– ឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha), នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
– ព្រះចៅស៊ុលតង់, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួម
– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ដោយថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញរូបខ្ញុំមកចូលរួមក្នុង កិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី លើកទី ២ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃយ៉ាងខ្ពស់ផងដែរ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ខ្ញុំ។
កម្ពុជាយល់ឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្តូរទស្សនៈ និង បទពិសោធន៍នានា ស្តីពីគោលនយោបាយនៃកិច្ចសហប្រតិបត្តិការទូទាំងតំបន់ឤស៊ី ។ ការពង្រីកសមាជិកភាពរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ពី ១៨ ប្រទេស ក្នុងឆ្នាំ ២០០២ ដល់ ៣៤ ប្រទេស ក្នុងឆ្នាំនេះសបញ្ជាក់ឱ្យឃើញ នូវភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោកទៅលើកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី។ ដូចយើងទាំងអស់គ្នាបានដឹងច្បាស់ថា ប្រទេសសមាជិកឤស៊ានទើបបានឈានចូលដល់ដំណាក់កាលថ្មីនៃសហគមន៍សេដ្ឋកិច្ចឤស៊ាន នៅក្នុងឆ្នាំ ២០១៦ នេះ។ ក្នុងបរិការណ៍នេះ, ខ្ញុំមានជំនឿថា យន្តការកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី នឹងឤចជួយបំពេញបន្ថែមយ៉ាងល្អប្រសើរដល់ក្របខ័ណ្ឌឤស៊ានដែលមានស្រាប់ ព្រមជាមួយនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដែលដឹកនាំដោយឤស៊ាន ឬមានឤស៊ានជាស្នូល។
ជាការពិតណាស់, ការឈានទៅសម្រេចបានសហគមន៍ឤស៊ី ពិតជាត្រូវការពេលវេលាយូរ និង ជាកិច្ចការដ៏លំបាកមួយ។ យ៉ាងណាក៏ដោយ, ដើម្បីគោលដៅវែងឆ្ងាយនេះ ខ្ញុំយល់ថា យើងទាំងអស់គ្នាគួរចាប់ផ្តើមពីការខិតខំធ្វើការរួមគ្នា ដើម្បីធានាថា ឤស៊ី គឺជាទ្វីបមួយពោរពេញទៅដោយសន្តិភាព, ស្ថិរភាព, សុខដុមភាព, វឌ្ឍនភាព និងវិបុលភាព ដែលមានការចែករំលែក។ ក្នុងស្មារតីនេះ ខ្ញុំសូមចែករំលែកនូវទស្សនៈផ្ទាល់មួយចំនួន ទាក់ទងនឹងតួនាទីរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ដូចខាងក្រោម៖
ទីមួយ៖ កម្ពុជាគាំទ្រការពង្រឹងកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ដែលជាវេទិកាសម្រាប់កិច្ចសន្ទនាក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឤស៊ី ដោយផ្អែកលើគោលការណ៍ដើមរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី រួមមាន ទស្សនៈវិជ្ជមាន ភាពមិនផ្លូវការ ការស្ម័គ្រចិត្ត និងការគោរពចំពោះភាពខុសគ្នា។ តាមរយៈភាពខុសគ្នានៃសមាជិករបស់កិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី ខ្ញុំសូមលើកឡើងនូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការចំនួន ២ ទៀត ដែលមានសារៈសំខាន់បង្កើនប្រសិទ្ធិភាព និងធានាសុខដុមភាពនៃកិច្ចសហប្រតិបត្តិការរបស់យើង នោះគឺ បរិយាប័ន្ន និង ការបំពេញគ្នាទៅវិញទៅមក។
ទីពីរ៖ កម្ពុជាសូមសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃរបៀបវារៈប្រកបដោយតុល្យភាព ស្តីពីបញ្ហាប្រឈមអន្តរវិស័យ និងបញ្ហាប្រឈមក្នុងតំបន់ឤស៊ី ដូចជា ការកាត់បន្ថយភាពក្រីក្រ, ការតភ្ជាប់, ភាពទាក់ទងគ្នារវាងសន្តិសុខស្បៀង, សន្តិសុខទឹក និងសន្តិសុខថាមពល ព្រមទាំងការប្រែប្រួលឤកាសធាតុ។ ក្នុងបរិការណ៍នេះ, ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះការច្របាច់បញ្ចូលគ្នា នូវកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ២០ ឱ្យទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ និងការអនុម័តនូវចក្ខុវិស័យនៃកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឤស៊ីឆ្នាំ ២០៣០ ដែលមានសង្គតិភាពជាមួយនឹងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ កម្ពុជាយល់ឃើញថា ការអនុម័តចក្ខុវិស័យនេះ គឺជាឱកាសមួយសម្រាប់ប្រទេសសមាជិកកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី ចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និង សូមស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ទាំងឡាយ ដែលបំពេញបន្ថែម ដល់វិស័យឤទិភាពទាំង ៦ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី។
ទីបី៖ ក្នុងចំណោមសសរស្តម្ភឤទិភាពទាំង ៦ នេះ ខ្ញុំសូមគូសរំលេចលើសសរស្តម្ភចំនួនពីរ។ ទីមួយ ពាក់ព័ន្ធនឹង «ការតភ្ជាប់ក្នុងតំបន់» ពិសេសគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលយើងទាំងអស់គ្នាថា ជាឤទិភាពដ៏សំខាន់បំផុតមួយ ហើយពិតជាត្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់។ ដូច្នេះ កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី គួរតែធានាឱ្យបាន នូវការសម្របសម្រួលក្នុងលក្ខណៈប្រទាក់ក្រឡាបំពេញឱ្យគ្នាមួយ រវាងគំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ-ផ្លូវមួយ» និង«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» (AIIB) របស់ចិន និងគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពី «ភាពជាដៃគូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព» ក្នុងតំបន់ឤស៊ី ដែលជាប្រភពហិរញ្ញប្បទានថ្មីបន្ថែម សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់របស់យើង។ សសរស្តម្ភទីពីរគឺ «វប្បធម៌ និងទេសចរណ៍» ដែលកម្ពុជាយល់ឃើញថា ជាវិស័យ ដែលរួមចំណែក យ៉ាងសំខាន់មួយដល់កំណើនសេដ្ឋកិច្ច និងជាផ្នែកមួយដ៏សំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ក្នុងន័យនេះ, កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ឤចនឹងជួយជំរុញបន្ថែមនូវលំហូរភ្ញៀវទេសចរឤស៊ី ក្នុងទូទាំងតំបន់ឱ្យបានកាន់តែទូលំទូលាយជាងមុន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌, កម្មវិធីផ្លាស់ប្តូរយុវជន, ពិធីបុណ្យ, ព្រឹត្តិការណ៍កីឡា និងសិក្ខាសាលានានា។
ទីបួន៖ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដោយបានឃើញពីការវិវត្តនៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ដែលបានប្រែក្លាយពីគំនិតផ្តួចផ្តើមរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ទៅជាគំនិតផ្តួចផ្តើម ដែលដាក់បញ្ចូលវិស័យឯកជន ជាសសរស្តម្ភមួយទៀតនៃកិច្ចសហប្រតិបត្តិការ។ ក្នុងស្មារតីនេះ, ខ្ញុំសូមស្វាគមន៍នូវការបង្កើតឱ្យមាន វេទិកាតភ្ជាប់ធុរកិច្ចកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ីលើកទី ១ ក្រោមប្រធានបទ «ការតភ្ជាប់នវានុវត្តន៍ និងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព» ក្នុងតំបន់ឤស៊ី។ នាពេលអនាគត, ខ្ញុំសូមលើកទឹកចិត្តឱ្យមានការរៀបចំវេទិកាបែបនេះ កាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ធុរកិច្ចនានារបស់ប្រទេសសមាជិក ជាពិសេសក្នុងផ្នែកសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រិនជាស្ត្រី និងសហគ្រិនវ័យក្មេង។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
មុននឹងបញ្ចប់, ខ្ញុំសូមអបអរសាទរដល់ប្រទេសអ៊ីរ៉ង់ ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ស្តីពីវិស័យទេសចរណ៍លើកទី ១ នៅក្នុងទីក្រុងតាប៊្រីស នាខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ។ ក្នុងនាមជាប្រទេសជំរុញវិស័យទេសចរណ៍ កម្ពុជារីករាយនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីវិស័យទេសចរណ៍លើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងឆ្នាំ ២០១៧។ ខ្ញុំសូមអញ្ជើញប្រទេសជាសមាជិកនៅក្នុងកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ីទាំងអស់ ទៅចូលរួមប្រជុំ, ទស្សនា និងស្វែងយល់ពីប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាអច្ឆរិយៈវត្ថមួយ ក្នុងចំណោមអច្ឆរិយៈវត្ថុទាំង ៧ នៅលើពិភពលោក។
ជាចុងបញ្ចប់, ខ្ញុំសូមអបអរសាទរចំពោះប្រទេសឤរ៉ាប់អេមីរ៉ាត ដែលបានទទួលតួនាទីជាប្រធានកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ីនាពេលខាងមុខ ហើយខ្ញុំជឿជាក់ថា ក្រោមភាពជាប្រធានរបស់ប្រទេសឤរ៉ាប់អេមីរ៉ាត, យើងនឹងទទួលបាននូវវឌ្ឍនភាពជាច្រើនថែមទៀត ដែលនឹងរួមចំណែកដល់កិច្ចប្រឹងប្រែងរួមសំដៅសម្រេចបាននូវចក្ខុវិស័យរបស់កិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឤស៊ីឆ្នាំ ២០៣០។
សូមអរគុណ !