- ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិកអេកម៉ិក និង CLMV
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន
- លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP)
- ឯកឧត្តម លោកជំទាវ លោក លោកស្រី
ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអេកម៉ិកលើកទី ៧ កិច្ចប្រជុំកំពូល CLMV លើកទី ៨ នៅទីក្រុងហាណូយដ៏ស្រស់ត្រកាលនាពេលនេះ។ ខ្ញុំសូមសំដែងនូវការសាទរចំពោះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phue) ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលទាំងពីរនេះ ព្រមទាំងសូម អបអរចំពោះការដឹកនាំរបស់ឯកឧត្តមក្នុងការរៀបចំប្រកបដោយជោគជ័យ នូវវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គលើកទី ១ កាលពីម្សិលមិញ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណ និងកោតសរសើរដោយស្មោះ ជូន ដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះការរៀបចំកិច្ចប្រជុំដ៏ល្អឥតខ្ចោះ និងបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅសម្រាប់គណៈប្រតិភូយើងទាំងអស់គ្នា។
កិច្ចប្រជុំកំពូល CLMV និង ACMECS នាពេលនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបញ្ជាក់សារ ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណី ជាអ្នកជិតខាងល្អ និងផ្តល់ផលប្រយោជន៏ទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងអស់គ្នា។ លើសពីនេះ ការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទាំងពីរនេះ មិនត្រឹមតែបង្ហាញច្បាស់អំពីសារៈសំខាន់ ដែលប្រទេសជា សមាជិកទាំងអស់បានផ្តល់ លើយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៏អាស៊ានផងដែរ ពិសេស គឺការ កាត់បន្ថយគម្លាតអភិវឌ្ឍន៏ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន យើង។
ជាការពិត នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងពីរនេះ យើងសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការកសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាពជាប្រពៃណី និងការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និង វិបុលភាព។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែជឿជាក់ថា ការបន្តព្យាយាមប្រឹងប្រែងបន្ថែមទៀត នៅតែជាតម្រូវ ការដ៏ចាំបាច់ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរបស់យើង ឈានឡើងដល់កម្រិតកាន់តែខ្ពស់ និងកាន់តែជិត ស្និទ្ធរឹងមាំ សមស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជនយើងទាំងអស់គ្នានាពេលអនាគត។
ក្នុងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំចូលរួមចែករំលែកមតិយោបល់ នៅក្នុងអង្គប្រជុំពាក់ព័ន្ធនឹងប្រធានបទ និងរបៀប វារៈនៃកិច្ចប្រជុំនីមួយៗ ដើម្បីរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅអនាគត ការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងឡាយ សម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។
ជាទីបញ្ខប់ ខ្ញុំសូមប្រសិទ្ធពរជូនដល់កិច្ចប្រជុំកំពូល CLMV លើកទី ៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី ៧ នេះ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់៕