់ទៅវៀតណាម។ និងម្ខាងទៀតផ្លូវជាតិលេខ ៧៦ តភ្ជាប់ទៅ វៀតណាម តាមរយៈដាក់ដាំ។ ខ្ញុំក៏បានយកផែនទីបញ្ជូនទៅឲ្យឯកឧត្តមអគ្គរដ្ឋទូតបានមើលអម្បាញ់មិញ យើងនៅត្រូវការផ្លូវពីបានលុងរបស់យើងនេះ ទៅមុំបី ឯកឧត្តម នេះ! អាហ្នឹងច្បាស់ជាត្រូវការលុយចិន ហើយ ព្រោះអ្នកដទៃទៀតបានត្រឹមថា តែរឿងអត់លុយឲ្យធ្វើទេ តែប្រដែប្រដៅ។ យើងត្រូវការផ្លូវនៅខាង នេះ ខ្ញុំគ្រាន់តែជម្រាបជូនថា គម្រោងនៅក្នុងផែនទីដែល ឯកឧត្តម ស៊ុន ចាន់ថុល រៀបចំនេះ ជាមួយអ្នក ជំនាញ យើងត្រូវការផ្លូវនៅខាងតំបន់របស់យើងនេះ ពីបានលុងតភ្ជាប់ទៅមុំបី ដែលតភ្ជាប់ទៅព្រំដែនជា មួយឡាវផង និងជាមួយវៀតណាមផង។ ដល់មួយទៀត យើងត្រូវភ្ជាប់ពីបានលុងរបស់យើងនេះ ទៅកាត់ តាមវើនសៃ សៀមប៉ាង ហើយនឹងទៅដុងក្រឡ ដែលភ្ជាប់ព្រំដែនជាមួយនឹងឡាវដែរ ហើយដែលតភ្ជាប់ ទៅផ្លូវជាតិលេខ ៧។ មួយផ្នែកទៀត ខាងក្រោមនេះ ពីកោះញែកត្រូវកាត់ចុះទៅក្រចេះ និងពីសែនមនោរម្យ កាត់ទៅក្រចេះមួយទៀត ហើយតាមសែនមនោរម្យកាត់ស្រុកពេជ្រាដា ទៅភ្ជាប់ជាមួយព្រំដែនវៀតណាម ទៀត។ អញ្ចឹង ការរៀបចំជាប្រពន្ធផ្លូវបន្ថែមរបស់យើងនេះ នៅមានជាបន្ត ដែលយើងត្រូវការទុនពីសាធា រណរដ្ឋប្រជាមានិតចិនជាបន្តទៀត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក៏ប៉ុន្តែ ការសង្ឃឹមច្រើនរបស់យើង គឺ សង្ឃឹមទៅលើមិត្តចិន ដែលអាចមានលទ្ធភាពជួយឲ្យយើងនូវក្នុងការតភ្ជាប់ផ្ទៃក្នុងជាបន្ត ដែលយើងត្រូវធ្វើ ប៉ុន្តែគ្រាន់ថា តើទៅផ្លូវណាមុន ផ្លូវណាក្រោយ? ផែនទីនេះមានបង្ហាញអំពីផ្លូវណាដែលបានធ្វើរួច ផ្លូវណា កំពុងធ្វើ ផ្លូវណាដែលកំពុងសិក្សា ហើយផ្លូវណាដែលត្រូវជាគម្រោងរបស់យើង។ មានរួចមកហើយ តែគ្រាន់ថា យើងគ្រាន់តែវាអត់មានទុន ហើយបើសិនជាយើងមិនអាចតភ្ជាប់បានទេ យើងពិបាកអភិវឌ្ឍ។
ប៉ុន្តែឥឡូវនេះ យ៉ាងហោចណាស់ប្រជាពលរដ្ឋរបស់យើងនៅតាមបណ្តាខេត្ត និយាយជារួម និងខេត្តរតន គិរី និងមណ្ឌលគិរី និយាយដោយឡែក ឬភូមិភាគឦសាន នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលនៅខាន ស្អែកនេះ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម នឹងប្រជុំនៅសៀមរាប។ តំបន់ក្រីក្រនៃខេត្តទាំង ៤ នេះ ដែលរួមមានខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង យើងកំពុងខិតខំទាញរកទុន ដើម្បីយកមកអភិវឌ្ឍ។ ការទ្រទ្រង់ពីខាងក្រោម សម្រាប់យើងនេះ ក៏មានទុនពីសាធារណរដ្ឋប្រជាមានិត ចិនបានជួយយើងនេះ មានទុនមួយចំនួនចេញមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងមានទុនមួយចំនួនចេញ មកពីជប៉ុន។ ហើយសង្ឃឹមយ៉ាងមាំថា ឯកឧត្តមអគ្គរដ្ឋទូត គឺបានសេចក្តីថា ផ្លូវនេះបើគ្មានមិត្តចិនទេ មិនអាចធ្វើទៅរួចទេ សង្ឃឹមទៅលើធនាគារដទៃ លើកលែងតែធនាគារវិនិយោគថ្មី ប៉ុន្តែ ទាល់តែឲ្យការ ប្រាក់ទាប ការប្រាក់ខ្ពស់មិនយកទេ ព្រោះស្វិតស្វាញដែរ ស្អែកនេះប្រជុំរឿងច្បាប់ថវិកាតទៅទៀត ប៉ុន្តែ យ៉ាងណាក៏ដោយ មិត្តចិននឹងបន្តជួយយើង អំពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងតែដើរស្របជាមួយ នឹងអាទិភាព នៃនយោបាយរបស់ចិន អំពីបញ្ហាផ្លូវសូត្រ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលដើរស្របទៅនឹងយុទ្ធ សាស្រ្តចតុកោណរបស់កម្ពុជា ហើយដែលក្នុងនោះពាក់ព័ន្ធទៅនឹងការតភ្ជាប់ គឺចិនផ្តល់អាទិភាពក្នុងការ ផ្តល់នូវគម្រោងបែបនេះ។
នយោបាយបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌
ការអភិវឌ្ឍបានវាផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើងចង់ទៅភ្នំពេញតែប៉ុន្មានម៉ោងទេ វាមិនដល់ថ្នាក់ រាប់អាទិត្យដូចកាលពីពេលមុនទេ។ នយោបាយបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចដោយសមធម៌ សមធម៌ជាងគេ គឺធ្វើអាហ្នឹងឯង ធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ អាហ្នឹងសមធម៌ជាងគេហើយ។ ហើយវាក៏កាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ ដែលយើងឃើញប៉ុណ្ណេះ នៅពេលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ អ្នករតនគិរី ក៏មានសិស្ស(ជាប់ច្រើន) ទោះបីមិនមានសិស្សជាប់និទ្ទេស A ក៏ប៉ុន្តែ សាលាដែលមានមោទនភាព គឺវិទ្យាល័យកូនមុំ នៅកូនមុំមានសិស្សប្រឡងជាប់ ១០០%។ អញ្ចឹង នេះហើយជានយោបាយត្រឹមត្រូវរបស់យើង ដែលយើងត្រូវបន្តជួយដល់ប្រជាពលរដ្ឋរបស់យើង តាមរយៈនៃការអភិវឌ្ឍតទៅទៀត នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ ទាំងការតភ្ជាប់ផ្ទៃក្នុង និងការ តភ្ជាប់នឹងប្រទេសជិតខាងក្នុងតំបន់របស់យើង។
ចិនជួយកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ហើយ ខ្ញុំព្រះករុណាខ្ញុំ ក៏មានយោបល់ដូច ឯកឧត្តម ស៊ុន ចាន់ថុល ផងដែរថា ធ្វើបានផ្លូវហើយវាលំបាក ណាស់ រកលុយដើម្បីធ្វើផ្លូវនេះវាមិនស្រួលទេ វាជាភ័ព្វសំណាងល្អដែលយើងមានដៃគូល្អ នោះគឺសាធា រណរដ្ឋប្រជាមានិតចិន ដែលយើងបានលើកកម្ពស់មិត្តភាពពីអ្នកជិតខាងល្អ ពីទំនាក់ទំនងអ្នកជិតខាង ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលផ្តល់លទ្ធភាពយ៉ាងច្រើនឲ្យយើងកសាង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
សម្តេចបញ្ជាឲ្យកាត់ឡានតទ្រុងវែងខុសបច្ចេកទេស
ដែលយើងមានលទ្ធភាពអភិវឌ្ឍនេះ ប៉ុន្តែ អ្វីដែលកាន់តែត្រូវការទៀត បានផ្លូវហើយ កុំបំផ្លាញផ្លូវចោល តាមរយៈនៃការដឹកជញ្ជូនលើសទម្ងន់ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវបន្ថែមលើការអំពាវនាវរបស់ឯកឧត្តម ស៊ុន ចាន់ថុល រឿងនេះ មិនមែនជារឿងថ្មីទេ ក៏ប៉ុន្តែ ភ្លេចខ្លួន ជំងឺវារើ។ អារឿងដឹកលើសទម្ងន់ ម្ខាងហើយ តែអាឡានតទ្រុង នៅចាំទេ? ឡានតទ្រុងខ្ញុំទៅស្រែកនៅសៀមរាបប៉ុន្មានឆ្នាំមុននោះ ឥឡូវ ចាប់កាត់តទៅទៀត មិនទាន់កាត់មិនឲ្យដើរ(បើក)លើផ្លូវ ឡានគេធ្វើស្តង់ដាចេញពីរោងចក្រមកតែថា ១២ ម៉ែត្រ ឯងយកមកតឡើង ១៥ ម៉ែត្រ វាមិនខុសក្បួន អាហ្នឹងវាគ្រោះថ្នាក់។ មិនត្រឹមតែបំផ្លាញផ្លូវទេ វាបង្កើតនូវស្ថានភាពគ្រោះថ្នាក់។ អញ្ចឹងទេ អំពាវនាវឲ្យមានការដឹកជញ្ជូន មានការធ្វើចរាចរណ៍ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតនូវរថយន្តនោះទេ។ ឥឡូវ ចាប់ឲ្យអស់ ប្រមូលអាឡាន ហ្នឹង កុំឲ្យមានលើផ្លូវ សហការជាមួយនគរបាល ដើម្បីប្រមូលអាឡានហ្នឹង ហើយយកទៅកាត់ បើមិនកាត់ទេ គឺទុកនៅ(ទី)នោះ ទុកចោលតែម្តងកុំទៅធ្វើខ្វល់អី មកបំផ្លាញផ្លូវយ៉ាងម៉េច? ប្រឹងណាស់ដើម្បីបានផ្លូវ ហ្នឹង ហើយផ្លូវហ្នឹងជាផលប្រយោជន៍នរណា?
ប្រជាពលរដ្ឋ ទេសចរ មានជម្រើសច្រើនក្នុងការធ្វើដំណើរ
ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាមានភ័ព្វវាសនាធ្វើដំណើរបានតែម្តងហ្នឹង បើសិនជាទេវតាចង់ឲ្យ ខ្ញុំព្រះករុណា ខ្ញុំ ធ្វើដំណើរបានម្តងទៀត វាទាល់តែមានខ្យល់ព្យុះភ្លៀងមកឥឡូវហ្នឹង (ព្រោះ)ឧទ្ធម្ភាគចក្រហោះមិនបាន យើងត្រូវធ្វើដំណើរតាមឡាន។ ប៉ុន្តែ មិនមែនមានម្តងនោះទេ នៅមានច្រើនដងទៀតការធ្វើដំណើរ តែមិន ដឹងទៅតាមផ្លូវណាអីផ្លូវណានោះទេ ព្រោះផ្លូវរបស់យើង ដូច ខ្ញុំព្រះករុណាខ្ញុំ រៀបរាប់អម្បាញ់មិញនេះ ពីដើមជម្រើសមានតែមួយគត់។ ពីបានលុង ទៅស្ទឹងត្រែង មានតែផ្លូវលេខ ៧៨ ផ្លូវរទេះ អាផ្លូវលំ ប៉ុន្តែ ឥឡូវយើងមានជម្រើសផ្លូវលេខ ៧៦ បកទៅសែនមនោរម្យ ចេញទៅស្នួលឯណោះវិញ។ អញ្ចឹង យើងមាន ជម្រើសច្រើនណាស់ រួចទៅដល់ស្ទឹងត្រែងហើយ មានជម្រើសទៀត ទៅតាមក្រចេះ ឬតាមព្រះវិហារ វាមាន ជម្រើសច្រើនអញ្ចឹង។ អញ្ចឹង ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងកាន់តែមានជម្រើសច្រើន ទៅតាមផ្លូវណាអីផ្លូវ ណា ហើយអ្នកទេសចរក៏អំពាវនាវថា វាមិនពិបាកដូចពេលមុនទេ ខែនេះកាន់តែស្រួលហើយ គ្រាន់តែថា នៅសល់កន្ទុយភ្លៀងបន្តិច ធម្មតាខែនេះ គឺពីមុនមក ឆ្នាំទៅ ខែនេះចាប់រងារហើយ ឆ្នាំនេះនៅសល់ភ្លៀង អាហ្នឹងគេហៅថា ចិនលើកខែ ខ្មែរលើកថ្ងៃ។ ឥឡូវ ដូចជាវិលទៅដើមវិញហើយ វាមានរន្ទះបាញ់ក្បាលត្រី ក្រាញ់ក្បែរភ្លឺ។
ប្រុងប្រយ័ត្នក្នុងការបើកបរ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវយ៉ាងដូច្នេះ សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលធ្វើដំណើរ ហើយបើធ្វើដំណើរ តាមម៉ូតូ កុំភ្លេចពាក់មួកសុវត្ថិភាព ហើយបើសិនមានគ្រោះថ្នាក់ចរាចរណ៍កុំជេរ ខ្ញុំព្រះករុណាខ្ញុំ។ អារឿង ជេរ ខ្ញុំព្រះករុណាខ្ញុំ ថាមកពីធ្វើផ្លូវល្អ បានជាជិះលឿនគ្រោះថ្នាក់ចរាចរណ៍ កុំជេរ អាហ្នឹងមកពីយើងអ្នកជិះ ទេតើ! ព្រោះធ្លាប់មានអ្នកមកទារលុយ ខ្ញុំព្រះករុណាខ្ញុំ ហើយ! ងាប់ជ្រូកខ្លួនឯង មកទារលុយ ខ្ញុំព្រះករុណា ខ្ញុំ ថាមកពីធ្វើផ្លូវល្អហ្នឹង បានជាឡានបើកលឿនមកបុកជ្រូកខ្ញុំងាប់ ម្យ៉ាងដែរ! ណ្ហើយ! ប៉ុន្តែ រឿងនេះវាមិន កើតឡើងបែបនោះតទៅទៀតទេ ហើយធ្វើដំណើរធ្វើយ៉ាងម៉េចធានាថា កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែ ម្តង។ កន្លងទៅ ពេលបុណ្យគេសប្បាយ យើងនាំគ្នាធ្វើបុណ្យខ្មោច រឿងវានៅកន្លែងហ្នឹង ដែល ខ្ញុំព្រះករុ ណាខ្ញុំ សូមអំពាវនាវ។
អំពាវនាវអ្នកមិនទាន់បានចុះឈ្នោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត
ហើយថ្ងៃនេះ ដោយសារតែនៅសល់តែ ៨ ថ្ងៃ ទៀតតែប៉ុណ្ណោះ ខ្ញុំព្រះករុណាខ្ញុំ នៅទីនេះ ពីខេត្តរតនគិរី ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួសរាន់ នៅមុនពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវបិទទ្វារ នៅល្ងាចថ្ងៃទី ២៩ ខែ វិច្ឆិកា នេះ។ ការមិនបានចុះឈ្មោះបោះឆ្នោត គឺស្មើនឹងការបោះបង់ចោលសិទ្ធិ នៃការបោះឆ្នោត។ ដូច្នេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ដែលគ្រប់អាយុបោះឆ្នោត សូមរួសរាន់ ទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាការប្រើសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសឃុំ/សង្កាត់ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតសភា នៅឆ្នាំ ២០១៨។ នេះជាការអំពាវនាវមួយ ដែល ខ្ញុំព្រះករុ ណាខ្ញុំ ទទូចអំពាវនាវចំពោះប្រជាពលរដ្ឋឲ្យរួសរាន់ និងក៏អំពាវនាវចំពោះមន្ត្រីចុះឈ្មោះបោះឆ្នោត ប្រញាប់ ប្រញាល់ ក្រែងលោនាទីចុងក្រោយប្រជាពលរដ្ឋសម្រុកទៅ ខិតខំធ្វើការដោយញាប់ដៃញាប់ជើង ដើម្បី បំពេញបែបបទ និងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋយើង។
អំពាវនាវប្រជាពលរដ្ឋសម្ងួត និងថែររក្សាស្រូវទុកឲ្យបានល្អ ដើម្បីទុកលក់នៅពេលស្រូវឡើងថ្លៃ
ការអំពាវនាវទីពីររបស់ ខ្ញុំព្រះករុណាខ្ញុំ ទៅកាន់ប្រជាពលរដ្ឋ នៅត្រង់ថា ពេលនេះរដូវច្រូតកាត់របស់ប្រជា ពលរដ្ឋបានមកដល់ នៅតំបន់មួយចំនួនកំពុងធ្វើការច្រូតកាត់។ ចំនួនស្រូវដែលមាននៅក្នុងប្រទេសរបស់ យើងឆ្នាំនេះ ពិតជាមានចំនួនច្រើន។ នៅក្នុងក្នុងពេលដែលនៅលើពិភពលោក និងនៅក្នុងតំបន់របស់យើង កំពុងមានវិបត្តិអំពីការធ្លាក់ចុះ នៃថ្លៃស្រូវ មិនមែនគ្រាន់តែនៅកម្ពុជាទេ នៅប្រទេសថៃ ឬនៅប្រទេសវៀត ណាម និងប្រទេសដទៃទៀត សុទ្ធតែតម្លៃអង្ករធ្លាក់ចុះទាំងអស់។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវចំពោះ ប្រជាពលរដ្ឋមេត្តាខិតខំហាលស្រូវ ថែទាំស្រូវនេះទុកសិន នៅពេលដែលតម្លៃស្រូវឡើងថ្លៃ ចាំធ្វើការលក់ កុំលក់ទាំងស្រូវទទឹក ដែលធ្វើឲ្យគេបង្អាប់ថ្លៃ។ ឈ្មួញបង្អាប់ថ្លៃដោយសារតែយើងមិនសម្ងួតអាស្រូវហ្នឹង ហើយគេឃើញស្រូវកាន់តែពិបាក(ស្រូវទទឹក) រកកន្លែងហាលមិនបាន មិនព្រមហាល ឈ្មួញកាន់តែ បង្អាប់។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ ក៏យល់អំពីការលំបាករបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការ នៃ ការលក់ស្រូវ ដើម្បីយកលុយមកប្រើប្រាស់ រាប់ទាំងការសងបំណុល ចំពោះមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែល ខ្លួនទៅខ្ចីគេនោះដែរ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ យល់ថា បើប្រជាពលរដ្ឋរបស់យើងមានការអំណត់បន្តិច មិន ត្រូវបានឈ្មួញបង្អាប់ថ្លៃនោះទេ តាមរយៈនៃការច្រូតហើយ បោកបែនវា ហើយហាលវា ទុកវារក្សាទុកសិន កុំឲ្យឈ្មួញបង្អាប់ថ្លៃ នៅពេលដែលយើងមិនយកចិត្តទុកដាក់ទៅលើការថែទាំស្រូវឲ្យបានល្អ នៅក្នុង ជង្រុករបស់ខ្លួន។
ចិនបង្កើនការទិញអង្ករកម្ពុជាពី ១០ ម៉ឺនតោន ទៅ ២០ ម៉ឺនតោន
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអំពាវនាវ ចំពោះមីក្រូហិរញ្ញវត្ថុ ដែលឲ្យប្រជាជនខ្ចី សុំមេត្តាយោគយល់នូវការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងមានការលំបាក អំពីតម្លៃស្រូវចុះ ហើយតម្លៃស្រូវចុះនេះ វាមិនមែនចុះតែស្រុក ខ្មែរទេ ឥឡូវនេះ នៅគ្រប់តែប្រទេសមានបញ្ហាទាំងអស់ ទាំងស្រូវ និងកសិផល រាប់ទាំងជ័រកៅស៊ូ។ មាន ផលិតផលមួយចំនួនឡើងថ្លៃគួរសម ប៉ុន្តែ ស្រូវ កៅស៊ូ ដំឡូងមី ពោតដូចជាគួរសម ប៉ុន្តែ វាទៅជាត្រូវថ្នាំ ជក់ទៅវិញ អារឿងគេមិនត្រូវការវាទៅជាឡើងថ្លៃ យើងកំពុងតែចលនាកុំឲ្យជក់បារី ដល់មិនឲ្យជក់បារី ប្រជាពលរដ្ឋគាត់មិនសូវដាំ ដល់គាត់មិនសូវដាំ ការផ្គត់ផ្គង់វាតិច ដល់ការផ្គត់ផ្គង់វាតិច ចាប់ផ្តើមអាថ្លៃ ថ្នាំជក់វាឡើង ហើយតែឡើងឆ្នាំនេះ ឆ្នាំក្រោយគាត់ដាំទៀត ដាំទៀតអាថ្លៃចុះទៀត ព្រោះវាលើសសេចក្តីត្រូវ ការ។ ឆ្នាំនេះ ការប៉ាន់ស្មានទុកជាមុន យើងប្រហែលនៅសល់ស្រូវ ៥ លានតោន អាហ្នឹងកាត់ទុកក្រៅពី ការហូបហើយ ក្រៅពីការកាត់ទុកពូជហើយ យើងប៉ាន់ប្រមាណអាចនៅសល់ស្រូវជុំវិញ ៥ លានតោន។ ហើយជុំវិញ ៥ លានតោន គេហៅថា ទីផ្សារដែលមានស្រាប់ នាំចេញទៅចិន ២០ ម៉ឺនតោន នាំចេញទៅ វៀតណាម ៣០ ម៉ឺនតោន បានកន្លះលានតោន និងនាំចេញទៅអឺរ៉ុបបានមួយចំនួន។ ប៉ុន្តែ សង្ឃឹមនៅលើ ទីផ្សារក្នុងតំបន់នេះ គឺជួបការលំបាក ព្រោះថ្លៃវាក៏មានចំនួនទាប។ អញ្ចឹងទេ សូមអំពាវនាវចំពោះប្រជា ពលរដ្ឋរបស់យើង យោគយល់ចំពោះការលំបាករួមរបស់ប្រទេសជាតិ ដែលតម្លៃស្រូវនៅ(លើ)ទីផ្សារវាមាន តម្លៃទាប។ ឧទាហរណ៍៖ ប្រទេសចិន មិនមែនបានសេចក្តីថា គាត់ខ្វះអង្ករទេ ប្រទេសចិន គឺជាប្រទេសសល់ស្រូវ ចិនមាន(ប្រជាជន)ជិត ១.៤០០ លាននាក់ ឯណោះ។ ផ្ទៃដីរបស់ចិន មានត្រឹមតែប៉ុន្មានភាគ រយ ដូចជា ៦%-៧% នៃផ្ទៃដីពិភពលោក តែចិនមានសមត្ថភាពចិញ្ចឹមប្រជាជនជាង ២០% នៃប្រជាជន ពិភពលោក។ ក្នុងហ្នឹងស្បៀងរបស់ចិនអត់ខ្វះទេ ក៏ប៉ុន្តែ មិត្តចិនមានការយោគយល់ ដែលឆ្នាំមុនៗទិញ យើង ១០ ម៉ឺនតោន ឆ្នាំនេះ ទាំងប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ដែលមកទស្សនកិច្ចកាលពីខែ មុន។ ទាំងនាយករដ្ឋមន្ត្រីចិន លី ឃឺចាង (Li Keqiang) ដែល ខ្ញុំព្រះករុណាខ្ញុំ ជួបនៅឯវៀងចន្ទន៍ ជួបនៅ ឯម៉ុងហ្គោលី ហើយឆ្នាំនេះជួបគាត់រហូតដល់បីដង ជួបនៅហៃណាន សន្យាពេលដែលប្រជុំឡានឆាង មេគង្គ ប្រជុំអាស៊ីមនៅម៉ុងហ្គោលី និងប្រជុំអាស៊ាននៅឯវៀងចន្ទន៍ ជួបបីដង ដើម្បីសំណូមពរធ្វើយ៉ាងម៉េច ឲ្យចិនបង្កើនការទិញ អញ្ចឹង មិត្តមានការយោគយល់ បង្កើនពី ១០ ម៉ឺនតោន ទៅ ២០ ម៉ឺនតោន យើងត្រូវផ្គត់ផ្គង់អង្ករដែលល្អ អង្ករដែលសុទ្ធ ធ្វើម៉េចកុំឲ្យខូចពូជខ្មែរនាំអង្ករទៅកាន់ប្រទេសចិន អាហ្នឹងត្រូវប្រយ័ត្ន បំផុត។ កុំលេងអាអង្ករមានលាយមានអី ទៅអាធុនល្អតែម្តង កុំឲ្យខូចពូជ ប្រយ័ត្នពាក្យថាខូចពូជណ៎ា! អាខូចពូជ អាមួយពូជវាលាយ តែមួយទៀត ខូចពូជខ្មែរ គេថា ខ្មែររកស៊ីបន្លំ អាហ្នឹងរកស៊ីលក់ផ្លូវ។
ចរចាជាមួយនឹងវៀតណាម ចុះហត្ថលេខាថ្ងៃមុនពេលប្រជុំជាមួយនឹងវៀតណាម ឡាវ ថៃ មីយ៉ាន់មា និង កម្ពុជា ហើយនឹងប្រជុំ ៤ ប្រទេសផ្សេងទៀត។ យើងក៏ចុះហត្ថលេខាជាមួយវៀតណាម នាំចេញទៅវៀត ណាម ៣០ ម៉ឺនតោន ដោយមិនត្រូវបង់ពន្ធ ដូច្នេះ ២ ប្រទេសហ្នឹងបាន ៥០ ម៉ឺនតោន ប៉ុនយើងត្រូវរក ទីផ្សារដទៃទៀត ដើម្បីការនាំចេញ។ រាជរដ្ឋាភិបាលបាននឹងកំពុងប្រឹង ដើម្បីរកទីផ្សារជូនកសិកររបស់យើង ក៏ប៉ុន្តែ បញ្ហាវាមិនងាយស្រួលពេកទេ ប្រទេសដទៃសុទ្ធតែផលិតអង្ករដូចយើង ប្រទេសដទៃក៏សុទ្ធតែ ផលិតពោត ប្រទេសដទៃក៏សុទ្ធតែផលិតដំឡូងមី ជួនកាលគេផលិតមានតម្លៃថោកជាងយើងទៀតផង។ ដូច្នេះ ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏សុំប្រជាពលរដ្ឋយើងមេត្តាយោគយល់ដល់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល នៃការលំបាកដែលត្រូវរាប់រងនូវបញ្ហាជាច្រើន រាប់ទាំងបញ្ហាទីផ្សារកសិផលជូនប្រជា ពលរដ្ឋរបស់យើងផងដែរ។ ការអំពាវនាវរបស់ ខ្ញុំព្រះករុណាខ្ញុំ នេះ គឺតែពីរចំណុចហ្នឹងទេ ទី ១. ប្រញាប់ ប្រញាល់ទៅចុះឈ្មោះបោះឆ្នោត ដែលនៅសល់រយៈពេលតែ ៨ ថ្ងៃ ទៀតតែប៉ុណ្ណោះ ការបោះឆ្នោត គឺការ ធានានូវការប្រើសិទ្ធិរបស់យើង ដើម្បីជ្រើសរើសមនុស្សដែលយើងពេញចិត្ត ឲ្យដឹកនាំឃុំ/សង្កាត់របស់ យើង និងឲ្យដឹកនាំប្រទេសរបស់យើង។ មួយទៀត គឺអំពាវនាវប្រជាពលរដ្ឋ ប្រហែលជាកន្លែងនេះមិន សូវជាមានទេ បើមានប្រហែលជាបញ្ហាពាក់ព័ន្ធជាមួយនឹងដំឡូង ប៉ុន្តែ ស្រូវប្រហែលជាមិនមានវិបត្តិទេ ប៉ុន្តែ ជង្រុកស្រូវរបស់យើងដែលកំពុងតែច្រូតកាត់នេះ គឺច្បាស់ជាចំនួនស្រូវច្រើនហើយ មេត្តាខិតខំហាល វាទុក ថែទាំវា នៅពេលដែលតម្លៃស្រូវងើបឡើង គឺយើងត្រូវការលក់ គឺមានផលចំណេញជាងការបង្ខំលក់ ទាំងទទឹក គឺមិនល្អទេ។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំការប្រជុំត្រីកោណអភិវឌ្ឍន៍ នៅខេត្តសៀមរាប
ខ្ញុំព្រះករុណាខ្ញុំ សុំប៉ុណ្ណឹងទៅចុះ…។ ឥឡូវ បន់ថាចង់ឲ្យវាភ្លៀង នឹងអាលបានធ្វើដំណើរតាមផ្លូវ ប៉ុន្តែយ៉ាង ណាក៏ត្រូវទៅដល់ភ្នំពេញវិញដែរ ព្រោះនៅមានរឿងច្រើនណាស់ ត្រូវមើលឯកសារ ត្រូវមើលស្អីឯណា ហើយត្រៀមប្រជុំ ស្អែកហ្នឹងត្រូវប្រជុំសភាពេលព្រឹក ប្រជុំសភាអនុម័តរួចហើយ ជាប់ ឬមិនជាប់ ខ្ញុំព្រះករុ ណាខ្ញុំ ក៏ត្រូវឡើងទៅសៀមរាប ព្រោះនាយករដ្ឋមន្ត្រីឡាវ និងភរិយា មកដល់មុនពេលដែល ខ្ញុំព្រះករុណា ខ្ញុំ ទៅដល់សៀមរាប បន្ទាប់ទៅបាននាយករដ្ឋមន្ត្រីវៀតណាមបានមកដល់។ អញ្ចឹង បានសេចក្តីថា ពីរថ្ងៃ នេះ មួយនៅភ្នំពេញ ហើយមួយមកដល់ជាន់ជើងទឹកដីនៅរតនគិរី។ ត្រឡប់ទៅវិញ ទៅភ្នំពេញធ្វើការនៅ ភ្នំពេញហើយភ្លាម ទៅសៀមរាប ហើយតំណាងរាស្ត្រទាំងឡាយអត់បានទៅណាទេ មានតែតំណាងរាស្ត្រ ហ៊ុន សែន មួយគត់ ដែលត្រូវទៅដឹកនាំការប្រជុំត្រីកោណអភិវឌ្ឍន៍ ដែលយើង(រួមមាន)ខេត្ត ៤ និង វៀតណាម ដូចជា ៦ ខេត្ត ឡាវ ដូចជា(មានខេត្ត) ៣។
អំណោយ
ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ លោកយាយ លោកតា ចំនួន ១០០ នាក់ ក្នុងមួយនាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយប្ញទ្ធិ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ថវិកា ១ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ២០៨ នាក់ ក្នុងមួយនាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥ ពាន់រៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៤៥ នាក់ ក្នុងមួយនាក់ៗ ថវិកា ៤ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ជ័យឧត្តម ឃុំជ័យឧត្តម ថវិកា ៥០ ម៉ឺនរៀល។ ជូនអនុវិទ្យាល័យ លំផាត់ ឃុំជ័យ ឧត្តម ថវិកា ៥០ ម៉ឺនរៀល។ ជូនវិទ្យាល័យ លំផាត់ ឃុំជ័យឧត្តម ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខ ភាព លំផាត់ ថវិកា ១ លានរៀល។ ជូនសាលាស្រុក លំផាត់ ថវិកា ១ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ១ លានរៀល។
អរគុណភាគីពាក់ព័ន្ធ
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូននូវការអរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ហើយអរគុណជាមួយនឹងទស្សនកិច្ចដ៏ជោគជ័យរបស់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ហើយសង្ឃឹមថា យើងនឹងមានគម្រោងជាបន្តបន្ទាប់ ទៀត បន្ទាប់ពីគម្រោងដែលបានចុះហត្ថលេខាកន្លងទៅ ដែលមានផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។ ហើយក៏សុំយកឱកាសនេះ ថ្លៃងនូវការកោតសរសើរ ចំពោះក្រសួង សាធារណការ និងដឹកជញ្ជូន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ រាប់ទាំងអាជ្ញាធរ ដែនដីទាំងពីរខេត្ត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យសម្រេចនូវសមិទ្ធផលនេះឡើង។ អរគុណ និងកោតសរសើរ ចំពោះក្រុមហ៊ុនចិន សាជីវកម្មស្ពាន-ថ្នល់ចិន (Road and Bridge) ដែលបានខិតខំ កសាង ជាមួយនឹងការត្រួតពិនិត្យនូវបច្ចេកទេសរបស់ក្រុមហ៊ុន ក្វាងចូវហ្វាងអាន ហើយដែលធ្វើឲ្យសមិទ្ធ ផលមួយនេះ ក្លាយទៅជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាសមិទ្ធផលថ្មីលើទឹកដីចាស់។ ជាមួយនឹងការ ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ចំនួន ១៧២ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តរតនគិរី ទៅកាន់ខេត្តមណ្ឌលគិរី ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕