កាលពីម្សិលមិញនេះ មេដឹកនាំអាស៊ានទាំង១០ ប្រទេស បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅ តំបន់។
ពិធីចុះហត្ថលេខានេះ ទទួលបាននូវការគាំទ្រពីមេដឹកនាំអាស៊ានទាំងអស់ដែលបានខិតខំរួមគ្នាដើម្បីសម្រេច បាននូវចក្ខុវិស័យអាស៊ានក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់ រហ័សទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។
ក្រោយពីពិធីចុះហត្ថលេខារួចមក ប្រមុខដឹកនាំអាស៊ានបានអញ្ជើញជួបដាច់ដោយឡែកៗពីគ្នាជាមួយប្រតិភូ តំណាងអន្តរសភាអាស៊ានតំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ ធុរកិច្ច អាស៊ាន។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្វសហការដ៏ទូលំទូលាយដល់ផ្នែក រដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពជាច្រើនក្នុងរយៈពេលកន្លងមក ពិសេសការ ឈានទៅបង្កើត សហគមន៍អាស៊ានកាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ។
ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំអាស៊ានទាំងអស់បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ របកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សា ភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួត ប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួមទាំងអនុសាសន៍ទាំង ១០ ចំណុចដែលទើបត្រូវបានលើកឡើងដោយក្រុមប្រឹក្សាភិបាលបានផ្តល់យោបល់ធុរកិច្ចអាស៊ានដើម្បី សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម អេឡិចត្រូនិច ឡូជីស្ទីក សហគ្រាសមីក្រូធុនតូច និងមធ្យម។
ជាមួយគ្នានេះមេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈអនាគតល្អសម្រាប់ ការ បន្តទាក់ទាញការវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការយកចិត្តទុកដាក់ ទៅលើការ ធ្វើឲ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នាសម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ានបាន ជម្រុញឲ្យ យុវជននៃបណ្តាប្រទេសអាស៊ានទាំងអស់ មិនគ្រាន់ តែការ បង្កើនឲ្យមានការផ្លាស់ប្តូរដំ ណើរទស្សនកិច្ចសិក្សា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដូចគ្នានោះទេ តែផ្ទុយទៅវិញគឺយើងខិតខំយ៉ាងណាជំរុញ ឲ្យមានការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយយុវជននៃប្រទេសជាដៃគូសន្ទនារបស់អាស៊ាននិងបណ្តាប្រទេសក្រៅតំបន់ ដើម្បីឲ្យយុវជនរបស់យើងកាន់តែទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងការប្រាស្រ័យទាក់ទង គ្នាអោយកាន់ តែជិតស្និទ្ធ និង មានភាពស្វាហាប់ក្នុងជីវិត។
ដោយឡែក ទាក់ទិនទៅនិងការជួបប្រាស្រ័យជាមួយក្រុមប្រឹក្សាភិបាលបានផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានបានពិភាក្សាគ្នាដោយផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការជាអាទិភាពមួយចំនួន រួមមាន៖
ទី១)ការលុបបំបាត់ឲ្យអស់នូវរបាំងនានា ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការពាណិជ្ជកម្ម នឹងវិនិយោគ។
ទី២) បន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម នឹងកែលម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឲ្យបានពេញលេញនូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជរតែមួយរបស់ប្រទេសជាសមាជិកអាស៊ាន។
ទី៣) ការលើកម្ពស់សេរីភាវូបនីយកម្មលើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រងតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីក ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មក្នុងតំបន់ ដោយទាក់ទាញដៃគូពាក់ព័ន្ធទាំងអស់ចូលរួម ពោលគឺរបកគំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥។
នៅក្នុងកិច្ចសន្ទនាជាមួយ និងប្រតិភូ អន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបានផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានទាំងអស់ បានស្នើឲ្យមានការចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាថែមទៀត ក្នុងការផ្តល់ជាយោបល់ និងគំនិតល្អដើម្បីឈានទៅសម្រេចលើចក្ខុវិស័យនានារបស់អាស៊ាន ដែលជាបំណងប្រាថ្នារបស់ប្រជាជនអាស៊ានទាំងជាង ៦២០ លាននាក់ រស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់ក្រុមគ្រូសារទាំងអស់ ពិសេសការរស់នៅដោយភាពសុខដុមរមនា។ កាលពីរាត្រីកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ឡាវ បានរៀបចំពិធីលៀងសាយ ភោជន៍យ៉ាងអធិកអធមជូនប្រមុខដឹកនាំអាស៊ានប្រកបដោយបរិយាកាសរីករាយ នឹងស្និទ្ឋស្នាលបំផុត។
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តខិតខំប្រឹងប្រែង គៀងគរអ្នកវិនិយោគទុនពីបណ្តាប្រទេសអាស៊ាន និងពីសហគមន៌អន្តរជាតិដើម្បីជំរុញការវិនិយោគនៅកម្ពុជាអោយកាន់តែមានសន្ទុះរីកចម្រើនខ្លាំងទៅមុខ ដែលផ្តល់ឱកាសដល់ពលរដ្ឋ និងយុវជនខ្មែរទូទៅទទួលបាននូវការពង្រឹងសមត្ថភាព និងការងារសមរម្យក្នុងការរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿន៕