សម្ដេចតេជោ អញ្ជើញធ្វើដំណើរត្រឡប់មកភ្នំពេញវិញ, ថ្ងៃទី ២៧ សីហា ២០១៦
បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៩០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះ ខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេស កុមារ និងយុវជនដែលជាសិស្សានុសិស្ស ដែលបានទទួលខ្ញុំព្រះករុណាខ្ញុំ ដ៏រាក់ទាក់ បង្ហាញពីក្តីស្រឡាញ់រាប់អាន និងជឿទុកចិត្តមកលើការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ។ ហត់នឿយកាយតែសប្បាយចិត្ត ពិតជាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ៕
សម្ដេចតេជោ អញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង, សៀមរាប, ថ្ងៃទី ២៧ សីហា ២០១៦
រសៀលថ្ងៃទី ២៧ សីហា ក្នុងពេលធ្វើដំណើរពីខេត្តឧត្តរមានជ័យមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ តបតាមសំណូមពររបស់លោកគ្រូអ្នកគ្រូ និងក្មួយៗ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានផ្តល់ជូនអាគារទីចាត់ការថ្មី ១ ខ្នង មាន ៣ បន្ទប់ ព្រមទាំងចាក់បេតុងផ្លូវចូលសាលា និងធ្វើរបងជូនសាលាផងដែរ។ សម្តេចតេជោ ចង់ឃើញកូនខ្មែរមានឱកាសរៀនសូត្រគ្រប់ៗគ្នា ចាប់តាំងពីទីក្រុងរហូតដល់ជនបទ។ សូមក្មួយៗ ចៅៗ ខិតខំរៀនសូត្រ ហើយចៀសអោយឆ្ងាយពីអំពើអបាយមុខទាំងឡាយ ដើម្បីអនាគតល្អ៕
សម្ដេចតេជោអញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃធំ, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
នៅរសៀលថ្ងៃទី ២៧ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃធំ ស្ថិតក្នុងភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស និងពិនិត្យលើសំណង់អាគារចាស់ៗ រួចហើយ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានផ្តល់ជូនអាគារសិក្សា ១ ខ្នង ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់។ ទន្ទឹមនោះ គឺកសាងរបងព័ទ្ធជុំវិញសាលា ជីកអណ្តូងទឹកស្អាត រៀបចំតារាងបាល់ទាត់ បាល់ទះ និងចាក់ផ្លូវបេតុងចូលសាលា និងក្លោងទ្វារថ្មី។ សម្តេចតេជោ ខំកសាងសាលា ដើម្បីក្មួយៗ ចៅៗ មានសាលាសិក្សារៀនសូត្រតាំងពីទីក្រុងរហូតដល់ទីជនបទ៕
សម្ដេចតេជោអញ្ជើញ ជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាចុងកាល់, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
រសៀលថ្ងៃទី ២៧ ខែសីហា ក្នុងពេលអញ្ជើញធ្វើដំណើរពីខេត្តឧត្តរមានជ័យ មកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តជ័យឧត្តមចុងកាល់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ បន្ទាប់មក សម្តេចតេជោ ក៏បានអញ្ចើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សាចុងកាល់ ស្ថិតក្នុងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ មើលឃើញពីកង្វះខាត និងសេចក្តីត្រូវការសាលារៀន សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានផ្តល់អាគារសិក្សាថ្មី ១ ខ្នង កំពស់ ២ ជាន់ ១២ បន្ទប់ ធ្វើតារាងបាល់ទាត់បាល់ទះ ចាក់ផ្លូវបេតុងចូលសាលា ធ្វើរបង និងក្លោងទ្វារថ្មី ហើយបង្កើតចេញជាអនុវិទ្យាល័យផងដែរ។ កុមារកម្ពុជានឹងកាន់តែមានឱកាសបានចូលសិក្សារៀនសូត្រកាន់តែធំទូលំទូលាយ៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
រសៀលថ្ងៃទី ២៧ ខែ សីហា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះសួរសុខទុក្ខ(សិស្សានុសិស្ស)នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ដែលស្ថិតនៅក្នុងភូមិចំប៉ាមាស ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ មើលឃើញពីតម្រូវការនៃការសិក្សារបស់ក្មួយៗ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនផ្តល់ជូនអាគារសិក្សា ១ ខ្នង កំពស់ ៣ ជាន់ មាន ១៨ បន្ទប់ និងទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ហើយធ្វើរបងព័ទ្ធជុំវិញសាលា និងរៀបចំតារាងបាល់ទាត់ បាល់ទះ ហើយចាក់ផ្លូវបេតុងចូលទៅកាន់សាលាទៀតផង។ មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព និងមានសាលារៀនគ្រប់ទីកន្លែង សម្រាប់កូនខ្មែរបានសិក្សាគ្រប់ៗគ្នា៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្សនៅសាលាបឋមសិក្សាពង្រ, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
បន្ទាប់ពីបានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យពង្រ រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជាបន្តនៅសាលាបឋមសិក្សាពង្រ ក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់សិស្សសាលាទាំងអស់ ដែលកំពុងសិក្សានៅទីនេះផងដែរ។ ដើម្បីអនាគតល្អ សូមក្មួយៗ ចៅៗ សិស្សានុសិស្សខិតខំសិក្សា និងចៀសអោយឆ្ងាយពីអំពើអបាយមុខ និងគ្រឿងញៀនផ្សេងៗ៕
សម្ដេចតេជោអញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ អនុវិទ្យាល័យពង្រ, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ ក្រោយពេលជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តឧត្តរមានជ័យរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សនៅ អនុវិទ្យាល័យពង្រ ស្ថិតនៅក្នុង ភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនសម្រេចផ្តល់ជូនអាគារសិក្សាថ្មី ១ ខ្នង កំពស់ ២ ជាន់ ១២ បន្ទប់ និងទីចាត់ការ ១ ខ្នងមាន ៣ បន្ទប់។ ទន្ទឹមនឹងនេះ នឹងមានចាក់ផ្លូវបេតុងចូលសាលា ធ្វើរបងសាលា និងងក្លោងទ្វារថ្មីទៀតផង ដើម្បីកូនក្មួយមានអាគារសិក្សាល្អសមរម្យ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕
សម្ដេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
ព្រឹកថ្ងៃទី ២៧ ខែសីហា បន្ទាប់ពីបានចុះសួរសុខទុក្ខបងប្អូនអាជីវករក្នុងផ្សារសំរោង ខេត្តឧត្ដរមានជ័យរួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តឧត្ដរមានជ័យ។ ក្រោយពីបានពិភាក្សាជាមួយអាជ្ញាធរខេត្ត សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ការពារធនធានព្រៃឈើ ការឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានយកដីខុសច្បាប់។ សម្ដេចតេជោ បានបញ្ជាក់ប្រាប់អាជ្ញាធរខេត្ត ត្រូវធ្វើការផ្សព្វផ្សាយសារាចរណែនាំផ្សារ ដែលទើបតែនឹងចេញថ្មីៗ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗ អោយបានដឹងច្បាស់គ្រប់ៗគ្នា។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាព។ មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា និងចៀសអោយឆ្ងាយពីវប្បធម៌ប្ដីស័ក្កិ ៣ ប្រពន្ធស័ក្កិ ៤។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ ដើម្បីប្រមូលពន្ធ និងជំរុញដល់ការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងកម្ពុជា និងថៃ ត្រូវចេះសហការគ្នា សម្រួលនៅតាមតំបន់ព្រំដែន ដើម្បីការពារ និងទប់ស្កាត់ បទល្មើសផ្សេងៗ។
សម្តេចតេជោ បានកោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តឧត្ដរមានជ័យ អោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលអាចសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយមនសិការ និងឆន្ទៈល្អ មោះមុត ព្រមទាំងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕
សម្ដេចតេជោអញ្ជើញ ជួបអាជីវករផ្សារសំរោង, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខកូនក្មួយនៅ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅ “ផ្សារសំរោង” ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋ និងអាជីវករសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញវត្តមានសម្តេចតេជោ អញ្ជើញចុះផ្ទាល់មកដល់ទីផ្សារតែម្តង។ នេះជាឱកាសដែលសម្តេចតេជោ បានឃើញ និងបានស្តាប់ឮផ្ទាល់ពីប្រជាពលរដ្ឋ អំពីកង្វល់ និងបញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ។
សម្តេចតេជោ បានបញ្ជាក់ជូនបងប្អូនអាជីវករលក់ដូរអោយបានជ្រាបអំពីការលក់ដូរនៅផ្សាររដ្ឋ គឺបងប្អូនលក់ដូរមួយជីវិត(ត)កូនចៅ ប៉ុន្តែត្រូវទទួលខុសត្រូវចំពោះការបង់ពន្ធ និងភាស៊ីជាដើម។ សូមបងប្អូន ចម្លងសារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស។ សម្តេចតេជោ នឹងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនអាជីវករនៅទូទាំងប្រទេស ក្នុងការប្រកបការងារលក់ដូរកាន់តែមានភាពងាយស្រួល ដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ, ឧត្តរមានជ័យ, ថ្ងៃទី ២៧ សីហា ២០១៦
នៅថ្ងៃទី ២៧ ខែសីហា ព្រឹកមិញនេះ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមិទ្ធផលអាគារសិក្សាទាំងអស់នៅក្នុងវិទ្យាល័យនេះ គឺសុទ្ធសឹងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន និងកំពុងបម្រើដល់វិស័យអប់រំយ៉ាងសំខាន់នៅក្នុងខេត្តនេះ។ ដើម្បីបំពេញបន្ថែមនូវការខ្វះខាតក្នុងវិទ្យាល័យនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចតាមសំណូមពរលោកនាយកសាលា គឺជួយជុសជុលអាគារចាស់ៗឡើងវិញ ដាក់លូផ្លូវចូលបីកង់ ដើម្បីងាយស្រួលដល់ទឹកហូរពេលមានភ្លៀងធ្លាក់ និងរៀបចំជាសួនច្បារលំអរពីលើ ព្រមទាំងផ្តល់ជូនតារាងបាល់ទាត់ស្មៅសិប្បនិម្មិត និងធ្វើរបងថ្មីព័ទ្ធជុំវិញសាលាផងដែរ៕
ក្នុងដំណើរទៅខេត្តឧត្តរមានជ័យ សម្ដេចតេជោចុះជួបជាមួយព្រះសង្ឃនៅតាមបណ្ដាវត្តមួយចំនួន និង ប្រជាពលរដ្ឋ, ថ្ងៃទី ២៦ សីហា ២០១៦
នៅថ្ងៃទី ២៦ ខែសីហា ២០១៦ ក្នុងពេលអញ្ជើញធ្វើដំណើរពីខេត្តព្រះវិហារ មកកាន់ខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីអញ្ជើញចូលជួបសំណេះសំណាលជាមួយលោកគ្រូ សិស្សានុសិស្ស ព្រមទាំងជួយកសាងនូវសមិទ្ធផលនានា ជូនដល់សាលារៀនជាច្រើននៅក្នុងខេត្តឧត្ដរមានជ័យ សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយព្រះសង្ឃនៅតាមបណ្ដាវត្តមួយចំនួន និងប្រជាពលរដ្ឋ៖
១. ជួបជាមួយ ព្រះសង្ឃ ប្រជាពលរដ្ឋ និងចូលវត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ដេចតេជោបានជួយកសាងបង្ហើយព្រះវិហារ ១ ខ្នង ដែលបច្ចុប្បន្ននេះ ទើបតែកសាងបានប្រហែលជា ១០%។
២. វត្តសាមគ្គីសុខសាន្ត ប្រាសាទមានជ័យ ហៅវត្តស្រែល្អ ស្ថិតនៅក្នុងភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ ជួយកសាងសាលាបឋមសិក្សាពុទ្ធិក ១ ខ្នង ៣ បន្ទប់ និងផ្តល់ថវិកាមួយចំនួនដើម្បីកសាងព្រះវិហារ។
៣. ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រះទឹកកាកបាទក្រហមកម្ពុជា។
៤. វត្តប្រាសាទ សីមាអូរអង្រែ សម្ដេចបានប្រគេនបច្ច័យជូន ៥ លានរៀល។
៥. វត្តសុវណ្ណរុក្ខាវ័ន្ត (អូរផាល) ភូមិឈូកមាស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ប្រគេនបច្ច័យ ១០ លានរៀល ជួយកសាងសាលាឆាន់។
បន្ទាប់ទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្មួយៗ ចៅៗ សិស្សានុសិស្ស និងពិនិត្យអាគារសិក្សានៅ៖
១. សាលាបឋមសិក្សាមរតកតេជោសែន ស្ថិតនៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សម្ដេចតេជោ បានផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ ជួសជុលអាគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារថ្មី និងប្រើប្រាស់មួយផ្នែកបង្កើតទៅជាអនុវិទ្យាល័យ។
២. សាលាបឋមសិក្សា សម្តេច ហ៊ុន សែន ស្រអែម ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សម្ដេចតេជោ បានផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ ធ្វើទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា។
៣. វិទ្យាល័យ ជាំក្សាន្ត ស្ថិតនៅភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សម្ដេចតេជោ បានផ្តល់ជូនអាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ១៨ បន្ទប់ និងធ្វើទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់។
៤. សាលាបឋមសិក្សា ហ៊ុន សែន ជ័យនិវត្តន៍ ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ដេចតេជោបានផ្តល់ជូនអាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ១៨ បន្ទប់ សាងសង់ទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ ជួសជុលអាគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារថ្មី និងបង្កើតជាអនុវិទ្យាល័យ។
៥. សាលាបឋមសិក្សាបាក់អន្លូង ស្ថិតនៅក្នុងភូមិ សំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ សម្ដេចតេជោបានផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ធ្វើទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា។
៦. វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ស្ថិតក្នុងភូមិ ទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ដេចតេជោផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ បន្ទប់ស្នាក់នៅរបស់សិស្ស ១ ខ្នង ២ ជាន់ ២០ បន្ទប់ ធ្វើផ្លូវបេតុងចូលសាលា។ ចំណែកខាងអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ដែលស្ថិតនៅជាមួយគ្នានេះ ផ្តល់ជូន អាគារ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់។
៧. សាលាបឋមសិក្សាគ្រួសារយ៉េត ស្ថិតក្នុងភូមិ សែនសម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ដេចតេជោបានផ្តល់ជូនអាគារសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ រៀបចំផ្លូវបេតុងចូលសាលា ធ្វើតារាងបាល់ទះ បាល់បោះ ធ្វើក្លោងទ្វារថ្មី និងរបងព័ទ្ធជុំវិញ។
៨. សាលាបឋមសិក្សា និងអនុវិទ្យាល័យអូរស្វាយ ស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ដេចតេជោផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ និងទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ ធ្វើតារាងបាល់បោះ និងបាល់ទះ ធ្វើក្លោងទ្វារ និងរបងព័ទ្ធជុំវិញ ចាក់បេតុងផ្លូវចូលសាលា។
៩. សាលាបឋមសិក្សាថ្នល់បំបែក ស្ថិតនៅក្នុងភូមិថ្នល់បំបែក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារ និងរបងព័ទ្ធជុំវិញអណ្តូងទឹក។
១០. សាលាបឋមសិក្សាពពេល ស្ថិតនៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ផ្តល់ជូនអាគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ អណ្តូងទឹក ធ្វើផ្លូវចាក់បេតុង និងរបងព័ទ្ធជុំវិញ។
១១. សាលាបឋមសិក្សាទួលថ្មី ស្ថិតក្នុងភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្តល់ជូនអាគារ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ស្រះទឹក ធ្វើរបងព័ទ្ធជុំវិញសាលា ចាក់ផ្លូវបេតុងចូលសាលា។
១២. វិទ្យាល័យអន្លង់វែង ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្តល់ជូនអាគារសិក្សា ១ ខ្នង ៣ ជាន់ ៣០ បន្ទប់ ជុសជុលតារាងបាល់ទះ និងធ្វើរបង។ ចំណែកផ្នែកបឋមសិក្សាវិញ ផ្តល់ជូនអាគារសិក្សា ១ ខ្នង ២ ជាន់ ២០ បន្ទប់ និងទីចាត់ការ ១ ស្មើនឹង ៣ បន្ទប់។
១៣. សាលាបឋមសិក្សា ហ៊ុន សែន អូរអង្រែ ភូមិទួលប្រាសាទ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ផ្ដល់ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់, ធ្វើរបង ស្រះទឹក, ទីចាត់ការ ១ ខ្នង ៣ បន្ទប់, ចាក់បេតុងផ្លូវចូល។
១៤. សាលាបឋមសិក្សាសាមគ្គី អូរស្រមរ ស្ថិតក្នុងភូមិអូរស្រមរ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បង្កើតជាអនុវិទ្យាល័យ ផ្ដល់អគារ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់, របងព័ទ្ធជុំវិញ, តារាងបាល់ទះ, បាល់បោះ, ចាក់បេតុងផ្លូវចូល។
១៥. សាលាបឋមសិក្សា ត្រពាំងតាវ ស្ថិតក្នុងភូមិត្រពាំងតាវ, ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ, ផ្ដល់ជូនទីចាត់ការ ១ ខ្នង ៣ បន្ទប់, ជីកស្រះធំមួយ, ធ្វើរបងព័ទ្ធជុំវិញ, ចាក់បេតុងផ្លូវចូល៕
១៦. សាលាបឋមសិក្សាទួលស្វាយ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លងវែង ផ្ដល់ជូន អគារសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ និងបឋមសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ , សង់ទីចាត់ការ ១ ខ្នង, កន្លែងស្នាក់នៅគ្រូ ១០ បន្ទប់៕
១៧. អនុវិទ្យាល័យសំរោង ស្ថិតនៅក្នុង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ សម្ដេចផ្ដល់ជូនអគារសិក្សា ១ ខ្នង ៣ ជាន់ ៣០ បន្ទប់ បង្កើតជាវិទ្យាល័យ, ធ្វើទីចាត់ការ ១ ខ្នង ៣ បន្ទប់៕
សម្ដេចតេជោអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកងទ័ពនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣, ព្រះវិហារ, ថ្ងៃទី ២៦ សីហា ២០១៦
រសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ បន្ទាប់ពីបានចុះសួរសុខទុក្ខសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាមរតកតេជោ សម្ដេចតេជោ អញ្ជើញជួបសំណេះសំណាលបងប្អូនកងទ័ពនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣។ សម្ដេចតេជោបានសង្កត់ធ្ងន់ពីតួនាទីរបស់យោធា ត្រូវរក្សាអធិបតេយ្យដែនដី អនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ និងបានណែនាំដល់កងកម្លាំងទាំងអស់ រក្សាទំនាក់ទំនងអោយល្អរវាងកងកម្លាំងជាប់ព្រំដែននៃប្រទេសជាប់ព្រំដែន ជាពិសេស ប្រទេសថៃ ដោយបង្កើតជាកម្មវិធីកីឡាមិត្តភាពរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដើម្បីពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។
កងពលធំអន្តរាគមន៍លេខ ៣ ត្រូវចូលរួមការពារសណ្ដាប់ធ្នាប់ និងអន្តរាគមន៍ជួយខេត្តនៅពេលដែលមានការស្នើសុំអន្តរាគមន៍ពីខាងខេត្តក្នុងតំបន់។ កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកហ្វឹកហ្វឺនគ្រប់ពេលវេលា ទាំងកាយសម្បទា យុទ្ធវិធី និងបច្ចេកវិទ្យាព័ត៌មាន លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារៈបំពាក់ផ្សេងៗ ដូចជា អាវុធជាដើម។ ក្រៅពីការងារជំនាញ កងកម្លាំងត្រូវចេះបង្កបង្កើនផលនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងគ្រួសារ ដើម្បីពង្រឹងជីវភាពរស់នៅកងទ័ពអោយកាន់តែប្រសើរឡើង ជាពិសេសថ្នាក់ដឹកនាំអង្គភាពត្រូវធានាផ្គត់ផ្គង់ភស្តុភារ អោយបានគ្រប់គ្រាន់ ដល់យោធាតាមគោលរបបយោធាដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងដាច់ខាត ត្រូវការពារមាតុភូមិ ប្រជាជន ព្រះមហាក្សត្រ រដ្ឋធម្មនុញ ជាពិសេស គឺរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រសូត្រពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាតាមរូបភាពណាក៏ដោយ និងប្ដេជ្ញាដាច់ខាតមិនអោយមានបដិវដ្ដន៍ពណ៌ដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរផងដែរដល់កងកម្លាំងទាំងអស់ ចំណុះកងពលធំអន្តរាគមន៍លេខ ៣ ដែលយកចិត្តទុកដាក់គោរពអនុវត្តនូវតួនាទី ក្នុងការការពារបូរណភាពទឹកដី និងចូលសហការល្អជាមួយអាជ្ញាធរក្នុងតំបន់ ក្នុងការបម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ៕
សម្ដេចតេជោកំពុងឆ្ពោះទៅកាន់ទីបញ្ជាការកងពលធំលេខ ៣, ព្រះវិហារ, ថ្ងៃទី ២៦ សីហា ២០១៦
ពេលនេះ ខ្ញុំកំពុងបន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពលធំលេខ ៣ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះវិហារ។ ខ្ញុំនឹងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៃបណ្តាអង្គភាពដែលបាននិងកំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ។ តាមការគ្រោងទុក ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលសមិទ្ធផលសង្គមជាតិ ដែលយើងបានរួមគ្នាកសាង និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដូចដែលខ្ញុំបានធ្វើជាមួយខេត្តនានាកន្លងមក។ ដំណើរក្នុងសប្តាហ៍នេះ ផ្លូវឆ្ងាយ និងការងារច្រើន។ សុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ដែលខ្ញុំមិនបានចុះសួរទុក រាប់ទាំងអាជីវករដែលលក់ដូរនៅតាមផ្សារនៃខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅទីរួមខេត្តព្រះវិហារផងដែរ៕
សម្ដេចតេជោអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
រសៀលថ្ងៃទី ២៥ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ។ ក្នុងកិច្ចប្រជុំល្ងាចថ្ងៃនេះ ក្រោយពីបានពិភាក្សាជាមួយអាជ្ញាធរខេត្ត សម្ដេចតេជោ បានសម្រេចកាត់ដីចំនួន ៨០,៥៣ ហិកតា នៃដីសរុបចំនួន ១៥២ ហិកតានៃដីព្រលានយន្តហោះ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជូនប្រជាពលរដ្ឋចំនួន ១២៧ គ្រួសារ ដែលកំពុងរស់នៅទីនោះយូរមកហើយ។ ដីដែលនៅសល់ចំនួន ៧១,១៧ ហិកតា គឺប្រគល់ជូនអាជ្ញាធរខេត្ត ដើម្បីធ្វើការអភិវឌ្ឍ ដូចជាសាកលវិទ្យាល័យនៅលើដីនេះ។ ដោយខេត្តព្រះវិហារជាខេត្តដែលមានកម្លាំងចម្រុះរួមគ្នាច្រើន ដូច្នេះអាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ ត្រូវសហការគ្នាអោយបានល្អក្នុងការងារបម្រើប្រជាពលរដ្ឋ បង្រ្កាបបទល្មើសផ្សេងៗ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ត្រូវទប់ស្កាត់ក្រុមឈ្មួញកាប់ឈើអោយខានតែបាន ជាពិសេសត្រូវចាប់អោយបានមេក្លោងធំៗ។ កន្លងមក បទល្មើសព្រៃឈើត្រូវបានកើតឡើងនៅតំបន់មួយចំនួន ដែលគ្រប់គ្រងដោយយោធា។ សូមមេទ័ពមួយចំនួនពិនិត្យមើលឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរពីបញ្ហាពាក់ព័ន្ធនឹងផ្សារ គឺអាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយ សារាចរណែនាំផ្សារដែលទើបតែនឹងចេញថ្មីៗអោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗបន្ថែមទៀត។
សម្តេចតេជោ បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាព ដោយមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រមូលពន្ធអោយមានប្រសិទ្ធិភាពខ្ពស់។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារតំបន់ការពារ តំបន់អភិរក្ស និងតំបន់ទេសចរណ៍ ដូចជាតំបន់ព្រះវិហារជាដើម ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តព្រះវិហារ អោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អមោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្សនៅសាលាបឋមសិក្សា និងវិទ្យាល័យ ត្បែងមានជ័យ, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
ព្រឹកថ្ងៃទី ២៥ ខែសីហា ដដែល ក្នុងពេលធ្វើដំណើរមកកាន់ខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខក្មួយៗ ចៅៗ សិស្សានុសិស្សនៅសាលាបឋមសិក្សាមួយទៀតដែលមានឈ្មោះថា សាលាបឋមសិក្សាត្បែងមានជ័យ ដែលស្ថិតនៅក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានសម្រេចផ្តល់ជូនអាគារសិក្សាថ្មី ១ ខ្នង ៣ ជាន់ ស្មើនឹង ១៨ បន្ទប់បន្ថែមទៀត។ សាងសង់ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ចាក់ផ្លូវបេតុងដើរចូលសាលា ធ្វើតារាងបាល់ ១ និងធ្វើក្លោងទ្វារសាលាថ្មីផងដែរ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តសាងសង់សាលារៀននៅទូទាំងប្រទេស ដើម្បីអោយកូនខ្មែរមានឱកាសបានចូលរៀនទាំងអស់គ្នា។
ជាបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបក្មួយៗ សិស្សានុសិស្សនៅវិទ្យាល័យត្បែងមានជ័យ នៅក្នុងភូមិ អណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានធ្វើអំណោយអាគារសិក្សាថ្មីបន្ថែម ១ ខ្នង កំពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ និងជុសជុលអាគារចាស់ៗ ធ្វើរបងព័ទ្ធជុំវិញ ចាក់ផ្លូវបេតុងចូលសាលា និងសាងសង់ទីចាត់ការ ១ ខ្នង ៣ បន្ទប់ទៀតផង។ នៅក្នុងឱកាសនោះ តាមសំណូមពរពីលោកគ្រូនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន ត្បែង ក្នុងខេត្តព្រះវិហារនេះផងដែរ ដែលសម្តេចតេជោមិនបានអញ្ជើញចូលទៅមើលដោយផ្ទាល់ តែបានសម្រេចផ្តល់ជូននូវអាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ១៨ បន្ទប់ផងដែរ។
សូមអរគុណ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំអោយកាន់តែមានប្រសិទ្ធិភាពល្អប្រសើរ នៅតាមបណ្តាខេត្តនានា សម្តេចតេជោ ហ៊ុន សែន នឹងបន្តកសាងសាលារៀនជាច្រើនថែមទៀត ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ដើម្បីផ្តល់ឱកាសដល់ក្មួយៗចៅៗបានសិក្សាគ្រប់ៗគ្នា៕
សម្ដេចតេជោអញ្ជើញជួបគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
ថ្ងៃទី ២៥ សីហា បន្ទាប់ពីបានជួបសិស្សានុសិស្សនៃអនុវិទ្យាល័យ និងសាលាបឋមសិក្សាហ្មសែតរួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបន្តដំណើរចុះជួបសួរសុខទុក្ខក្មួយៗ គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជន បានធ្វើអំណោយអាគារសិក្សាថ្មី ១ ខ្នង កំពស់ ៣ ជាន់ ស្មើនឹង ១៨ បន្ទប់ និងសាងសង់កន្លែងស្នាក់សម្រាប់គរុសិស្សនៅទីនេះចំនួន ២ ជាន់ ស្មើនឹង ១០ បន្ទប់ និងផ្តល់ជូននូវដំណើរកម្សាន្តបែបកម្មសិក្សាដល់គរុសិស្ស និងលោកគ្រូអ្នកគ្រូទៅលេងក្រុងព្រះសីហនុទៀតផង៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្សនៅអនុវិទ្យាល័យ និងបឋមសិក្សាហ្មសែត, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងកូនក្មួយចៅៗសិស្សានុសិស្សនៃអនុវិទ្យាល័យ និងបឋមសិក្សាហ្មសែត ស្ថិតនៅក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ សម្តេចតេជោ ពេញចិត្តចំពោះក្មួយៗ និងចៅៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយរួមជាមួយសប្បុរសជន សម្តេចតេជោ បានផ្តល់ជូនសាលាបឋមសិក្សាថ្មី ១ ខ្នង ៣ ជាន់ ស្មើនឹង ១៨ បន្ទប់ ផ្តល់ជូនទីចាត់ការ ១ ខ្នង ៣ បន្ទប់ ជួសជុលអាចាស់ៗឡើងវិញ ធ្វើរបងព័ទ្ធជុំវិញ ធ្វើក្លោងទ្វារថ្មី សង់បង្គន់អនាម័យ អណ្តូងទឹក ចាក់បេតុងផ្លូវដើរ ព្រមទាំងផ្តល់ថវិកា ៥ លាន និង ២ ពាន់ដុល្លារ សម្រាប់សិស្សានុសិស្សត្រៀមរៀបចំចូលរួមប្រកួតកីឡាបាល់ទាត់ សម្តេចតេជោ នាពេលខាងមុខផងដែរ …៕
សម្ដេចតេជោអញ្ជើញចុះជួបសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរទ្រលោក, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ នៅផ្សារទន្លេម្រេចរួចមក នៅព្រឹកថ្ងៃដដែល សម្តេចតេជោបានអញ្ជើញជួបកូនក្មួយចៅៗ សិស្សានុសិស្សនៃសាលាបឋមសិក្សាអូរទ្រលោក ក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗ និងស្វែងយល់អំពីសុខទុក្ខ និងស្ថានភាពសិក្សារបស់កូនក្មួយ និងចៅៗនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន រួមទាំងសប្បុរសជន បានផ្តល់ជូននូវអាគារសិក្សាថ្មី ១ ខ្នង កំពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងទីចាត់ការ ១ ស្មើនឹង ៣ បន្ទប់ ព្រមទាំងជួសជុលអាគារចាស់ៗ និងធ្វើក្លោងទ្វារ ជីកអណ្ដូងទឹកស្នប់ ២ ធ្វើបន្ទប់ទឹក និងធ្វើរបងព័ទ្ធជុំវិញសាលា ហើយចាក់ដីបំពេញផ្លូវដើរក្នុងបរិវេណសាលា ដើម្បីកូនក្មួយមានភាពងាយស្រួលក្នុងការសិក្សាទាំងក្នុងរដូវវស្សា និងប្រាំង។ ផ្នែកមួយនៃសាលានេះ គឺនឹងរៀបចំបង្កើតទៅជាអនុវិទ្យាល័យទៀតផង ដើម្បីសម្រួលកុំអោយក្មួយ និងចៅៗ ធ្វើដំណើរទៅសិក្សានៅកន្លែងឆ្ងាយរាប់សិបគីឡូម៉ែត្រ ពីទីកន្លែងដែលចៅៗ និងកូនក្មួយរស់នៅ …៕
សម្ដេចតេជោអញ្ជើញជួបអាជីវករផ្សារសហគមន៍បឹងទន្លេម្រេច, ព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
អញ្ជើញធ្វើដំណើរចេញពីខេត្តកំពង់ចាម ឆ្ពោះមកកាន់ខេត្តព្រះវិហារ នៅថ្ងៃទី ២៥ ខែ សីហា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករនៃផ្សារបឹងទន្លេម្រេច ដែលស្ថិតនៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ផ្សារបឹងទន្លេម្រេចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋមានមុខរបរលក់ដូរ ក្នុងពេលដែលមានកម្មករ កម្មការនីជាច្រើនពាន់នាក់ទៀត កំពុងធ្វើការងារនៅក្នុងតំបន់អភិវឌ្ឍន៍នេះ។ សម្តេចតេជោ បានទទួលទានគុយទាវសាច់គោយ៉ាងឆ្ងាញ់ពិសារនៅផ្សារនេះ ជាមួយបងប្អូនកម្មករ កម្មការនី និងបានសំណេះសំណាលសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបការងាររបស់បងប្អូននៅក្នុងតំបន់អភិវឌ្ឍន៍ខាងលើនេះ ប្រកបដោយភាពរីករាយស្និទ្ធស្នាលក្រៃលែង៕
សម្ដេចតេជោ ក្នុងដំណើរឆ្ពោះមកកាន់ខេត្តព្រះវិហារ, ថ្ងៃទី ២៥ សីហា ២០១៦
ពេលនេះ ខ្ញុំកំពុងធ្វើដំណើរចេញពីខេត្តកំពង់ចាម ឆ្ពោះមកកាន់ខេត្តព្រះវិហារ ដែលបានចេញដំណើរតាំងពីម៉ោង ៥:០០ ព្រឹក ដើម្បីចុះមកពិនិត្យសមិទ្ធផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង។ ជាថ្មីម្តងទៀតខ្ញុំសូមអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបងប្អូនអាជីវករខេត្តកំពង់ចាម។ ខ្ញុំនឹងវិលមកជួបបងប្អូននៅពេលឆាប់ៗនេះ។ សន្តិភាពដែលយើងរកបានតាមរយៈនយោបាយឈ្នះ-ឈ្នះ អនុញ្ញាតឱ្យប្រជាជន រាប់ទាំងរូបខ្ញុំ ធ្វើដំណើរបានទាំងយប់ដោយគ្មានការភ័យខ្លាចដូចពេលប្រទេសមានសង្គ្រាមនោះឡើយ។ ខ្ញុំពិតជាមានការរីករាយដោយបានពិនិត្យឃើញសកម្មភាពប្រជាជននៅក្បែរភ្លឺស្រែ តាមដងផ្លូវ ដែលខ្ញុំឆ្លងកាត់រាប់ទាំងចំការកៅស៊ូនៃស្រុកចំការលើផង។ ខ្ញុំសង្ឃឹមថា ជនរួមជាតិ នឹងរួមជាមួយខ្ញុំ ដើម្បីការពារសន្តិភាពសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត៕
សម្ដេចតេជោអញ្ជើញពិនិត្យសួនច្បារច្រាំងទន្លេ និងជិះទូកទេសចរណ៍តាមទន្លមេគង្គ, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
បន្ទាប់ពីបានអញ្ជើញចូលអុជធូបទៀននៅចេតិយស្ថិតក្នុងវត្តបុទមរតនៈដីដុះហើយ នៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលដំណើរការសាងសង់សួនច្បារច្រាំងទន្លេ និងមើលពីភាពរីកចម្រើននៃសោភ័ណភាពច្រាំងទន្លេមេគង្គ។ បន្ទាប់មក សម្តេចតេជោ បានអញ្ជើញជិះទូកទេសចរណ៍ស្រូបយកខ្យល់បរិសុទ្ធ បន្ធូរអារម្មណ៍ពីទន្លេ ក្រោយពីបានបំពេញកិច្ចការអស់មួយថ្ងៃកន្លងមក។ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកកកុញបានចូលរួមទទួលស្វាគមន៍សម្តេចតេជោ ដែលបានបង្ហាញអោយឃើញពីសេចក្តីគោរពស្រឡាញ់ និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងនាយករដ្ឋមន្រ្តី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ចាមពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារលំអរសោភ័ណភាពទីរួមខេត្តដែលមើលទៅគួរជាទីទាក់ទាញ ជាពិសេសតាមរយៈសេវាទូកទេសចរណ៍នេះ បានទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជារៀងរាល់ថ្ងៃ ដែលបានផ្តល់នូវការងារ និងប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនខ្មែរផងដែរ។ សម្តេចតេជោ សូមការអធ្យាស្រ័យពីបងប្អូនអាជីវករនៅផ្សារកំពង់ចាម និងផ្សារដទៃៗទៀត ដែលសម្តេចមិនអាចចូលសួរសុខទុក្ខបាន ដោយត្រូវដោះស្រាយកិច្ចការសំខាន់ និងចាំបាច់មួយចំនួនជាបន្ទាន់។ សម្តេចតេជោនឹងអញ្ជើញវិលត្រឡប់មកលេងបងប្អូន នៅក្នុងឱកាសប្រណាំងទូកងក្នុងរដូវបុណ្យអុំទូកឆ្នាំនេះ៕
សម្ដេចតេជោអញ្ជើញអុចធូបគោរពប្រណិប័ត ចេតិយជីដូនជីតាខាងម្ដាយ, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
រសៀលថ្ងៃទី ២៤ ខែ សីហា នៅទីរួមខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅអុជធូបគោរពប្រណិប័ត ចេតិយ ជីដូនជីតាសាច់សារលោហិតខាងម្តាយរបស់សម្តេចតេជោ ដែលស្ថិតនៅក្នុងបរិវេណវត្តដីដុះនៃទីរួមខេត្តកំពង់ចាម។ ការអញ្ជើញមកដល់ទឹកដីកំណើតខេត្តកំពង់ចាមម្តងៗ ធ្វើអោយសម្តេច នឹកឃើញអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបានក្នុងជីវិត ទាំងពេលមុន និងក្រោយពេលសង្រ្គាម ជាពិសេសក្នុងពេលសម្តេចតេជោ តស៊ូរំដោះប្រទេសជាតិពីរបប ប៉ុល ពត ខ្មែរក្រហម។ នៅថ្ងៃនេះ សម្តេចតេជោក៏បានជួបជុំជាមួយបងប្អូនជីដូនមួយរបស់សម្តេចផងដែរ …៕
សម្ដេចតេជោអញ្ជើញ ជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
បន្ទាប់ពីបានដោះស្រាយសំណូមពរមួយចំនួនដល់គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមដែលមានទីតាំងនៅមិនឆ្ងាយពីគ្នា។ សម្តេចតេជោ បានពិនិត្យឃើញអាគារដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង់ជូនកាលពីជាង ២០ ឆ្នាំមុន ដែលពេលនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវធ្វើការជួសជុលឡើងវិញ។ សម្តេចតេជោ និងសប្បុរសជន បានសម្រេចផ្តល់ជូនអាគារសិក្សាថ្មី ១ ខ្នង កំពស់ ២ ជាន់ ស្មើនឹង ២៤ បន្ទប់ សម្រាប់ការស្នាក់នៅរបស់គរុសិស្ស ព្រមទាំងជួសជុលអាគារសិក្សាទាំងអស់នៅទីនេះ អោយមានសុវត្ថិភាព … និងរៀបចំកសាងផ្លូវបេតុងចូលមជ្ឈមណ្ឌលនេះផងដែរ …។ ដើម្បីលើកទឹកចិត្តដល់ក្មួយៗគរុសិស្ស សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានឧបត្ថម្ភដំណើរកំសាន្ត ចុះកម្មសិក្សាដល់គរុសិស្សទាំងអស់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌល …៕
សម្ដេចតេជោអញ្ជើញ ជួបក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
ថ្ងៃទី ២៤ ខែសីហា បន្ទាប់ពីបានជួបសួរសុខទុក្ខកុមារពិការភ្នែក និងគថ្លង់រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើអំណោយអាគារស្នាក់នៅចំនួន ១០ បន្ទប់ លើក្រោមសម្រាប់គរុសិស្សនារី ស្នាក់បន្តការសិក្សានៅទីនេះ និងដើម្បីអប់រំហ្វឹកហ្វឺនដល់គរុសិស្សគ្រប់ជំនាន់អោយកាន់តែមានភាពងាយស្រួល។ ជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សារបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជនក៏បានឧបត្ថម្ភដំណើរកម្សាន្ត ចុះកម្មសិក្សាដល់គរុសិស្សទាំងអស់ អោយមានដំណើរកម្សាន្តនៅខេត្តសៀមរាប ក្នុងពេលឆាប់ៗនេះ …៕
សម្ដេចតេជោអញ្ជើញសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់ នៃសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
ព្រឹកថ្ងៃទី ២៤ ខែ សីហា បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាមរួចមក សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់នៃសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាមនេះ។ សម្តេចតេជោ ស្រឡាញ់កុមារដោយមិនប្រកាន់ពណ៌សម្បុរ ឬជំនឿសាសនានយោបាយឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានអំពាវនាវកុំអោយមានការរើសអើងចំពោះជនពិការរួមទាំងពលរដ្ឋ និងកុមារពិការទូទៅ ព្រោះគ្មានអ្នកណាចង់ក្លាយខ្លួនជាជនពិការឡើយ។ សម្តេចតេជោ ហ៊ុន សែន បានរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ដល់កូនក្មួយៗ ចៅៗ កុមារពិការភ្នែក និងកុមារគថ្លង់ចំនួន ២៦៩ នាក់ ព្រមទាំងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់កម្មវិធីរបស់សាលា និងលោកគ្រូអ្នកគ្រូទៀតផង៕
សម្ដេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
ព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម។ សម្ដេចតេជោ បានសម្រេចដកយកផ្លូវពីធនាគារពិភពលោក ប្រគល់មកអោយអាជ្ញាធរខេត្តកំពង់ចាមកសាង ដែលមានប្រវែង ២០ គីឡូម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រុមជំនាញនឹងចុះសិក្សាជាបន្ទាន់ ដើម្បីកំណត់ថា ត្រូវចាក់បេតុង ឬប្រើកៅស៊ូ។ ហើយត្រូវធ្វើជូនប្រជាពលរដ្ឋប្រើប្រាស់អោយហើយមុនពេលបោះឆ្នោត។ នេះជាដំណោះស្រាយដែលសម្តេច តេជោបានឆ្លើយតបទៅនឹង Comment ស្នើសុំតាមហ្វេសប៊ុករបស់ក្មួយ LE Moon …។ កន្លងមកការកសាងផ្លូវនេះ ស្ថិតនៅក្នុងគម្រោងរបស់ធនាគារពិភពលោក។ ប៉ុន្តែពេលនេះ ការកសាងនឹងប្រើប្រាស់ថវិកាជាតិតែម្ដង។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ បានសម្រេចអោយចេញ ស.ជ.ណ កាត់ដីចេញពីសារពើពន្ធរបស់រដ្ឋចំនួន ០៣ កន្លែងក្នុងខេត្តកំពង់ចាម ជូនប្រជាពលរដ្ឋដែលធ្លាប់បានរស់ទីនេះយូរមកហើយ៖ ទី ១ ដីឃ្លាំងពាណិជ្ជកម្មស្រុកចំការលើ នឹងកាត់ជូនប្រជាពលរដ្ឋចំនួន ៦២ គ្រួសារ។ ទី ២ ដីឃ្លាំងស្រុកស្រីសន្ធរ កាត់ជូនប្រជាជនចំនួន ២ គ្រួសារ និងទី ៣ ដីអតីតមណ្ឌលយុទ្ធជនពិការមន្ទីរសង្គមកិច្ច កាត់ជូនប្រជាជនចំនួន ២៩ គ្រួសារ។ សម្ដេចតេជោ បានបញ្ជាក់ច្បាស់ប្រាប់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការងារនេះ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់អោយបានលឿនបំផុត។
ក្នុងកិច្ចប្រជុំនេះ ពាក់ព័ន្ធនឹងផ្សារ សម្ដេចតេជោ ហ៊ុន សែន បានណែនាំអោយអាជ្ញាធរខេត្ត ធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំស្តីពីផ្សារ ដែលទើបសម្រេចថ្មីៗ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗអោយបានដឹងជ្រួតជ្រាបគ្រប់គ្នា។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបបទល្មើសផ្សេងៗ និងការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធភាពបំផុត។ មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារតំបន់ការពារ និងតំបន់អភិរក្ស រួមមានដូចជាវត្តអង្គរ វត្តទឹកឆា ភ្នំហាន់ជ័យជាដើម ជាពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿនបំផុត។
សម្តេចតេជោ ហ៊ុន សែន កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍកំពង់ចាមអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អមោះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិដោយសុទ្ធចិត្ត៕
សម្ដេចតេជោអញ្ជើញជួបសិស្សានុសិស្ស និងពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រោម ១ ខ្នង នៅអនុវិទ្យាល័យ បឹងកុក, កំពង់ចាម, ថ្ងៃទី ២៤ សីហា ២០១៦
ថ្ងៃទី ២៤ សីហា មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រោម ១ ខ្នង “អនុវិទ្យាល័យបឹងកុក” ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាការឆ្លើយតបទៅនឹងសំណូមពរ comment មកកាន់គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ពីឈ្មោះ Chhym Chan thouern ដែលជានាយកសាលាថា ”សូមសម្តេច មេត្តា មេត្តា មេត្តា អញ្ជើញ មកពិនិត្យអាគារចាស់ ១ ខ្នង ១១ បន្ទប់ នៅអនុវិទ្យាល័យបឹងកុក ភូមិទី ១៤ សង្កាត់កំពង់ចាមផងចុះ” … សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយអាគារសិក្សាថ្មី ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ដោយវាយអាគារសាលាចាស់នេះចេញ និងសាងសង់ទីចាត់ការ ១ ខ្នង ៣ បន្ទប់ និងរៀបចំអោយមានជាសាលសហសិក្សាថែមទៀតផង។ ទន្ទឹមនឹងនោះ នឹងមានរៀបចំអោយមានតារាងបាល់ទះ និងបាល់ទាត់សម្រាប់កូនក្មួយសិស្សានុសិស្សផងដែរ៕
សម្ដេចតេជោអញ្ជើញ ជួបក្រុមសិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ ល្វាលើ, កំពង់ចាម, ថ្ងៃទី ២៣ សីហា ២០១៦
អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញនេះ មានក្រុមក្មួយ Heng SokPhi Rak ដែលបានសរសេរ Comment សំណូមពរមកកាន់ Facebook សម្តេចតេជោ ថា (Heng SokPhi Rak “សូមគោរពលោកអ៊ំជាទីស្រលាញ់ ខ្ញុំបាទតំណាងអោយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃអនុវិទ្យាល័យល្វាលើ ស្រុកចំការលើ ចង់អោយលោកអ៊ំជួយអាគារសិក្សា មួយខ្នង ដោយមានការខ្វះខាតតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ! សព្វថ្ងៃអាគារសិក្សាមិនមានផ្ទាល់ខ្លួនទេ គឺខ្ចីបឋមសិក្សាទាំងស្រុង ដោយស្នើសុំជាច្រើនដង តែមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ គឺមានតែលោកអ៊ំអាចជួយពួកយើងទាំងអស់គ្នាបាន។ សូមលោកអ៊ំទទួលយកសំណើអំពីពួកយើងទាំងអស់គ្នាផង ពួកយើងនឹងសង្ឃឹមថាលោកអ៊ំ មិនធ្វើអោយពួកយើងអស់សង្ឃឹមទេ សូមជូនពរលោកអ៊ំអោយមានសុខភាពល្អ និងដឹកនាំប្រទេសអោយកាន់តែរីកចម្រើន និងជាប់ឆ្នោតនៅអាណត្តិក្រោយៗទៀត!”។
រសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅសាលាបថមសិក្សា និងអនុវិទ្យាល័យល្វា ស្ថិតក្នុងភូមិល្វាត្បូង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម តាមសំណូមពរ។ ការធ្វើដំណើរសៀលនេះ មានភ្លៀងធ្លាក់យ៉ាងច្រើន ទាំងពេលកំពុងធ្វើដំណើរទៅ និងពេលអញ្ជើញត្រឡប់មកវិញ។ ក្រោយពីបានពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗ ជាក់ស្តែងរួចមក និងក្រោយពីបានពិភាក្សាជាមួយ លោកគ្រូអ្នកគ្រូ និងស្តាប់យោបល់ក្មួយៗ សិស្សានុសិស្ស សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយអាគារសិក្សា ១ ខ្នង កំពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងទីចាត់ការ ១ ខ្នង ៣ បន្ទប់ មានរបងព័ទ្ធជុំវិញសាលា និងផ្តល់ម៉ាស៊ីនដេរ ១០ គ្រឿង ព្រមទាំងជួសជុសអាគារចាស់វិញ និងកសាងផ្លូវលំ ១ ខ្សែប្រវែង ១៥ គីឡូម៉ែត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កូនក្មួយ និងប្រជាពលរដ្ឋរស់នៅទីនេះ …៕
សម្ដេចតេជោអញ្ជើញជួបលោកយាយម្តាយធម៌, ត្បូងឃ្មុំ, ថ្ងៃទី ២៣ សីហា ២០១៦
ថ្ងៃនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំរួចមក សម្តេចតេជោ មានភ័ព្វសំណាងបានជួបលោកយាយម្តាយធម៌ឈ្មោះ អ៊ី ស័រ អាយុ ៨៣ ឆ្នាំ សព្វថ្ងៃរស់នៅភូមិ តាហៀវលើ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកយាយធ្លាប់បានផ្តល់ផ្ទះជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្នាក់អាស្រ័យ ក្រោយពីសម្តេចទាំងទ្វេទើបបានរៀបការរួចថ្មីៗ នៅក្នុងជំនាន់ ប៉ុល ពត នាឆ្នាំ ១៩៧៦។
ចំណែកលោកយាយវិញ នៅពេលដឹងថា សម្តេចតេជោអញ្ជើញមកកាន់ខេត្តត្បូងឃ្មុំ គឺលោកយាយបានមកអង្គុយឃ្លាំចាំនៅក្លោងទ្វារចូលមន្ទីរខេត្ត ដោយទទូចប្រាប់អ្នកយាមថាគាត់ចង់ជួបសម្តេចខ្លាំងណាស់។ សួរថា តើលោកយាយចង់ជួបសម្តេចមានបញ្ហាអ្វី? គាត់ឆ្លើយថា ចង់ជួបសម្តេចចុងក្រោយ ព្រោះសម្តេចធ្លាប់មកស្នាក់នៅក្នុងផ្ទះគាត់ពីជំនាន់ ប៉ុល ពត។ អ្នកដែលបានស្តាប់សំដីលោកយាយហើយ ពុំមានអ្នកណាជឿគាត់ឡើយ។ ក្រុមការងារបានថតរូបគាត់ និងបានបញ្ជូនទៅកាន់សម្តេចតេជោ។ … សម្តេចតេជោ នៅចងចាំបានទាំងអស់។ នៅពេលនោះ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជិះរ៉ឺម៉កម៉ូតូ ហើយកង់ម៉ូតូក៏បានបែកនៅមុខផ្ទះលោកយាយ អ៊ី ស័រ។ សម្តេចតេជោបានឈប់សុំផ្ទះលោកយាយសម្រាក ១ យប់ ពិតប្រាកដមែន។ សម្តេចតេជោ នៅចងចាំបានតាំងពីសំបកផ្ទះ និងគ្រែខាងក្នុងផ្ទះជាដើម ដែលនៅរក្សាសភាពដូចដើម។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកលេងផ្ទះលោកយាយ និងបានឃើញផ្ទះ និងគ្រែ ដែលសម្តេចធ្លាប់បានស្នាក់នៅមួយពេល ក្នុងជំនាន់ ប៉ុល ពត ជាមួយភរិយា។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសង់ផ្ទះទេវតាមួយខ្នងជូនលោកយាយ និងឧបត្ថម្ភថវិកាចិញ្ចឹមលោកយាយម្តាយធម៌អស់មួយជីវិត មិនអោយលោកយាយពិបាកទៀតឡើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋក្នុងភូមិនេះចំនួន ១០២ គ្រួសារទៀតផង៕
សម្ដេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, ត្បូងឃ្មុំ, ថ្ងៃទី ២៣ សីហា ២០១៦
ថ្ងៃទី ២៣ សីហា ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំ ដោយបានសង្កត់ធ្ងន់ពីការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ។ សម្តេចបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ ប្រភេទមាន ប៉ូលីស ប៉េអឹម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះអោយបានដាច់ខាត ជាពិសេសត្រូវចាត់វិធានការចំពោះមេក្លោងធំៗ អោយបាន កុំចាប់បានតែប្រជាពលរដ្ឋតូចតាច។ ខេត្តត្បូងឃ្មុំ ជាខេត្តជាប់ព្រំប្រទល់វៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្តវៀតណាម ដើម្បីរួមគា្នទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែនទាំងឡាយ ជាពិសេសការដឹកឈើខុសច្បាប់ និងការជួញដូរថ្នាំញៀនជាដើម។ ពាក់ព័ន្ធនឹងបញ្ហាផ្សារ អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សារ ដែលទើបនឹងចេញថ្មីៗនេះ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗបន្ថែមទៀត។
សម្តេចតេជោ បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុខសុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ ពិសេសការធ្វើអត្តសញ្ញាណប័ណ្ណ និងសេវាសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាព។ មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវបន្ទាបខ្លួន និងខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយភ្នាក់ងារគយ និងពន្ធដារ ដើម្បីប្រមូលពន្ធអោយមានប្រសិទ្ធិភាព។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារធនធានធម្មជាតិ តំបន់អភិរក្ស ព្រមទាំងដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយឆាប់ និងមានប្រសិទ្ធិភាព …៕