– ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិក CLMV
– ឯកឧត្តមអគ្គលេខាធិការអាស៊ាន
-លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP)
ជាថ្មីម្តងទៀត ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានបន្តចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV លើកទី ៨ នាពេលនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ គូសបញ្ជាក់ជាថ្មី អំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការកសាងសហគមន៏សេដ្ឋកិច្ចអាស៊ាន និងវាយតម្លៃខ្ពស់ លើវិភាគទាននៃកិច្ចសហប្រតិបត្តិការរបស់យើង ចំពោះការកាត់បន្ថយគម្លាតអភិវឌ្ឍន៏ក្នុងតំបន់ និងការលើក កម្ពស់សុខុមាលភាព និងគុណភាពនៃការរស់នៅរបស់ប្រជាជនយើង។ ជាការពិត យើងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងការកសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាពជាប្រពៃណី និងការពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព តាមរយៈការអនុវត្តរបៀបវារៈ នៃការសម្របសម្រួល គោលនយោបាយកាន់តែជិតស្និទ្ធ និងការធ្វើសកម្មភាពរួមគ្នា ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។
ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាក៏ដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមចំពោះមុខជាច្រើនផងដែរ មានជា- អាទិ៍ កង្វះធនធាន និងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ផលវិបាកនៃការប្រែប្រួលអាកាសធាតុ និង ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ក្នុងស្ថានភាពបែបនេះ យើងចាំបាច់ត្រូវតែបន្ត ផ្តោតអាទិភាពលើការពង្រឹងស្ថេរភាពម៉ាក្រួសេដ្ឋកិច្ច និងការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធស៊ីជំរៅក្នុងប្រទេស យើងនីមួយៗ ព្រមទាំងត្រូវបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការយើងបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិ- បត្តិការក្នុងវិស័យអាទិភាពទាំង ៩ រួមមាន៖ (១) ទេសចរណ៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ (៣) ការ អភិវឌ្ឍធនធានមនុស្ស (៤) កសិកម្ម (៥) ឧស្សាហកម្ម (៦) ថាមពល (៧) ការដឹកជញ្ជូន (៨) បច្ចេកវិទ្យា ព័ត៌មាន និង(៩) ទូរគមនាគមន៍ ដើម្បីធានានូវកំណើនសេដ្ឋកិច្ចរឹងមាំ និងប្រកបដោយចីរភាព។ ក្នុងក្រប ខ័ណ្ឌនេះ ខ្ញុំយល់ថា ការតភ្ជាប់ផ្នែករូបវន្ត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល គឺ ជាអាទិភាពចម្បងជាងគេ សម្រាប់ការលើកកម្ពស់ផលិតកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់។ ក្រៅ ពីនេះ យើងក៏ចាំបាច់ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈមផ្សេងទៀត ដូចជាការពង្រឹងមូលដ្ឋានផលិតកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ ដែលនឹងរួមវិភាគទាន ដ៏សំខាន់ដល់ការលូតលាស់នៃសេដ្ឋកិច្ចយើង។
ក្នុងស្មារតីនេះ ខ្ញុំសូមអនុញ្ញាតធ្វើការអធិប្បាយបន្ថែមមួយចំនួន ទាក់ទងទៅនឹងអាទិភាពសំខាន់ៗនៃកិច្ច សហប្រតិបត្តិការរបស់យើង ដូចខាងក្រោម៖
១. ការបន្តលើកកម្ពស់វិស័យកសិកម្ម ដែលជាមូលដ្ឋានគ្រឺះនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់៖ ជាការពិតណាស់ វិស័យកសិកម្មត្រវបានអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ក៏ប៉ុន្តែ ចលនាចំណាក់ស្រុក និងកិច្ចការនគររូបនីយកម្ម កំណើនពលករវ័យក្មេង និងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ បានចោទជាបញ្ហាដល់ប្រទេស CLMV ក្នុងការបន្តទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និង ទិន្នផលកសិកម្ម ដើម្បីរួមចំណែកធ្វើឱ្យមានបរិយាប័ន្ននៃកំណើន ការកាត់បន្ថយភាពក្រីក្រ និងការធានា សន្តិសុខស្បៀង។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងអភិវឌ្ឍវិស័យកសិកម្ម ចាំ បាច់ត្រូវបន្តស្ថិតនៅជាកម្មវិធីអាទិភាពដ៏សំខាន់មួយរបស់យើង។
២. ការបន្តផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹងការអប់រំ និងការបណ្តុះបណ្តាលក្នុងតំបន់៖
កិច្ចការនេះ ពិតជាមានសារៈសំខាន់ដ៏ខ្លាំង ហើយគប្បីផ្តោតទៅលើកិច្ចប្រឹងប្រែង សំដៅបង្កើនកម្លាំងពល- កម្មដែលមានគុណភាពខ្ពស់ ពង្រឹង និងពង្រីកជង្រុកធនធានមនុស្ស និងបង្កើនផលិតភាព ព្រមទាំងជម្រុញ ការផ្សារភ្ជាប់ឌីជីថល និងការផ្សារភ្ជាប់ផ្នែកទុនផ្សេងៗទៀត ជាពិសេស តាមរយៈការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការបច្ចេកទេស និងវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ដែល ជាតម្រូវការចាំបាច់សម្រាប់កែលម្អឧស្សាហកម្មបែបប្រពៃណី និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
៣. ការពង្រឹងការតភ្ជាប់ក្នុវិស័យសហប្រតិបត្តិការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងវិស័យ ទេសចរណ៍៖
ការតភ្ជាប់កាន់តែរឹងមាំលើវិស័យទាំងនេះ នឹងរួមចំណែកដល់កិច្ចប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ចតំបន់ឱ្យ កាន់តែសំបូរបែប ចូលរួមជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ និងជាពិសេស អាចជួយឱ្យតំបន់ របស់យើងចៀសផុតបានពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកផងដែរ។ ហេតុនេះ ខ្ញុំយល់ថា ថ្នាក់ដឹកនាំ CLMV គួររួមគ្នាអំពាវនាវស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមទៀត ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ពិសេសការគាំទ្រពីសំណាក់រដ្ឋាភិបាលជប៉ុន ធនាគារអភិ- វឌ្ឍន៍អាស៊ី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត។
៤. ការបន្តពង្រឹងភាពប្រកួតប្រជ្រែងក្នុងតំបន់នៅក្នុងផ្នែកកម្មន្តសាល តាមរយៈការអនុវត្តគោលនយោបាយ គាំទ្រ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗទៀតក្នុងតំបន់៖
កិច្ចការនេះ ត្រូវបន្តធ្វើឡើងតាមរយៈការពង្រឹងសេវាហិរញ្ញវត្ថុឱ្យបានពេញលេញ ការផ្លាស់ប្តូរបច្ចេកវិទ្យា ការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍជំនាញរបស់ពលករ។ ជាមួយនេះ យើងគួរលើកទឹក ចិត្តដល់ការចូលរួមពីវិស័យឯកជន ក្នុងការអនុវត្តគម្រោងទាំងឡាយក្នុងវិស័យនេះឱ្យបានទូលំទួលាយ។
ជារួម ខ្ញុំសូមគូសបញ្ជាក់ម្តងទៀតថា ភារកិច្ចចំពោះមុខរបស់យើងជាបន្តទៀត មិនមែនមានត្រឹមតែការ បង្កើតយន្តការការងារមួយដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវរួមបញ្ចូលផងដែរនូវការ ស្វែងរកប្រភពហិរញ្ញប្បទាន ដើម្បីប្រែក្លាយគម្រោងទាំងឡាយរបស់យើងឱ្យទៅជាសកម្មភាពអនុវត្ត ដែល ផ្តល់ជាលទ្ធផលជាក់ស្តែង។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា សមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ និងទំនាក់នងកាន់តែរឹងមាំរវាងបណ្តា ប្រទេសក្នុងតំបន់ នឹងបង្កើនការជឿទុកចិត្ត ធានានូវសុខសន្តិភាព ស្ថិរភាព និងភាពរុងរឿង ក៏ដូចជាផ្តល់នូវ សក្តានុពលបន្ថែម ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស ចូលរួមនីមួយៗ ដើម្បីគោលដៅនេះ កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ- ការជាមួយប្រទេស CLMV ទាំងអស់ ដើម្បីជំរុញអនុវត្តផែនការសកម្មភាពរបស់យើងគ្រប់វិស័យឱ្យសម្រេច បានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។
ខ្ញុំសូមបញ្ចប់មតិរបស់ខ្ញុំ ជាមួយនឹងការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ CLMV នឹងបន្តផ្តល់នូវវិភាគទានដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀត ដល់កិច្ចប្រឹងប្រែងដើម្បីប្រែក្លាយតំបន់របស់យើង ទៅជាភូមិសាស្ត្រនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលចារឹកទៅដោយសុខសន្តិភាព វិបុលភាព និងភាពសុខដុមរមនាសម្រាប់ប្រជាជនយើងទាំងអស់គ្នា៕