វឌ្ឍនភាពក្នុងវិស័យអប់រំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យ លាភី ចំនួន ៣.២៥៤ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់អាទិត្យ នេះ ក្រោយពេលភ្ជុំបិណ្ឌ គឺកាលពីថ្ងៃច័ន្ទ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះម្តង សម្រាប់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងថ្ងៃនេះ គឺថ្ងៃព្រហស្បត្តិ៍ គឺមកជាលើកទីពីរ។ ផ្នែកសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជន សុទ្ធតែដណ្តើមពេលវេលាជាមួយគ្នា ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ មានវត្តមាននៅក្នុងឱកាស នៃការចែកសញ្ញាបត្រសម្រាប់ជ័យលាភី។
ព្រមពេលជាមួយគ្នានោះ ការងាររដ្ឋ និងការងារមូលដ្ឋាន ក៏ដូចជាការងារនៅក្រៅប្រទេសក៏មានកាន់តែច្រើន ប៉ុន្តែក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចែកសញ្ញាបត្រជូនចំពោះនិស្សិត វាបែរទៅជាមានមតិថា ចុះរដ្ឋមន្ត្រីអប់រំធ្វើ អីទៅវិញ? នេះជាចំណុចដែលនិស្សិតទាំងឡាយគួរតែត្រូវបានយល់ថា ដល់ធ្វើអីវាមិនកើត មិនដឹងថាធ្វើអី យើងទៅសម្ពោធសាលា គេថា អាហ្នឹងភារកិច្ចរបស់រដ្ឋមន្ត្រីអប់រំទេ ដល់មកចែកសញ្ញាបត្រ គេថា អាហ្នឹង (ភារ កិច្ចរបស់)រដ្ឋមន្ត្រីអប់រំទេ។ បើទៅសម្ពោធមន្ទីរពេទ្យ គេថា អាហ្នឹង(ភារកិច្ចរបស់)រដ្ឋមន្ត្រីសុខាភិបាលតើ។ ដល់ ទៅខាងផ្នែកកសិកម្ម ទៅ(ខាង)ប្រឡាយទឹក គេថា អាហ្នឹង(ភារកិច្ចរបស់)រដ្ឋមន្ត្រីកសិកម្មតើ។ … ឥឡូវ មានសាលាមួយ ហៅថា សាលាតិរច្ឆាន ហ៊ុន សែន (អ្នកនិយាយ)ហ្នឹង (ចេញ)ពីកាណាដាមក តែខ្ញុំព្រះករុណាខ្ញុំ គិតថា បើសិនជាគេឡប់ហើយ យើងឡប់ជាមួយគេវាមិនកើត ទុកឲ្យអញ្ចឹងទៅចុះ ហើយសុំឲ្យមានការកត់ត្រាទុក នូវអ្វីដែលគេបានធ្វើមកចំពោះយើង តែប៉ុណ្ណឹងទេ។
… សម្រាប់សាកលវិទ្យាល័យយើងនេះវិញ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន ក្នុងនាមជារដ្ឋមន្ត្រីស្តីទី នៅពេលដែល ឯកឧត្តម ហង់ ជួនណារ៉ុន កំពុងស្ថិតនៅឯ(ប្រទេស)សឹង្ហបុរីនោះ បានធ្វើរបាយការណ៍ទាក់ទងទៅនឹងវឌ្ឍនភាពទាំងឡាយ នៃវិស័យអប់រំរបស់កម្ពុជា។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការពេញចិត្តជាមួយនឹងវឌ្ឍនភាពទាំងអស់នេះ ជាពិសេស កំណែទម្រង់ទាំងឡាយដែលយើងបាននឹងកំពុងធ្វើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលនោះវាបានកំពុងនិងផ្តល់ផ្លែផ្កាឲ្យយើងទទួលផលជាបណ្តើរៗរួចមកហើយ។ ក្នុងនោះ កំណែទម្រង់តាំងពីបឋមសិក្សា មធ្យមសិក្សា រហូតមកដល់ឧត្តមសិក្សា ដែលត្រូវពង្រឹងនូវគុណភាពរបស់វា។
ពិតហើយ បញ្ហាប្រឈមដែលនៅសេសសល់ គឺវាមានដែលប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេស ណាមួយដែលគ្មានបញ្ហាប្រឈមនោះទេ រាប់ទាំងប្រទេស ដែលមានការជឿនលឿនណាស់ទៅហើយ។ គ្រាន់ តែឃើញការដេញដោលគ្នា រវាងបេក្ខជនប្រធានាធិបតី បេក្ខជនអនុប្រធានាធិបតី នៃប្រទេសដែលមានការ ប្រុងប្រៀបនឹងធ្វើការបោះឆ្នោត យើងឃើញថាបញ្ហាប្រឈមរបស់ពួកគេ មិនមែនតូចតាចនោះឡើយ។ សម្រាប់ប្រទេសក្រីក្ររបស់យើង ក៏យើងមានបញ្ហាប្រឈមតាមបែបរបស់យើង ឯបញ្ហាប្រទេសធំ និងប្រទេសអ្នកមាន ក៏មានបញ្ហាប្រឈមតាមបែបរបស់គេផងដែរ។
ធ្លាប់បានបង្រៀនឯកសារពីរ
ដោយឡែកសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្ញុំព្រះករុណាខ្ញុំ ពិតជាមាន ការរីករាយ ជាមួយនឹងជោគជ័យនៃសាកលវិទ្យាល័យនេះ ដែលចាប់ផ្តើមពីការកកើតដំបូង យើងបង្រៀនក្នុង រយៈពេលខ្លីតែប៉ុណ្ណោះ ដែលហៅថា រយៈពេលខ្លី និងមធ្យមហើយ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបាន ខ្ញុំព្រះករុណាខ្ញុំ ពិតជាបានទៅបង្រៀននៅសាលានេះ គឺប្រមាណជា ៤ ដង នៅក្នុងទសវត្សរ៍ ៨០។ អញ្ចឹងនៅ ក្នុងចំណោមសិស្សពេលនោះ ដែលមានចំនួន ៣ ពាន់នាក់នេះ គឺមានសិស្សមួយចំនួនដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលបង្រៀន។ ពេលនោះ ដូចជាសំខាន់មានឯកសារពីរ ដែលបានបង្រៀន ទី ១ គឺទាក់ទងជាមួយនឹងការវាយតម្លៃសភាពការណ៍អន្តរជាតិ និងការវាយតម្លៃសភាពការណ៍ក្នុងប្រទេស។ អាហ្នឹងជារបៀបមេរៀនដែលគ្មានគ្រូ អាហ្នឹងទាល់តែគ្រូហ្នឹង ជាមេដឹកនាំហ្នឹងតែម្តង ទើបនឹងមានលទ្ធភាពនឹងធ្វើបែបនោះ។ ឯទី ២ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាលដែរ គឺវិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដែលជាមេរៀនសំខាន់ ហើយប្រហែលជានៅក្នុងចំណោមអ្នករៀននៅពេលនោះ ប្រហែលជាឥឡូវនៅសល់ពាក់កណ្តាល ព្រោះបើយើងគិតពីអាយុ កាលនោះអ្នកចូលរៀន ខ្លះចៅហ្វាយខេត្ត ខ្លះអនុខេត្ត ខ្លះចៅហ្វាយស្រុកទៅហើយ អញ្ចឹងអាយុក៏មិនតិច ដល់ឥឡូវនេះ គឺថាទៅអស់ច្រើនហើយ។
ប៉ុន្តែយើងក៏នៅមានមួយចំនួនទៀត នៅត្រង់ថា សាលានេះថ្ងៃនេះ គឺមានការជួបជុំមួយ ដែលអតីតនិស្សិតដែលបានចេញពីសាកលវិទ្យាល័យនេះ ហើយកំពុងធ្វើការនៅក្នុងរាជរដ្ឋាភិបាលនេះ ក៏មានមួយចំនួនមកថ្ងៃនេះ មាន ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ចម ប្រសិទ្ធ, ឯកឧត្តម វ៉ា គឹមហុង … អញ្ចឹងសុទ្ធតែអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានចូលរួមជាមួយ នឹងការទៅចែកសញ្ញាបត្រនេះ ដូចជាតាំងពីទសវត្សរ៍ ៩០ រហូតមកដល់ឥឡូវ ដូចជាមិនដែលខានវគ្គណាទេ …។ តាំងពីឆ្នាំ ១៩៩៦, ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ១៩៩៦ ប្រគល់សញ្ញាបត្រ ពេលនោះមាន ២៩៦ នាក់។ ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ១៩៩៧ លើកទី ២ ៤៣៤ នាក់ ហើយបន្តបន្ទាប់មកទៀត មានឆ្នាំខ្លះ មានដល់ទៅពីរដង រហូតមកដល់ពេលនេះ ដែលបានចែកជូនសញ្ញាបត្រសម្រាប់ និស្សិតនៃសាកលវិទ្យាល័យរបស់យើងនេះ។
ការចូលរួមរបស់វិស័យឯកជនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ហើយរីករាយជាមួយនឹងអ្វីដែលបានដាក់ចេញនូវក្នុងក្របខណ្ឌគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាស ម្ខាងសម្រាប់វិស័យឯកជនចូលរួមវិនិយោគក្នុងការកសាងធនធានមនុស្ស។ ការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវបានរដ្ឋធ្វើ និងបើកឱកាសឲ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ។ … ដើមឡើយ យើងនៅរឹតត្បិតបន្តិច តែបន្ទាប់មក គឺយើងបានបើកទូលាយ។ មុននេះយើងអនុញ្ញាតត្រឹមតែវិទ្យាស្ថានជាតិគ្រប់គ្រង ដែលឥឡូវក្លាយទៅជាសាកលវិទ្យាល័យជាតិគ្រប់គ្រង កាត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ការរៀនបង់ថ្លៃ។ ក្រោយមក ខ្ញុំព្រះករុណាខ្ញុំ បានផ្តួចផ្តើមរឿងនេះ ដើម្បីជម្រុញលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនានារបស់រដ្ឋមួយផ្នែក គឺរៀនដោយអាហារូបករណ៍រដ្ឋ និងមួយផ្នែកទៀតត្រូវរៀនដោយបង់ថ្លៃ។
តាមរយៈនៃវិធីបើកទូលាយបែបនេះ ផ្តល់ឱកាសឲ្យសាកលវិទ្យាល័យមួយៗយកសាលាចិញ្ចឹមសាលាតែម្តង គេហៅថា យកស្លឹកត្នោតខ្ចប់ស្ករត្នោត តាមរបៀបផ្តល់ឱកាសឲ្យសាកលវិទ្យាល័យនានា ក្រៅពីមួយផ្នែករៀនដោយអាហារូបករណ៍រដ្ឋ មួយផ្នែកទៀតត្រូវ រៀនដោយបង់ថ្លៃ។ អញ្ចឹងជីវភាពសាស្ត្រាចារ្យនៅសាកលវិទ្យាល័យទាំងនោះ ក៏បានដោះស្រាយ ដូចថា មិនសម្ពាធខ្លាំងពេកមកលើសាកលវិទ្យាល័យ មកថវិការបស់ជាតិ និងមួយផ្នែកទៀត មានលុយសាងសង់អគារនានា ដូចជាសាកលវិទ្យាល័យមួយនេះ អគារប៉ុន្មានហើយដែលខ្ញុំបានទៅសម្ពោធនោះ? ៣ អគាររួចទៅហើយ។ អញ្ចឹងទេ បើសិនជាយើងមិនធ្វើបែបនេះទេ តើយើងដោះស្រាយរបៀបម៉េចទៅ? ឆ្នាំនេះ គ្រាន់តែសិស្សជាប់បាក់ឌុប ៥ ម៉ឺន ៥ ពាន់នាក់ជាង បើសិនជាយើងរៀនតែសាកលវិទ្យាល័យរបស់រដ្ឋ គឺស្រូបបានត្រឹម ១ ម៉ឺននាក់ … ចុះ ៤ ម៉ឺននាក់ទៀត ត្រូវទៅណា?
ឥឡូវនេះ យើងនឹងស្រូបនិស្សិត តាមរយៈនៃសាកលវិទ្យាល័យឯកជន និងរបស់រដ្ឋ គឺគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលអនុញ្ញាតមួយផ្នែកឲ្យរៀនបង់ថ្លៃ។ នេះហើយជាការផ្តល់ឱកាសកាន់តែធំទៅៗ ពីសំណាក់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យវិស័យឯកជនចូលរួមផង និងផ្តល់ឱកាសដល់សាកលវិទ្យាល័យរបស់រដ្ឋ មានលទ្ធភាពដើម្បីនឹងរៀនបង់ថ្លៃ សម្រាប់ជួយទៅដល់ការរែកពន់នៅក្នុងការជួយទៅដល់ប្រាក់បៀវត្សរ៍សម្រាប់សាស្រ្តាចារ្យ និងមួយផ្នែកទៀត គឺសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលកាត់បន្ថយនូវការពឹងពាក់ទៅលើថវិកាជាតិទាំងស្រុង។
នេះជាចំណុចដែលយើងបានរកឃើញ ហើយខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពទាំងឡាយ ដែលសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានសម្រេចបានក្នុងរយៈពេលកន្លងទៅ។ ការពិតទីធ្លានៅទីនោះ កន្លែងដែលយើងទៅចែកសញ្ញាបត្រ នៅធំណាស់។ … សម័យនោះបើមិនធ្វើនៅទីនោះ ក៏មិនដឹងធ្វើនៅឯណា។ សម័យនេះ គេមានអគារ(ដាក់មនុស្សបាន)រាប់ពាន់នាក់ឯណោះ បើកឲ្យមនុស្សចូលបានបច្ចុប្បន្នដល់ទៅជិត ៤ ពាន់នាក់ ក៏នៅតែមិនទាន់អី បើកម៉ាស៊ីនត្រជាក់ឲ្យខ្លាំងបន្តិច ព្រោះសម័យនេះហើយហ្នឹង មិនមែនសម័យបក់ស្លឹកឯណា។
ទទួលសញ្ញាបត្រ ប្រៀបដូចសងគុណមាតាបិតា អាណាព្យាបាល
ជាមួយនឹងការសម្តែងនូវការកោតសរសើរ និងអបអរសាទរ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរផងដែរជាមួយនឹងជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រចំនួន ២ ៥៨០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៧៤ នាក់ ដែលទាំងអស់នេះបានមកពីការខិតខំរបស់និស្សិតទាំងឡាយ ទាំងរៀនដោយអាហារូបករណ៍ ទាំងរៀនដោយការបង់ថ្លៃ។ អាហារូបករណ៍នោះ បើគិតទៅចំនួនតិចជាងចំនួនការរៀនបង់ថ្លៃ នោះហើយជាការខិតខំរបស់ក្រុមគ្រួសារ ដែលបានផ្តល់ឱកាសសម្រាប់យើង និងផ្តល់នូវអ្វីៗ សម្រាប់យើង ក្នុងការរៀនសូត្រ។ ចំណុចត្រង់នេះហើយ ដែលខ្ញុំព្រះករុណាខ្ញុំតែងអំពាវនាវចំពោះនិស្សិតទទួលជ័យលាភីទាំងឡាយ សូមមេត្តាផ្តល់ត្រឡប់ទៅវិញជូនចំពោះមាតាបិតា អាណាព្យាបាល ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួន ដែលបានគាំទ្រខ្លួន លះបង់ ចំណាយពេលវេលា ហត់នឿយ នៅផ្ទះ ដើម្បីរកប្រាក់កាសបង់សាលាឲ្យយើង។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការពេញចិត្តនៅលើបញ្ហាការខិតខំជាមួយយុវជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់ជួបប្រទះជាមួយនិស្សិតមួយចំនួន ជាស្រ្តី ពេលថ្ងៃសុខចិត្តទៅធ្វើជាអ្នកអូសរទេះកូនគោល បើសិនជាភ្ញៀវហ្នឹងគេដើរ អាហ្នឹងគាត់អូសរទេះក្លឹបកូនគោល។ ប៉ុន្តែ កុំស្មានថា អ្នកដែលអូសរទេះក្លឹបកូនគោលនេះ ធម្មតាឲ្យសោះ មានមួយចំនួនជានិស្សិតដែលកំពុងរៀននៅមហាវិទ្យាល័យជិតចប់ទៅហើយ។ នេះជាចំណុចដែលថា ការស្រវាស្រទេញរបស់យុវជន ចង់ចេះ ចង់ដឹង ចង់រៀន សុខចិត្តទៅបម្រើធ្វើការផង រៀនសូត្រផង។ អញ្ចឹង គេត្រូវរកម៉ោងពេលរៀន។ គេមិនរៀនពេលថ្ងៃទេ ដោយសារពេលថ្ងៃជាប់ទៅធ្វើការនៅកន្លែង អញ្ចឹងគេរៀននៅក្នុងរយៈពេលមួយ។ អញ្ចឹងនៅក្នុងរយៈពេលនៃការរៀនរបស់គេនេះ ការសម្រាកបានតិចណាស់ ម្ខាងធ្វើការ ម្ខាងទៀតត្រូវមករៀន ក្នុងពេលដែលយុវជនមួយចំនួន មិនច្រើនទេ បានប្រព្រឹត្តគ្រឿងញៀន និងបងតូចបងធំ ទៅវិញ។
ធ្វើសកម្មភាពព្រមៗគ្នា បង្រ្កាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀន
នេះជាចំណុចដែលគួរឲ្យសោកស្តាយ។ សង្ឃឹមថា យុវជនរបស់យើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស មិនធ្វើឲ្យឪពុកម្តាយឈឺចាប់ដោយសារទង្វើរបស់ខ្លួននោះទេ ជាពិសេស ការសេព និងលក់គ្រឿងញៀន។ យើងមិនយកវិធានការតាមបែបប្រទេសថៃ កាលពីជំនាន់ ថាក់ស៊ីន ហើយយើងក៏មិនយកវិធានការតាមបែបប្រទេសមួយចំនួន ដែលផ្តល់ការឲ្យសម្លាប់ឆៅៗនោះទេ។ តែយើងក៏មិនអាចអត់អោនបានសម្រាប់ពួកប្រតិកម្មគ្រឿងញៀននោះដែរ។ សូមយកឱកាសនេះ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានទៅបង្ក្រាបគ្រឿងញៀន ដែលកំពុងរីករាលដាលពីប្រទេសមួយ ទៅប្រទេសមួយ។ ប្រទេសនីមួយៗយកវិធានការមិនខុសគ្នាប៉ុន្មានទេ ក៏ប៉ុន្តែ សម្រាប់យើងការអនុវត្តផ្លូវច្បាប់ ពិតហើយ មានបងប្អូនខ្លះស្នើឲ្យមានទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់ទោសទៅលើពួកឃាតករ ពួកឧក្រិដ្ឋកម្មគ្រឿងញៀន។ រាជរដ្ឋាភិបាលនឹងមិនធ្វើទៅលើបញ្ហានោះទេ។ ជាប់គុកអស់មួយជីវិតគឺជាការគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់អ្នកដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
យើងមិនវិលត្រឡប់ទៅរកការកែរដ្ឋធម្មនុញ្ញ បើកឱកាសឲ្យមានទោសប្រហារជីវិតឡើងវិញនោះទេ។ ប៉ុន្តែ ពួកអ្នកគ្រឿងញៀនទាំងឡាយ មិនត្រូវមើលឃើញថា បញ្ហានេះវាស្រាលពេកសម្រាប់អស់លោកអ្នកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំអង្គុយជាមួយប្រធានាធិបតីហ្វីលីពីនចុងក្រោយ មុនបែកគ្នា គាត់បាននិយាយអំពីគ្រឿងញៀននៅក្នុងប្រទេសរបស់គាត់ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏ធ្លាប់ប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំដទៃ ពេលសម្រាកពីប្រជុំ ដូចជា ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី រឿងរ៉ាវវាប្រហាក់ប្រហែលជាមួយនឹងយើង នៅត្រង់ថា វានៅក្នុងគុកហើយ វាអាចលក់គ្រឿងញៀននៅក្នុងគុកបានទៀត។ … ស្រុកគាត់ មានករណីនៅក្នុងគុកទៅហើយ នៅបញ្ជាលក់គ្រឿងញៀនបានទៀត។ ទាំងប្រធានាធិបតីហ្វីលីពីន ទាំងប្រធានាធិបតីឥណ្ឌូនេស៊ី សុទ្ធតែបាននិយាយរឿងហ្នឹង ថា ទេ! វាដូចគ្នាម្ល៉េះ នៅនេះក៏មានដែរ វាមិនមែនពន្ធនាគារទាំងអស់នោះទេ ប៉ុន្តែ វាមានករណីហ្នឹង។
ចំណុចអស់ទាំងនេះ សុទ្ធតែជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គឺជាមួយនឹងការសប្បាយរីករាយរបស់និស្សិត ដែលទទួលជ័យលាភីនៅថ្ងៃនេះ ដែលក្នុងនោះ មិនតិចទេ ដែលនិស្សិតជាអ្នកក្រីក្រ ជួបការលំបាក ហើយត្រូវសុំអាហារូបករណ៍គេឯង សុំលុយទេដើម្បីបង់ថ្លៃរៀន កំពុងទទួលមោទនភាពនៅថ្ងៃនេះ ក្នុងពេលដែលមួយចំនួនតូច កំពុងធ្វើឲ្យឪពុកម្តាយ អាណាព្យាបាល និងក្រុមគ្រួសារស្រក់ទឹកភ្នែក ដោយសារទង្វើខុសឆ្គងរបស់ខ្លួន តាមរបៀបគ្រឿងញៀន ល្បែងស៊ីសង ឬប្រព្រឹត្តអំពើមិនគបី្ប។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះសម្តែងជូននូវការអបអរសាទរ ជាមួយមាតាបិតា អាណាព្យាបាលទាំងអស់របស់និស្សិតដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះផងដែរ។
ខិតខំបើកទីផ្សារចិន សម្រាប់វិស័យកសិផលកម្ពុជា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែទូលប្រគេន និងជម្រាបបន្តិចថា ថ្ងៃអាទិត្យនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងចេញទៅក្រៅប្រទេសតែមួយយប់ទេ ទៅប្រទេសថៃក្បែរខាងយើងនេះ ព្រោះមានការប្រជុំនៃបណ្តារដ្ឋមួយចំនួន ហើយក៏មានការជួបប្រាស្រ័យទាក់ទងគ្នា ក្នុងនោះក៏មានការជួបចរចាជាមួយនឹងនាយករដ្ឋមន្រ្តីថៃ ហើយក៏មានការជួបប្រាស្រ័យទាក់ទងជាមួយនឹងប្រទេសមួយចំនួន។ ធម្មតាទេ ទៅប្រជុំជួបគ្នា ជួនកាលដឹកដៃគ្នា ជួបគ្នាមួយភ្លែត ពិភាក្សារឿងមួយទៅ។ ប៉ុន្តែអាហ្នឹង គេមិនយកមកផ្សាយទេ។ ថ្ងៃទី ១៣ និង ១៤ នេះ បានប្រកាសការពិត ចង់ថាដល់ថ្ងៃ ១០ បានប្រកាស ក៏ប៉ុន្តែរឿងនេះ គឺវាបានធ្លាយចេញទៅហើយ និយាយតែម្តងទៅ … ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការគ្រោងទុក។ បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀង និងពិភាក្សា មិនតិចជាង ២៨ នឹងត្រូវចុះហត្ថលេខា នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត។ បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំព្រះករុណាខ្ញុំ ទៅប្រទេសចិននៅឆ្នាំ ២០០៤ ដែលពេលនោះ ក៏មានចុះហត្ថលេខាច្រើន ប៉ុន្តែលើកនេះ គ្រាន់តែឯកសារដែលត្រូវចុះហត្ថលេខា រវាងយើងជាមួយចិន គឺមានចំនួនច្រើន។
បញ្ហាសំខាន់នៅទីនេះគឺខិតខំបើកទីផ្សារ ប្រទេសចិនដែលជាទីផ្សារដ៏ធំមួយ សម្រាប់វិស័យកសិផលរបស់កម្ពុជា ដែលក្នុងហ្នឹង ក្រៅពីអង្ករ ដំឡូងមី ដែលយើងនាំចូលទៅហើយ នឹងកសិផលមួយចំនួន។ យើងកំពុងបើកកសិផលមួយចំនួន រាប់ទាំងផ្លែចេកជាដើម។ ការវិនិយោគ ការផ្តល់ជំនួយនានានឹងត្រូវបានធ្វើក្នុងទំនាក់ទំនងកម្ពុជាចិន ហើយយើងខិតខំរកទេសចរចិនឲ្យបានក្នុងអត្រា ០,០០១% ទៀត។ ថ្ងៃមុនគេថាអោយខ្ញុំ ថាបើថា ០,០១% អាហ្នឹង ស្មើ ១៣ លាននាក់ ប៉ុន្តែយើងត្រូវការតែ ១ លាន ៣ សែននាក់ទេ។ ចិនមាន ១៣០០ លាននាក់។ យើងត្រូវការទេសចរចិន ០,០០១% ឥឡូវ យើងអាចឈានទៅរកបាន ព្រោះឆ្នាំកន្លងទៅទេសចរចិនមាន ៨០ ម៉ឺននាក់រួចស្រេចទៅហើយ។ ឥឡូវបើកជើង ហោះហើរពីខេត្តនានា របស់ចិនមកកាន់កម្ពុជា ទេសចរចិននឹងឡើងទៅដល់កម្រិតនោះ។ មិនពិបាកទេ។ ឥឡូវ ពិបាកជាងគេគឺជាភ្នាក់ងារទេសចរណ៍ទៅវិញ អាហ្នឹងគេហៅថា មគ្គុទេសទេសចរចិន … ឯកឧត្តម ថោង ខុន កំពុងតែបណ្តុះបណ្តាល។ បើម្ហូបចិន ស្រុកខ្មែរមិនពិបាកទេ … ដូច្នេះត្រូវការមគ្គុទេស សម្រាប់ពន្យល់ភ្ញៀវអំពីប្រវត្តិនេះ ប្រវត្តិនោះ។
ហ្នឹងហើយ ជាទំនាក់ទំនងបំពេញឲ្យគ្នាទៅវិញទៅមក យើងទៅចិន ចិនមកយើង ហើយទំហំពាណិជ្ជកម្មត្រូវសម្រេចឲ្យបានចំនួន ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ ២០១៧។ គោលដៅនេះអាចនឹងសម្រេចបាន ដោយសារយើងបានសម្រេចលើសពី ៤ ពាន់លានដុល្លារ ឆ្នាំ ២០១៥ រួចស្រេចទៅហើយ។ បើឆ្នាំ ២០១៤ គឺកំណើនកៀកជាមួយនឹង ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅពេលដែលទំហំនាំចេញរបស់យើងកាន់តែធំ ទៅកាន់ទីផ្សាររបស់ចិន វានឹងបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរមួយសម្រាប់កសិករ និងប្រជាជនកម្ពុជាយើង។ ពិតហើយប្រទេសចិនមិនមែនប្រទេសដែលខ្វះស្រូវអង្ករនោះទេ។ ជាប្រទេសដែលមានស្រូវអង្ករគ្រប់គ្រាន់ ហើយមានស្តុកបម្រុងផង ក៏ប៉ុន្តែដោយសារការយោគយល់ ចិនបានបង្កើនពីចំនួន ១០ ម៉ឺនតោនទៅ ២០ ម៉ឺនតោន សម្រាប់ការនាំចេញរបស់កម្ពុជាបន្តទៀត។ កម្ពុជាជាប្រទេសដែលមានវិបត្តិស្បៀង ជាប្រទេសដែលខ្វះស្បៀង ខ្វះអង្ករ (កំពុងក្លាយ)ជាប្រទេសដែលត្រូវនាំអង្ករចេញ ក្នុងពេលដែលទីផ្សារពិភពលោកកំពុងមានការធ្លាក់ថ្លៃ និងកំណើនសេដ្ឋកិច្ច។
មិនទាន់មានសុទិដ្ឋិនិយម ពីកំណើនសេដ្ឋកិច្ចពិភពលោក
ច្បាស់ហើយកំណើនសេដ្ឋកិច្ចនៅលើពិភពលោកត្រូវបានទម្លាក់ជាបន្តបន្ទាប់ដោយ IMF ព្រោះឃើញសេដ្ឋកិច្ច មិនល្អ។ ទម្លាក់(ហើយ បាន)បន្តិចទម្លាក់(ទៀត) ហើយកាលប្រជុំអាស៊ាន និងកំពូលអាស៊ាន និងការប្រជុំពាក់ព័ន្ធដទៃទៀត មានជំនួបការងារមួយបានការងាររវាងមេដឹកនាំអាស៊ានជាមួយនឹងអគ្គនាយក IMF នូវអ្វីដែលហៅថា សុទិដ្ឋិនិយមលើបញ្ហាកំណើនសេដ្ឋកិច្ច ហាក់ដូចជាមិនមានសោះ។ សេដ្ឋកិច្ចអាមេរិកកើនយឺតៗ ក្នុងពេល ដែលអឺរ៉ុបមិនទាន់ទាំងដោះបំណុលក្រិចរួចផង។ វិបត្តិការចាកចេញរបស់អង់គ្លេស ចាកចេញពីអឺរ៉ុបបានចាប់ផ្តើម។ ដូចជាក្នុងខែ ១០ នេះដែរ ខ្ញុំក៏ត្រូវទទួលរដ្ឋមន្រ្តីបេសកជនរបស់អង់គ្លេសមួយមកកម្ពុជា ដែល កម្ពុជាត្រូវចរចាឡើងវិញជាមួយនឹងអង់គ្លេសតែម្តង។ កាលមុននេះ យើងនាំចេញទៅអង់គ្លេស ៨៨២ លាន ដុល្លារអាមេរិក ក្រោមរបបនៃពាណិជ្ជកម្មអឺរ៉ុប។ តែឥឡូវនេះ យើងត្រូវចរចាជាមួយនឹងអង់គ្លេស តើយើងនាំចេញទៅអង់គ្លេសនៅក្រោមរបបអឺរ៉ុបទៀតឬអត់? គាត់ផ្តល់ភាពអនុគ្រោះរបស់យើង ដូចអ្វីដែលគាត់ធ្លាប់នៅជាអឺរ៉ុបទៀតឬអត់?
អញ្ចឹងទីផ្សារចាស់នឹងទីផ្សារថ្មី យើងទៅជាមួយគ្នា។ រក្សាទីផ្សារចាស់ពង្រឹងទីផ្សារចាស់ និងបើកពង្រីកទីផ្សារថ្មី ទីផ្សារថ្មីហ្នឹងមានពង្រីកបន្តនៅទីផ្សារចាស់ដែលមាន រាប់ទាំងទីផ្សារចិន ទីផ្សារកូរ៉េខាងត្បូង ទីផ្សារជប៉ុន ទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក ក៏ប៉ុន្តែយើងត្រូវរាប់ទីផ្សារដទៃទៀត ដូចជា ទីផ្សារនៅអឺរ៉ាស៊ី (Eurasia) … បណ្តាប្រទេសនៃអតីតសហភាពសូវៀត ដែលយើងបានចុះហត្ថលេខាធ្វើជាអ្នកសង្កេតការណ៍ ធ្វើជាដៃគូ ដើម្បីនាំចេញទៅប្រទេសទាំងនោះ ដើម្បីឈានឆ្ពោះមកមជ្ឈឹមបូព៌ា។ ខិតខំធ្វើយ៉ាងម៉េចដើម្បីឲ្យបងប្អូនឥស្លាមនៅកម្ពុជាមានឱកាសផលិតអាហារសម្រាប់បងប្អូនសហគមន៍មូស្លីម នាំចេញពីប្រទេសកម្ពុជាទៅប្រទេសអារ៉ាប់តែម្តង ព្រោះអ៊ីស្លាម កាលណាមិនសំលាប់ខ្លួនឯងទេ គឺទទួលទានមិនបាន។
យើងកំពុងតែប្រឹង ដើម្បីបើកទីផ្សារ។ អ្វីដែលយើងអាចធ្វើទៅបាន យើងខិតខំប្រឹងធ្វើ។ អ្នកទាំងអស់គ្នាជាអ្នកសេដ្ឋកិច្ចនៅទីនេះ ប៉ុន្តែអ្នកខ្លះរៀនខាងច្បាប់ សា្តប់សេដ្ឋកិច្ចក៏អត់មានទាស់អីដែរ ឯអ្នកសេដ្ឋកិច្ចក្ដាប់នយោបាយក៏អត់មានទាស់អីដែរ ប៉ុន្តែខ្ញុំនិយាយបញ្ហាទាក់ទងជាមួយដំណើរនៃកំណើនសេដ្ឋកិច្ច ដូចជាមិនមានអ្នកណាមួយបង្ហាញពីសុទិដ្ឋិនិយម នៃការកើនឡើងនៃកំណើនសេដ្ឋកិច្ចនៃការកើនឡើងក្នុងរយៈពេលខ្លីទេ។
ប្រាក់ខែពី ១ លានរៀនឡើងទៅបានជាប់ពន្ធសម្រាប់មន្ត្រីរាជការ ឆ្នាំ ២០១៧
… យប់មិញ ខ្ញុំព្រះករុណាខ្ញុំ ត្រូវពិនិត្យឯកសារ ២០ ទំព័រ ដោយល្អិត(ល្អន់) មុននឹងចាប់ផ្តើមនាំឯកសារនេះ ចូលប្រជុំឆ្លងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២១ ខែតុលា។ នោះគឺច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៧ ដែលត្រូវឆ្លងគណៈរដ្ឋមន្ត្រី តាមកាលបរិច្ឆេទ គឺអាទិត្យទី ៤ នាខែតុលា។ អាទិត្យទី ១ នៃ ខែវិច្ឆិកា ត្រូវឡើង ទៅដល់សភា រួចហើយធ្វើយ៉ាងម៉េចត្រូវអោយរួចរាល់មុនពេលសភាត្រូវឆ្លង រួចហើយត្រូវទៅដល់ព្រឹទ្ធសភា រួចហើយត្រូវឡាយព្រះហស្ថព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ គឺមិនឲ្យផុតពីពាក់កណ្តាលខែធ្នូ។ (សម្រេចបានអីចឹង)ហ្នឹងគឺល្អបំផុតហើយ។ សូមបញ្ជាក់ជូនផងដែរថា ថ្ងៃមុនខ្ញុំបាននិយាយនៅកន្លែងនេះ អំពីប្រាក់ខែអប្បបរិមា ប៉ុន្តែមានអ្នកគេឡើងមកទាមទារអីអញ្ចេះអញ្ចុះ។ អាហ្នឹងរឿងអ្នកទារ តែរឿងធំមានលុយឬអត់? សូមជូនជាព័ត៌មានផងដែរថា កាលមុនពន្ធលើប្រាក់បៀវត្សត្រឹមតែ ៥០ ម៉ឺនរៀលជាប់ពន្ធ ឆ្នាំទៅយើងបានអនុញ្ញាតក្នុងច្បាប់ហិរញ្ញវត្ថុរបស់យើង ពន្ធលើប្រាក់បៀវត្សបង្កើនពី ៥០ ម៉ឺន ទៅ ៨០ ម៉ឺនបានជាប់ពន្ធ។
ដើម្បីសម្រួលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូរបស់យើង ច្បាប់ហិរញ្ញវត្ថុឆ្នាំក្រោយនេះ ចាប់ពី ១ លាន ១ រៀលឡើងទៅបានជាប់ពន្ធ។ បានសេចក្តីថា ចំនួនអ្នកជាប់ពន្ធ ដែលពីមុនជាប់ពី ៥០ ម៉ឺនរៀលបានបញ្ឈប់ហើយ … អ្នកណាដែលស៊ីប្រាក់ខែប៉ុន្មានជាប់ទាំងអស់ហ្នឹង។ (ក្រោយមក)ឡើងទៅដល់ ៨០ ម៉ឺនបានជាប់ពន្ធ។ ឥឡូវ ដើម្បីកាត់បន្ថយការលំបាករបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសមានលោកគ្រូ អ្នកគ្រូ គ្រូពេទ្យរបស់យើង ដែលមានចំនួនប្រមាណជាង ១៤ ម៉ឺននាក់ នៃអង្គភាពទាំងពីរ គឺយើងបានរំកិលពី ៨០ ម៉ឺនរៀល ទៅ ១ លានរៀល។ អញ្ចឹង ចាប់ពី ១ លានទៅ បានជាប់ពន្ធ។ ប៉ុន្តែក៏មានដែរ ១ លានដល់ទៅប៉ុន្មានជាប់ប៉ុន្មានភាគរយ មិនមែនយក ១ លានទៅបូកទាំងអស់ទេ (ឧបមា)ថា ១ លាន ២០ ម៉ឺន គេយកតែអា ២០ ម៉ឺនរៀលមកគិត … វាបានជាប្រាក់ចំណូល(រដ្ឋ)មួយដែរ។
បន្តកែទម្រង់ហិរញ្ញវត្ថុសាធារណៈ(បង្កើនប្រាក់ចំណូល និងវប្បធម៌បង់ពន្ធ)
តាមគោលដៅថវិការបស់យើង ក្នុង ១ ឆ្នាំ អោយឡើងត្រឹម ០.៥ ភាគរយ តែប៉ុណ្ណោះ ប៉ុន្តែឆ្នាំក្រោយជាឆ្នាំដែលត្រូវប្រឹងអោយឡើងបាន ០.៧ ភាគរយនៃប្រាក់ចំណូល នាំទៅដល់ ១៨.៥ ភាគរយ (ក្នុងខណៈ)ប្រទេសមួយចំនួនក្នុងតំបន់របស់យើងគេបានឡើងទៅ ២០ ភាគរយ រួចស្រេចទៅហើយ។ សម្រាប់យើងៗរំកិលបន្តិចម្តងៗ (តាមរយៈការធ្វើ)កែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ អញ្ចឹង វប្បធម៌នៃការបង់ពន្ធត្រូវធ្វើ ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគូរទៅដល់បញ្ហាទាំងឡាយ រាប់ទាំងបញ្ហាផ្ទេរកម្មសិទ្ធិឲ្យពីឪពុកទៅកូន ពីជីដូនជីតាទៅចៅ ដែលមុននេះត្រូវបង់ពន្ធប្រថាប់ត្រា តែឥឡូវគឺអត់បង់ពន្ធទេ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំហាក់ដូចជានិយាយច្រើនពេក ក៏ប៉ុន្តែវាជាឱកាសមួយដើម្បីផ្តល់សារថា ច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៧ នៅថ្ងៃទៅ ២១ ខែតុលា ហើយថ្ងៃហ្នឹងដូចជាថ្ងៃគនគ្នាខ្លាំងម៉េស។ ឥឡូវ យើងជាន់ខួប ២៥ ឆ្នាំ នៃកិច្ចព្រមព្រៀង ២៣ តុលា អញ្ចឹងមាន ឡឺវីត ក៏មក … អ៊ីម៉ាហ្កាវ៉ា គាត់ក៏មក … អ្នកទាំងពីរសុទ្ធតែសុំជួប។ ថ្ងៃទី ១៨ និង ២០ ខ្ញុំនៅតាមខេត្តទេ ដល់តែប្រាប់ថាខ្ញុំនៅតាមខេត្ត ទទួលអត់បាន គេនាំគ្នានៅចាំ ដល់អញ្ចឹងព្រឹកថ្ងៃទី ២១ ត្រូវជួបភ្ញៀវតិចសិន បានមកប្រជុំគណៈរដ្ឋមន្ត្រីអនុម័តច្បាប់ថវិកា។ ប៉ុន្តែយ៉ាងណាក៏ដោយការរំពឹងទុកសេដ្ឋកិច្ចរបស់យើងក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់យើងនៅតែរក្សាកំណើនសេដ្ឋកិច្ច ៧ ភាគរយ ជាមួយនឹងអតិផរណាក្រោម ៣ ភាគរយ។ នេះជាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចដែលយើងនឹងដាក់ចេញបន្ត ហើយសង្ឃឹមថាយើងនឹងអនុវត្តបាន។
ចង់ចូលសភា ឬមិនចូលសភា ក៏យើងនៅតែបន្តការងារ
សម្រាប់សភាពការណ៍នយោបាយ ខ្ញុំព្រះករុណាខ្ញុំ មិននិយាយទេ ហើយសភាពការណ៍នយោបាយនៅស្រុកខ្មែរអត់អីទេ វាស្ថិតនៅលើអណ្តាតអ្នកនិយាយទេតើ។ ឥឡូវ រឿងវាអញ្ចឹង។ អ្នកនិយាយថាតឹង ក៏តឹងទៅ។ អ្នកនិយាយថាធូរ ក៏ធូរទៅ។ វាស្ថិតនៅលើអណ្តាតអ្នកនិយាយតើ។ ឯសម្រាប់យើង យើងកំពុងតែធ្វើ។ ខ្ញុំព្រះករុណាខ្ញុំ អាសូរណាស់សត្វសេក … បើគេថាតឹង (ក៏)តឹងនឹងគេទៅ បើគេថាធូរ (ក៏)ធូរនឹងគេទៅ គេថាស្រួល (ក៏)ស្រួលនឹងគេទៅ តឹងធូរៗ …។ ខ្ញុំព្រះករុណាខ្ញុំ មិនឆ្លើយឆ្លងទេ ប៉ុន្តែរឿងវាអញ្ចឹង។ អ្នកខ្លះខំថា ខ្ញុំធ្វើទុក្ខបុកម្នេញ ដាក់ទោសហើយ ស្រាប់តែដល់រួចហើយចេញមក។ គេថាអញ្ចេះ គេមិនខឹងអ្នកដុតព្រៃទេ ខឹងអ្នកហួចហៅខ្យល់។ ខ្ញុំព្រះករុណាខ្ញុំ ស្អប់សត្វសេក បើគេស្រែកថាតឹង (ក៏)តឹងនឹងគេទៅ, ថាធូរ (ក៏)ធូរនឹងគេទៅ។ មនុស្សភាគច្រើនអត់តឹង អត់ធូរតាមអ្នកហ្នឹង ឬតាមពួកនយោបាយថាទេ។
ឥឡូវលើការជាក់ស្តែងមានតែប៉ុណ្ណឹង។ ឆ្នាំ ២០១១ ឲ្យសមាជិកសភាលា ដើម្បីកុំឲ្យអនុម័តថវិកាជាតិបាន។ គេមើលរដ្ឋធម្មនុញ្ញខុស គេមើលត្រង់ថា សភាមានសមាជិកយ៉ាងតិច ១២០ នាក់ អញ្ចឹងគេឲ្យ ៣ នាក់លា កុំឲ្យគ្រប់ ១២០ នាក់។ កាលជំនាន់(ឯកឧត្តម) ប៊ិន ឈិន ធ្វើប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយហើយស្រេច ១២០ នាក់ហ្នឹង ក្នុងរដ្ឋធម្មនុញ្ញគេចែងថា សមាជិកសភាយ៉ាងតិច ១២០ នាក់ គេគិតថ្ងៃបោះឆ្នោតតើ។ បើថ្ងៃបោះឆ្នោត បោះមិនគ្រប់ ១២០ នាក់ អាហ្នឹងសភាមិនគ្រប់ទឹក តែកាលណាគ្រប់ ១២០ នាក់ គ្រប់ជើងហើយ គេទៅហើយ។ គេថា ទាល់តែ ១២៣ នាក់ ចូលស្បថ អាហ្នឹងបានគ្រប់ទឹក គេហៅកន្លះក្អម ដល់រួចពីកន្លះក្អម គេចូលទៅបំពេញក្អមដដែល។ ថាអាហ្នឹងគ្រប់ទឹកហើយ។ ដល់ចេញមកវិញ ថាអត់គ្រប់ទឹកទៀតហើយ។ ឥឡូវចូលទៅវិញ គេថាគ្រប់ទឹកទៀតហើយ។ ពិបាកនិយាយណាស់។ កុំទៅតាម។ ឥឡូវគិតរឿងយើង។
ត្រៀមអុំទូក
ត្រៀមហើយឬនៅទូកង? ប្រយ័ត្នអត់ទូកអុំ (សម្តេចនិយាយលេងអំពីទូកង)។ ប៉ុន្តែនិយាយដល់សម្តេចក្រុមព្រះ សូមព្រះអង្គសម្តេចក្រុមព្រះសណ្តាប់ រឿងរ៉ាវនេះវាបានកើតឡើង ២១ ឆ្នាំហើយ … ទម្លាយអាថ៌កំបាំងថ្ងៃនេះ។ (កាល)ឆ្នាំ ១៩៩៤ ការពិត កន្ទោងខៀវមានឫទ្ធិ ជាទូក(របស់)ខ្ញុំទេតើ ស្រាប់តែពួកហ្នឹងយកទៅប្រគេនសម្តេចក្រុមព្រះ។ ហើយទូក កន្ទោងខៀវមានឫទ្ធិ ការពិតវាលឿនមែន ក្នុងចំណោមទូកនៅភ្នំពេញនេះ។ អុំថ្ងៃទី ១ អត់ថា ទូកសម្តេចក្រុមព្រះទេ អុំថ្ងៃទី ២ អត់ថាទូកសម្តេចក្រុមព្រះទេ អុំថ្ងៃទី ៣ បានថា ទូកសម្តេចក្រុមព្រះ។ (ខ្ញុំទទួលយក) អូខេ។ កត់ត្រាទុក។ ឆ្នាំ ១៩៩៤ ខ្ញុំព្រះករុណាខ្ញុំ នៅវត្ត ថ្ងៃសំពះលោកខែនៅពុទ្ធស នោះ ទៅបូមទឹកដាក់ស្រែ។ ដល់ឆ្នាំ ១៩៩៥ ថ្ងៃទី ១ អត់ចេញ សម្តេចក្រុមព្រះទេ ថ្ងៃទី ២ អត់ចេញឈ្មោះ សម្តេចក្រុមព្រះទេ ថ្ងៃទី ៣ សម្តេចក្រុមព្រះចេញឈ្មោះតែម្តង។ ក្នុងពេលដែលអ្នកល្បិចនៅខាងនេះ វាស់ក្រូណូម៉ែត្រទាំងអស់ មួយណាលឿនជាងគេ? ក្នុងហ្នឹងដូចជាទូកនៅកំពង់ធំ ឈ្មោះ គង្គាពិសី។ ប្រាប់ទៅគណៈកម្មាធិការផ្គូរផ្គងទូក យក គង្គាពិសី ដាក់ជាមួយទូកសម្តេចក្រុមព្រះ។ ម្ខាងទូកសម្តេចក្រុមព្រះ ម្ខាងទូកសម្តេច ហ៊ុន សែន អុំដាច់បាត់។ បើជ្រុលលេងហើយ ចាញ់ក៏ហ៊ានទទួល។ កុំចាំ(ថា)ថ្ងៃទី ១ ឈ្នះ ថ្ងៃទី ២ ឈ្នះ ដល់ថ្ងៃទី ៣ សង្ឃឹមថាឈ្នះទៀត។ មានអី វាស់ក្រូណូម៉ែត្រហើយ (ទូក)គង្គាពិសី លឿនជាងគេយកមកពីកំពង់ធំ។ សូមទូលអាថ៌កំបាំងសម្តេចក្រុមព្រះថ្ងៃនេះ …។
សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ ប្រាក់ចំណូល ធ្វើឲ្យ ភ្នំពេញស្ងាត់ ពេលបុណ្យភ្ជុំបិណ្ឌ
ថ្ងៃនេះ ប៉ុណ្ណឹងបានហើយ រឿងនយោបាយ។ ទោះបីគេថា វិបត្តិក៏នៅតែប៉ុណ្ណឹង ព្រះតេជព្រះគុណក៏នៅតែឆាន់ នៅតែកាន់វស្សា បន្តិចទៀតចេញវស្សា ព្រះអង្គអើយ គិតយ៉ាងម៉េចដែរ? ធ្លាក់ខ្យល់ពីជើង ព្រះតេជព្រះគុណគិតយ៉ាងម៉េច? រឿងហ្នឹងធម្មជាតិទេ …។
មុននឹងបញ្ចប់ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់ទីកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងទីអារាមទាំងអស់នៅទូទាំងប្រទេស ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យ ក្នុងពេលកាន់បិណ្ឌ មកដល់ពេលភ្ជុំ ហើយនឹងធានាសុវត្ថិភាពមិនឲ្យមានអ្វីកើតឡើង លើកលែងតែបញ្ហាទាក់ទិនជាមួយនឹងរឿងគ្រោះថ្នាក់ចរាចរណ៍។ មានកន្លែងពុលក្តាម ពុលស្អី រឿងហ្នឹងទោះបីមិនភ្ជុំក៏វាកើតដែរ។ យ៉ាងណាក៏ដោយ ប្រទេសរបស់យើងមានសុវត្ថិភាព។ ថ្លែងនូវការកោតសរសើរ ថ្ងៃមុនមិនបានថ្លែងទេ ដោយសារតែចំថ្ងៃនៅសល់មួយថ្ងៃទៀតទើបចប់ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារប្រជាពលរដ្ឋរបស់យើងបានទៅគ្រប់ទីកន្លែង ដោយសន្តិភាពមានគ្រប់គ្រាន់ ដោយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយប្រជាជនមានមធ្យោបាយធ្វើដំណើរ ដោយប្រជាជនមានប្រាក់ចំណូលដែលអាចធ្វើដំណើរបាន ទៅកាន់ទីកន្លែងផ្សេងៗដែលធ្វើឲ្យទីក្រុងភ្នំពេញ មានការស្ងាត់ ហើយការជួបជុំញាតិមិត្តផៅសន្តាន ដើម្បីធ្វើបុណ្យធ្វើទាន នៅតាមទីជនបទ និងស្រុកកំណើត ក៏បានកើនឡើងសម្រាប់ប្រជាជននៅតាមកន្លែងដទៃៗ …៕