អ៊ុនតាក់ ចេញទៅ ទុកកម្ពុជាអោយនៅជាប្រទេសមួយ មានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ
មុនចូលដល់កម្មវិធីនៃការសំណេះសំណាល អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីថ្លែងសារបន្តផ្ទាល់ចេញពីទីរួមខេត្តប៉ៃលិន ដើម្បីឧទិ្ទសទៅដល់ខួប ២០ ឆ្នាំ នៃសមាហរណកម្មតំបន់ប៉ៃលិន ក៏ដូចជាខួបលើកទី ២៥ នៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងជូនទៅកាន់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅក្នុង និងនៅក្រៅប្រទេសទាំងអស់ អោយបានជ្រាបថា នៅថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជារបស់យើងនឹងត្រូវធ្វើខួបអនុស្សាវរីយ៍នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ជូនព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិអោយបានជ្រាបថា អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់(UNTAC)មិនអាចធ្វើបាននោះ គឺនៅត្រង់ថា អ៊ុនតាក់បានប្រើប្រាស់ ថវិកាចំនួនជាង ២.០០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលអ៊ុនតាក់ដកត្រឡប់ចេញពីកម្ពុជាទៅវិញ គឺបន្សល់ទុកអោយកម្ពុជានៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ ហើយធ្វើសង្រ្គាមប្រឆាំងគ្នាមិនចេះចប់។
តំបន់ប៉ៃលិននេះ និងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែជាទូទៅ និងមួយភាគនៃផ្ទៃក្នុងប្រទេសនៅស្ថិតនៅក្រោមការគ្រប់គ្រងនៃអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យនៅឡើយ។ ក្នុងស្ថានភាពបែបនេះ ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលនោះ សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបានត្រឹមតែភាគី ៣ ក្នុងចំណោមភាគី ៤ ចូលរួមប៉ុណ្ណោះ ប៉ុន្តែភាគីដែលមិនចូលរួមដែលដឹកនាំដោយ ប៉ុល ពត និង តា ម៉ុក និងមេដឹកនាំមួយចំនួនផ្សេងទៀត នៅបន្តធ្វើសង្រ្គាមនៅឡើយ។
ខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ មាន ៣ ចំណុច
ដោយហេតុផលថា យើងជាជនជាតិខ្មែរត្រូវការនូវសន្តិភាព ខ្ញុំព្រះករុណាខ្ញុំ បានផ្ដួចផ្ដើមគំនិតដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់នូវសង្រ្គាមដ៏រ៉ាំរ៉ៃនេះ។ ខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ រួមមាន ៣ ចំណុច ដែលខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ ចេញពីទីរួមខេត្តប៉ៃលិន ដែលជាតំបន់បះបោរក្នុងដំណាក់កាលដំបូង ហើយដំណាក់កាលដ៏សំខាន់មួយ ដែលរួមជាមួយនឹងកម្លាំងនៅម៉ាឡៃ ដើម្បីធ្វើការបះបោរក្នុងដំណាក់កាលនោះ។ នយោបាយឈ្នះ-ឈ្នះ រួមមាន៖ ទី ១ ធានាអាយុជីវិត និងរូបកាយរបស់អ្នកដែលបានផ្ដាច់ខ្លួនចេញពីខ្មែរក្រហម។ ទី ២ ធានារក្សានូវអាជីព និងមុខរបរ។ ទី ៣ រក្សានូវកម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ។
ស្ថានភាពបែបនេះ វាគាប់ជួបណាស់ ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរមកកាន់ភាគពាយព្យរបស់ប្រទេស ដើម្បីសាកសួរប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលក្នុងនោះ ថ្ងៃនេះបានធ្វើដំណើរឆ្លងកាត់ … តំបន់អតីតសមរភូមិ ដែលកាលពី ២០ ឆ្នាំមុន បានបះបោរនៅតំបន់ប៉ៃលិននេះ នៅកងពល ៤១៥ ដែលដឹកនាំដោយ អ៊ី ឈាន និងកងពល ៤៥០ ដែលដឹកនាំដោយលោក សុខ ភាព។ ពីកម្លាំងតូចនៃការបះបោរ ដោយមានការចលនាត្រឹមត្រូវពីសំណាក់ខ្ញុំព្រះករុណាខ្ញុំ ដែលដាក់ចេញ និងដឹកនាំផ្ទាល់ នយោបាយឈ្នះ-ឈ្នះនេះ ក៏បានសម្រេចចេញជារូបរាងឡើងនូវសន្តិភាពពិតប្រាកដមួយ ដែលខ្មែរទាំងអស់គ្មានអ្នកឈ្នះ ហើយគ្មានអ្នកចាញ់ ក៏ប៉ុន្តែយើងបានឈ្នះទាំងអស់គ្នា។
ប្រសិនបើគ្មានការចរចា ២ ធ្នូ ១៩៨៧ ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ឥឡូវខួប ២០ ឆ្នាំ បានផ្តល់ឲ្យឃើញពិតប្រាកដនូវស្ថានភាពដែលថា យើងបាននិងកំពុងប្រែក្លាយ អតីតតំបន់សមរភូមិទាំងអស់ ឲ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍ។ លើកំណាត់ផ្លូវជាង ២០០ គីឡូម៉ែត្រនេះ ខ្ញុំព្រះករុណាខ្ញុំ បានឃើញនូវការផ្លាស់ប្តូរទាំងស្រុងពីសង្គ្រាមបែកបាក់ ប្រយុទ្ធបង្ហូរឈាម ទៅជាទីកន្លែងដែលមានការអភិវឌ្ឍ។ នោះហើយជាសមិទ្ធផលដែលកម្ពុជាស្វែងរកដោយខ្លួនឯង បន្ទាប់ពីកិច្ចព្រមព្រៀងប៉ារីស។ យើងមិនភ្លេចពីកិច្ចព្រមព្រៀងប៉ារីសនោះទេ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេសថា ប្រសិនបើគ្មានការចរចា ២ ធ្នូ ១៩៨៧ ដែលហៅថាការចរចា សីហនុ-ហ៊ុន សែន និងបន្ទាប់មកទៀត ការចរចាលើកទី ២ នៅខែ មករា ឆ្នាំ ១៩៨៨ រវាង សីហនុ-ហ៊ុន សែន ទេនោះ គឺពិតជាមិនមាននូវកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ។
សង្ឃឹមថា អ្នកនយោបាយទាំងឡាយ បកស្រាយនូវព្រឹត្តិការណ៍នេះឲ្យបានច្បាស់លាស់ ជាជាងការប្រើប្រាស់នូវបញ្ហាទាំងអស់នេះ ធ្វើជាការកេងចំណេញខាងនយោបាយ ដោយខ្វះការទទួលខុសត្រូវ រហូតទៅដល់មានការក្លែងបន្លំនូវខ្លឹមសារនូវកិច្ចព្រមព្រៀងប៉ារីស ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីសនោះ បាននិងកំពុងក្លាយខ្លួនទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា អ្វីដែលយើងបានសម្រេចតាំងពីការចាប់ផ្តើម ការចរចា សីហនុ-ហ៊ុន សែន ២ ធ្នូ ១៩៨៧ យើងបានឈានជាបណ្តើរៗ ពីវេទិកា ហ៊ុន សែន ទៅជាវេទិកាដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដែលក្នុងនោះ មានទាំងការប្រជុំក្រៅផ្លូវការហ្សាកាតា ទី ១, ទី ២ ឬដែលហៅថា JIM-I និង JIM-II ការប្រជុំនានា រហូតដល់សន្និសីទដទៃទៀតស្តីពីកម្ពុជានៅប្រទេសបារាំង ដែលខ្ញុំព្រះករុណាខ្ញុំ បានជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតួអង្គ ២ នាក់ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានចូលទីវង្គតហើយ។
មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលនយោបាយឈ្នះ-ឈ្នះ កម្ពុជាមានសន្ដិភាព និងការអភិវឌ្ឍ
… អ្វីដែលសំខាន់ជាងនោះ នៅត្រង់ថា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ចប់ដោយការដកចេញរបស់អ៊ុនតាក់ កម្ពុជាបានបន្តស្ថិតក្នុងសង្រ្គាមមិនចប់ ហើយពីប្រទេសកម្ពុជាមួយ ដែលមានតំបន់ត្រួតត្រា ៤ បានទុកកម្ពុជាអោយនៅជាប្រទេសមានការត្រួតត្រា ២ ម្ខាងគឺរាជរដ្ឋាភិបាល និងម្ខាងទៀតដែលគ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ កូនខ្មែរទាំងអស់បានងើបឈរឡើង ដើម្បីដោះស្រាយបញ្ហាជាតិរបស់ខ្លួន ហើយយើងជាអ្នកជំនាន់ថ្មី ជំនាន់ក្រោយ ត្រូវស្រាយនូវចំណងដែលអ្នកជាន់ដើមបានចង។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសនៅប៉ៃលិន នាថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៦ និងទីកន្លែងដទៃទៀតដូចជា សំឡូត កំរៀង ភ្នំព្រឹក្ស សំពៅលូន និងតំបន់ម៉ាឡៃ និងតំបន់ដែលធ្វើសមាហរណកម្មដទៃទៀត។
ហ៊ុន សែន និងមេដឹកនាំផ្តាច់ខ្លួនទាំងឡាយ មិនមែនជាអ្នកទទួលខុសត្រូវទៅលើការបង្កើតសង្គ្រាមនេះទេ តែសង្គ្រាមនេះ ត្រូវបានកកើតឡើងដោយអ្នកជំនាន់មុន ប៉ុន្តែ អ្នកជំនាន់ក្រោយទទួលបន្ទុកដោះស្រាយ។ យើងពេញចិត្តនឹងធ្វើកិច្ចការនេះ។ ឥឡូវ ជីវភាពរបស់ប្រជាជនយើង បានប្រែក្លាយពីសង្គ្រាម មកកាន់សន្តិភាព ប្រែក្លាយពីការប្រយុទ្ធទៅជាការអភិវឌ្ឍ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលខ្ញុំបានឆ្លងកាត់រួច រួមមាន ស្រុកម៉ាឡៃ របស់ខេត្តបន្ទាយមានជ័យ ស្រុកភ្នំព្រឹក្ស សំពៅលូន កំរៀង រហូតមកដល់ប៉ៃលិននេះ ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ហាក់ដូចជាមានការរីករាយខ្លាំងណាស់ ជាមួយនឹងសមិទ្ធផលដែលពួកគាត់បានទទួល។
ខ្ញុំក៏បានចូលរួម នៅក្នុងប្រតិបត្តិការរៀបចំភូមិសាស្រ្តសិក្សា និងផ្តល់នូវអគារសិក្សាសម្រាប់ប្រជាជននៅខេត្តទាំងនេះ នៅក្នុងថ្ងៃនេះ … បើយោងទៅលើចម្ងាយផ្លូវ និងផ្លូវដ៏ល្អនេះ (វា)មិនជាឆ្ងាយពេកទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ជាពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មានការចាំបាច់មានតម្រូវការអំពីហេដ្ឋារចនាសម្ព័ន្ធទាក់ទងទៅនឹងវិស័យអប់រំ ដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវជូនពួកគាត់។ មុននោះ យើងក៏បានផ្តល់ដូចគ្នា នៅតាមបណ្តោយព្រំដែន ដែលជាតំបន់អតីតសមរភូមិដែរនោះ ដែលមានខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ និងលើកនេះ យើងបានមកធ្វើកិច្ចការនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិននេះតែម្តង។
នេះហើយគឺជាអ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃ និងថ្លែងជូនទៅកាន់ជនរួមជាតិ អំពីអនុស្សាវរីយ៍ នៃខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមបញ្ជាក់ឡើងវិញថា បើគ្មានការចរចា សីហនុ-ហ៊ុន សែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងប៉ារីសនោះទេ។ ទី ២ បើគ្មាននយោបាយឈ្នះ-ឈ្នះ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ដាក់ចេញ និងដឹកនាំ ហើយដែលមានការចូលរួមគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង វាក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។ សង្ឃឹមថា អ្នកនយោបាយក៏ដូចជាប្រជាជនទាំងអស់ វិនិច្ឆ័យទៅលើសភាពការណ៍ទាំងឡាយ ដែលបាន និងកំពុងកើតលើទឹកដីកម្ពុជា៕