ជប៉ុនបានផ្ដល់ជំនួយ និងជួយសាងសង់មន្ទីរពេទ្យជាច្រើនដល់កម្ពុជា
ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ (The Sunrise Japan Hospital) ដែលជាមន្ទីរពេទ្យដំបូង វិនិយោគដោយឯកជនរបស់ជប៉ុន។ មុននឹង ចាប់ផ្ដើមនូវការវិនិយោគបែបនេះ រដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្ដល់មន្ទីរពេទ្យយ៉ាងច្រើនរួចមកហើយ សម្រាប់ប្រជាជនកម្ពុជា តាមរយៈជំនួយឥតសំណង។ បើខ្ញុំចាំមិនភ្លេចទេ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅ នេះ ខ្ញុំបានរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនប៉ុន្មានជំនាន់ ដើម្បីដើរសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពេទ្យ នា នា ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងជាមួយនឹងខេត្តបន្ទាយមានជ័យជាដើម។ ទាំងអស់នោះ បានអោយឃើញអំពីការយកចិត្តទុកដាក់នៃសុខមាលភាពពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំ ពោះប្រជាជនកម្ពុជា។
មន្ទីរពេទ្យជប៉ុនសាន់រាយស៍ បានផ្សារទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជា និងជប៉ុន
នៅក្នុងការចាប់ផ្ដើមនៃការគិតគូរបន្ថែមទៀត វិស័យឯកជនជប៉ុនតាមរយៈរបាយការណ៍របស់លោក គីតា ហារ៉ា បានលើកឡើងអម្បាញ់មិញ អំពីការពិនិត្យនូវចំណុចដែលគួរត្រូវបំពេញតាមរយៈវិស័យឯកជននេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងនូវអំណរគុណចំពោះឯកឧត្តម អូដាវ៉ារ៉ា (Kiyoshi ODAWARA) អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលឯកឧត្តមបានអញ្ជើញមកទីនេះ ដើម្បីនាំមកនូវសារដ៏មានសារៈសំខាន់ពីឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ។ ពិតណាស់ ឯកឧត្តម ស៊ិនហ្សូ អាបេ បានលើកឡើងនៅក្នុងសារលិខិតនេះ នូវចំណុចដ៏មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ហើយក៏ទាក់ទងជាមួយនឹងបញ្ហាមន្ទីរពេទ្យនេះផងដែរ។ ក្នុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅឆ្នាំ ២០១៣ ខ្ញុំនៅចាំបានថា ពេលនោះបានលើកឡើងទាក់ទងនឹងគម្រោងវិនិយោគនៅក្នុងមន្ទីរពេទ្យជប៉ុនសាន់រាយស៍នេះ។ ហើយនៅក្នុងពេលប៉ុន្មានថ្ងៃមុននេះ គឺនៅពេលប្រជុំអាស៊ានជប៉ុន និងប្រជុំជប៉ុន និងមេគង្គ ក៏ឯកឧត្តម ស៊ិនហ្សូ អាបេ បានលើកបញ្ជាក់អំពីការខិតខំ ជាពិសេសការបូកសរុបនូវសមិទ្ធផលរវាងជប៉ុន និងមេគង្គ ដែលក្នុងនោះ មានការលើកឡើងទៅដល់ឈ្មោះនៃមន្ទីរពេទ្យនេះមួយផងដែរ នៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ឯកឧត្តម ស៊ិនហ្សូ អាបេ ជាដៃគូមួយដែលបានធ្វើការយ៉ាងច្រើនរវាងជប៉ុន និងកម្ពុជា
ឯកឧត្តម ស៊ិនហ្សូ អាបេ ជាមួយខ្ញុំ គឺជាដៃគូមួយដែលបានធ្វើការយ៉ាងច្រើនរវាងជប៉ុន និងកម្ពុជា។ ខ្ញុំបានធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនច្រើនហើយ ក៏ប៉ុន្តែតាមរយៈនៃការងារដែលធ្វើរយៈពេលកន្លងទៅនេះ ទំនាក់ទំនងដែលបានលើកកម្ពស់ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្តរវាងកម្ពុជា និងជប៉ុន ត្រូវបានធ្វើរវាងខ្ញុំ ជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ យើងបានធ្វើកិច្ចការជាច្រើន ហើយសមិទ្ធផលក៏បានកើតឡើងច្រើនផងដែរកាលពីឆ្នាំទៅ (ដូចជា)ស្ពានអ្នកលឿង ដែលយើងរង់ចាំប៉ុន្មានសតវត្សរ៍ទៅហើយនេះ បានដាក់សម្ពោធដាក់អោយប្រើប្រាស់នៅមុនចូលឆ្នាំថ្មី ដែលហៅថា ស្ពានត្សឹបាសា។ ជាមួយគ្នានោះដែរ កាលពីថ្ងៃទី ១ ខែកញ្ញាកន្លងទៅនេះ ការហោះហើរត្រង់រវាងទីក្រុងតូក្យូ ណារីតា មកកាន់ទីក្រុងភ្នំពេញរបស់យើង ត្រូវបានចាប់ផ្ដើម។ ជាមួយនឹងការចាប់ផ្ដើមនេះ ល្ងាចនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីនឹងធ្វើដំណើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់តូក្យូតែម្ដង តាមរយៈនៃយន្តហោះនេះ។
ខ្ញុំក៏កំពុងតែរកនូវពេលវេលាសមស្របណាមួយដែលអាចធ្វើទៅបាន ដើម្បី(ធ្វើដំណើរ)ទៅកាន់ទីក្រុងតូក្យូ តាមរយៈនៃការហោះហើរត្រង់នេះតែម្ដង។ ខ្ញុំបានពាក់គ្រាប់ភ្នែករបស់ជប៉ុន ឥឡូវនេះ គ្រាប់ភ្នែកនេះ ផលិតតាំងពីឆ្នាំ ១៩៩៧ ឥឡូវសល់តែមួយគ្រាប់ដែលកំពុងប្រើប្រាស់នេះ ក្រែងលោថ្ងៃណាមួយវាធ្លាក់បែក វាពិបាករក អញ្ចឹងទេ ប្រហែលជាកំពុងរកឱកាស ដើម្បីនឹងទៅធ្វើនូវគ្រាប់ភ្នែកនៅឯប្រទេសជប៉ុន។
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណពីចម្ងាយ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលផ្ដល់នូវការគាំទ្រចំពោះនូវការអភិវឌ្ឍសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ដូចដែលខ្ញុំបានលើកឡើងអម្បាញ់មិញនេះរួចហើយថា មុននឹងមានវិស័យឯកជនចូលរួមនៅក្នុងបញ្ហាលើកកម្ពស់សុខមាលភាពនៅទីនេះ ជប៉ុនបានរួមចំណែកកសាងនូវមន្ទីរពេទ្យ កសាងនូវមជ្ឈមណ្ឌលគាំពារមាតា និងទារក ដែលគេហៅឈ្មោះថាជា មន្ទីរពេទ្យជប៉ុន។ ចំណុចនេះ គឺជាចំណុចដែលយើងមើលឃើញអំពីសារៈសំខាន់នេះតែម្ដងទាក់ជាមួយនឹងសុខមាលភាពរបស់ប្រជាជន។
មន្ទីរពេទ្យទំនើប បានបង្កើននូវជំនឿដល់អ្នកទេសចរ និងអ្នកវិនិយោគ មកកម្ពុជា
ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងលោក គីតា ហារ៉ា (Kita hara) ដែលបានថា នេះជាការចាប់ផ្ដើមតែប៉ុណ្ណោះ ហើយខ្ញុំសូមទទួលយកថា នេះជាការចាប់ផ្ដើម ហើយនៅលើផ្លូវវែងឆ្ងាយតទៅទៀត ដែលលោកនឹងបន្ត ដើម្បីធ្វើអោយមន្ទីរពេទ្យនេះ ក្លាយទៅជាមន្ទីរពេទ្យដែលអាចទ្រទ្រង់បាននូវសា្ថនភាពដែលប្រជាជនកម្ពុជាកាន់តែមានតម្រូវការ។ កាលដែលយើងមានមន្ទីរពេទ្យខ្នាតខ្ពស់បែបនេះ វាមិនគ្រាន់តែជាបញ្ហាដាច់ដោយឡែកសម្រាប់ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែវាបង្កើតបាននូវជំនឿទុកចិត្តសម្រាប់អ្នកវិនិយោគ និងក៏សម្រាប់អ្នកទេសចរដែលមានប្រាក់ ហើយមកពីចម្ងាយ។ គេត្រូវដឹងថា មុនពេលដែលមកវិនិយោគ ឬមកធ្វើទេសចរណ៍នៅកម្ពុជា តើមានមន្ទីរពេទ្យ និងមានសេវាគ្រប់គ្រាន់ ដើម្បីសង្រ្គោះគេបាន ឬទេ? ដូច្នេះ ការកសាងមន្ទីរពេទ្យនេះ វាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកនៃបញ្ហាសុខភាពនោះទេ ក៏ប៉ុន្តែវាជះឥទ្ធិពលទៅលើបញ្ហាដទៃទៀត រាប់ទាំងបញ្ហាវិស័យទេសចរណ៍ ការវិនិយោគ និងការមកសិក្សាស្រាវជ្រាវនៅកម្ពុជាផងដែរ។
ពិតហើយថ្ងៃនេះ ខ្ញុំគិតថា ចង់ក្លាយទៅជាជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះតែម្ដង ដោយសារតែឥឡូវនេះ ការពិតខ្ញុំកំពុងមានគ្រុនទេ ហើយកម្មវិធីលុបចោលវាមិនបាន។ ពីម្សិល លុបចោលក៏អត់បាន។ ថ្ងៃហ្នឹង លុបចោលក៏អត់បាន ប៉ុន្តែបើពិនិត្យជាជំងឺវិញ ខ្ញុំកំពុងតែគ្រុនទេ អញ្ចឹងទេ បានជាបំពង់ករបស់ខ្ញុំនេះ គឺវារលៀកខ្លាំងណាស់ទៅហើយ។ តើអាចអោយខ្ញុំដេកពេទ្យហ្នឹងព្រឹកហ្នឹងបានអត់? ប៉ុន្តែសង្ឃឹមថា ខ្ញុំនឹងទៅផ្ទះ ហើយឯកសារទាំងឡាយដែលគេដាក់លើតុ ឯកសារណាដែលប្រញាប់ ក៏គួរតែទុកឯកសារណាដែលមិនប្រញាប់ គួរតែដកចេញសិន ព្រោះថា គេដឹងខ្ញុំហើយ ម្សិលមិញចុះហត្ថលេខាដល់ម៉ោង ១ ថ្ងៃរសៀល ទើបបានទៅបាយ ហើយយប់មិញក្រោយទទួលភ្ញៀវហើយនៅឯទីស្ដីការគណៈរដ្ឋមន្រ្តី រហូតដល់ម៉ោងជាង ៧ យប់ បានរួច។ មកដល់ផ្ទះហើយ វាមិនចប់ទៀត វានៅមានឯកសារទៀត។ អញ្ចឹងទេ អ្នកនៅខុទ្ទកាល័យ អ្នកដែលនៅផ្ទះត្រូវចាំ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំមិនអោយអាកខាននៃការជួបឯកឧត្តមល្ងាចនេះទេ ព្រោះល្ងាចនេះ យើងមានការជួបគ្នាសាជាថ្មីម្ដងទៀត នៅវិមានសន្ដិភាព។ ថ្ងៃនេះ យើងមកអបអរសាទរជាមួយនឹងសមទ្ធិផលថ្មីមួយ ដែលទាក់ទងទៅ នឹងវិស័យសុខមាលភាពរបស់ប្រជាជន។
អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការការពារនឹងជម្ងឺ ZIKA
ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋ និងចំពោះផ្នែកសុខាភិបាលជាទូទៅ ជំងឹឆ្លងកាច សាហាវ បានរាលដាលតាំងពីទ្វីបអាមេរិកឡាទីនរហូតមកដល់ក្បែរខាងយើងអាច អាចនិយាយបានថាមក ទល់នឹងរបងផ្ទះរបស់យើងហើយ នោះគឺជម្ងឺឆ្លង ZIKA ដែលជម្ងឺនេះ មិនទាន់ចូលមកដល់កម្ពុជាទេ ក៏ប៉ុន្តែ បានមកកៀកៗ នឹងកម្ពុជា ដូចជានៅប្រទេសថៃបានរកឃើញនូវជម្ងឺនេះខ្លះហើយ។ នៅប្រទេសសាំងហ្គាពួរមានជង្ងឺនេះច្រើនណាស់ ដូច្នេះខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់ទៅលើការថែទាំ និងការរក្សាធ្វើយ៉ាងណា កុំឲ្យមានជម្ងឺនេះឆ្លងចូលមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការត្រួតពិនិត្យទាំងឡាយ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល បូកនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន ការពារអនាម័យ និងថែទាំនៅក្នុងរយៈពេលនៃការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយ ក៏ជាផ្នែកនៃការរក្សាសុខមាលភាពរបស់ប្រជាជនយើងផងដែរ។
ផ្តល់ឱកាសឲ្យនិស្សិតពេទ្យ និងគ្រូពេទ្យឯកទេសចូលធ្វើកម្មសិក្សា
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការខិតខំទាំងអស់ ដែលយើងបានប្រឹងប្រែងរួមគ្នា ធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានការរីកចម្រើន ហើយសង្ឃឹមថាក្មួយៗជានិស្សិតថ្ងៃនេះដែលមកចូលរួម និងខិតខំប្រឹងប្រែងរៀនសូត្រ។ មន្ទីរពេទ្យនេះនឹងអាចក្លាយទៅជាមន្ទីរពេទ្យដែលផ្តល់ឱកាសដល់ក្មួយៗ បានចូលមកធ្វើកម្មសិក្សាផងដែរ។ សង្ឃឹមថាលោកប្រធានមន្ទីរពេទ្យ មិនចិត្តអាក្រក់នៅក្នុងការផ្តល់ឱកាសឲ្យនិស្សិតពេទ្យរបស់យើងចូលមកធ្វើកម្មសិក្សា ជាពិសេសក្រុមគ្រូពេទ្យឯកទេស តែម្តងដែលទាមទារធ្វើនូវកម្មសិក្សានៅតាមមន្ទីរពេទ្យ។ ខ្ញុំពិតជារីករាយ ជាមួយនឹងអ្វីដែលបាន នឹងកំពុងកើត។ ហើយខ្ញុំគិតថា នេះគ្រាន់តែជាការចាប់ផ្តើមមួយនៅលើកំណាត់ផ្លូវដ៏វែងឆ្ងាយ ដែលយើង ត្រូវបន្តនូវជំហាននេះបន្តទៅទៀត។
មុននេះ វិស័យរដ្ឋរបស់ជប៉ុន បានជួយយ៉ាងច្រើនដល់ប្រទេសកម្ពុជា រាប់ទាំងបញ្ហាវិស័យសុខាភិបាលនេះ ដែលខ្ញុំបានបញ្ជាក់ពីខាងដើមថា មុនមន្ទីរពេទ្យឯកជនចាប់ផ្តើម គឺមានមន្ទីរពេទ្យរបស់រដ្ឋាភិបាលរបស់ជប៉ុនបានផ្តល់ឲ្យប្រជាជនកម្ពុជា។ នៅក្នុងជំនួយដទៃទៀត ក៏ដូចគ្នាដែរ មុនពេលដែលវិស័យឯកជនរបស់ជប៉ុនចូលមកវិនិយោគ គឺរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណងយ៉ាងច្រើនមកកាន់ប្រទេសកម្ពុជា។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មាន ការវិនិយោគពីជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើង ដែលក្នុងនោះ នាំមកជាមួយនូវបច្ចេកវិទ្យាជាន់ខ្ពស់ ដែលវិនិយោគនូវតាមតំបន់សេដ្ឋកិច្ច ពិសេសនៅទីក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសនៅ ឯខេត្តកោះកុង និងតំបន់ផ្សេងទៀត។ សង្ឃឹមថាទំនាក់ទំនងនេះ វាសមស្របជាមួយនឹងដៃគូយុទ្ធសាស្រ្ត ហើយវាក៏សមស្របជាមួយនឹងក្របខណ្ឌនៃការចូលរួមរបស់ជប៉ុនក្នុងការធ្វើសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងប្រទេសសមាជិកថ្មីដែលមានការអភិវឌ្ឍទាប ជាមួយនឹងសមាជិកចាស់ ដែលពេលនេះបានឈានដល់ដំណាក់កាលទី ៣ របស់ខ្លួនហើយ។
តាមរយៈកម្មវិធីជំនួយរបស់ជប៉ុន ដែលហៅថាជប៉ុន-មេគង្គ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដើម្បីជួយដោះស្រាយកាត់បន្ថយគម្លាត ដែលក្នុងនោះ ប្រទេសភាគច្រើននៅតាមដងទន្លេមេគង្គនេះ គឺជាប្រទេសដែលមានការអភិវឌ្ឍទាបជាងអាស៊ានមុន។ ដូច្នេះ ការចាប់យកនូវគម្រោងនានា ដែលជប៉ុនបានធ្វើជាមួយនឹងកម្ពុជា បូកជាមួយនឹងការធ្វើតភ្ជាប់ផ្លូវជាតិលេខ ១ ស្ពានអ្នកលឿង និងកំពុងតភ្ជាប់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាម ឆ្លងកាត់ ខេត្តពោធិសាត់ ទៅបាត់ដំបង និងឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ គឺជាផ្នែកដ៏សំខាន់នៃការដឹកជញ្ជូន ការតភ្ជាប់ ក្នុងរបៀងភាគខាងត្បូង នៃតំបន់អនុមេគង្គ ឬក៏ក្នុងតំបន់អាស៊ានរបស់យើង។
បិទស្ពានជ្រោយចង្វារចាស់មួយរយៈ ដើម្បីជួសជុល
សង្ឃឹមថានឹងមានការចូលរួមថែមទៀត តាមរយៈនៃជំនួយនោះ ហើយខ្ញុំក៏សូមយកបញ្ហានេះ និយាយ បន្តិចថា អ្វីដែលបានកើតនៅក្នុងប្រទេសកម្ពុជា គឺប្រទេសនានា និងប្រជាជនយើងបានដឹងច្បាស់ហើយ យើងបានឆ្លងកាត់ការលំបាកខ្លាំងណាស់ ពីទីក្រុងភ្នំពេញមួយដែលគ្មានមនុស្សនៅទាល់តែសោះ មកកាន់ ទីក្រុងភ្នំពេញមួយដែលមានភាពចង្អៀត។ នៅពេលខាងមុខនេះ សូមការយោគយល់ពីសំណាក់ប្រជាជនរបស់យើង ដែលតាមរយៈនោះ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ នឹងត្រូវបិទមួយរយៈ ដើម្បីធ្វើការជួសជុល ព្រោះស្ថានភាពវាទ្រុឌទ្រោម។ បើយើងពិនិត្យមើលផែនទីដែលមាន នៅក្នុងនេះ យើងអាចបង្ហាញឃើញអំពីការរីកលូតលាស់ឡើង សូម្បីតែទីតាំងដែលយើងកំពុងឈរនេះ ពីដើមតំបន់នេះជាតំបន់ព្រៃត្រែង ក៏ប៉ុន្តែ យើងមិនអាចទុកឲ្យត្រែងដុះដើមត្រែងយោលនៅមុខទីក្រុង របស់យើងនោះទេ យើងត្រូវមានការអភិវឌ្ឍ។
ដូច្នេះ ផ្នែកដែលយើងកំពុងឈរនៅទីតាំងនេះ ជាផ្នែក ដែលពីមុននេះ ការពិតពីមុននេះ ចំណុចនៅខាងមុខនេះ ប៉ុន្តែ មួយឆ្នាំ ដីដុះបន្តិចៗ ដល់ដុះចុះ ដុះឡើងទៅ គឺថាវាមកទល់ត្រឹមប៉ុណ្ណឹង។ ប៉ុន្តែ យើងមិនអាចឲ្យដុះថែមតទៅទៀតទេ ឥឡូវយើងកំពុងតែបូម ដើម្បីឲ្យទឹកហូរចូល ឥឡូវទឹកកំពុងតែហូរចូល។ ពីអតីតកាលនោះ នៅខាងនោះ ស្ពានជ្រោយចង្វារបន្តិចទេ តែមួយឆ្នាំដុះបន្តិចៗ ដល់វាដុះអញ្ចឹង តើយើងត្រូវអភិវឌ្ឍវាឬទុកឲ្យ ដើមត្រែង វាយោល? ព្រោះខែទឹកឡើង ដីល្បាប់វាដុះ រួចហើយខែប្រាំង ពេលខ្លះដើមត្រែងវាយោល ប៉ុន្តែ ពេលក្រោយមកទៀត វាមិនមែនយោលទៀតទេ … សូម្បីតែនៅកណ្តាលទន្លេមួយនោះ នាំគ្នាទៅធ្វើលំនៅដ្ឋាននៅកណ្តាលនោះ អានោះតំបន់ផ្លូវដឹកជញ្ជូនរបស់យើង។
ការវិនិច្ឆ័យ និងស្រែករហ័សពេក នាំឲ្យខូចការណ៍
… មានរឿងមួយ ដែលខ្ញុំសូម និទានបន្តិច។ វាជារឿងកម្សាន្តទេ ប្រហែលជាវាបែបកម្ពជាដែរ។ និយាយពីរឿងអញ្ចេះ ក្រុមហ៊ុន មួយមានប្រធាន និងគណនេយ្យ (ក្មេងៗ គេវាយឲ្យខ្ញុំទេ) គណនេយ្យគឺជាស្រ្តី ឯប្រធានគឺបុរសមានប្រពន្ធ។ អញ្ចឹងផ្ញើសារតាម Whatsapp ក៏ប៉ុន្តែ ប្រហែលជាគ្នាសរសេរខ្លី Line ឬ Telegram … វាយបានតិចបញ្ជូនទៅម្តងវៃបានបន្តិចបញ្ជូនទៅតែម្តង។ វៃលើកទី ១ ថា “លោកប្រធាន ខ្ញុំមានផ្ទៃពោះហើយ” អញ្ចឹងទេ ពេលហ្នឹងប្រពន្ធកំពុងតែបាយជាមួយគ្នា ប្រពន្ធចាប់យកទៅមើលមុន យកទូរស័ព្ទប្តីទៅមើល អញ្ចឹងឮគេថា លោកប្រធានខ្ញុំមាន ផ្ទៃពោះហើយ វ៉ៃប្តី … អាហ្នឹងគឺវគ្គទី ១ ទៅ ប្តីគ្នាអត់ដឹងអីសោះ។ ដល់វគ្គទី ២ វ៉ៃមួយវគ្គទៀត “ថ្ងៃស្អែកខ្ញុំនឹងប្រាប់ពុកម៉ែហើយ” អាហ្នឹងកាន់តែធ្ងន់តែម្តង ព្រោះគេប្រាប់ ឪម៉ែគេហើយ ដាក់អស់ប៉ុន្មានថ្នេរ។ ដល់វគ្គទី ៣ បានប្រាប់ថា “ថ្ងៃស្អែកខ្ញុំសូមច្បាប់លោកប្រធាន ដើម្បីទៅជាមួយសង្សារខ្ញុំទៅជួបឪពុកម្តាយរបស់ខ្ញុំ”។ ទម្រាំតែ ដឹងរឿងពិត គឺ ៣ ថ្នេរ។
សភាពការណ៍កម្ពុជាដូចនេះឯង កុំអាលសរុបអី មួយតង់ៗ ចេញអាតង់ចុង ក្រោយចប់រឿង ខ្ញុំនិយាយអញ្ចឹងអាចយល់ហើយ។ អាហ្នឹងរឿងមួយ រឿងមួយទៀតជារឿងដំណាល ម្តាយឲ្យផ្លែ ត្របែកទៅកូន ២។ កូនចាប់ផ្តើមទាញផ្លែត្របែកមួយខាំ។ ម្តាយស្រែកថា ឲ្យម៉ាក់មួយមក។ ពេលហ្នឹង កូនមិនមាត់មិនក វាទាញមួយទៀតទៅខាំ ម្តាយហួសចិត្តជាមួយនឹងកូនចិត្តអាក្រក់ ប៉ុន្តែងាកចេញមក កូនហៅត្រឡប់ទៅវិញ ម៉ាក់ (យកមួយនេះទៅ)អានេះផ្អែមជាង។ អញ្ចឹងបានសេចក្តីថា កុំវិនិច្ឆ័យរហ័សពេក។ ខ្ញុំនិយាយនេះ ប្រ ហែលជាអាចយល់នូវអ្វីដែលហៅថាសភាពការណ៍ បើមិនដូច្នោះ វិនិច្ឆ័យរហ័សពេក ស្រែករហ័សពេក នាំឲ្យខូចការណ៍ទៅវិញទេ អានេះខ្ញុំគ្រាន់តែលើកមួយបែបទេជាគតិលោក ប៉ុន្តែបែប ជារឿងពិតខ្លះដែរនៃអ្នកខ្លះ។ គ្រាន់តែរឿងកំប្លែងមួយ តែបើប្រៀបធៀបទៅនឹងនយោបាយក៏បានដែរ។ លោកប្រធាន គីតា ហារ៉ា ថា នេះគ្រាន់តែជាការចាប់ផ្តើម ហើយសូមឲ្យមានការគាំទ្របន្ត។ នោះហើយជាសុទិដិ្ឋនិយមនៃសភាពការណ៍វិវត្តរបស់កម្ពុជាដែលឈានឆ្ពោះទៅរកអនាគតរបស់ខ្លួន។
ជាថ្មីម្តងទៀត តាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រី អូដា រ៉ារ៉ា សូមឯកឧត្តមពាំនាំនូវការអរគុណរបស់ខ្ញុំ ជូនចំពោះនាយករដ្ឋមន្ត្រី ស៊ិនស៊ូ អាបេ (Shin Zo Abe) ក៏ដូចជាជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលបានគាំទ្រជំនួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា។ ហើយសូមអរគុណជាមួយនឹងបណ្តាក្រុមហ៊ុនជប៉ុនដែលបានវិនិយោគនៅទីនេះរួមគ្នាតាមរយៈនៃកម្ចីពី JICA។ សង្ឃឹមថាការវិនិយោគ បែបនេះនឹងមានជាបន្ត ហើយដែលអម្បាញ់មិញលោកប្រធានបាននិយាយថា នឹងអាចឈានទៅដល់សាកលវិទ្យាល័យ ផ្នែកសុខាភិបាលផងដែរ។
ខ្ញុំមិនបន្តទេ ដោយសារតែបញ្ហាសុខភាព ប៉ុន្តែខ្ញុំក៏គ្មានពាក្យបន្តទៀតដែរ ក្រៅពីពាក្យអរគុណ ហើយថ្ងៃនេះ ខ្ញុំ បាននាំមកសម្រាប់យុវជនកាយាឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ១ ម៉ឺន រៀល។ ជូនគ្រូពេទ្យ និងបុគ្គលិក ១៥០ នាក់ ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល។ ជូននិស្សិតសាលាពេទ្យចំនួន ៣០០ នាក់ដែលមកចូលរួមក្នុងទីនេះ ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ជូនក្រុមតន្ត្រីសម័យថវិកាចំនួន ១ លាន រៀល។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជប៉ុន SUNRISE ខ្ញុំសូម ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជនរួមជាតិ និងជូនពរចំពោះចំណង មិត្តភាពកម្ពុជា-ជប៉ុន សូមស្ថិតស្ថេរជាអមតៈ ហើយជូនពរចំពោះអ្នកទាំងអស់គ្នា សូមប្រកបដោយពុទ្ធពរ ទាំង បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕